jump to navigation

កូនស្រីឆាវឆាវ ខែ​កុម្ភៈ 7, 2023

Posted by ភារម្យ in សាមកុក.
trackback

និយាយដល់រឿងសាមកុក បងប្អូនដែលចូលចិត្តអាន ឬ មើលរឿងភាគ ប្រាកដជាមានបញ្ហាស្រដៀងនឹងខ្ញុំដែរ ពោលគឺមានតួអង្គច្រើនក្នុងរឿងនេះដែលជាហេតុធ្វើឱ្យមានការលំបាកក្នុងការចងចាំឈ្មោះតួអង្គ។ និយាយដល់ឆាវឆាវ មានឯកសារតិចតួចណាស់ដែលនិយាយដល់កូនស្រីរបស់គាត់ លើកលែងតែឈុតឆាកសំខាន់ៗដែលបានសរសេរឡើងក្នុងប្រលោមលោករបស់លួគ័នចុង ឬរឿងភាគដែលគេបានថត។ ថ្ងៃនេះខ្ញុំសូមសរសេររៀបរាប់រឿងរ៉ាវបន្ទិចបន្ទួចទាក់ទងនឹងរឿងរ៉ាវឯកជនរបស់ឆាវឆាវ ដែលត្រូវបានគេចាត់ទុកថាជាមេដឹកនាំបែបប្រាកដនិយមម្នាក់  រឿងរ៉ាវទាក់ទងនិងបណ្តាកូនស្រីរបស់គាត់មានដូចខាងក្រោមនេះ។

ក្រោយពីបានបានបញ្ជាឱ្យស្តេចសៀនដកហូតដំណែងមហេសីហ្វូ ឆាវឆាវបានបញ្ជាឱ្យឈឺលីទៅសម្លាប់នាង។ ខណៈពេលដែលឈឺលីនៅក្បែរស្តេចសៀន ហ័ស៊ីនបានបញ្ជូនទ័ពទៅដំណាក់មហេសីហ្វូ ដើម្បីចាប់នាង។ តែនាងបិទទ្វារហើយព្យាយាមពួនក្នុងជញ្ជាំង តែពួកទាហានបានចាប់កន្ត្រាក់នាងចេញមកវិញ។ ពួកទាហានបណ្តើរនាងកាត់ព្រះពន្លាដែលស្តេចសៀនគង់ជាមួយឈឺលី មហេសីហ្វូយំសោកបោកខ្លួន អង្វរឱ្យព្រះស្វាមីនាងជួយ។ ស្តេចសៀនបានត្រឹមតែតបទៅនាងថា “ព្រះអង្គពុំដឹងថា ពេលណាទើបដល់វេនព្រះអង្គទេ (វេនដែលត្រូវឆាវឆាវយកទៅសម្លាប់)” រួចងាកទៅរកឈឺលីហើយពោលថា “នៅក្រោមមេឃលើដី លោកម្ចាស់ឈឺ រឿងនេះកើតឡើងដោយរបៀបណា?” ក្រោយពេលអតីមហេសីបានបាត់បង់ជីវិតក្នុងគុកដំណាក់ស្រីស្នំ កូនទាំងពីររបស់នាងមានជាមួយព្រះចៅសៀន ត្រូវបានគេសម្លាប់ ចំណែកម្តាយនាងអ្នកស្រីយ៉ីងនិងញាតិមិត្តត្រូវបានគេនិរទេស។

និយាយដល់តំណែងមហេសី ពេលនោះវានៅទំនេរ ជាហេតុមានភាពងាយស្រួលដល់ឆាវឆាវដែលត្រៀមខ្លួនជាស្រេចដើម្បីរកអ្នកជំនួសមហេសីដែលបាត់បង់ឋានៈ។ ក្នុងឆ្នាំ ២១៣ ឆាវឆាវបានបញ្ជូនកូនស្រីខ្លួនបីនាក់ មានឈ្មោះថា ឆាវសៀន ឆាវជា និង ឆាវហ័ ទៅក្នុងដំណាក់ស្រីស្នំព្រះចៅសៀន។ ដើមឆ្នាំ ២១៤ ស្ត្រីទាំងបីនាក់ទទួលតំណែងជាស្នំ។ ក្នុងឆ្នាំ ២១៥ តិចជាងពីរខែក្រោយការទំលាក់តំណែងមហេសីហ្វូ កូនស្រីឆាវឆាវទី២ ឆាវជា ត្រូវបានតែងតាំងជំនួសមហេសីហ្វូ។ ទិន្នន័យម្តាយរបស់នារីទាំង៣ពុំត្រូវបានគេស្គាល់ ហើយគេពុំបានដឹងទេថា តើពួកគេជាបងប្អូនបង្កើត ឬមានម្តាយទីទៃ។ ក្នុងបរិបទនេះ ឆាវសៀន និង ឆាវហ័ពុំត្រូវបានគេលើកឡើងឡើយ។

ដោយសារអាយុធម្មតាសម្រាប់ការជ្រើសរើសមានគូស្រករស្តិក្នុងចន្លោះពីដប់បីដល់ម្ភៃឆ្នាំ ដូច្នេះពួកគេត្រូវបានគេសន្មតថា ស្ថិតក្នុងវ័យជំទង់ ទោះបីជាឆាវហ័មានវ័យក្មេងជាងគេក៏ដោយ។ មហេសីថ្មីមានអាយុតិចជាងព្រះស្មាមីយ៉ាងហោចណាស់ ១០ឆ្នាំ ព្រះចៅសៀននៅពេលនោះ មានអាយុប្រមាណសាមសិបជាង។ កាលៈទេសៈនោះមិនបានអំណោយផលដល់អាពាហ៍ពិពាហ៍របស់ពួកគេទេ ទោះជាយ៉ាងណាក៏ដោយ មហេសីថ្មីរូបនេះមានចំណាប់អារម្មណ៍លើជោគជតារាជវង្ស ជាពិសេសតំណែងរបស់នាងក្នុងរាជវាំង។ ប៉ុន្មានឆ្នាំក្រោយមកក្នុងឆ្នាំ 220 បងប្អូនប្រុសម្តាយទីទៃរបស់មហេសីឆាវ ឈ្មោះឆាវភីបានបង្ខំអធិរាជសៀនឱ្យដាក់រាជ្យ ដើម្បីខ្លួនបានឡើងគ្រងរាជជំនួស។ ឆាវភីបានចាត់មន្ត្រីរបស់គាត់ម្នាក់ដើម្បីទៅយកត្រា និង គ្រឿងឥស្សរិយយសស្តេច។ ដំបូងឡើយមហេសីឆាវបានបដិសេធមិនប្រគល់ឱ្យពួកគេ ប៉ុន្តែនៅទីបំផុតក៏បានបោះរបស់ទាំងនោះទៅលើដី ព្រមទាំងយំសោកហើយបានដាក់ទំនាយថា “មេឃនឹងដាក់ទោសពួកឯង” មហេសីឆាវមានជីវិតរស់នៅយូរជាងព្រះស្វាមី២៥ឆ្នាំ នាងស្លាប់ក្នុងឆ្នាំ ២៦០ នៅពេលវ័យកុកត្រូវបានវាយយកដោយត្រកូលស៊ឺម៉ា។ នាងបានទទួលបរមងារក្រោយអនិច្ចកម្ម ជាមហេសីមូ សពនាងត្រូវបានបញ្ចុះជាមួយស្វាមីដែលជាអតីតព្រះរាជា។

ក្រៅពីស្ត្រីទាំងបីដែលបានពោលរៀបរាប់ខាងលើ ឆាវឆាវមានកូនស្រីយ៉ាងតិចបួននាក់ទៀត បើទោះបីឈ្មោះរបស់ពួកគេពុំបានកត់ត្រាទុកក៏ដោយ។ កូនស្រីច្បងឆាវឆាវកើតក្នុងត្រកូលស្រីស្នំតំបូងគាត់គឺអ្នកស្រីលាវ ប្រមាណឆ្នាំ១៧៨។ នាងគឺជាបងស្រីបង្កើតរបស់ឆាវអាង។ នាងបានរៀបការជាមួយស៊ាហូវម៉ៅ ដែលជាកូនប្រុសរបស់ស៊ាហូវទុន ស៊ាហូវទុនជាបងប្អូនជីដូនមួយរបស់ឆាវឆាវ (ឆាវឆាវជាពូជពង្សគ្រួសារស៊ាហូវ)។ នាងបានក្លាយជារាជបុត្រីឈីងហឺ នៅកានលីង ជាការសន្មតក្រោយឆាវភីឡើងគ្រងរាជ្យក្នុងឆ្នាំ ២២០។ ប្រហែលឆ្នាំ ២៣០ ដោយការប្រឆាំងនឹងការផិតក្បត់ឥតឈប់ឈរបស់ប្ដីនាង នាងបានចោទប្រកាន់ប្ដីខ្លួនឯងពីបទក្បត់ជាតិ ហើយស្ទើរតែប្រហារជីវិតប្ដីខ្លួនឯង។

កូនស្រីទី២របស់ឆាវឆាវ ប្រហែលជាកើតក្នុងឆ្នាំ ១៩០ ដោយគេពុំបានស្គាល់ឈ្មោះម្តាយនាងទេ។ នាងបានរៀបការជាមួយស៊ិនអ៊ីន ដែលជាកូនប្រុសរបស់ស៊ិនអ៊ី ក្រោយមកមានបរមងារជារាជបុត្រីអានយ៉ាង។ កូនស្រីទី៣ កើតក្នុងឆ្នាំ២០០ ជាមួយអ្នកស្រីទូ ហើយមានបរមងារជារាជបុត្រីកៅឆឹង។ ជាចុងក្រោយកូនស្រីម្នាក់ទៀតជាមួយអ្នកស្រីអ៊ីន ដែលពីមុនជាអតីតភរិយាកូនប្រុសហឺជីន។ ជាមួយស្វាមីមុន អ្នកស្រីអ៊ីននេះមានកូនប្រុសម្នាក់ឈ្មោះហឺយាន។ ក្រោយមកនាងបានក្លាយជាស្រីស្នំរបស់ឆាវឆាវ នាងប្រសូត្រកូនប្រុសឈ្មោះឆាវជី និងកូនស្រីម្នាក់ឱ្យឆាវឆាវ។ ឆាវឆាវបានឱ្យកូនស្រីខ្លួនរូបនេះ រៀបការជាមួយបងប្រុសមានឪពុកទីទៃរបស់នាង ហឺយាន ហើយនាងបានក្លាយទៅជារាជបុត្រីជីនស៊ែង។

គេអាចសន្មតថា ឆាវឆាវប្រហែលមានកូនស្រីច្រើនជាង៧នាក់ ដូចបានរៀបរាប់ពីខាងលើ។ ឆាវឆាវទទួលស្គាល់ថា គាត់មានកូនប្រុស២៥នាក់ កើតពីប្រពន្ធដើម២នាក់ និង ប្រពន្ធចុង១៣នាក់ ក្រៅពីនេះឆាវឆាវមានស្រីកំណាន់ខាងក្រៅជាច្រើន។ ប្រពន្ធតំបូងរបស់ឆាវឆាវអ្នកស្រីទីង ប្រហែលជាបានរៀបការក្នុងឆ្នាំ ១៧៥។ នាងពុំអាចមានកូនអោយឆាវឆាវបាន តែយ៉ាងណាក្តីប្រពន្ធចុងទីមួយរបស់ឆាវឆាវអ្នកស្រី លាវ បានបង្កើតកូនប្រុសពីរនាក់ និង កូនស្រីម្នាក់អោយគាត់។ នៅពេលដែលអ្នកស្រីលាវបានបាត់បង់ជីវិតក្នុងឆ្នាំ ១៧៩ ប្រហែលបណ្តាលមកពីការឆ្លងទន្លេ កូនៗរបស់គាត់ទាំងអស់ត្រូវបានចឹញ្ចឹមថែរក្សាដោយអ្នកស្រីទីង គាត់ស្រលាញ់ឆាវអាងជាងគេ។ ក្រោយពីឆាវអាងត្រូវបានគេសម្លាប់ក្នុងចម្បាំងជាមួយចាងស្សូវ អ្នកស្រីទីងបានកាន់ទុក្ខយ៉ាងជូជត់ ហើយកាន់តែជូជត់ជាងនេះទៅទៀតពេលដែលបានដឹងថា រឿងនេះកើតឡើងដោយសារតែឆាវឆាវទៅយកប្រពន្ធចុងម្នាក់ទៀតពីតំបន់របស់ចាងស្សូវ។ នៅពេលកាន់ទុក្ខអ្នកស្រីទីងបន្ទោសឆាវឆាវយ៉ាងខ្លាំង។

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: