ទៅលេងវត្តព្រះពុទ្ធបាទ ខេត្តស្រះបុរី និងវត្តវង់ព្រះចន្ទ ខេត្តលុបបុរីប្រទេសថៃ ខែមករា 26, 2023
Posted by ភារម្យ in ទេសចរណ៍, ប្រវត្តិខ្ញុំ, អំពីភារម្យ.trackback
ថ្ងៃអាទិត្យទី២១ មករា កន្លងមកនេះ ខ្ញុំបានទៅលេងខេត្តស្រះបុរី (สระบุรี – Saraburi) និងលុបបុរី (ลพบุรี – Lopburi) ប្រទេសថៃ។ ដំណើរកម្សាន្តនេះកើតឡើងតាមរយៈម្ចាស់ផ្ទះជួលខ្ញុំ អ៊ុំស្រីចំណាស់បន្ទិចហើយគាត់បានបបួលខ្ញុំទៅដើរលេង ព្រមធ្វើបុណ្យជាមួយក្រុមគ្រួសារគាត់។ ព្រឹកម៉ោង៥ ខ្ញុំងើបពីគេង ងូតទឹកចាំឡានវែន ខ្មែរយើងហៅឡានតួរីសដែលម្ចាស់ផ្ទះគាត់បានជួល។ ម៉ោង៦ព្រឹកយើងចាកចេញពីបាងកក ឆ្ពោះទៅខេត្តស្រះបុរី។ មុនទៅដល់យើងបានទៅទទួលទានអាហារពេលព្រឹកនៅឯកន្លែងសំរាករថយន្ត។ ថ្ងៃនេះមនុស្សស្លៀកសំលៀកបំពាក់ពណ៌ក្រហម ព្រោះជារដូវកាលចូលឆ្នាំចិន។ ខ្ញុំខំសម្លឹងមើលអាមួយៗដែរ ហិហិ។ បន្ទាប់ពីទទួលទានអាហារពេលព្រឹករួច យើងបន្តរដំណើរទៅវត្តព្រះពុទ្ធបាទ (วัดพระพุทธบาท ราชวรมหาวิหาร สระบุรี – Wat Phra Phutthabat) ខេត្តស្រះបុរី ទៅដល់ប្រមាណម៉ោង ៩ព្រឹក។
ការពិតទៅខ្ញុំធ្លាប់មកទីនេះម្ដងហើយ កាលពីឆ្នាំមុន។ វត្តនេះមានការបន្សំគ្នារវាងប្រពៃណីចិន និងសាសនាព្រះពុទ្ធ ដ៏គួរឱ្យចាប់អារម្មណ៍។ មានអាស្រម អាគារសម្រាប់ពិធីសាសនាចិន មានការសែនព្រេន ដុតធូប ហុយទ្រលោមពេញហ្នឹង។ មានការផ្ដល់អាហារបួស ដោយឥតគិតថ្លៃដល់សាសនិកទាំងឡាយ ដោយមានពីរកន្លែង។ សាសនិកជនជាតិថៃ ខ្សែស្រលាយចិនមកធ្វើបុណ្យនៅទីនេះយ៉ាងច្រើនកុះករ។ និយាយដល់រូបខ្ញុំ ដុតធូបបួងសួងឧទ្ទិសកុសលដល់ប៉ាដែលទើបនឹងខូចថ្មីៗ 😦 រួចធ្វើបុណ្យដាក់បច្ច័យតាមសទ្ធា។ បន្ទាប់មកយើងដើរឆ្លងថ្នល់ទៅអាគារចិនមួយទៀត ដើម្បីទទួលទានអាហារ។ តាមផ្លូវមានអ្នកសុំទានជាច្រើន មិននឹកស្មានថានៅទីនេះសម្បូរអ្នកសុំទានដែរ។ កន្លែងទីពីរនេះ មានវិហារចិន មានការដុតធូបទានដូចកន្លែងទីមួយដែរ ព្រមទាំងមានការសំដែងម៉ុងសាយ។
ដើរចូលអាគារមួយ រួចទៅដល់រោងផ្ទះបាយ ពួកយើងបានហូបបាយជាមួយម្ហូបបួស រួចបរិច្ចាគប្រាក់មួយចំនួនដល់ កិច្ចដ៏សប្បុរសនេះ។ ចេញពីវិហារចិន ខ្ញុំទៅមើលវិហារព្រះពុទ្ធសាសនាដែលកសាងលើកូនភ្នំក្បែរនោះ តែពុំបានសំពះព្រះធ្វើបុណ្យព្រោះមនុស្សច្រើនពេក បានតែថតរូបទុកជាភស្តុតាង ពីរទៅបីសន្លឹក។ បន្ទាប់មកយើងបានក៏បានចាកចេញពីខេត្តស្រះបុរី រួចធ្វើដំណើរសំដៅទៅខេត្តលុបបុរី។
ម៉ោងប្រហែល១២ ថ្ងៃត្រង់ យើងបានមកដល់វត្តវង់ព្រះចន្ទ (วัดวงพระจันทร์ – Wat Khao Wong Phrachan)។ តាមផ្លូវមុននឹងជិតមកដល់វត្ត យើងបានឃើញព្រះពុទ្ធរូបដ៏ធំមួយអង្គសាងលើភ្នំ មានពណ៌មាសឆ្អិនឆ្អៅ។
អ៊ំម្ចាស់ផ្ទះបានប្រាប់ខ្ញុំថា ពីមុនទីនេះគឺសុតតែជាព្រៃ មានព្រះសង្ឃជាច្រើនអង្គ និមន្តមកធុត្តុងនៅទីនេះ។ ចុះពីឡានម្ចាស់ផ្ទះរៀបចំអង្ករ ឱ្យខ្ញុំពីរថង់ប្រមាណ១គីឡូ ចៅប្រុសគាត់ពីរនាក់ម្នាក់១គីឡូដូចគ្នា ដើរឡើងភ្នំ រួចធ្វើបុណ្យនៅលើកំពូលភ្នំ។ ថ្ងៃក្ដៅក្រហែង បន្ទាប់លាបឡេការពារកំដៅថ្ងៃរួច (មិនមែនរបស់ខ្ញុំទេ របស់ចៅប្រុសម្ចាស់ផ្ទះ) យើងផ្តើមដើរឡើងភ្នំ។ តំបូងខ្ញុំគិតថាមិនខ្ពស់ទេ ព្រោះគិតថាយើងឡើងភ្នំដែលមានរូបសំណាក់ព្រះពុទ្ធ តែវាមិនមែនជាការពិតទេ ព្រោះភ្នំខ្ពស់មួយទៀតកំពុងរង់ចាំ។ ដើម្បីទៅដល់កំពូលភ្នំ យើងត្រូវដើរ ៣៧៩០កាំ ដើរដំបូងៗសប្បាយៗ ដល់កាំ ២០០០ ខ្ញុំចាប់ផ្តើមហត់ ញ័រជើង ព្រមអាកាសធាតុដ៏ក្ដៅផង។
សង្រ្គាមចិត្តបានកើតឡើង ខ្ញុំគិតថាចង់ចុះចាញ់ម្ដងៗទៅហើយ តែទោះយ៉ាងណាក៏នៅតែស៊ូ។ ទោះបីក្ដៅ តាមផ្លូវឡើងមានកូនហាងតូចៗលក់ភេសជ្ជៈផ្សេងៗសម្រាប់អ្នកដំណើរ។ ដល់កាំ ៣០០០ ខ្ញុំហត់ឡើងចង់អស់មែនទែន ខ្ញុំទើបដឹងថាខ្លួនឯងនេះអាយុច្រើនណាស់ហើយ រាងកាយឱ្យសញ្ញា ម្យ៉ាងក៏ដោយសារខ្ញុំមិនដែលទៅហាត់ប្រាណមួយឆ្នាំជាងទៅហើយ។
ជាចុងក្រោយខ្ញុំក៏បានទៅដល់កំពូលភ្នំ។ កំពូលភ្នំនេះ គ្មានអីគួរឱ្យចាប់អារម្មណ៍នោះទេ មានស្លាកសញ្ញាមួយសរសេរថា ទីបំផុតអ្នកក៏ធ្វើបាន ៣៧៩០កាំ។ សំរាកបន្ទិចយើងយកអង្ករទៅធ្វើបុណ្យ លើកំពូលភ្នំនេះក៏មានអាហារបួសមិនគិតថ្លៃផងដែរ។ ខ្ញុំបានធ្វើបុណ្យ ធ្វើសង្ឃៈទាន ឧទ្ទិសដល់ប៉ា។ ខាងលើនេះមានសំណាក់ព្រះពុទ្ធរូប មានរូបព្រះម៉ែគួនអ៊ីម មានរូងភ្នំតូចមួយ ខ្ញុំបានចូលទៅមើល តែពុំមានអីទេ មានតែរូបសំណាក់សម្រាប់បូជាមួយចំនួន។ ដោយប្រើថាមពលច្រើនក្នុងការឡើងភ្នំ ខ្ញុំបានទៅទទួលទានបបរបួសឥតគិតថ្លៃមួយកូនចាន។
ក្រោយមកខ្ញុំក៏បានដើរចុះមកវិញ លើកំភួនជើងខ្លាំងណាស់។ ដល់ឡានម្ចាស់ផ្ទះទិញបាយថ្ងៃត្រង់ឱ្យខ្ញុំមួយប្រអប់ ហូបឡើងឡានរួចយើងធ្វើដំណើរមកបាងកកវិញ។ មកដល់ផ្ទះវិញម៉ោងប្រហែល ៧ ជាងយប់។
មតិ»
No comments yet — be the first.