ធ្វើយ៉ាងណាពេលយើងខ្លាច? ខែមករា 18, 2023
Posted by ភារម្យ in ចិត្តវិទ្យា, ពីនេះពីនោះ, វិចារណកថា.trackback
ជារឿយៗបើទោះបីជាយើងគិតដល់ភាពភ័យខ្លាចក្នុងបរិបទអវិជ្ជមានយ៉ាងណាក្តី ភាពភ័យខ្លាចអាចជារឿងវិជ្ជមានបំផុតក៏ថាបាន។ ភាពភ័យខ្លាចតែងតែតឿនយើង នៅពេលមានគ្រោះថ្នាក់ដល់រាងកាយកំពុងកើតឡើង។ វាជួយឱ្យយើងដឹងថា រឿងដែលធ្វើឱ្យយើងជ្រួលច្រាលក្នុងចិត្តវាកំពុងកើតឡើង ភាពភ័យខ្លាចរំឭកយើងដល់ភាពឈឺចាប់ដែលយើងធ្លាប់ជួបប្រទះកាលពីអតីតកាល។ ទោះយ៉ាងណាក៏ដោយ ក្នុងករណីជាច្រើន ការភ័យខ្លាចក៏អាចជាទ្រុងរារាំងយើងមិនឱ្យធ្វើអ្វីដែលយើងចង់ធ្វើ។ នៅពេលយើងក្រឡេកមើលជុំវិញខ្លួនយើង ហើយដឹងថាជីវិតរបស់យើងត្រូវបានរំខានយាយីដោយភាពភ័យខ្លាច ពេលនោះហើយយើងត្រូវតែយកឈ្នះវាឱ្យបាន។
កំណត់អត្តសញ្ញាណនៃភាពភ័យខ្លាចរបស់យើង
ជំហានដំបូងដែលយើងត្រូវធ្វើក្នុងការយកឈ្នះភាពភ័យខ្លាចរបស់ខ្លួនឯង នោះគឺការកំណត់អត្តសញ្ញាណវាឱ្យបានច្បាស់លាស់ ។ ការកំណត់អត្តសញ្ញាណអាចជួយយើងឱ្យយល់កាន់តែច្បាស់នូវភាពភ័យខ្លាចទាំងឡាយណាដែលកំពុងដំណើរការដោយស្វ័យប្រវត្តិនៅក្នុងក្បាលរបស់យើង។ ក្នុងករណីខ្លះការកំណត់អត្តសញ្ញាណភាពភ័យខ្លាចរបស់មនុស្សជារឿងងាយស្រួល។ យើងប្រហែលជាខ្លាចទីខ្ពស់ ការជិះយន្តហោះ ឬរឿងផ្សេងទៀត។ ទោះជាយ៉ាងណាក៏ដោយ នៅពេលដែលយើងកើតការភ័យខ្លាច វានឹងធ្វើឱ្យយើងមានអារម្មណ៍ភ័យស្លន់ស្លោ ពិបាកយល់ ហើយពេលនោះភាពភ័ន្តច្រឡំក៏កើតឡើង។ សូមចាប់ផ្តើមស៊ើបអង្កេតយ៉ាងលម្អិត គ្រប់ពេលដែលយើងខ្លាច នៅពេលដែលយើងខ្លាចនោះ វាមានសណ្ឋានស្រដៀងៗគ្នាដែរឬទេ? តើមានស្ថានភាព អារម្មណ៍ ឬសូម្បីតែមនុស្សមួយណាដែលធ្វើឱ្យយើងខ្លាច? ខ្លាចបរាជ័យ ខ្លាចចាញ់ ឬខ្លាចប្រឈមមុខ?
មុនពេលយើងអាចចាប់ផ្តើមកំណត់ថាអ្វីទៅជាភាពភ័យខ្លាចរបស់យើង យើងត្រូវកំណត់អត្តសញ្ញាណវាជាមុនសិន។ សម្រាប់មនុស្សមួយចំនួន នេះគឺជាការលំបាកខ្លាំងណាស់ ជាពិសេសប្រសិនបើភាពភ័យខ្លាចនេះ វាបានចាក់ឫសយ៉ាងជ្រៅរួចទៅហើយ។ ការភ័យខ្លាចអាចមានច្រើនស្រទាប់ ដូចជាស្រទាប់របស់ខ្ទឹមបារំាងដែរ យើងអាចមើលដឹងថាប្រតិកម្មដ៏គួរឱ្យភ័យខ្លាចផ្សេងៗគ្នាជាច្រើនអាចកើតចេញពីស្រទាប់នៃភាពភ័យខ្លាចចម្បងមួយ។
កត់ត្រាវាទុុក
ប្រសិនបើយើងមានបញ្ហាក្នុងការកំណត់ការភ័យខ្លាច សូមចាប់ផ្តើមដោយការសរសេរ ។ ការសរសេរគឺជាវិធីដ៏អស្ចារ្យមួយ ព្រោះវាអនុញ្ញាតឱ្យយើងរៀបចំគំនិត ស្វែងយល់បន្ថែមអំពីអ្វីដែលយើងត្រូវការ ឬអ្វីដែលអាចជាគន្លឹះ ។ ចាប់ផ្តើមសរសេរអំពីរឿងរ៉ាវភ័យខ្លាចរបស់យើង និងវិធីដែលវាប៉ះពាល់ដល់យើងទាំងផ្លូវកាយ និង ផ្លូវចិត្ត។ សរសេរអំពីបទពិសោធចុងក្រោយដែលយើងមានអារម្មណ៍ថា យើងមិនចង់ជួបវាទៀតទេ។ ឱកាសដែលយើងអាចកើតមានការភ័យខ្លាច វាអាចកើតឡើងនៅពេលដែលស្ថានការដែលយើងធ្លាប់បានជួបដូចគ្នាដដែលនោះបានកើតឡើងម្ដងទៀត។
ការភ័យខ្លាចគឺជារបស់ម្យ៉ាងដែលពិបាកដោះស្រាយនៅក្នុងក្បាលរបស់យើង។ យ៉ាងណាមិញ ការភ័យខ្លាចអាចធ្វើឱ្យយើងមានការប្រុងប្រយ័ត្នខ្ពស់ ប៉ុន្តែវាក៏អាចធ្វើឱ្យយើងមានការភ័ន្តច្រឡំផងដែរ ជាពិសេសប្រសិនបើយើងពុំបានដឹងថា វាមានប្រភពមកពីណា។ ចូរកំណត់ម៉ោងរោទិ៍ រយៈពេលត្រឹមប្រាំនាទី ហើយសរសេរពីអ្វីក៏បានទាក់ទងនិងភាពភ័យខ្លាចរបស់យើង សរសេររហូតដល់យើងឮសំឡេងនាឡិការរោទិ៍ឡើង។ នេះជាវិធីមួយដែលអាចជួយយើង គឺដោយការយកភាពភ័យខ្លាចដែលកំពុងគ្របសង្កត់យើង យកវាទៅដាក់លើក្រដាស ធ្វើឱ្យយើងមានពេលគ្រប់គ្រាន់សម្រាប់យន្តការការពាររបស់យើងផ្តើមដំណើរការ។ ការភ័យខ្លាចវាមិនចូលចិត្តបង្ហាញខ្លួនទេ វាចូលចិត្តលាក់ខ្លួនក្នុងទីងងឹតដូចមនុស្សកំណាច។
សន្ទនាជាមួយមនុស្សជិតស្និទ្ធ
ប្រសិនបើយើងមានបុគ្គលសំខាន់ៗនៅជុំវិញខ្លួនដែលយើងទុកចិត្ត វាមានហេតុផលជាច្រើនដែលគួរអនុញ្ញាតឱ្យពួកគេចូលរួមក្នុងការស្រាវជ្រាវស្វែងរកប្រភពនៃភាពភ័យខ្លាចរបស់យើង។ មានករណីជាច្រើន មនុស្សជិតស្និទ្ធនឹងយើង អាចស្គាល់យើងច្បាស់ជាងយើងស្គាល់ខ្លួនឯងផងក៏ថាបាន ហើយជាលទ្ធផលពួកគេអាចជួយគិតពិចារណាទាក់ទងនឹងអ្វីដែលធ្វើឱ្យយើងខ្លាច។ ចូរសួរពួកគេថា តើគេបានដឹងទេថាយើងធ្លាប់មានការភ័យខ្លាច? ហើយសួរពួកគេទៀតថាតើពួកគេគិតថាយើងខ្លាចអ្វី? ពួកគេប្រហែលជាអាចចែករំលែកការយល់ឃើញដែលអាចធ្វើឱ្យយើងភ្ញាក់ផ្អើល។ មនុស្សខាងក្រៅអាចផ្តល់ទស្សនៈថ្មីៗពីអ្វីដែលអាចជាមូលហេតុនៃការភ័យខ្លាចរបស់យើងបាន។
យល់ថាភាពភ័យខ្លាចមានឥទ្ធិពលលើមនុស្សផ្សេងៗគ្នា
រឿងគួរឱ្យចាប់អារម្មណ៍អំពីការភ័យខ្លាចគឺថា ទោះបីជាវាជាបទពិសោធទូទៅកើតឡើងលើមនុស្សគ្រប់គ្នាក៏ដោយ ក៏វាមិនមែនកើតមកពីរឿងដូចគ្នា ពីមនុស្សម្នាក់ទៅមនុស្សនោះទេ។ ជាឧទាហរណ៍ មនុស្សពីរនាក់ទៅមើលពស់ ម្នាក់ប្រហែលជាភិតភ័យរកាំចិត្ត ខណៈម្នាក់ទៀតធម្មតាៗមិនខ្លាចទាល់តែសោះ! ទោះយ៉ាងណាក៏ដោយ វាលើសពីរោគខ្លាចឥតរឿងហេតុ។ មនុស្សពីរនាក់នេះធ្លាប់ជួបប្រទះរឿងរ៉ាវដូចគ្នា ទោះបីជាមនុស្សម្នាក់មានប្រតិកម្មអវិជ្ជមានខ្លាំងក៏ដោយ មនុស្សម្នាក់ទៀតបន្តសំដែងអាការៈដូចដើម។ ចិត្តរបស់យើងប្រៀបដូចម៉ាស៊ីនដ៏ស្មុគស្មាញ មាស៊ីនេះដំណើរការព័ត៌មានរាប់លានប៊ីត បូករួមទាំងការភ័យខ្លាចផងដែរ។ ឈប់ប្រៀបធៀបការភ័យខ្លាចរបស់យើងទៅអ្នកដទៃ ហើយរៀនពីភាពភ័យខ្លាចជាក់លាក់របស់យើងណាមួយ តើវាមានផលអ្វីខ្លះដល់យើង។ ការភ័យខ្លាចអាចមានលក្ខណៈពិសេសផ្ទាល់ខ្លួនដូចស្នាមម្រាមដៃ។
ស្វែងយល់ពីមូលហេតុហេតុអ្វីយើងខ្លាច
មនុស្សអាចខ្លាចរឿងដូចគ្នា ប៉ុន្តែតាមរបៀបពីរផ្សេងគ្នា។ ជាឧទាហរណ៍ មនុស្សពីរនាក់ ខ្លាចការឡើងយន្តហោះដូចគ្នា។ មនុស្សទីមួយខ្លាចថាយន្តហោះនឹងធ្លាក់ ខណៈពេលដែលមនុស្សម្នាក់ទៀតខ្លាចការលួចឬចាប់ពង្រត់លើយន្តហោះពោលគឺភេរវកម្ម។ ការភ័យខ្លាចរបស់មនុស្សទីមួយទាក់ទងនឹងការខ្លាចស្លាប់ ខណៈម្នាក់ទៀតភាពភ័យខ្លាចទាកទងការបាត់បង់ការគ្រប់គ្រង។ ការបាត់បង់ការភ័យខ្លាចក្នុងការគ្រប់គ្រងគឺជារឿងដ៏សំខាន់មួយសម្រាប់សហគ្រិនជាច្រើនជាន់ថ្នាក់។
ដូចដែលយើងបានឃើញពីឧទាហរណ៍នេះ វាមិនចាំបាច់ទេក្នុងការនិយាយថាមនុស្សទាំងពីរភ័យខ្លាចការហោះហើរ ព្រោះលក្ខណៈនៃការភ័យខ្លាចវាបានបង្ហាញឱ្យឃើញរួចទៅហើយ។ សូមចំណាយពេលបន្តិចដើម្បីគិតអំពីមូលហេតុ ហេតុអ្វីយើងមានការភ័យខ្លាច និងអ្វីដែលជាកម្លាំងជំរុញនៅពីក្រោយវា? ប្រសិនបើយើងវិនិយោគពេលវេលាលើការគ្រប់គ្រងការភ័យខ្លាចរបស់យើង ហើយទទួលបានជោគជ័យដ៏ធំធេង ចូរចំណាយពេលបន្តិចដើម្បីគិតអំពីរវិធីដែលយើងអាចធ្វើការកំណត់អត្តសញ្ញាននៃភាពភ័យខ្លាចនោះ។ យើងមិនអាចយកឈ្នះការភ័យខ្លាចរបស់យើងបានទេ ប្រសិនបើយើងមិនស្គាល់វាច្បាស់!
មតិ»
No comments yet — be the first.