jump to navigation

ធ្វើយ៉ាងណាពេលយើងខ្លាច? ខែមករា 18, 2023

Posted by ភារម្យ in ចិត្តវិទ្យា, ពីនេះពីនោះ, វិចារណកថា.
add a comment

ជារឿយៗបើទោះបីជាយើងគិតដល់ភាពភ័យខ្លាចក្នុងបរិបទអវិជ្ជមានយ៉ាងណាក្តី ភាពភ័យខ្លាចអាចជារឿងវិជ្ជមានបំផុតក៏ថាបាន។ ភាពភ័យខ្លាចតែងតែតឿនយើង នៅពេលមានគ្រោះថ្នាក់ដល់រាងកាយកំពុងកើតឡើង។ វាជួយឱ្យយើងដឹងថា រឿងដែលធ្វើឱ្យយើងជ្រួលច្រាលក្នុងចិត្តវាកំពុងកើតឡើង ភាពភ័យខ្លាចរំឭកយើងដល់ភាពឈឺចាប់ដែលយើងធ្លាប់ជួបប្រទះកាលពីអតីតកាល។ ទោះយ៉ាងណាក៏ដោយ ក្នុងករណីជាច្រើន ការភ័យខ្លាចក៏អាចជាទ្រុងរារាំងយើងមិនឱ្យធ្វើអ្វីដែលយើងចង់ធ្វើ។ នៅពេលយើងក្រឡេកមើលជុំវិញខ្លួនយើង ហើយដឹងថាជីវិតរបស់យើងត្រូវបានរំខានយាយីដោយភាពភ័យខ្លាច ពេលនោះហើយយើងត្រូវតែយកឈ្នះវាឱ្យបាន។

កំណត់អត្តសញ្ញាណនៃភាពភ័យខ្លាចរបស់យើង

ជំហានដំបូងដែលយើងត្រូវធ្វើក្នុងការយកឈ្នះភាពភ័យខ្លាចរបស់ខ្លួនឯង នោះគឺការកំណត់អត្តសញ្ញាណវាឱ្យបានច្បាស់លាស់ ។ ការកំណត់អត្តសញ្ញាណអាចជួយយើងឱ្យយល់កាន់តែច្បាស់នូវភាពភ័យខ្លាចទាំងឡាយណាដែលកំពុងដំណើរការដោយស្វ័យប្រវត្តិនៅក្នុងក្បាលរបស់យើង។ ក្នុងករណីខ្លះការកំណត់អត្តសញ្ញាណភាពភ័យខ្លាចរបស់មនុស្សជារឿងងាយស្រួល។ យើងប្រហែលជាខ្លាចទីខ្ពស់ ការជិះយន្តហោះ ឬរឿងផ្សេងទៀត។ ទោះជាយ៉ាងណាក៏ដោយ នៅពេលដែលយើងកើតការភ័យខ្លាច វានឹងធ្វើឱ្យយើងមានអារម្មណ៍ភ័យស្លន់ស្លោ ពិបាកយល់ ហើយពេលនោះភាពភ័ន្តច្រឡំក៏កើតឡើង។ សូមចាប់ផ្តើមស៊ើបអង្កេតយ៉ាងលម្អិត គ្រប់ពេលដែលយើងខ្លាច នៅពេលដែលយើងខ្លាចនោះ វាមានសណ្ឋានស្រដៀងៗគ្នាដែរឬទេ? តើមានស្ថានភាព អារម្មណ៍ ឬសូម្បីតែមនុស្សមួយណាដែលធ្វើឱ្យយើងខ្លាច? ខ្លាចបរាជ័យ ខ្លាចចាញ់ ឬខ្លាចប្រឈមមុខ?

មុនពេលយើងអាចចាប់ផ្តើមកំណត់ថាអ្វីទៅជាភាពភ័យខ្លាចរបស់យើង យើងត្រូវកំណត់អត្តសញ្ញាណវាជាមុនសិន។ សម្រាប់មនុស្សមួយចំនួន នេះគឺជាការលំបាកខ្លាំងណាស់ ជាពិសេសប្រសិនបើភាពភ័យខ្លាចនេះ វាបានចាក់ឫសយ៉ាងជ្រៅរួចទៅហើយ។ ការភ័យខ្លាចអាចមានច្រើនស្រទាប់ ដូចជាស្រទាប់របស់ខ្ទឹមបារំាងដែរ យើងអាចមើលដឹងថាប្រតិកម្មដ៏គួរឱ្យភ័យខ្លាចផ្សេងៗគ្នាជាច្រើនអាចកើតចេញពីស្រទាប់នៃភាពភ័យខ្លាចចម្បងមួយ។

កត់ត្រាវាទុុក

ប្រសិនបើយើងមានបញ្ហាក្នុងការកំណត់ការភ័យខ្លាច សូមចាប់ផ្តើមដោយការសរសេរ ។ ការសរសេរគឺជាវិធីដ៏អស្ចារ្យមួយ ព្រោះវាអនុញ្ញាតឱ្យយើងរៀបចំគំនិត ស្វែងយល់បន្ថែមអំពីអ្វីដែលយើងត្រូវការ ឬអ្វីដែលអាចជាគន្លឹះ ។ ចាប់ផ្តើមសរសេរអំពីរឿងរ៉ាវភ័យខ្លាចរបស់យើង និងវិធីដែលវាប៉ះពាល់ដល់យើងទាំងផ្លូវកាយ និង ផ្លូវចិត្ត។ សរសេរអំពីបទពិសោធចុងក្រោយដែលយើងមានអារម្មណ៍ថា យើងមិនចង់ជួបវាទៀតទេ។ ឱកាសដែលយើងអាចកើតមានការភ័យខ្លាច វាអាចកើតឡើងនៅពេលដែលស្ថានការដែលយើងធ្លាប់បានជួបដូចគ្នាដដែលនោះបានកើតឡើងម្ដងទៀត។

ការភ័យខ្លាចគឺជារបស់ម្យ៉ាងដែលពិបាកដោះស្រាយនៅក្នុងក្បាលរបស់យើង។ យ៉ាងណាមិញ ការភ័យខ្លាចអាចធ្វើឱ្យយើងមានការប្រុងប្រយ័ត្នខ្ពស់ ប៉ុន្តែវាក៏អាចធ្វើឱ្យយើងមានការភ័ន្តច្រឡំផងដែរ ជាពិសេសប្រសិនបើយើងពុំបានដឹងថា វាមានប្រភពមកពីណា។ ចូរកំណត់ម៉ោងរោទិ៍ រយៈពេលត្រឹមប្រាំនាទី ហើយសរសេរពីអ្វីក៏បានទាក់ទងនិងភាពភ័យខ្លាចរបស់យើង សរសេររហូតដល់យើងឮសំឡេងនាឡិការរោទិ៍ឡើង។ នេះជាវិធីមួយដែលអាចជួយយើង គឺដោយការយកភាពភ័យខ្លាចដែលកំពុងគ្របសង្កត់យើង យកវាទៅដាក់លើក្រដាស ធ្វើឱ្យយើងមានពេលគ្រប់គ្រាន់សម្រាប់យន្តការការពាររបស់យើងផ្តើមដំណើរការ។ ការភ័យខ្លាចវាមិនចូលចិត្តបង្ហាញខ្លួនទេ វាចូលចិត្តលាក់ខ្លួនក្នុងទីងងឹតដូចមនុស្សកំណាច។

សន្ទនាជាមួយមនុស្សជិតស្និទ្ធ

ប្រសិនបើយើងមានបុគ្គលសំខាន់ៗនៅជុំវិញខ្លួនដែលយើងទុកចិត្ត វាមានហេតុផលជាច្រើនដែលគួរអនុញ្ញាតឱ្យពួកគេចូលរួមក្នុងការស្រាវជ្រាវស្វែងរកប្រភពនៃភាពភ័យខ្លាចរបស់យើង។ មានករណីជាច្រើន មនុស្សជិតស្និទ្ធនឹងយើង អាចស្គាល់យើងច្បាស់ជាងយើងស្គាល់ខ្លួនឯងផងក៏ថាបាន ហើយជាលទ្ធផលពួកគេអាចជួយគិតពិចារណាទាក់ទងនឹងអ្វីដែលធ្វើឱ្យយើងខ្លាច។ ចូរសួរពួកគេថា តើគេបានដឹងទេថាយើងធ្លាប់មានការភ័យខ្លាច? ហើយសួរពួកគេទៀតថាតើពួកគេគិតថាយើងខ្លាចអ្វី? ពួកគេប្រហែលជាអាចចែករំលែកការយល់ឃើញដែលអាចធ្វើឱ្យយើងភ្ញាក់ផ្អើល។ មនុស្សខាងក្រៅអាចផ្តល់ទស្សនៈថ្មីៗពីអ្វីដែលអាចជាមូលហេតុនៃការភ័យខ្លាចរបស់យើងបាន។

យល់ថាភាពភ័យខ្លាចមានឥទ្ធិពលលើមនុស្សផ្សេងៗគ្នា

រឿងគួរឱ្យចាប់អារម្មណ៍អំពីការភ័យខ្លាចគឺថា ទោះបីជាវាជាបទពិសោធទូទៅកើតឡើងលើមនុស្សគ្រប់គ្នាក៏ដោយ ក៏វាមិនមែនកើតមកពីរឿងដូចគ្នា ពីមនុស្សម្នាក់ទៅមនុស្សនោះទេ។ ជាឧទាហរណ៍ មនុស្សពីរនាក់ទៅមើលពស់ ម្នាក់ប្រហែលជាភិតភ័យរកាំចិត្ត ខណៈម្នាក់ទៀតធម្មតាៗមិនខ្លាចទាល់តែសោះ! ទោះយ៉ាងណាក៏ដោយ វាលើសពីរោគខ្លាចឥតរឿងហេតុ។ មនុស្សពីរនាក់នេះធ្លាប់ជួបប្រទះរឿងរ៉ាវដូចគ្នា ទោះបីជាមនុស្សម្នាក់មានប្រតិកម្មអវិជ្ជមានខ្លាំងក៏ដោយ មនុស្សម្នាក់ទៀតបន្តសំដែងអាការៈដូចដើម។ ចិត្តរបស់យើងប្រៀបដូចម៉ាស៊ីនដ៏ស្មុគស្មាញ មាស៊ីនេះដំណើរការព័ត៌មានរាប់លានប៊ីត បូករួមទាំងការភ័យខ្លាចផងដែរ។ ឈប់ប្រៀបធៀបការភ័យខ្លាចរបស់យើងទៅអ្នកដទៃ ហើយរៀនពីភាពភ័យខ្លាចជាក់លាក់របស់យើងណាមួយ តើវាមានផលអ្វីខ្លះដល់យើង។ ការភ័យខ្លាចអាចមានលក្ខណៈពិសេសផ្ទាល់ខ្លួនដូចស្នាមម្រាមដៃ។

ស្វែងយល់ពីមូលហេតុហេតុអ្វីយើងខ្លាច

មនុស្សអាចខ្លាចរឿងដូចគ្នា ប៉ុន្តែតាមរបៀបពីរផ្សេងគ្នា។ ជាឧទាហរណ៍ មនុស្សពីរនាក់ ខ្លាចការឡើងយន្តហោះដូចគ្នា។ មនុស្សទីមួយខ្លាចថាយន្តហោះនឹងធ្លាក់ ខណៈពេលដែលមនុស្សម្នាក់ទៀតខ្លាចការលួចឬចាប់ពង្រត់លើយន្តហោះពោលគឺភេរវកម្ម។ ការភ័យខ្លាចរបស់មនុស្សទីមួយទាក់ទងនឹងការខ្លាចស្លាប់ ខណៈម្នាក់ទៀតភាពភ័យខ្លាចទាកទងការបាត់បង់ការគ្រប់គ្រង។ ការបាត់បង់ការភ័យខ្លាចក្នុងការគ្រប់គ្រងគឺជារឿងដ៏សំខាន់មួយសម្រាប់សហគ្រិនជាច្រើនជាន់ថ្នាក់។

ដូចដែលយើងបានឃើញពីឧទាហរណ៍នេះ វាមិនចាំបាច់ទេក្នុងការនិយាយថាមនុស្សទាំងពីរភ័យខ្លាចការហោះហើរ ព្រោះលក្ខណៈនៃការភ័យខ្លាចវាបានបង្ហាញឱ្យឃើញរួចទៅហើយ។ សូមចំណាយពេលបន្តិចដើម្បីគិតអំពីមូលហេតុ ហេតុអ្វីយើងមានការភ័យខ្លាច និងអ្វីដែលជាកម្លាំងជំរុញនៅពីក្រោយវា? ប្រសិនបើយើងវិនិយោគពេលវេលាលើការគ្រប់គ្រងការភ័យខ្លាចរបស់យើង ហើយទទួលបានជោគជ័យដ៏ធំធេង ចូរចំណាយពេលបន្តិចដើម្បីគិតអំពីរវិធីដែលយើងអាចធ្វើការកំណត់អត្តសញ្ញាននៃភាពភ័យខ្លាចនោះ។ យើងមិនអាចយកឈ្នះការភ័យខ្លាចរបស់យើងបានទេ ប្រសិនបើយើងមិនស្គាល់វាច្បាស់!

មេរៀនពីអ្នកគ្រូទន្សាយ ខែ​មេសា 26, 2018

Posted by ភារម្យ in ចិត្តវិទ្យា, អប់រំ.
3 comments

កំណត់ហេតុថ្ងៃទី ២៨ ខែមិនា ឆ្នាំ ២០១៨

បាងកក ប្រទេសថៃ

ថ្ងៃនេះខ្ញុំមានឧកាស បានរៀនជាមួយអ្នកគ្រូជនជាតិថៃម្នាក់ ជាលើកតំបូង។ គាត់ឈ្មោះថា អ្នកគ្រូក្រៈតាយ ប្រែថាទន្សាយ។ អ្នកគ្រូបង្រៀនពួកយើង ទាក់ទងនឹងមូលដ្ឋានគ្រិះ នៃចិត្តវិទ្យា។ ខាងក្រោមនេះ គឺជាកំណត់ត្រាទាំងស្រុង ដែលគាត់បានបង្រៀន។

ការរៀនចិត្តវិទ្យា គឺការរៀនយល់ពីឥរិយាបទមនុស្ស ក្រោយពីយល់ហើយ គេអាចអធិប្បាយវាបាន ក្រោយពីអធិប្បាយបាន គេអាចទំនាយវាបាន។

Conscious = សម្បជញ្ញៈ = ចិត្តសំនឹក

សំនឹក = នឹកឃើញដល់ទោសរបស់ខ្លួន រំលឹកឃើញដល់កំហុសរបស់ខ្លួន

សម្បជញ្ញៈ = ស្មារតី គឺសេចក្តីនឹកឃើញ មានសតិ

Subconscious = អឌ្ឍសម្បជញ្ញៈ = ចិត្តក្រោមសំនឹក

ចិត្តសំនឹក ឬ សម្បជញ្ញៈ គឺជាសភាវៈចិត្ត ដែលយើងដឹងខ្លួន ថាកំពុងធ្វើអី បើនិយាយតាមទ្រឹស្តីព្រះពុទ្ធសាសនា នោះគឺ សតិ នេះឯង។ ឯអឌ្ឍសម្បជញ្ញៈ ឬ ចិត្តក្រោមសំនឹក វិញវាធ្វើការនៅពេលដែល ចិត្តសំនឹក ឬ សម្បជញ្ញៈ ឈប់ធ្វើការ ពោលគឺអឌ្ឍសម្បជញ្ញៈ ឬ ចិត្តក្រោមសំនឹក ធ្វើការនៅពេលយើងរលីវៗរៀបនឹងដេក ឬពេលកំពុងដេកលក់ ឬពេលយើងនឿយហត់។

យោងតាម Freud (1923) រចនាសម្ពន្ធចិត្ត ចែកចេញជា ៣ យ៉ាង Id, Ego និង Superego។ ID គឺចិត្តដែលជាសភាវគតិ (instinct) ចំណង់ ឬ​ តម្រូវការផ្ទាល់ខ្លួន ពោលគឺចង់ធ្វើអ្វីតាមចិត្តខ្លួនឯង។ ពេលខ្លះយើងចង់ធ្វើអ្វីមួយ ដែលជារឿងមិនល្អ ពេលនេោះហើយដែល Ego កើតឡើងមក។ Ego គឺជាអ្នកមកគ្រប់គ្រង ID។ ID ធ្វើយ៉ាងនេះ មិនបានទេ បើធ្វើបែបនេះ ជារឿងមិនល្អឡើយ។ តួយ៉ាង ពេលយើងមានទំនាស់ជាមួយភរិយា ID គឺសភាវគតិយើង គឺចង់តែទៅទះកំភ្លៀងគាត់ តែ Ego ចូលខ្លួនមក ប្រាប់សភាវគតិ ថា យើងធ្វើបែបនេះ វាមិនត្រឹមត្រូវនោះទេ ភរិយាយើងជាមនុស្សស្រី ឯយើងជាមនុស្សប្រុស។ រីឯ Superego វិញ គឺសំដៅគុណធម៌ ចរិយាធម៌ សីលធម៌ ដូចជាឧទាហរណ៏បានលើកឡើង បើយើងទៅវាយភរិយា វាក្លាយទៅជា យើងធ្វើបាបស្រ្តី គឺវាខុសទាំង សីលធម៌ ចរិយាធម៌ (ពាក្យទូន្មានរបស់ឪពុកម្តាយដែលបានបង្រៀនយើងតាំងពីតូច ផុសឡើងក្នុងខួក្បាលយើង រួចមកប្រាប់យើង)។ តួ Ego នេះគ្រប់គ្រង ID សភាវគតិ មិនអោយសំដែងចេញមកបាន ដូចជានៅពេលដែលយើងចង់ជេរ នណាម្នាក់ Ego ដែលយើងបានទទួលមក អាចជា សង្គម ។ល។ ចូលខ្លួនមកបញ្ជាយើងអោយបញ្ឍប់ទង្វើនេះ។ នៅពេលយើងចង់ធ្វើ តែធ្វើមិនបាន ធ្វើអោយយើងបាក់មុខ បាក់ទឹកចិត្ត ដោយគ្រប់យ៉ាង វាមិនដូចអ្វីដែលយើងវំពឹងទុក Freud អធិប្បាយថា យន្តការនេះ គេហៅថា defense mechanism ដែលការធ្វើការរបស់ អឌ្ឍសម្បជញ្ញៈ ឬ ចិត្តក្រោមសំនឹក ឬ Ego។ ដូចជាការបៀមទុក្ខសោកនៃអារម្មណ៏របស់យើង ការបៀមទុក្ខគឺជាយន្តការនៃការការពារខ្លួនឯង ពោលគឺយើងមានទុក្ខ តែយើងមិនអាចនិយាយចេញមកបាន មិនអាចនិយាយអោយអ្នកដទៃស្តាប់ ការបៀមទុក្ខនេះគឺជាការព្យាយាមបំភ្លេចទុក្ខសោក មិននឹកនាដល់វា គឺទិន្នន័យទាំងនេះ វាទៅរក្សាទុកក្នុង អឌ្ឍសម្បជញ្ញៈ ដែលនេះត្រូវបានគេហៅថាយន្តការនៃការការពារខ្លួនឯង គឺធ្វើអោយទុក្ខសោកក្នុងខ្លួនចុះថមថយ។ យន្តការនៃការការពារខ្លួនឯងផ្សេងទៀត ឧទាហរណ៏ដូចជា ពេលយើងធ្វើអ្វីមួយខុស យើងព្យាយាមទំលាក់កំហុសអោយអ្នកដទៃ ដល់តែធ្វើរឿយៗទៅ ក៏ក្លាយទៅជានិស្ស័យ មនុស្សនេះគឺគេមិនព្រមចុះញមដោយងាយៗនោះទេ បើមានមនុស្សម្នាក់ទៀត មានគំនិតផ្ទុយពីគេ គេនឹងព្យាយាមនិយាយមិនឈប់ ដើម្បីអោយមនុស្សម្ខាងទៀតជឿ យល់ឃើញដូចអ្វីដែលគេបានគិត យន្តការនេះធ្វើឡើងដោយអត្តនោម័ត ធ្វើដោយមិនដឹងខ្លួន។

ដឹងទេថា ខ្លួនយើង នៅមានភាពជាក្មេង គឺយើងបង្ហាញអារម្មណ៏ អ្វីម្យ៉ាងដូចកូនក្មេង មិនទាន់ចាស់ទុំ តែយ៉ាងណា យើងក៏មានភាពអ្នកស៊ូ នៅក្នុងខ្លួន ដែលត្រៀមតែចេញប្រយុទ្ធ

ការវិភាគអ្នករៀន

ខាងក្រោមនេះ គឺជាខសំខាន់ៗ សំរាប់វិភាគអ្នករៀន

ចំណេះដឹងដើម (Prior Knowledge): ចំណេះដឹងដើមរបស់អ្នករៀន មានមិនស្មើគ្នានោះទេ អ្នកខ្លះមានចំណេះដឹងផ្នែកកំព្យូទ័រ អ្នកខ្លះគ្រប់គ្រង​ ។ល។ យើងអាចប្រើ ឧបករណ៏ដើម្បីវាស់ចំណេះដឹងដើម តាមរយៈ ​Pretest (វាស់តាមមុខវិជ្ជាដែលយើងចង់ដឹង), Diagnostic Test (តេសបែបពិនិត្យវិនិច្ឆ័យ) ឬ Word-associations test (ពេលខ្លះទាក់ទងនិងចិត្តវិទ្យា)

គំនិតឬជំនឿផ្ទាល់ខ្លួន (Personal Epistemology): សំដៅគំនិតឬជំនឿដែលយើងមាន អាចអ្វីដែលយើងត្រូវបានអប់រំរៀនសូត្រពីឪពុកម្តាយយើងក៏ថាបាន។ ឧទាហរណ៏ ជិវិតនេះមិនបាច់គិតអីច្រើនទេ ត្រឹមធ្វើការមានបាយហូប ក៏វាគ្រប់គ្រាន់ហើយ (ជំនឿផ្ទាល់ខ្លួន)។ ក្មេងៗ Personal Epistemology អាចមានតិចតួច តែមនុស្សចាស់មានច្រើនព្រោះថា ឆ្លងកាត់បទពិសោធន៏ជិវិតមកជាច្រើនឆ្នាំ ជួបមនុស្សច្រើន ពោគឺវាកើតមកពីដំណើរជិវិតរ។

ស្តាយរូបបែបការរៀន: មនុស្សមានរូបបែបការរៀនសូត្រខុសៗគ្នា អ្នកខ្លះចូលចិត្តស្តាប់ អ្នកខ្លះចូលចិត្តអាន ។ល។

បុគ្គលិកលក្ខណៈ (Personality): លក្ខណៈបុគ្គលដែលកើតមក មានជាប់ខ្លួន អាចមានតាមរយៈតំនរពូជ ដូចនេះមនុស្សមាន បុគ្គលិកលក្ខណៈ មិនដូចគ្នាទេ។បុគ្គលិកលក្ខណៈមនុស្សមានដូចតទៅ

  • ការជំរុញទឹកចិត្ត (Motivation) ទាំងខាងក្នុង និងខាងក្រៅ
  • ការគ្រប់គ្រងអំណាចខ្លួនឯង (Locus of control) គឺពពួក Self- មានពីរគឺកើតពីខាងក្នុង និងខាងក្រៅ។ ការគ្រប់គ្រងអំណាចខ្លួនឯងកើតមកពីខាងក្នុងខ្លួនមនុស្ស នៅពេលមនុស្សមានគោលដៅជិវិតច្បាស់លាស់ គឺបង្គាប់ខ្លួនឯងអោយធ្វើនេះធ្វើនោះ​ រីឯការគ្រប់គ្រងអំណាចខ្លួនឯងកើតមកពីខាងក្រៅ ដូចជាការបង្គាប់បញ្ជាពីឪពុកម្តាយ ។ល។
  • ភាពបារម្ភកង្វល់ (Anxiety) កង្វល់ច្រើនក៏ធ្វើអោយយើងលំបាកក្នុងការសំរបខ្លួនទៅនឹងបញ្ហា ធ្វើអោយការប្រើជិវិតប្រចាំថ្អៃគ្មានសុភមង្គល មានផលដល់សុខភាពផ្លូវចិត្ត ឬធ្វើអោយយើងស្ត្រេស។
  • ការហ៊ានសំដែងចេញ (Introvert) និង ការលាក់ខ្លួន (Extrovert) ការលាក់ខ្លួន​ (Extrovert) មនុស្សភាគច្រើនអឹមអៀន មិនចូលចិត្តនិយាយរឿងរ៉ាវខ្លួន ប្រាប់អ្នកដទៃ មូលហេតុគឺវាអាចកើតឡើងដោយសារការចឹញ្ចឹមបីបាច់របស់ឪពុកម្តាយដែលកាច ពេលធ្វើអ្វីមួយ ឪពុកម្តាយមិនគាំទ្រ មិនបើកឧកាសអោយកូនធ្វើ កូនៗក៏ខាតទំនុកចិត្ត ចង់ធ្វើអ្វីមួយចេះតែខ្លាច ចេះតែមិនហ៊ាន ផ្ទុយមកវិញ ការហ៊ានសំដែងចេញ (Introvert) មនុស្សចូលចិត្តបើកចំហ មានរឿងអ្វីក៏និយាយប្រាប់អ្នកដទៃទាំងអស់ វាអាចបណ្តាលមកពីការបើកចំហរ ឬ ការគាំទ្រពីក្រុមគ្រួសារ។
  • ភាពប៉ិនប្រសប់ (aptitude) និង សតិបញ្ញា (intelligent)  នៃអ្នករៀន (Learner)។ Learner នៅទីនេះអាចជាអ្នកស្តាប់ ពេលយើងជាវាយគ្មិន។