ការបូូជាយញ្ញ និង តង្វាយឈាម ខែធ្នូ 9, 2022
Posted by ភារម្យ in ចំណេះដឹងទូទៅ, ចំនេះដឹងប្លែកៗ, ប្រវត្តិសាស្រ្ត, ពីនេះពីនោះ.trackback
ការបូជាសត្វ ឬ មនុស្សជាលក្ខណៈពិសេសនៃប្រពៃណីសាសនាជាច្រើនជុំវិញពិភពលោក។ គំនិតនៃការបូជាបែបសាសនានេះ មានសារសំខាន់ណាស់ ជាពិសេសក្នុងសង្គមអរិយធម៌បុរាណដូចជា ម៉េសូអាម៉េរិក អ្វីដែលគួរឱ្យកត់សម្គាល់គឺប្រជាជនម៉ាយ៉ាន និង អាស្សតិច។ ប្រជាជនម៉េសូអាម៉េរិកបានរស់នៅក្នុងតំបន់មួយ ដែលបច្ចុប្បន្ននេះលាតសន្ធឹងពីភាគកណ្តាលប្រទេសម៉ិកស៊ិករហូតដល់នីការ៉ាហ្គា។ អរិយធម៌ម៉ាយ៉ាន (ឡើងដល់ចំណុចកំពូលឆ្នាំ ២៥០-៩០០ គ.ស.) បានឈានមុខគេ ហើយបន្ទាប់មក ក៏បានដើរស្របគ្នាជាមួយនឹងអរិយធម៌អាស្សតិច ដែលឈានដល់ចំណុចកំពូលក្នុងអំឡុងឆ្នាំ ១៣០០-១៤០០ គ.ស.។ វប្បធម៌អាស្សតិច មានមូលដ្ឋានគ្រិះពីទំនៀមទម្លាប់ម៉ាយ៉ាន ហើយប្រជាជនទាំងពីរមានអាទិទេពមួយចំនួនដូចគ្នា បើទោះបីជាមានឈ្មោះផ្សេងគ្នាក៏ពិតមែន ប៉ុន្តែអទិទេពទាំងនោះមានបុគ្គលិកលក្ខណៈស្រដៀងគ្នា។
អំណោយឈាមទៅវិញទៅមក
វប្បធម៌ម៉េសូអាម៉េរិកជឿថា បូជាយញ្ញជាឈាមដល់ព្រះរបស់ពួកគេ គឺជារឿងចាំបាច់មួយ ដើម្បីធានាបានដល់ការរស់រានមានជីវិតនៃលោក។ វាបានកើតឡើងក្នុងប្រពៃណីនៃការបង្ហូរឈាមក្នុងពិធីសាសនាដ៏ចំណាស់ បើនិយាយដល់អាយុកាល គេត្រូវត្រលប់ទៅកាន់កាលបរិច្ឆេទនៃអរិយធម៌ដ៏សំខាន់ដំបូងគេនៅម៉ិកស៊ិក មានឈ្មោះថា អល់មែក អរិយធម៌នេះមានការរីកចម្រើនជាខ្លាំងរវាងឆ្នាំ 1500 ទៅ 400 មុនគ.ស។ នៅក្នុងរឿងព្រេងនិទាន ព្រះខ្លួនឯងបានធ្វើពលិកម្មដ៏ធំធេងក្នុងការបង្កើតពិភពលោក ពោលគឺការបង្ហូរឈាមខ្លួនដើម្បីបង្កើតមនុស្សជាតិ។ ដូច្នេះហើយ អាទិទេពក៏ចង់បានការបូជាជាឈាមដូចគ្នាពីមនុស្សជាតិ ដើម្បីជាការតបស្នង។
ការបូូជាយញ្ញ និង ការបង្កើត
អំណាចនៃឈាម និងភាពចាំបាច់នៃការបូជា គឺជាចំណុចកណ្តាលនៃទេវកថានៃការបង្កើតអាស្សតិច។ អាស្សតិចជឿថាព្រះបានបង្កើតនិងបំផ្លាញអស់ពេលបួនសម័យកាលមកហើយ ឬ អាចនិយាយថាព្រះបានកំទេចព្រះអាទិត្យអស់បួនដួងរួចមកហើយ ក្រោយពីការកម្ទេចព្រះអាទិត្យទីបួនដោយទឹកជំនន់ អាទិទេពខ្យល់ កេតសាលកូអាត (Quetzalcoatl) និងប្អូនប្រុសសម្បូរល្បិចកល់របស់គាត់ឈ្មោះ តេសស្កាត់ធីប៉ូកា (Tezcatlipoca) បានចាប់ហែកទេពធិតា តលតិគុឡេ (Tlaltecuhtli – ឯកសារមួយចំនួនទៀត ថាជាអាទិទេព) ជាពីរចំណែក មួយចំណែកបង្កើតជាស្ថានសួគ៌ និងមួយចំណែកទៀតបង្កើតបានជាពិភពលោក។ ឯរូបកាយរបស់នាង បានបង្កើតអ្វីៗគ្រប់យ៉ាងចាំបាច់សម្រាប់ជីវិតមនុស្សជាតិ ដូចជាដើមឈើ ផ្កា ស្មៅ ប្រភពទឹក អណ្តូង ជ្រលង និង ភ្នំ។ ដោយសារតែហេតុនេះហើយ ធ្វើឱ្យទេពធិតាឈឺចាប់ដ៏មហិមា នាងស្រែកទួញថ្ងូរពេញមួយយប់ ទាមទារឱ្យមនុស្សបូជាយញ្ញបេះដូង ដើម្បីព្យាលបាល និង ទ្រងទ្រង់នាង។ ការបង្កើតចក្រវាឡក៏កើតឡើងជាបន្តរបន្ទាប់ ទាំងអស់នោះសុតតែត្រូវការការបូជា ឬបូជាយញ្ញជាឈាម។ រូបចម្លាក់ឆ្លាក់លើជញ្ជាំងមួយបានបង្ហាញឱ្យឃើញថា ផ្កាយទីមួយកើតពីឈាមហូរចេញពីអណ្តាតរបស់ កេតសាលកូអាត ក្រោយគាត់ចោះវា។ អ្វីដែលគួរឱ្យកត់សម្គាល់នោះ ដើម្បីបង្កើតព្រះអាទិត្យទី ៥ គេតម្រូវឱ្យ អាទិទេពមួយអង្គលោតចូលគំនរឧសបូជាសពដែលកំពង់ឆេះ។ អាទិទេពពីរអង្គគឺ តិគូស៊ីតិកាតល (Tecuciztecatl) និង ណាណាវ័ស៊ីន (Nanahuatzin) ប្រកួតប្រជែងគ្នាដើម្បីកិត្តិយស ពោលគឺទាំងពីរអង្គបានដុតខ្លួនឯង។ ណាណាវ័ស៊ីនបានក្លាយជាព្រះអាទិត្យ រីឯ តិគូស៊ីតិកាតលបានក្លាយជាព្រះច័ន្ទ។ អាទិទេពផ្សេងទៀតបូជាបេះដូងខ្លួន ដើម្បីធ្វើឱ្យព្រះអាទិត្យថ្មីបន្តរផ្លាស់ទីលើមេឃ (ការបូជាបេះដូងគឺជាប្រធានបទដែលកើតឡើងនៅក្នុងទេវកថានិងពិធីកម្មរបស់ម៉េសូអាម៉េរិក)។
បំណុលដ៏គួរអោយខ្លាចរបស់មនុស្ស
ទាំងជនជាតិម៉ាយ៉ាននិងអាស្សតិចចងភ្ជាប់ទៅនឹងព្រះរបស់ពួកគេដោយបំណុលឈាម នៃដំណើរការនៃការបង្កើត ដោយគ្មានថ្ងៃអាចសងបំណុលនេះរួច។ ក្រោយពីកេតសាលកូអាតចុះទៅកាន់នរក ហើយបានយកឆ្អឹងរបស់មនុស្សសម័យមុនមក (ឆ្អឹងបន្សល់ពីសម័យទាំងបួន ដែលអាទិទេពបានកំទេចចោល) អាទិទេពផ្សេងបានកិនឆ្អឹងទាំងនោះ ឱ្យទៅជាម្សៅសម្រាប់ធ្វើអាហារដ៏ប្រណិត។ ពួកគេបានបណ្តក់ឈាមខ្លួនទៅលើម្សៅនោះ ដើម្បីធ្វើឱ្យវាមានចលនា ហើយបង្កើតបានជាមនុស្សជាតិថ្មី ជាពពួកមនុស្សដែលបេះដូងរបស់គេ អាចបំពេញតាមតម្រូវការរបស់អាទិទេព ពេលអាទិទេពចង់បានវា។ នៅក្នុងទេវកថាម៉េសូអាម៉េរិក គ្រប់ៗអំឡុងពេល 52 ឆ្នាំម្ដងរាប់ថាជាវដ្ដមួយ ហើយចុងបញ្ចប់នៃវដ្តនេះ បង្កឱ្យក្លាយទៅជាចុងបញ្ចប់នៃពិភពលោក។ ការបូជារបស់មនុស្សធ្វើឡើងដើម្បីផ្គាប់ចិត្តអាទិទេព ហើយបញ្ចុះបញ្ចូលពួកគេមិនឱ្យបញ្ចប់យុគសម័យបច្ចុប្បន្ន ពោលគឺព្រះអាទិត្យទីប្រាំ។ ជនជាតិម៉ាយ៉ានជឿថាការបូជាឈាមគឺចាំបាច់ណាស់ សម្រាប់ឱ្យព្រះអាទិត្យរះនៅលើមេឃ ជារៀងរាល់ព្រឹក។ អាទិទេពព្រះអាទិត្យរបស់អាស្សតិចគឺ ហ៊ុយហ្សីឡូផុសឆ្លី (Huitzilopochtli) ជាប់ដៃតស៊ូជាមួយភាពងងឹត ហើយចាំបាច់ត្រូវពង្រឹងកម្លាំងដោយឈាម ធ្វើបែបនេះគឺដើម្បីឱ្យព្រះអាទិត្យបន្តដំណើរនៅក្នុងវដ្តរបស់វា។ ដូច្នេះវត្តមានបន្តររបស់ពិភពលោកម៉េសូអាម៉េរិក ឃើញថាមានភាពតឹងតែងបំផុត ចាំចាប់ការគាំទ្រឥតឈប់ឈរតាមរយៈការបូជា។
បូជាយញ្ញជាឈាមដល់អាទិទេពមានពីរទម្រង់៖ ការបូជាដោយស្វ័យប្រវត្ត (ការបង្ហូរឈាមដោយខ្លួនឯង) និងការបូជាមនុស្ស។ ទាំងម៉ាយ៉ាន និង អាស្សតិចជ្រើសរើសយកការចូលរួមបូជាដោយស្វ័យប្រវត្ត។ ពួកអភិជនម៉េសូអាម៉េរិក មានឯកសិទ្ធិ និងការទទួលខុសត្រូវ ក្នុងការបង្ហូរឈាមរបស់ពួកគេបូជាដល់ព្រះអាទិទេព។ ទាំងនេះពាក់ព័ន្ធដល់ការវះសាច់របស់ពួកគេ ដោយប្រើឆ្អឹងខ្នងសត្វបបែល ឬកាំបិតធ្វើពីថ្មអប់ស៊ីឌៀន និងជាញឹកញាប់បំផុត គេប្រើឆ្អឹងខ្នងដ៏មុតស្រួចនៃដើមកន្ទុយក្រពើ។ ឈាមត្រូវបានស្រូបចេញពី ត្រចៀក ស្មងជើង ជង្គង់ កែងដៃ អណ្តាត ឬស្បែកគ្របក្បាលលិង្គ។
ការបូជាដោយស្វ័យប្រវត្តកើតមានតាំងពីអរិយធម៌អល់មែក រហូតដល់សម័យអេស្បាញទទួលជ័យជម្នះលើម៉ិកស៊ិកនាឆ្នាំ ១៥១៩។ ទាំងបុរសនិងស្ត្រីនៃអភិជនម៉ាយ៉ានបានចូលរួមក្នុងពិធីបូជានេះ។ បុរសបង្ហូរឈាមចេញពីស្បែកគ្របក្បាលលិង្គរបស់ពួកគេ រីឯស្ត្រីចេញពីអណ្តាត។ ពួកគេប្រមូលតង្វាយរបស់ខ្លួនដាក់លើបន្ទះសំបកក្រដាស រួចដុតវា។ តាមរយៈផ្សែងដែលចេញពីតង្វាយទាំងនេះ ពួកគេបានប្រាស្រ័យទាក់ទងជាមួយបុព្វបុរស និងអាទិទេពរបស់ពួកគេ។
ពិធីបូជា
ការបូជាមនុស្សគឺជារឿងធម្មតា ក្នុងចំណោមជនជាតិអាស្សតិច ជាជាងជនជាតិម៉ាយ៉ាន ដែលគេអនុវត្តវាតែក្នុងឱកាសពិសេសណាមួយ ដូចជាពិធីប្រសិទ្ធព្រះវិហារថ្មីជាដើម។ ការបូជារបស់ជនជាតិអាស្សតិច ជាធម្មតាពាក់ព័ន្ធទៅនឹងការកាត់យកបេះដូងជនរងគ្រោះចេញពីរាងកាយរបស់គាត់។ បេះដូងត្រូវបានគេជឿថា ជាបំណែកថាមពលនៃព្រះអាទិត្យ ដូច្នេះការវះយកបេះដូងចេញ ប្រៀបប្រដូចទៅនឹងដំណើរការនៃការប្រគល់ថាមពលត្រលប់ទៅឱ្យប្រភពដើមរបស់វាវិញ។ ជាធម្មតាជនរងគ្រោះត្រូវបានបូជាចារ្យបួននាក់ លើកដាក់លើបន្ទះថ្មពិឃាតនៅក្នុងព្រះវិហារ ខណៈពេលដែលបូជាចារ្យទីប្រាំធ្វើការវះកាត់បេះដូងចេញពីរាងកាយជនរង់គ្រោះដោយកាំបិតធ្វើពីថ្មអូស៊ីឌៀន ហើយបានថ្វាយវា(ទាំងបេះដូងនេះកំពុងលោត) ដល់ព្រះអាទិទេពតាមរយៈនាវាមួយដែលមានឈ្មោះថាគ័ស៊ីកៃ (cuauhxicalli) ក្បាលឥន្ទ្រី។ ក្រោយពីវះយកបេះដូងចេញ សាកសពត្រូវបានគេរំកិលចុះតាមជណ្តើរនៃប្រាសាទរាងពីរ៉ាមីត ឱ្យធ្លាក់ទៅដល់ផ្ទាំងថ្មនៅជាន់ក្រោមដី។ ក្បាលរបស់ជនរងគ្រោះត្រូវបានគេកាត់ចេញ ដៃនិងជើងក៏អាចត្រូវបានគេកាត់ចេញផងដែរ។ លលាដ៍ក្បាលត្រូវបានគេយកទៅបង្ហាញនៅលើតុលលាដ៍ក្បាល។ ការសម្លាប់ជនរងគ្រោះ វាអាស្រ័យលើលក្ខណៈពិសេសរបស់អាទិទេពផ្សេងៗដែលគេគោរពបូជា ជនរងគ្រោះអាចនឹងត្រូវបានគេសម្លាប់តាមរយៈការប្រយុទ្ធក្នុងពិធី ជ្រមុជឱ្យលង់ទឹក បាញ់សម្លាប់ដោយព្រួញ ឬពន្លះស្បែក។
មាត្រដ្ឋានចំនួនមនុស្សចូលរួមក្នុងការបូជា ជួនកាលអាចឈានទៅដល់សមាមាត្រមួយដែលធំសម្បើម៖ ឧទាហរណ៍ ពិធីបូជានៅប្រាសាទជនជាតិអាស្សតិចនៃហ៊ុយហ្សីឡូផុសឆ្លី (Huitzilopochtli) នៅ ធិណូឆៈធិឡាន (Tenochtitlan) ក្នុងឆ្នាំ 1487 ជនរងគ្រោះប្រហែល 80,400 នាក់ត្រូវបានគេរាយការណ៍មកថា ស្ម័គចិត្តបូជាខ្លួនដល់ព្រះអាទិទេពពួកគេ ឈាមកករបស់ពួកគេបង្កើតបានជាថ្លុកធំៗនៅក្នុងព្រះវិហារ។ បើទោះបីជាគេទទួលយកបាននូវការប៉ាន់ប្រមាណការបញ្ចុះចំនួនជនរងគ្រោះមកត្រឹម 20,000 នាក់ក៏ដោយ នេះនៅតែជាការសម្លាប់មនុស្សក្នុងទ្រង់ទ្រាយធំ។
មតិ»
No comments yet — be the first.