ការជំរុញទឹកចិត្ត និង គំនិតច្នៃប្រឌិត ខែកុម្ភៈ 28, 2020
Posted by ភារម្យ in អប់រំ.trackback
ការជំរុញទឹកចិត្ត ការលើកទឹកចិត្ត ឬ គ្រឿងលើកទឹកចិត្ត (Motivation) ត្រូវបានគេបែងចែកជាពីរគឺ គ្រឿងជំរុញទឹកចិត្តខាងក្រៅ និង គ្រឿងជំរុញទឹកចិត្តខាងក្នុង។ គ្រឿងជំរុញទឹកចិត្តខាងក្រៅ សំដៅដល់ចលករទាំងឡាយដែលនៅជុំវិញខ្លួនបុគ្គលម្នាក់ រីឯគ្រឿងជំរុញទឹកចិត្តខាងក្នុងវិញ សំដៅដល់ចលករទាំងឡាយណា ដែលមានក្នុងខ្លួនមនុស្ស ដូចជាកម្លាំងចិត្តជាដើម។ មានសំណួរមួយបានចោទសួរថា តើការជំរុញទឹកចិត្ត ឬ គ្រឿងជំរុញទឹកចិត្តខាងក្រៅ រាំងស្ទះ ឬ ជំរុញការច្នៃប្រឌិតរបស់មនុស្ស? មានការស្រាវជ្រាវជាច្រើនបានធ្វើឡើងទាក់ទងទៅនឹង ចលករខាងក្រៅគ្រប់គ្រងបញ្ជាគ្រឿងជំរុញទឹកចិត្តខាងក្រៅ ទីនេះខ្ញុំនឹងផ្តោតតែទៅលើគ្រឿងជំរុញទឹកចិត្តខាងក្រៅឯករាជ្យប៉ុណ្ណោះ (ពុំមានឥទ្ធិពលពីចលករខាងក្រៅ) ដែលបានកើតលើបុគ្គលណាដែលប្រកាន់ជំនឿអ្វីមួយជាក់លាក់ (core value)។
ប្រមាណជា ៦០ ឆ្នាំកន្លងមក អ្នកស្រាវជ្រាវ Crutchfield (1961, 1962) បានស្នើរថា ការជំរុញទឹកចិត្ត ឬ គ្រឿងជំរុញទឹកចិត្តខាងក្នុង បានជួយជំរុញការគិតច្នៃប្រឌិតរបស់មនុស្ស ផ្ទុយមកវិញ ការជំរុញទឹកចិត្ត ឬ គ្រឿងជំរុញទឹកចិត្តខាងក្រៅបានរារាំងដល់ការគិតច្នៃប្រឌិត។ ក្រោយពីនោះមក ក៏មានការស្រាវជ្រាវជាច្រើនបានធ្វើឡើង ដោយយោងទៅតាមការលើកឡើងរបស់ Crutchfield ដោយគេតាំងសម្មតិកម្មថា ការជំរុញទឹកចិត្ត ឬ គ្រឿងជំរុញទឹកចិត្តខាងក្នុង ជំនួយដល់ការគិតច្នៃប្រឌិតរបស់មនុស្ស ហើយការស្រាវជ្រាវទាំងអស់នោះ ត្រូវបានគេទទួលស្គាល់ជាច្រើន (ដូចជា Koestner, Ryan, Bernieri, & Holt, 1984; Kruglanski, Friedman, & Zeevi, 1971; សម្រាប់ការសរសេរបញ្ចេញយោបល់សូមអាន Amabile, 1996)។ មានការស្រាវជ្រាវតិចតួចណាស់ ផ្តោតសំខាន់ទៅលើសម្មតិកម្មដែលលើកឡើងថា ការជំរុញទឹកចិត្ត ឬ គ្រឿងជំរុញទឹកចិត្តខាងក្រៅបានបំផ្លាញដល់ការគិតច្នៃប្រឌិតរបស់មនុស្ស។ លើសពីនេះក៏មានការស្រាវជ្រាវផ្សេងទៀត ផ្តោតលើការជំរុញទឹកចិត្ត ឬ គ្រឿងជំរុញទឹកចិត្តខាងក្រៅ តែរបកគំហើញទាំងនេះមានភាពឡូកឡំគ្នា មិនច្បាស់លាស់ ពោលគឺអ្នកស្រាវជ្រាវខ្លះថា គ្រឿងជំរុញទឹកចិត្តខាងក្រៅមានភាពអវិជ្ជមានដល់ការគិតច្នៃប្រឌិត (ឧទាហរណ៍ Amabile, 1985) ឯអ្នកស្រាវជ្រាវខ្លះទៀតរកឃើញថាគ្រឿងជំរុញទឹកចិត្តខាងក្រៅមានភាពវិជ្ជមានដល់ការគិតច្នៃប្រឌិត (ឧទាហរណ៍ Boice, 1983; Eisenberger & Rhoades, 2001) តែក៏នៅមានអ្នកស្រាវជ្រាវខ្លះលើកឡើងពីគំហើញដែលលាយឡំគ្នា (Baer, Oldham, & Cummings, 2003)។
បញ្ហាភាពចំរូងចំរាស់នេះ បានបណ្តាលឱ្យកើតមានការជជែកវែកញែកគ្នាយ៉ាងខ្លាំង ជាចុងក្រោយពុំមានដំណោះស្រាយណាមួយជាក់លាក់ ត្រូវបានលើកឡើងនោះទេ (Collins & Amabile, 1999; Eisenberger & Shanock, 2003)។ នៅក្នុងអំឡុងពេលជជែកវែកញែកគ្នានេះ មានបញ្ហាមួយត្រូវបានគេរកឃើញពេលធ្វើការស្វះស្វែងរកលទ្ធផលស្រាវជ្រាវ ហើយដែលត្រូវបានគេមើលរំលង គឺសេចក្តីសន្និដ្ឋានអម ដែលលើកឡើងថា ការជំរុញទឹកចិត្ត ឬ គ្រឿងជំរុញទឹកចិត្តខាងក្រៅជានិច្ចកាលពឹងផ្អែកលើយថាភាពខាងក្រៅ (ភាពដែលអាចកើតឡើងបានដោយឥតព្រាងទុក)ដូចជាការឱ្យរង្វាន់ ឬ ការដាក់ទោសជាដើម។ ការពិតទៅការជំរុញទឹកចិត្ត ឬ គ្រឿងជំរុញទឹកចិត្តខាងក្រៅមិនសុតតែពឹងផ្អែកលើយថាភាពនុះទេ។ Deci និង Ryan (1991) បានធ្វើការបែងចែក ការជំរុញទឹកចិត្ត ឬ គ្រឿងជំរុញទឹកចិត្តខាងក្រៅ ជា៣ផ្នែក លើកម្រិតដែលបុគ្គលធ្វើសកម្មភាព បង្កើតការជំរុញទឹកចិត្ត ឬ គ្រឿងជំរុញទឹកចិត្តពីខាងក្រៅ (គ្រឿងជំរុញទឹកចិត្តដែលបានគ្រប់គ្រង) ទល់នឹងគ្រឿងជំរុញទឹកចិត្តខាងក្នុង (គ្រឿងជំរុញទឹកចិត្តឯករាជ្យ) របស់ខ្លួន។ ការជំរុញទឹកចិត្តទាំងពីរនេះ ត្រូវបានគ្រប់គ្រងពីខាងក្រៅ ឬគេអាចជឿថា វាកើតឡើងដោយហេតុខាងក្រៅ។ ផ្នែកទី ១ គ្រឿងជំរុញទឹកចិត្តពីក្រៅ (External motivation) កើតមានឡើងដោយមានមូលដ្ឋានគ្រិះលើ យថាហេតុខាងក្រៅដូចជា រង្វាន់ ប្រាក់លើកទឹកចិត្ត កេរ្តិ៏ឈ្មោះ ការទទួលស្គាល់ពីសង្គម ។ល។ ហើយវាជាចំណុចសំខាន់ដែលអ្នកស្រាវជ្រាវចាប់អារម្មណ៍ធ្វើការស្រាវជ្រាវ ពីទំនាក់ទំនងរវាង ការជំរុញទឹកចិត្ត និង គំនិតច្នៃប្រឌិត។ ផ្នែកទី ២ គ្រឿងជំរុញទឹកចិត្តចំលងពីខាងក្រៅ (Introjected motivation) ជាទំរង់មួយទៀតនៃការជំរុញទឹកចិត្ត ឬ គ្រឿងជំរុញទឹកចិត្តពីខាងក្រៅ មានមូលដ្ឋានលើ សំពាធពីវិន័យ ឬ បទបញ្ជា ជំរុញឱ្យបង្កើតបានជាឥរិយាបទមួយផ្នែក ពោលគឺបទពិសោធនៃអារម្មណ៍ទទួលខុសត្រូវ ឬ កាតព្វកិច្ច ឧទាហរណ៍ ធ្វើឥរិយាបទណាមួយ មនុស្សមានអារម្មណ៍ត្រូវធ្វើ ឬ គួរធ្វើ។ នៅក្នុងបទបញ្ញត្តិរបស់ Deci និង Ryan មានតែគ្រឿងជំរុញទឹកចិត្តខាងក្រៅមួយប្រភេទប៉ុណ្ណោះ ដែលកើតមកដោយឯកឯង ពោលគឺកើតមកពី អត្តា (Self)។ ការជំរុញទឹកចិត្ត ឬ គ្រឿងជំរុញទឹកចិត្តពីការកំណត់សម្គាល់ (Identified motivation) ជាពាក្យដែល Deci និង Ryan បានហៅ គឺសំដៅដល់គ្រឿងជំរុញទឹកចិត្តខាងក្រៅឯករាជ្យ ដែលមានមូលដ្ឋានគ្រិះលើ ជំនឿដែលជំរុញឱ្យបង្កើតបានជាឥរិយាបទពេញលេញមួយ ទាក់ទងនឹងជំនឿជាក់លាក់ រ៉ាប់រងដោយខ្លួនបុគ្គលម្នាក់ (ឧទាហរណ៍ ធ្វើឥរិយាបទណាមួយ ពីព្រោះគេជឿថា វានឹងនាំដល់លទ្ធផលមួយដែលគេចាត់ទុកថាមានសារសំខាន់យ៉ាងជ្រាលជ្រៅ)។
មតិ»
No comments yet — be the first.