តែងរឿងប្រលោមលោក: ៧វិធីដែលមនុស្សគ្រប់គ្នា អាចយកទៅប្រើប្រាស់បាន ខែសីហា 19, 2016
Posted by ភារម្យ in ចំណេះដឹងទូទៅ, ប្រលោមលោក.trackback
1. តែងប្រលោមលោកដែលយើងចូលចិត្តអានបំផុត
កុំសរសេររឿងដើម្បីតែលក់សៀវភៅដាច់ឱ្យបានច្រើន ឬដើម្បីឱ្យអ្នកដទៃសរសើរខ្លួន សូមគិតដល់សៀវភៅដែលអ្នកស្រលាញ់ សៀវភៅដែលអ្នកពិតជាងប់ងុលក្នុងការអានដកខ្លួនមិនរួច។ បើរឿងទាំងនោះ ជាប្រភេទរឿងអាថកំបាំង សូមកុំព្យាយាមសរសេរឱ្យវារ៉ូមេនទិចបែបរំលឹករឿងអតីត ឬរឿងរ៉ាវដែលអានទៅ ធ្វើឱ្យមានអារម្មណ៍ថាឯការ។ វាអាចជារឿងរ៉ាវមួយចំនួន ប្រហែលជាអ្នកគ្មានអារម្មណ៍ពិសេស ឬស្រលាញ់ពេញចិត្តដើម្បីសរសេរ ផ្ទុយទៅវិញ វាអាចជាសំឡេងអ្វីម្យ៉ាងដែលច្បាស់លាស់ ស្តីអំពីរឿងរ៉ាវជីវិតពិត ឬជាប្រភេទតួអង្គណាម្នាក់។ ត្រូវចាំថា ចូរសរសេរអ្វី ដែលអ្នកស្រលាញ់។ ឥឡូវនេះសូមជួយខ្ញុំ! ពេលនេះ ថ្ងៃនេះ ចូរធ្វើតារាងមួយស្តីពីដំណើររឿងរ៉ាវផ្សេងៗដែលអ្នកស្រលាញ់ងប់ងល់ រឿងរ៉ាវដែលអាចធ្វើឱ្យបេះដូងអ្នកលោត ឬរឿងរ៉ាវអ្វីម្យ៉ាងដែលអាចធ្វើឱ្យអ្នកភ្ងាក់ពាក់កណ្តាលយប់។ ចូរដាក់តារាងនេះ លើតុររបស់អ្នក ហើយប្រើវាដើម្បីចង្អុលបង្ហាញផ្លូវដល់អ្នក ផ្តើមសរសេររឿងរបស់អ្នកជារៀងរាល់ថ្ងៃ។
2. ផ្តើមដោយចរិកលក្ខណៈតួអង្គ
ធ្វើឱ្យតួអង្គមានគុណវិបត្តិ តែត្រូវសមហេតុផលដែលគេអាចជឿបាន ឱ្យតួអង្គមានជីវិត មានដង្ហើម មានសេរីភាព ពេលអ្នកអានបានអានហើយ វាធ្វើឱ្យគេរំជើបរំជួល បន្ទាប់មកបញ្ចូលដំណើររឿងចូល។ បង្កើតទស្សនវិស័យមួយ ដែលគេនឹកស្មានមិនដល់។ ប្រសិនបើតួអង្គដែលអ្នកបង្កើតឡើង មិនអាចធ្វើឱ្យលោកអ្នករំជើបរំជួលបាន អ្នកអានរឿងរបស់អ្នក គេក៏មានអារម្មណ៍ដូចលោកអ្នកដែរ។ មានវិធីសាស្ដ្រមួយ ដែលខ្ញុំតែងតែប្រើដើម្បីស្គាល់តួអង្គឱ្យកាន់តែច្បាស់ នោះគឺត្រូវចោទជាសំណួរទាក់ទងនិងអាថកំបាំងរបស់គេ។ ចូរអង្គុយចុះហើយត្រៀមប៊ិកនិងក្រដាស ផ្តើមជាមួយប្រយោគ “ខ្ញុំមិនដែលប្រាប់អ្នកដទៃទេថា..” បន្ទាប់មកសរសេរអធិប្បាយនូវសំឡេងដែលតួអង្គគិតក្នុងខួរក្បាលរបស់គេ។
3. បង្ខំតួអង្គអោយដោះស្រាយបញ្ហាអ្វីមួយ
តួអង្គដែលអ្នកសរសេរត្រូវតែធ្វើអ្វីម្យ៉ាង ដើម្បីប្រយុទ្ធតទល់នឹងខ្លួនឯង។ ផ្តល់ទុក្ខវេទនាដល់តួអង្គមិនថាផ្លូវកាយ ឬផ្លូវចិត្ត ធ្វើឱ្យតួអង្គតស៊ូមិនរាយថយ ព្រមទាំងជម្នះស៊ូដើរទៅមុខ។ ចំណុចស្នូលកណ្តាលនៃរឿងគឺបញ្ហាស្មុគស្មាញដែលចាក់ស្រេស មិនថាក្នុងឬក្រៅ ចូរសរសេរវាឱ្យល្អ ចំណោទបញ្ហានេះនឹងកែប្រែតួអង្គធ្វើឱ្យតួអង្គមានការផ្លាស់ប្ដូរ។
4. បង្កើតព្រឹត្តិការណ៏
អ្នកមានតួអង្គដ៏អស្ចារ្យ សរសេរបានល្អឥតខ្ចោះ តែប្រសិនបើគ្មានហេតុការណ៍អ្វីកើតឡើង រឿងរបស់អ្នកនឹងបរាជ័យយ៉ាងឆាប់រហ័ស។ ក្នុងសៀវភៅរបស់ខ្ញុំ ខ្ញុំត្រូវប្រាកដថា គ្រប់ឈុតឆាក មានហេតុការណ៍អ្វីមួយបានកើតឡើង។ ហើយប្រសិនបើមានឈុតឆាកណា ដែលមិនបានជួយឱ្យខ្សែរឿងដំណើរការទៅមុខ ក្នុងបរិបទមួយសំខាន់ខ្ញុំត្រូវសម្រេចចិត្តកាត់វាចោល បើទោះបីវាអស្ចារ្យយ៉ាងណាក្តី។ ពេលខ្ញុំធ្វើកំណែ ខ្ញុំធ្វើម្ដងមួយៗ រាល់គ្រប់ឈុតឆាក រួចសរសេរពាក្យអធិប្បាយគ្រប់ម៉ាត់ ឥតចន្លោះទៅដល់សកម្មភាពដែលបានកើតឡើងដាក់លើសន្លឺកកាត។ បន្ទាប់មកខ្ញុំតម្រៀបសន្លឹកកាតទាំងអស់ ក្នុងបែបផែនមួយដែលអនុញ្ញតឱ្យខ្ញុំអាចមើលឃើញរូបភាពរួម ពោលគឺគ្រប់ជ្រុងជ្រោយទាំងអស់ រួចខ្ញុំអាចមើលឃើញនូវមូលដ្ឋានគ្រិះយ៉ាងលម្អិតនៃរឿងដែលខ្ញុំតាក់តែងឡើង។ ម្យ៉ាងទៀតវាអាចឱ្យខ្ញុំដឹងនូវអ្វីដែលធ្វើឱ្យដំណើររឿងមិនដំណើរការទៅមុខ អ្វីដែលគួរបន្ថែមនាកាលៈទេសៈណា ឬឈុតឆាកណាមួយដែលមិនបានជួយដល់ដំណើររឿងចំបង។
5. ធ្វើអោយគេជឿ
ពិតឬទេ? ជួនកាលអ្នកតែងរឿងខ្មោច រឿងព្រេង តើអ្នកអានគេជឿដែរឬទេ? គេនឹងជឿ! បើសិនអ្នកអាចធ្វើឱ្យគេជឿក្នុងពិភពសៀវភៅ។ ក្នុងសៀវភៅដែលមានចំណងជើងថា “សន្យាទេ ថាមិនប្រាប់គេ” ខ្ញុំសរសេរផ្តើមរឿងដោយការកម្រិតដែនកំណត់តួខ្មោច អ្វីដែលគេអាចធ្វើបាន និង អ្វីដែលគេមិនអាចធ្វើបាន ខ្ញុំបង្កើតរឿងរ៉ាវឬប្រវត្តិផ្សេងៗអំពីគាត់ ហើយបង្កើតហេតុផលពិសេសជាក់លាក់ណាមួយ ដើម្បីបង្ខំអោយគាត់អាចវិលត្រលប់មកវិញបាន។ មិត្តអ្នកអានប្រាកដជាស្អប់ល្បិចស្មោកគ្រោគ ចូរកុំសរសេរបង្កើតតួអង្គថ្មី ដើម្បីមកជួយដោះស្រាយបញ្ហាតួឯក។ តួឯកដោះស្រាយបញ្ហាដោយខ្លួនគេផ្ទាល់ បើទោះបីជាល្អឬអាក្រក់យ៉ាងណាក្តី។
6. បន្តរដំណើរការគម្រោងរបស់អ្នក
អ្នកនឹងប្រឈមមុខជាមួយគំនិតចង់បោះបង់កាតែងនិពន្ធរយពាន់ដង ឈប់! សូមបញ្ឈប់វា! រួចប្រឹងប្រែងទ្វេដង ដើម្បីកែប្រែវា ព្យាយាមឱ្យខ្លាំងជាងមុន ដើម្បីឱ្យបទនិពន្ធនេះលេចជារូបរាងឡើងក្នុងលោក។ ពេលដែលបទនិពន្ធត្រូវបានច្រានចោល ដោយភ្នាក់ងារ ឬ រោងបោះពុម្ព សូមកុំចុះចាញ់ បន្តរផ្ងើរវាឱ្យពួកគេអានទៀត នៅពេលដែលអ្នកនិពន្ធរឿងបានច្រើន ជឿខ្ញុំចុះ! អ្នកកំពុងស្ថាបនាខ្លួនឯងបន្ទិចម្តងៗ។ មនុស្សជាច្រើនដែលមិនធ្លាប់ស្ថិតនៅក្នុងពិភពនៃការនិពន្ធ គេអាចគិតថាវាជារឿងងាយស្រួល តែលោកអ្នកដឹងទេ? សម្រាប់ខ្ញុំ ខ្ញុំចំណាយពេលរហូតដល់ ៧ឆ្នាំ ដើម្បីនិពន្ធសៀវភៅ ៤ ក្បាល និងទាក់ទងភ្នាក់ងារពីរនាក់ដើម្បីបានបោះពុម្ពសៀវភៅដំបូងរបស់ខ្ញុំ។ វាជាមាគាមួយដ៏តឹងតែងលំបាកលំបិន ហើយពោពេញទៅដោយឧបសគ្គ តែចុងក្រោយ វាបានផ្តល់ផ្លែផ្កាដ៏ត្រចះត្រចង់ដល់ខ្ញុំ។
7. ជាចុងក្រោយ កុំរវល់តែជឿលើក្បួនបញ្ញតិ្តអ្នកដទៃ (រាប់ទាំងរបស់ខ្ញុំ)
មនុស្សគ្រប់គ្នាសុតតែមានដំបូន្មាន និង ទ្រឹស្តីផ្ទាល់ខ្លួន។ មនុស្សគ្រប់គ្នាតែងតែងចង់បានអ្នកជាសមាជិកក្រុម ឬចង់ដាក់បញ្ចូលអ្នកទៅក្នុងក្រុមរបស់គេ បញ្ចូលអ្នកទៅក្នុងប្រភេទរបៀបតែងនិពន្ធបែបស្ដាយពួកគេ។ ខ្ញុំគិតថាបទនិពន្ធរបស់អ្នកនឹងកាន់តែល្អជាងមុន ប្រសិនបើអ្នកព្រមបោះបង់គំនិតរបស់អ្នកដទៃចោល ហើយត្រូវចាំថាមានតែការសរសេរមួយមុខប៉ុណ្ណោះ គឺជាភស្ដុតាង។
🙂