ការបូូជាយញ្ញ និង តង្វាយឈាម ខែធ្នូ 9, 2022
Posted by ភារម្យ in ចំណេះដឹងទូទៅ, ចំនេះដឹងប្លែកៗ, ប្រវត្តិសាស្រ្ត, ពីនេះពីនោះ.add a comment
ការបូជាសត្វ ឬ មនុស្សជាលក្ខណៈពិសេសនៃប្រពៃណីសាសនាជាច្រើនជុំវិញពិភពលោក។ គំនិតនៃការបូជាបែបសាសនានេះ មានសារសំខាន់ណាស់ ជាពិសេសក្នុងសង្គមអរិយធម៌បុរាណដូចជា ម៉េសូអាម៉េរិក អ្វីដែលគួរឱ្យកត់សម្គាល់គឺប្រជាជនម៉ាយ៉ាន និង អាស្សតិច។ ប្រជាជនម៉េសូអាម៉េរិកបានរស់នៅក្នុងតំបន់មួយ ដែលបច្ចុប្បន្ននេះលាតសន្ធឹងពីភាគកណ្តាលប្រទេសម៉ិកស៊ិករហូតដល់នីការ៉ាហ្គា។ អរិយធម៌ម៉ាយ៉ាន (ឡើងដល់ចំណុចកំពូលឆ្នាំ ២៥០-៩០០ គ.ស.) បានឈានមុខគេ ហើយបន្ទាប់មក ក៏បានដើរស្របគ្នាជាមួយនឹងអរិយធម៌អាស្សតិច ដែលឈានដល់ចំណុចកំពូលក្នុងអំឡុងឆ្នាំ ១៣០០-១៤០០ គ.ស.។ វប្បធម៌អាស្សតិច មានមូលដ្ឋានគ្រិះពីទំនៀមទម្លាប់ម៉ាយ៉ាន ហើយប្រជាជនទាំងពីរមានអាទិទេពមួយចំនួនដូចគ្នា បើទោះបីជាមានឈ្មោះផ្សេងគ្នាក៏ពិតមែន ប៉ុន្តែអទិទេពទាំងនោះមានបុគ្គលិកលក្ខណៈស្រដៀងគ្នា។
អំណោយឈាមទៅវិញទៅមក
វប្បធម៌ម៉េសូអាម៉េរិកជឿថា បូជាយញ្ញជាឈាមដល់ព្រះរបស់ពួកគេ គឺជារឿងចាំបាច់មួយ ដើម្បីធានាបានដល់ការរស់រានមានជីវិតនៃលោក។ វាបានកើតឡើងក្នុងប្រពៃណីនៃការបង្ហូរឈាមក្នុងពិធីសាសនាដ៏ចំណាស់ បើនិយាយដល់អាយុកាល គេត្រូវត្រលប់ទៅកាន់កាលបរិច្ឆេទនៃអរិយធម៌ដ៏សំខាន់ដំបូងគេនៅម៉ិកស៊ិក មានឈ្មោះថា អល់មែក អរិយធម៌នេះមានការរីកចម្រើនជាខ្លាំងរវាងឆ្នាំ 1500 ទៅ 400 មុនគ.ស។ នៅក្នុងរឿងព្រេងនិទាន ព្រះខ្លួនឯងបានធ្វើពលិកម្មដ៏ធំធេងក្នុងការបង្កើតពិភពលោក ពោលគឺការបង្ហូរឈាមខ្លួនដើម្បីបង្កើតមនុស្សជាតិ។ ដូច្នេះហើយ អាទិទេពក៏ចង់បានការបូជាជាឈាមដូចគ្នាពីមនុស្សជាតិ ដើម្បីជាការតបស្នង។
ការបូូជាយញ្ញ និង ការបង្កើត
អំណាចនៃឈាម និងភាពចាំបាច់នៃការបូជា គឺជាចំណុចកណ្តាលនៃទេវកថានៃការបង្កើតអាស្សតិច។ អាស្សតិចជឿថាព្រះបានបង្កើតនិងបំផ្លាញអស់ពេលបួនសម័យកាលមកហើយ ឬ អាចនិយាយថាព្រះបានកំទេចព្រះអាទិត្យអស់បួនដួងរួចមកហើយ ក្រោយពីការកម្ទេចព្រះអាទិត្យទីបួនដោយទឹកជំនន់ អាទិទេពខ្យល់ កេតសាលកូអាត (Quetzalcoatl) និងប្អូនប្រុសសម្បូរល្បិចកល់របស់គាត់ឈ្មោះ តេសស្កាត់ធីប៉ូកា (Tezcatlipoca) បានចាប់ហែកទេពធិតា តលតិគុឡេ (Tlaltecuhtli – ឯកសារមួយចំនួនទៀត ថាជាអាទិទេព) ជាពីរចំណែក មួយចំណែកបង្កើតជាស្ថានសួគ៌ និងមួយចំណែកទៀតបង្កើតបានជាពិភពលោក។ ឯរូបកាយរបស់នាង បានបង្កើតអ្វីៗគ្រប់យ៉ាងចាំបាច់សម្រាប់ជីវិតមនុស្សជាតិ ដូចជាដើមឈើ ផ្កា ស្មៅ ប្រភពទឹក អណ្តូង ជ្រលង និង ភ្នំ។ ដោយសារតែហេតុនេះហើយ ធ្វើឱ្យទេពធិតាឈឺចាប់ដ៏មហិមា នាងស្រែកទួញថ្ងូរពេញមួយយប់ ទាមទារឱ្យមនុស្សបូជាយញ្ញបេះដូង ដើម្បីព្យាលបាល និង ទ្រងទ្រង់នាង។ ការបង្កើតចក្រវាឡក៏កើតឡើងជាបន្តរបន្ទាប់ ទាំងអស់នោះសុតតែត្រូវការការបូជា ឬបូជាយញ្ញជាឈាម។ រូបចម្លាក់ឆ្លាក់លើជញ្ជាំងមួយបានបង្ហាញឱ្យឃើញថា ផ្កាយទីមួយកើតពីឈាមហូរចេញពីអណ្តាតរបស់ កេតសាលកូអាត ក្រោយគាត់ចោះវា។ អ្វីដែលគួរឱ្យកត់សម្គាល់នោះ ដើម្បីបង្កើតព្រះអាទិត្យទី ៥ គេតម្រូវឱ្យ អាទិទេពមួយអង្គលោតចូលគំនរឧសបូជាសពដែលកំពង់ឆេះ។ អាទិទេពពីរអង្គគឺ តិគូស៊ីតិកាតល (Tecuciztecatl) និង ណាណាវ័ស៊ីន (Nanahuatzin) ប្រកួតប្រជែងគ្នាដើម្បីកិត្តិយស ពោលគឺទាំងពីរអង្គបានដុតខ្លួនឯង។ ណាណាវ័ស៊ីនបានក្លាយជាព្រះអាទិត្យ រីឯ តិគូស៊ីតិកាតលបានក្លាយជាព្រះច័ន្ទ។ អាទិទេពផ្សេងទៀតបូជាបេះដូងខ្លួន ដើម្បីធ្វើឱ្យព្រះអាទិត្យថ្មីបន្តរផ្លាស់ទីលើមេឃ (ការបូជាបេះដូងគឺជាប្រធានបទដែលកើតឡើងនៅក្នុងទេវកថានិងពិធីកម្មរបស់ម៉េសូអាម៉េរិក)។
បំណុលដ៏គួរអោយខ្លាចរបស់មនុស្ស
ទាំងជនជាតិម៉ាយ៉ាននិងអាស្សតិចចងភ្ជាប់ទៅនឹងព្រះរបស់ពួកគេដោយបំណុលឈាម នៃដំណើរការនៃការបង្កើត ដោយគ្មានថ្ងៃអាចសងបំណុលនេះរួច។ ក្រោយពីកេតសាលកូអាតចុះទៅកាន់នរក ហើយបានយកឆ្អឹងរបស់មនុស្សសម័យមុនមក (ឆ្អឹងបន្សល់ពីសម័យទាំងបួន ដែលអាទិទេពបានកំទេចចោល) អាទិទេពផ្សេងបានកិនឆ្អឹងទាំងនោះ ឱ្យទៅជាម្សៅសម្រាប់ធ្វើអាហារដ៏ប្រណិត។ ពួកគេបានបណ្តក់ឈាមខ្លួនទៅលើម្សៅនោះ ដើម្បីធ្វើឱ្យវាមានចលនា ហើយបង្កើតបានជាមនុស្សជាតិថ្មី ជាពពួកមនុស្សដែលបេះដូងរបស់គេ អាចបំពេញតាមតម្រូវការរបស់អាទិទេព ពេលអាទិទេពចង់បានវា។ នៅក្នុងទេវកថាម៉េសូអាម៉េរិក គ្រប់ៗអំឡុងពេល 52 ឆ្នាំម្ដងរាប់ថាជាវដ្ដមួយ ហើយចុងបញ្ចប់នៃវដ្តនេះ បង្កឱ្យក្លាយទៅជាចុងបញ្ចប់នៃពិភពលោក។ ការបូជារបស់មនុស្សធ្វើឡើងដើម្បីផ្គាប់ចិត្តអាទិទេព ហើយបញ្ចុះបញ្ចូលពួកគេមិនឱ្យបញ្ចប់យុគសម័យបច្ចុប្បន្ន ពោលគឺព្រះអាទិត្យទីប្រាំ។ ជនជាតិម៉ាយ៉ានជឿថាការបូជាឈាមគឺចាំបាច់ណាស់ សម្រាប់ឱ្យព្រះអាទិត្យរះនៅលើមេឃ ជារៀងរាល់ព្រឹក។ អាទិទេពព្រះអាទិត្យរបស់អាស្សតិចគឺ ហ៊ុយហ្សីឡូផុសឆ្លី (Huitzilopochtli) ជាប់ដៃតស៊ូជាមួយភាពងងឹត ហើយចាំបាច់ត្រូវពង្រឹងកម្លាំងដោយឈាម ធ្វើបែបនេះគឺដើម្បីឱ្យព្រះអាទិត្យបន្តដំណើរនៅក្នុងវដ្តរបស់វា។ ដូច្នេះវត្តមានបន្តររបស់ពិភពលោកម៉េសូអាម៉េរិក ឃើញថាមានភាពតឹងតែងបំផុត ចាំចាប់ការគាំទ្រឥតឈប់ឈរតាមរយៈការបូជា។
បូជាយញ្ញជាឈាមដល់អាទិទេពមានពីរទម្រង់៖ ការបូជាដោយស្វ័យប្រវត្ត (ការបង្ហូរឈាមដោយខ្លួនឯង) និងការបូជាមនុស្ស។ ទាំងម៉ាយ៉ាន និង អាស្សតិចជ្រើសរើសយកការចូលរួមបូជាដោយស្វ័យប្រវត្ត។ ពួកអភិជនម៉េសូអាម៉េរិក មានឯកសិទ្ធិ និងការទទួលខុសត្រូវ ក្នុងការបង្ហូរឈាមរបស់ពួកគេបូជាដល់ព្រះអាទិទេព។ ទាំងនេះពាក់ព័ន្ធដល់ការវះសាច់របស់ពួកគេ ដោយប្រើឆ្អឹងខ្នងសត្វបបែល ឬកាំបិតធ្វើពីថ្មអប់ស៊ីឌៀន និងជាញឹកញាប់បំផុត គេប្រើឆ្អឹងខ្នងដ៏មុតស្រួចនៃដើមកន្ទុយក្រពើ។ ឈាមត្រូវបានស្រូបចេញពី ត្រចៀក ស្មងជើង ជង្គង់ កែងដៃ អណ្តាត ឬស្បែកគ្របក្បាលលិង្គ។
ការបូជាដោយស្វ័យប្រវត្តកើតមានតាំងពីអរិយធម៌អល់មែក រហូតដល់សម័យអេស្បាញទទួលជ័យជម្នះលើម៉ិកស៊ិកនាឆ្នាំ ១៥១៩។ ទាំងបុរសនិងស្ត្រីនៃអភិជនម៉ាយ៉ានបានចូលរួមក្នុងពិធីបូជានេះ។ បុរសបង្ហូរឈាមចេញពីស្បែកគ្របក្បាលលិង្គរបស់ពួកគេ រីឯស្ត្រីចេញពីអណ្តាត។ ពួកគេប្រមូលតង្វាយរបស់ខ្លួនដាក់លើបន្ទះសំបកក្រដាស រួចដុតវា។ តាមរយៈផ្សែងដែលចេញពីតង្វាយទាំងនេះ ពួកគេបានប្រាស្រ័យទាក់ទងជាមួយបុព្វបុរស និងអាទិទេពរបស់ពួកគេ។
ពិធីបូជា
ការបូជាមនុស្សគឺជារឿងធម្មតា ក្នុងចំណោមជនជាតិអាស្សតិច ជាជាងជនជាតិម៉ាយ៉ាន ដែលគេអនុវត្តវាតែក្នុងឱកាសពិសេសណាមួយ ដូចជាពិធីប្រសិទ្ធព្រះវិហារថ្មីជាដើម។ ការបូជារបស់ជនជាតិអាស្សតិច ជាធម្មតាពាក់ព័ន្ធទៅនឹងការកាត់យកបេះដូងជនរងគ្រោះចេញពីរាងកាយរបស់គាត់។ បេះដូងត្រូវបានគេជឿថា ជាបំណែកថាមពលនៃព្រះអាទិត្យ ដូច្នេះការវះយកបេះដូងចេញ ប្រៀបប្រដូចទៅនឹងដំណើរការនៃការប្រគល់ថាមពលត្រលប់ទៅឱ្យប្រភពដើមរបស់វាវិញ។ ជាធម្មតាជនរងគ្រោះត្រូវបានបូជាចារ្យបួននាក់ លើកដាក់លើបន្ទះថ្មពិឃាតនៅក្នុងព្រះវិហារ ខណៈពេលដែលបូជាចារ្យទីប្រាំធ្វើការវះកាត់បេះដូងចេញពីរាងកាយជនរង់គ្រោះដោយកាំបិតធ្វើពីថ្មអូស៊ីឌៀន ហើយបានថ្វាយវា(ទាំងបេះដូងនេះកំពុងលោត) ដល់ព្រះអាទិទេពតាមរយៈនាវាមួយដែលមានឈ្មោះថាគ័ស៊ីកៃ (cuauhxicalli) ក្បាលឥន្ទ្រី។ ក្រោយពីវះយកបេះដូងចេញ សាកសពត្រូវបានគេរំកិលចុះតាមជណ្តើរនៃប្រាសាទរាងពីរ៉ាមីត ឱ្យធ្លាក់ទៅដល់ផ្ទាំងថ្មនៅជាន់ក្រោមដី។ ក្បាលរបស់ជនរងគ្រោះត្រូវបានគេកាត់ចេញ ដៃនិងជើងក៏អាចត្រូវបានគេកាត់ចេញផងដែរ។ លលាដ៍ក្បាលត្រូវបានគេយកទៅបង្ហាញនៅលើតុលលាដ៍ក្បាល។ ការសម្លាប់ជនរងគ្រោះ វាអាស្រ័យលើលក្ខណៈពិសេសរបស់អាទិទេពផ្សេងៗដែលគេគោរពបូជា ជនរងគ្រោះអាចនឹងត្រូវបានគេសម្លាប់តាមរយៈការប្រយុទ្ធក្នុងពិធី ជ្រមុជឱ្យលង់ទឹក បាញ់សម្លាប់ដោយព្រួញ ឬពន្លះស្បែក។
មាត្រដ្ឋានចំនួនមនុស្សចូលរួមក្នុងការបូជា ជួនកាលអាចឈានទៅដល់សមាមាត្រមួយដែលធំសម្បើម៖ ឧទាហរណ៍ ពិធីបូជានៅប្រាសាទជនជាតិអាស្សតិចនៃហ៊ុយហ្សីឡូផុសឆ្លី (Huitzilopochtli) នៅ ធិណូឆៈធិឡាន (Tenochtitlan) ក្នុងឆ្នាំ 1487 ជនរងគ្រោះប្រហែល 80,400 នាក់ត្រូវបានគេរាយការណ៍មកថា ស្ម័គចិត្តបូជាខ្លួនដល់ព្រះអាទិទេពពួកគេ ឈាមកករបស់ពួកគេបង្កើតបានជាថ្លុកធំៗនៅក្នុងព្រះវិហារ។ បើទោះបីជាគេទទួលយកបាននូវការប៉ាន់ប្រមាណការបញ្ចុះចំនួនជនរងគ្រោះមកត្រឹម 20,000 នាក់ក៏ដោយ នេះនៅតែជាការសម្លាប់មនុស្សក្នុងទ្រង់ទ្រាយធំ។
វេទមន្ត ខែមីនា 30, 2022
Posted by ភារម្យ in ចំណេះដឹងទូទៅ, ចំនេះដឹងប្លែកៗ.add a comment
និយាយដល់វេទមន្ត ថ្ងៃនេះខ្ញុំបានអានសៀវភៅមួយក្បាលនិយាយពីវា តាមបែបវិទ្យាសាស្ត្រ គិតថាចង់បកប្រែឱ្យអ្នកដែលវង្វេងផ្លូវ ហើយបានធ្វើដំណើរមកដល់ប្លកនេះបានអាន តែគិតថាប្រហែលជាមិនអាចប្រែបានទាំងស្រុងនោះទេ ប្រែបានប៉ុន្មានយកប៉ុណ្ណឹងទៅចុះ។
វេទមន្ត វាមានអាយុកាលចំណាស់ស្មើនឹងប្រវត្តិមនុស្សលោកយើងដែរ មនុស្សសម័យមុន ពេលដែលបានស្វែងយល់ដល់សភាវៈជុំវិញខ្លួនគេហើយ គេក៏ជឿថានៅទីនោះប្រាកដជាមានវិញ្ញាណដែរ ពួកគេបានអន្ទងព្រលឹងទាំងនោះយកមកគ្រប់គ្រង ដោយមានជំនួយពីគ្រូខ្មោច (គេជឿថាគ្រូខ្មោចអាចឆ្លងភពបាន) ឬតាមរយៈសិល្បៈ។ និយាយដល់សិល្បៈនេះ មនុស្សសម័យមុនសូនរូប ឬ គូសរូបសត្វនៅតាមគុហា គេជឿថាធ្វើបែបនេះពួកគេទទួលបានកំលាំងវេទមន្តលើសគេលើលោក។
នៅពេលដែលសង្គមមនុស្សចាប់ផ្តើមរីកចម្រើន គេបានយកប្រពន្ធគ្រប់គ្រងនិងបទបញ្ជាផ្សេងៗរបស់គេ ទៅលាយឡំជាមួយសាសនា។ ៤០០០ឆ្នាំមុនគ.ស អាទិទេពដើរទន្ទឹមក្សត្រ, បុព្វជិត ឬអភិជន ក្នុងការគ្រប់គ្រងរដ្ឋ ឬ រដ្ឋធានី នៃអារ្យធម៌សាមម៉ើ ឬអាណាចក្រអេហ្ស៊ីបបុរាណ។ មនុស្សដឹងច្រើនពីសាសនាទាំងឡាយ លើសពីប្រវត្តិ ឬ ហេតុការនាយុគថ្មរំលីង េនះក៏ដោយសារតែការច្នៃប្រឌិតទាក់ទងនឹងប្រព័ន្ធសរសេរអក្សរ។ មនុស្សក៏បានដឹងច្រើនផងដែរពីវេទមន្ត មិនថាវាល្អ ឬ អាក្រក់។ ឧទាហរណ៍នៅសម័យបាប៊ីឡូនបុរាណ គេកំទេចជើងរូបសូន ដើម្បីបង្ការកុំឱ្យខ្មោចព្រាយបិសាច ដើររារៀ ឬធ្មប់ដែលបញ្ជោតអទិទេពម៉ាឌុកដើម្បីឱ្យព្រះអង្គ ធ្វើឱ្យសត្រូវឈឺ។ ការយករូបសូនទៅកប់ក្រោម ធរណីទ្វារទៀតសោត គឺដើម្បីបង្ការកុំឱ្យវិញ្ញាណអាក្រក់ទាំងឡាយចូលមកក្នុងកន្លែងគេ។ ឧទាហរណ៍មួយទៀត ជនជាតិបាប៊ីឡូននិងអេហ្ស៊ីបបុរាណ ពាក់វត្ថុស័ក្ដិសិទ្ធិដើម្បីការពារខ្លួន ព្រមទាំងបានបង្កើតក្បួនបាលីមន្តគាថា។ នៅអេស៊ីបគាថាត្រូវបានគេឆ្លាក់លើជញ្ជាំងផ្នូរ ដើម្បីជួយការពារព្រលឹងមនុស្ស ពេលគេធ្វើដំណើរតាមផ្លូវដែលពោពេញទៅដោយគ្រោះថ្នាក់ ទៅជាតិក្រោយ។
តួរអង្គសំខាន់ៗក្នុងរឿងសាមកុក ខែកុម្ភៈ 20, 2020
Posted by ភារម្យ in ចំនេះដឹងប្លែកៗ, ប្រវត្តិសាស្រ្ត, សាមកុក.1 comment so far
តួរអង្គសំខាន់ៗក្នុងរឿងសាមកុក
ឆាយម៉ៅ—ប្អូនថ្លៃ លាវពាវ
ឆាវឆាវ (ឆាវមឹងតឺ, គ្រិស្តសករាជ 155–220)—មហាឧបរាជព្រះចៅសៀនទី, ជាអ្នកក្តោបក្តាប់អំណាចរាជការពិតប្រាកដ; ក្រោយពេលស្លាប់ ត្រូវបានតែងតាំងជាព្រះចៅអ៊ូនៃរាជវង្សវ័យ
ឆាវហុង—ជីដូនមួយឆាវឆាវ និង ជាមេទ័ព
ឆាវភី (គ្រិស្តសករាជ 187–226)—កូនប្រុសទីពីររបស់ ឆាវឆាវ, ក្រោយមកជាព្រះចៅទីមួយ (ព្រះចៅវិន) នៃរាជវង្សវ័យ, ដែលបង្កើតឡើងក្នុងគ្រិស្តសករាជ 220
ឆាវយ៉ិន—ជីដូនមួយឆាវឆាវ និង ជាមេទ័ព
ឆាវយី—កូនប្រុសឆាវភី, ក្រោយមកព្រះចៅមីងនៃរាជវង្សវ័យ
ឆាវសុំាង—កូនប្រុសឆាវចិន, សត្រូវស៊ឺម៉ាអ៊ី
ឆាវចិន—មេទ័ពរាជវង្សវ័យ
ឆាវជឺ (ឆាវជឺជាំង, គ្រិស្តសករាជ 192–232)—កូនប្រុសសំណព្វចិត្តឆាវឆាវ ជាអ្នកតែងកំណាព្យដ៏ល្បីល្បាញម្នាក់
ឆិនតឹង—ទីប្រឹក្សាលីពូ តែក្រោយលបក្បត់លីពូ
ឆិនកុង—ប្រមុខទីប្រឹក្សាលីពូ
ឆិនលីន—អ្នកប្រាជ្ង អ្នកសរសេរប្រវត្តិសាស្រ្ត ដើមឡើយបំរើយានសាវជាទីប្រឹក្សា ក្រោយមកចុះចូលជាមួយឆាវឆាវ
ឆិនអ៊ូ—មេទ័ពនគរអ៊ូ
ឆឹងភូ—មេទ័ពនគរអ៊ូ
ឆឹងអ៊ី—ទីប្រឹក្សាឆាវឆាវ
តឹងអាយ—មេបញ្ជាការទ័ពនគរវ័យបន្ទាប់ពីស៊ឺម៉ាអ៊ី
ទានវ័យ—អង្គរក្សឆាវឆាវ
ទៀវឆាន (រៃខ្មៅ)—នារីរបាំ នារីអ្នកចំរៀងនៅផ្ទះហ្វាងយ៉ីន (វ៉ាងអ៊ីន), ជួយម្ចាស់នាងសំលាប់តុងជួរ; ក្រោយមកក្លាយប្រពន្ធចុងលីពូ
ទីងហ្វឹង—មេទ័ពនគរអ៊ូ
តុងឆឹង—មេទ័ពហាន ជាប់សែស្រឡាយរាជវង្សហាន, ទទួលរាជសារសំងាត់ពីព្រះចៅសៀនទីដើម្បីសំលាប់ឆាវឆាវ
តុងជួរ—ចៅហ្វាយស្រុកហឺរតុង, ក្រោយមកតែងតាំងខ្លួនឯងជាឧបរាជហាន; ដាក់ព្រះចៅសៀនទីអោយឡើងសោយរាជ្យជំនួសបង, ព្រះចៅសាវ, ដើម្បីសាងអំណាចរបស់គេ
ព្រះចៅសាវទី (លាវពាន)—រាជបុត្រព្រះចៅលីង និង មហាក្សត្រយានីហឺរ, ដកតំណែងនិងធ្វើឃាតដោយតុងជួរ
ព្រះចៅសៀនទី (លាវសៀ)—ប្អូនព្រះចៅសាវ, ជាទីងម៉ោងបញ្ជាដោយមន្រ្តីនាម៉ឺនរបស់ព្រះអង្គ; ឆាវភីបង្ខំអោយដាក់រាជ្យក្នុងគ្រិស្តសករាជ 220 (គ្រងរាជ្យពីគ្រិស្តសករាជ 189–220)
មហាក្សត្រយានីហឺរ (មេម៉ាយ) —មាតាព្រះចៅសាវ, ប្អូនស្រីហឺជីន; ធ្វើឃាតដោយតុងជួរ
ហ្វាចឹង—មន្ត្រីរបស់លាវចាងដែលជួយលាវប៉ីក្តោបក្តាប់នគរស៊ូ
ហ្វឹងជី—ទីប្រឹក្សាយានសាវ, សត្រូវរបស់ធានហ្វឹង
កាននីង (កានស៊ីនប៉ា)—មេទ័ពនគរអ៊ូល្បីល្បាញដោយភាពក្លាហាន
កៅសិន—មន្រ្តីក្រោមបង្គាប់ការលីពូ
កុងស៊ុនចាន—អ្នកគាំទ្រលាវប៉ី ជាស្តេចត្រាញ់ម្នាក់នៃបក្សសម្ព័នបង្កើតឡើងដើម្បីកំចាត់តុងជួរ; ធ្វើអត្តឃាតខ្លួនឯងក្រោយចាញ់សង្គ្រាមជាមួយយានសាវ
គ័នលូ—ឥសីតាបសដ៏ល្បីឈ្មោះ
គ័នភីង—កូនធម៌គួនអ៊ី (គ័នអ៊ី), សំលាប់ដោយស៊ុនឈាន
គ័នស៊ីង—កូនប្រុសច្បងគួនអ៊ី (គ័នអ៊ី)
គួនអ៊ី (គ័នអ៊ី) (គួនអ៊ីឆាង, គ្រិស្តសករាជ ?–219)—បងប្អូនរួមសម្បថលាវប៉ី និង ចាងហ្វី, ស្តេចត្រាញ់ហានស៊ូ, ល្បីល្បាញដោយភាពក្លាហាននិងស្មោះត្រង់; ទទួលបានការគោរពសរសើរពីឆាវឆាវ
គួកជា (គួកហ្វឹងសៀវ)—ទីប្រឹក្សាដែលឆាវឆាវទុកចិត្តបំផុត
គួកសឺ—ក្រុមចោរក្បត់បះបោ គ្នីគ្នារបស់លីជាក្រោយការស្លាប់របស់តុងជួរ
គួកធូ—ទីប្រឹក្សាយានសាវក្រោយមកក្លាយជាទីប្រឹក្សាកូនច្បងយានសាវ យានថាន
ហានតាំង—មេទ័ពនគរអ៊ូ
ហានស៊ុយ—អ្នកចំបាំងមកពីតំបន់ពាយព្យ, បងប្អូនរួមសម្បថម៉ាថឹង
ហឺជីន—បងប្រុសមហាក្សត្រយានីហឺ មេទ័ពនគរហាន; ធ្វើឃាតដោយពួកមហាតលិក
ហ័រធួ—គ្រូពេទ្យដ៏ល្បីដែលព្យាបាល ចូវថាយ និង គួនអ៊ី; សំលាប់ដោយឆាវឆាវ
ហ័រស៊ីន—មេទ័ពរបស់ឆាវឆាវ និង ឆាវភី, ល្បីក្នុងរឿងធ្វើឃាតមហាក្សត្រយានីហ្វូយ៉ាងឃោឃៅ
ហុំាងកៃ (ហុំាងកុងហ្វូ)—មេទ័ពនគរអ៊ូ, ធ្វើពុតជាចុះចូលនឹងឆាវឆាវ
ហុំាងចុង (ហុំាងហានសឹង)—មេទ័ពដ៏ក្លាហាន ចុះចូលជាមួយលាវប៉ី ក្រោយក្តោបក្តាប់ឆាងសា
ហុំាងជូ—មេទ័ពលាវពាវ
ជីលីង—មេទ័ពយានស៊ូ
ជីភីង—គ្រូពេទ្យរាជវំាងហាន, ត្រូវធ្វើឃាតក្រោយពីបានដាក់ថ្នាំបំពុលដើម្បីសំលាប់ឆាវឆាវ
ជែស៊ូ—អ្នករៀបយុទ្ធសាស្រ្តដ៏វៀងវៃ, តំបូងជាទីប្រឹក្សារបស់លីជា និង គួកសឺ, ក្រោយមកជាទីប្រឹក្សាអោយចាងស៊ាវ, ចុងក្រោយជាទីប្រឹក្សាអោយឆាវឆាវ
ចៀនយ៉ង់—ទីប្រឹក្សាលាវប៉ី
ជាំងកាន់—មន្រ្តីក្រោមបង្គាប់ការឆាវឆាវ, មិត្តចាស់របស់ចូវអ៊ី
ជាំងវ័យ (ជាំងប៉យ៉ាក)—អ្នកបន្តរតំណែងពីជូគឺលាង មេបញ្ជាការកងទ័ពនគរស៊ូ
ខានជឺ—ទីប្រឹក្សានគរអ៊ូ លបផ្ងើរសំបុត្រដែលជាកលល្បិចអោយហុំាងកៃចុះចូលជាមួយឆាវឆាវ
ខុងយ៉ុង—អ្នកប្រាជ្ងមានមុខមាត់ម្នាក់, សែស្រឡាយខុងជឺ, ចៅហ្វាយស្រុកប៉ីហាយ; ក្រោយមកស្លាប់ក្រោមដៃឆាវឆាវដោយនិយាយត្រង់ពេក
ខាយយៀក—ទីប្រឹក្សាលាវពាវ
លោកស្រីឆាយ—ភរិយាទីពីរលាវពាវ, បងស្រីឆាយម៉ៅ
លោកស្រីកាន—ភរិយាលាវប៉ី, ម្តាយលាវសាន (អាតូវ)
លោកស្រីលាវ—ភរិយាយានសាវ ម្តាយយានសាំង
លោកស្រីមី—ភរិយាលាវប៉ី, បងប្អូនស្រីមីជូ និង មីហ្វាង
លោកស្រីស៊ុន—ឈ្មោះពេញស៊ុនយិន ភរិយាលាវប៉ី ប្អូនស្រីស៊ុនឈាន
លីទាន—មន្រ្តីក្រោមបង្គាប់ការឆាវឆាវ
លីជា—មេទ័ពបះបោក្រោយការដួលរលំតុងជួរ
លៀវហួ—មេទ័ពនគរស៊ូក្រោមគួនអ៊ី (គ័នអ៊ី)
លីនថុង—មន្ត្រីនគរអ៊ូ
លាវប៉ី (លាវសៀនតឺរ, គ្រិស្តសករាជ 161–223)—សែស្រលាញរាជរង្ស, បងប្អូនរួមសម្បថជាមួយគួនអ៊ី (គ័នអ៊ី) និង ចាងហ្វី, ក្រោយមកជារាជបុត្រហាងចុង និងជាអ្នកមេដឹកនាំទីមួយនៃអាណាចក្រស៊ូ
លាវពាវ (លាវជីនសឹង, គ្រិស្តសករាជ 142–208)—ចៅហ្វាយស្រុកជីងចូវ, ផ្តល់ជម្រកដល់លាវប៉ី មុនស្លាប់បានផ្តែផ្តាំលាវប៉ីអោយជួយមើលថែកូនប្រុសទាំងពីររបស់ខ្លួនគឺ លាវឈី និង លាវឆុង
លាវឈី—កូនប្រុសច្បងលាវពាវ; លោកស្រីឆាយជាម្តាយចុងមានចិត្តស្អប់លាវឈីខ្លាំងណាស់
លាវសាន (អាតូវ, គ្រិស្តសករាជ 207–271)—កូនច្បងលាវប៉ី, អ្នកដឹកនាំអាណាចក្រស៊ូទី២ (គ្រងរាជ្យគ្រិស្តសករាជ 223–263)
លាវយា—ទីប្រឹក្សាឆាវឆាវ
លាវចាង —ចៅហ្វាយខេត្តអ៊ីចូវ, ក្រោយមកត្រូវបានទំលាក់ដោយសម្ព័នមិត្តលាវប៉ី
លាវឆុង—កូនពៅលាវពាវ; ត្រូវបានឆាវឆាវសំលាប់ចោលជាមួយម្តាយខ្លួនគឺលោកស្រីឆាយ
លីពូ (លីហ្វឹងស៊ាន)—អ្នកប្រយុទ្ធដ៏អង់អាច, ដើមឡើយជាកូនធម៌ទីងយាន ក្រោយមកជាកូនធម៌តុងជួរ, ទីងយាន និងតុងជួរសុតតែស្លាប់ក្រោមដៃលីពូ; ចុងក្រោយស្លាប់ក្រោមដៃឆាវឆាវ
លីមឹង (លីជឺមឹង)—មេទ័ពនគរអ៊ូ; អ្នកបន្តរវេនលូស៊ូ
លីសាំង—ទីប្រឹក្សាស្តេចវ៉ិននៃនគរចូវ និងរាជបុត្រស្តេចអ៊ូ ស្ថាបនិករាជវង្សចូវ
លូស៊ូ (លូជឺជីង)—ទីប្រឹក្សានគរអ៊ូ, អ្នកបន្តរវេនចូវអ៊ី ជាមេបញ្ជាការកងទ័ពធំ គាំទ្រអោយចងសម្ព័នមិត្តជាមួយលាវប៉ីដើម្បីប្រឆាំងឆាវឆាវ
លូស៊ិន (លូប៉យាន)—កូនប្រសាស៊ុនឆឹ; តតំណែងពីលីមឹងមេបញ្ជាការកងទ័ពធំទប់ស្កាត់ការវាយប្រហាពីលាវប៉ី
ម៉ាឆាវ (ម៉ាមឹងឈី)—កូនប្រុសម៉ាថឹង, ក្រោយមកជាមេទ័ពខ្លាទំាង៥របស់លាវប៉ី
ម៉ាតាយ—ជីដូនមួយម៉ាឆាវ, មន្ត្រីនគរស៊ូ
ម៉ាលាំង—ទីប្រឹក្សាលាវប៉ី, បងប្អូនម៉ាស៊ូ
ម៉ាស៊ូ (ម៉ាយ៉ូវឆាង)—ទីប្រឹក្សាលាវប៉ី, ប្អូនប្រុសម៉ាលាំង; ត្រូវបានប្រហាជីវិតក្រោយបាត់បង់ជាធីង
ម៉ាថឹង—មេទ័ពហាន, ស្មោះស្ម័គ្រចំពោះរាជវង្សហាន; ស្លាប់ក្រោមដៃឆាវឆាវ
ម៉ានឈុង—ទីប្រឹក្សាឆាវឆាវ, ដែលបញ្ចុះបញ្ចូល ស៊ូហុំាង អោយចុះចូលជាមួយឆាវឆាវ
មឹងតា—មិត្តល្អរបស់ហ្វាចឹង និង ចាងសុង; ជួយលាវប៉ីវាយយកនគរស៊ូ
មីហ្វាង—បងប្រុសអ្នកស្រីមី និង មីជូ, បរាជ័យក្នុងការជួយសង្គ្រោះគួនអ៊ី (គ័នអ៊ី) ក្រោយមកក៏ស្លាប់ក្រោមដៃលាវប៉ី
មីជូ—បងប្រុសអ្នកស្រីមី និង មីហ្វាង,បរិវាដ៏ស្មោះត្រង់របស់លាវប៉ី
ផានចាង —មេទ័ពរបស់ស៊ុនឈាន
ផាងតឺ—ធ្លាប់បំរើការអោយម៉ាឆាវ តែក្រោយមកក៏ចុះចូលជាមួយឆាវឆាវ; ស្លាប់ក្រោមដៃគួនអ៊ី (គ័នអ៊ី)
ផាងថុង (ផាងសឿយាន, រឺ កូនហង្ស)—ជាទីប្រឹក្សា ជាអ្នករៀបយុទ្ធសាស្រ្តរបស់លាវប៉ី
សិនភី—ទីប្រឹក្សាយានសាវ ក្រោយមកជាទីប្រឹក្សាកូនពៅយានសាវយានសាំង
ស៊ឺម៉ាយាន—ចៅស៊ឺម៉ាអ៊ី; ព្រះចៅនគរជីន ក្រោយពេលបង្ខំឆាវហ័នដែលជាស្តេចរាជវង្សវ័យចុងក្រោយបង្អស់ អោយដាក់រាជ្យ
ស៊ឺម៉ាអ៊ី (ស៊ឺម៉ាចុងតា)—ទីប្រឹក្សាឆាវឆាវ, ឪពុកស៊ឺម៉ាចាវដែលបានទំលាក់រាជវង្សវ័យ រួចបង្កើតរាជវង្សជីន
ស៊ឺម៉ាចាវ—កូនប្រុសស៊ឺម៉ាអ៊ី
ស៊ុនឆឹ (ស៊ុនប៉ហ្វូ, គ្រិស្តសករាជ 175–200)—កូនប្រុសច្បងស៊ុនជាន, បងប្រុសស៊ុនឈាន; ពង្រីកដែនដីបន្តរពីឪពុករបស់គេនៅខាងកើតទន្លេយ៉ង់សេ; ក្រោយមកត្រូវបានគេលបធ្វើឃាត
ស៊ុនជាន (ស៊ុនវិនថាយ, គ្រិស្តសករាជ 155–191)—ស្ថាបនិកនគរអ៊ូជាឪពុកស៊ុនឆឹ និង ស៊ុនឈាន; ត្រូវបានលបធ្វើឃាតដោយមនុស្សរបស់លាវពាវ
ស៊ុនឈៀន—ទីប្រឹក្សាលាវប៉ី
ស៊ុនឈាន (ស៊ុនចុងម៉ូវ, គ្រិស្តសករាជ 182–252)—កូនប្រុសទីពីររបស់ស៊ុនជាន ប្អូនប្រុសស៊ុនឆឹបន្តរវេនពីបងប្រុសនិងឪពុកខ្លួនគ្រប់គ្រងនគរអ៊ូ ក្រោយមកតែងតាំងខ្លួនឯងជាព្រះចៅនគរអ៊ូ (គ្រងរាជ្យគ្រិស្តសករាជ 229–252)
ថាយសឿឆឺ—មេទ័ពដ៏ក្លាហាននគរអ៊ូ
ថាវឈាន—ចៅហ្វាយស្រុកអ៊ីចូវដែលលើកស្រុកអោយលាវប៉ី
ធានហ្វឹង—ទីប្រឹក្សាយានសាវ
វ៉ាងភីង—មន្ត្រីនគរស៊ូ
វ៉ាងអ៊ីន—មន្ត្រីធំនគរហានដែលប្រើល្បិចស្រីស្អាតដាក់តុងជួរ, តែក្រោយមកស្លាប់ក្រោមដៃលីជា និង គួកសឺ
វ័យយាន (វ័យវិនឆាង)—មេទ័ពលាវប៉ី, ក្រោយមកជាមេទ័ពរបស់ហានចុង; ជូគឺលាង (ជូកឺលាំង) មិនដែលទុកចិត្ត
វិនឆូវ—មេទ័ពរបស់យានសាវ, កាត់ក្បាលដោយគួនអ៊ី (គ័នអ៊ី)
ស៊ាហូវប៉ា—កូនប្រុសស៊ាហូវយាន, ជីដូនមួយស៊ាហូវទុន
ស៊ាហូវទុន—មេទ័ពឆាវឆាវ
ស៊ាហូវយាន—មេទ័ពឆាវឆាវ; ក្រោយមកសំលាប់ដោយហុំាងចុង
ស៊ីឈូ—អង្គរក្សឆាវឆាវ
ស៊ូហុំាង—មេទ័ពឆាវឆាវ
ស៊ីសឹង—មេទ័ពនគរអ៊ូ
ស៊ីយ៉ូវ—តំបូងជាទីប្រឹក្សាយានសាវ ក្រោយមកជាទីប្រឹក្សាឆាវឆាវ; សំលាប់ដោយស៊ីឈូ
ស៊ិនយ៉ូវ—ទីប្រឹក្សាឆាវឆាវ, ក្មួយស៊ិនអ៊ី
ស៊ិនអ៊ី (ស៊ិនវិនយួ)—ទីប្រឹក្សាឆាវឆាវ
យានលាំង—មេទ័ពរបស់យានសាវ, កាត់ក្បាលដោយគួនអ៊ី (គ័នអ៊ី)
យ៉ាងហ្វឹង—មន្រ្តីក្រោមបង្គាប់ការលីជា, តែក្រោយមកទៅបំរើព្រះចៅសៀនទី; ស្លាប់ក្រោមដៃលាវប៉ី
អ៊ីជី—តំបូងជាទីប្រឹក្សាលាវពាវ ក្រោយមកចុះចូលជាមួយលាវប៉ី បានលួចទៅប្រាប់លាវប៉ីពីផែនការឆាយម៉ៅ ដែលលបសំលាប់ខ្លួន
អ៊ីហ្វាន—ទីប្រឹក្សាស៊ុនឈាន
អ៊ីជីន—មេទ័ពឆាវឆាវ
យានសាំង—កូនពៅយានសាវ
យានសាវ (យានពិនឈូ, គ្រិស្តសករាជ ?–202)—កើតក្នុងក្រុមគ្រួសារដែលជាមន្ត្រីថ្នាក់ខ្ពស់នៃរាជរង្សហាន; មេបក្សសម្ព័នដែលបង្កើតឡើងដើម្បីកំចាត់តុងជួរ; គ្រប់គ្រងស្រុកធំៗទាំងបួននៅភាគខាងជើងក្រោយមកត្រូវបានកំទេចដោយឆាវឆាវ
យានស៊ូ (យានកុងលូ, គ្រិស្តសករាជ ?–199)—ប្អូនយានសាវ, តែងតាំងខ្លួនឯងជាស្តេចហើយឡើងគ្រោងរាជ្យនៅសូវឈិន មិនយូរប៉ុន្មានត្រូវបានកំទេចដោយឆាវឆាវ
យានថាន—កូនច្បងយានសាវ
លឺជីន—មេទ័ពឆាវឆាវ
ចាងប៉ា—មន្រ្តីក្រោមបង្គាប់ការលីពូ
ចាងប៉ាវ—កូនប្រុសចាងហ្វី
ចាងហ្វី (ចាងអ៊ីតឺ, គ្រិស្តសករាជ ?–221)—បងប្អូនរួមសម្បថលាវប៉ី និង គួនអ៊ី (គ័នអ៊ី); អ្នកប្រយុទ្ធដ៏ក្លាហាន, ឆាប់ខឹងច្រលោតពេលស្រវឹង
ចាងហឺ—មេទ័ពយានសាវ តែក្រោយមកចុះចូលជាមួយឆាវឆាវ
ចាងលាវ (ចាងវិនយ៉ាន)—ធ្លាប់បំរើលីពូ តែក្រោយមកចុះចូលជាមួយឆាវឆាវ; សំលាញ់របស់គួនអ៊ី (គ័នអ៊ី)
ចាងលូ—អ្នកគ្រប់គ្រងតំបន់ហានចុង; ក្រោយមកបរាជ័យក្រោមស្នាដៃឆាវឆាវ
ចាងសុង—មន្ត្រីនគរស៊ូ ក្រោយមកលបបញ្ចុះបញ្ចូលលាវប៉ីដោយសំងាត់ដើម្បីសំលាប់ម្ចាស់ខ្លួនឯងលេបយកទឹកដី
ចាងស៊ាវ—ស្តេចត្រាញ់សម្ព័ន
ចាងចាវ—ទីប្រឹក្សាទីមួយរបស់ស៊ុនឈាន
ចាវអ៊ីន (ចាវជីឡុង)—អ្នកចំបាំងដែលមានកំលាំងខ្លាំងខ្លា និង វៀវវៃ; បរិវាដ៏ស្មោះត្រង់របស់លាវប៉ី
ចុងហ៊ុយ—មេទ័ពនគរវ័យ
ចុងយ៉ាវ—មេទ័ពនគរវ័យ
ចូវថាយ—មេទ័ពស៊ុនឈាន
ចូវអ៊ី (ចូវកុងជីន)—មេបញ្ជាការកងទ័ពធំនគរអ៊ូ គូរប្រជែងជូគឺលាង (ជូកឺលាំង)
ជូជិន—មេទ័ពហាន
ជូគឺជីន—បងប្រុសជូគឺលាង (ជូកឺលាំង), ទីប្រឹក្សាស៊ុនឈាន
ជូគឺឃឺ—មន្រ្តីនគរអ៊ូ, កូនប្រុសជូគឺជីន
ជូគឺលាង (ជូកឺលាំង) (ខុងមីង, រឺ នាគដេក, គ្រិស្តសករាជ 181–234)—អាស្រមបទណាងយ៉ាង,ក្រោយមកជាទីប្រឹក្សាធំរបស់លាវប៉ី; ប្រើនយោបាយសាស្រ្តដ៏ប៉ិនប្រសព ក្នុងការរួមដៃជាមួយនគរអ៊ូ ដើម្បីប្រឆាំងនគរវ័យ ឈានទៅដល់ការកកើតតុល្យភាពនគរទាំងបី ពោលគឺស៊ូ អ៊ូ និង វ័យ គតិបណ្ឌិតព្រមទាំងជំនាញក្នុងការបញ្ជាកងទ័ពរបស់គេធ្វើអោយលាវប៉ីអាចសាងអំណាចគ្រប់គ្រងរបស់ខ្លួន
ជូកឺចាន—កូនប្រុសជូគឺលាង (ជូកឺលាំង)
ឡើងភ្នំអេវើរ៉េស ខែកុម្ភៈ 26, 2016
Posted by ភារម្យ in ចំណេះដឹងទូទៅ, ចំនេះដឹងប្លែកៗ, ទេសចរណ៍.add a comment
ទើបតែមើលចប់រឿងហូលីវ៉ូដ ដែលមានចំណងជើងថា អេវើរ៉េស ពីតំបូងរាងធុញទ្រាន់បន្ទិច តែមើលយូរៗទៅ ក៏កើតមានអារម្មណ៏រំជើបរំជួលទៅតាមសាច់រឿង ដែលអង់គ្លេសគេថា Touch នោះ។ ហេតុនេះហើយ ខ្មាតក៏បានស្រាវជ្រាវបន្ថែម សរសេរជាអត្ថបទនេះ ដើម្បីអោយបងប្អូនដែលចង់ស្វែងយល់បន្ថែមពីការឡើងភ្នំអេវើរ៉េស បានជ្រួតជ្រាប។
និយាយដល់រឿងឡើងភ្នំអេវើរ៉េសវិញ ភាសានិយាយ ភាសាសរសេរ ស្តាប់ទៅដូចងាយៗ ចង់ឡើងភ្នំដែលខ្ពស់ជាងគេបំផុតលើលោក ដែលមានកំពស់ ៨ ៨៥០ម៉ែត្រ គិតចង់ឡើង ក៏ដើរតត្រុក ទៅដល់ជើងជើងភ្នំ រួចដើរឡើងយកតែម្តង សុំទោសមិនស្រួលអញ្ចឹងទេបាទ 😀 😀 ។ ក្រៅអំពីចំណង់ចំណូលចិត្តនៃការឡើងភ្នំ យ៉ាងហោចណាស់បងប្អូនត្រូវត្រៀមលុយយ់ាងតិច ក៏ 85000$ ដែរ ប្រាក់នេះទុកសំរាប់ការចំណាយលើ ថ្លៃការអនុញ្ញាត្តិពីអាជ្ងាធរ ថ្លៃឧបករណ៏ឡើងភ្នំនានា ថ្លៃអាហារ ហើយនឹងថ្លៃជួលក្រុមការងារ ដែលជួយនាំបងប្អូនឡើងភ្នំនេះដោយជោគជ័យ។ ក្រៅអំពីរឿងលុយកាក់មាសប្រាក់ បងប្អូនក៏ត្រូវត្រៀមខ្លួនអោយល្អដែរ ពោលគឹសុខភាពល្អ រាងកាយមាំមួន (គឺមាំមួនយកតាមែនទែនតែម្តង) ឬបើមិនអញ្ចឹងទេក៏ត្រូវហ្វឹកហាត់ឡើងភ្នំដែលមានកំពស់យ៉ាងហោចណាស់ក៏ពី ៤០០០ ទៅ ៥០០០ ម៉ែត្រដែរ បងប្អូនត្រូវហ្វឹកហាត់តស៊ូជាមួយនឹង កំលាំងទំនាញផែនដី គឺថាកន្លែងដែលមានអុកស៊ីហ្សែនតិចតួច ម្យ៉ាងទៀតគឺចង់អោយបងប្អូនសួរខ្លួនឯងថា ប្រសិនបើឡើងភ្នំនេះមែនទែន ហើយជួបស្ថានភាពដែលលំបាកជាងនេះ តើបងប្អូនហ៊ានឬមិនហ៊ាន?
អូខេ សំរេចថាបងប្អនព្រមទាំងចិត្ត ព្រមទាំងកាយ ឧបករណ៏ និងក្រុមការងារ តោះ!ចាប់ផ្តើមបេសកកម្មនេះ! តំបូងបងប្អូនត្រូវជិះយន្តហោះពី ក្រុងកាត់តាម៉ានឌុ (Kathmandu) រាជធានីទេ របស់ប្រទេសនេប៉ាល់ ប្រមាណ ៤៥ នាទី មកចុះនៅភូមិ លូក្លា (Lukla) ដែលតាំងនៅលើរយៈកំពស់ ២៨៥០ម៉ែត្រ។ ភូមិមួយនេះ គឺជាចំណុចចាប់ផ្តើម សំរាប់អ្នកទាំងឡាយដែលចង់ឡើងភ្នំអេវើរ៉េស រួចបន្តរដំណើរពីភូមិនេះ ឆ្ពោះទៅជើងភ្នំអេវើរ៉េស ឬអាចហៅថា Base Camp (BC)។ ការធ្វើដំណើរពីភូមិលូក្លា ទៅ Base Camp ប្រើពេលវេលាប្រមាណ ៩ ថ្ងៃ ក្រោមសីតុណ្ណភាព ០ អង្សា សូមធ្វើការបញ្ចាក់ច្រំដេលម្តងទៀតថា គឺ៩ ថ្ងៃ ៩ថ្ងៃជាមួយសីតុណ្ហភាព ០ អង្សា ដល់ត្រឹមតែជើងភ្នំទេចា 😀 😀 ។
ទៅដល់ Base Camp ដែលមានកំពស់ ៥៤០០ ម៉ែត្រ បងប្អូនត្រូវឈប់សំរាកទីនោះប្រមាណ ៧ ថ្ងៃគឺដើម្បីត្រៀមខ្លួន និង អោយរាងកាយសម្របខ្លួនទៅតាមបរិយាកាសជុំវិញ។ បន្ទាប់ពីនេះបងប្អូនត្រូវធ្វើដំណើរពី Base camp ទៅ Camp 1 (C1) ដែលមានកំពស់ ៦១០០ ម៉ែត្រ ប្រើរយៈពេល ៥ ម៉ោង។ តាមផ្លូវពី Base Camp ទៅ C1 បងប្អូននឹងបានជួបជាមួយបំណែកទឹកកករាប់រយ ដែលកប់នៅក្រោមព្រិលក្រាស់ៗ កុំបារម្ភបងប្អូននឹងស្គាល់វាកាន់តែច្បាស់ថែមទៀត ពេលបានទៅ។ តាមផ្លូវពី Base Camp ទៅ C1 បងប្អូនក៏ប្រាកដជាបានលឺរហូត នូវសំលេងលាន់រំពងដូចផ្គរលាន់ នោះគឺសំលេងនៃការបាក់ធ្លាក់រលំនៃបំណែកទឹកកក។ ពេលទៅដល់ C1 ហើយប្អូនត្រូវត្រលប់មកកាន់ Base Camp សារជាថ្មីវិញ រួចត្រូវសំរាកនៅ Base Camp ៧ថ្ងៃទៀត មុនហ្នឹងឡើងទៅ C1 ជាលើកទី២។
ដំណាក់កាលទី២ ត្រូវធ្វើដំណើរទៅ C1 ម្តងទៀតតែម្តងនេះ គឺឆ្លងកាត់ C1 ដើម្បីទៅអោយដល់ Camp 2 (C2) ដែលមានកំពស់ ៦៤០០ម៉ែត្រ។ សំរាកនៅ C2 ប្រមាណ ១ខែ រួចធ្វើដំណើរចុះមក Base Camp សារជាថ្មី ហើយសំរាកនៅ Base Camp 7 ថ្ងៃទៀត។ ចុះឡើងៗ បែបនេះគឺដើម្បីហ្វឹកហ្វាត់បងប្អុន នឹង ដើម្បីអោយរាងកាយបងប្អូនសម្របទៅបរិយាកាសជុំវិញខ្លួន មុនពេលជួបលក្ខខណ្ឌអាកាសធាតុដែលអាក្រក់ជាងនេះ។ គ្រប់ៗពេលដែលចេញធ្វើដំណើរ គឺដូចទៅហ្នឹងការលេងហ្គេម លេងដើម្បីឡើង Level ខ្លួនឯង។
ដំណាក់កាលទី៣ ក៏ធ្វើដូចមុនដែរ តែពេលនេះពី Base Camp ទៅ C1 (សំរាក ១០ នាទី) ឡើងទៅ C2 (សំរាក ១ ខែ) តរពីនេះ ឡើងទៅ Camp 3 (C3) ដែលមានកំពស់ ៦៨០០ ម៉ែត្រ ត្រូវសំរាកនៅទីនោះ ១ ខែទៀត។ ប្រាកដណាស់ ត្រុវចុះមក C2 > C1 > Base Camp ម្តងទៀត ម្តងនេះអ្នកឡើងភ្នំ អាចសួរសំនួរខ្លួនឯងថា តើបងប្អូនអូខេទេ បើត្រូវធ្វើដូចនេះម្តងហើយម្តងទៀត បើទ្រាំមិនបានទេ វេចបង្វិច ចោលលុយកាក់ ចោលក្តីស្រម៉ៃដែលមាននៅទីនេះ ចាកចេញទៅ ដើម្បីរក្សាជិវិតខ្លួនឯងអោយបានគង់វង្ស។
មុននឹងធ្វើដំណើរឡើងភ្នំដំណាក់កាលចុងក្រោយ បងប្អូនអាចនឹងស្នាក់នៅ Base Camp យូរជាងមុនប្រមាណ ៧ ទៅ ១០ ថ្ងៃ ឬយូរជាងនេះក៏បានតាមតែចិត្តបងប្អូន ព្រោះដំណាក់កាលចុងក្រោយនេះ បងប្អូនត្រូវឡើងភ្នំឆ្លងកាត់ C3 ដើម្បីទៅអោយដល់ Camp 4 (C4) ឬអាចហៅម្យ៉ាងទៀតបានថា តំបន់មរណៈ (Deathzone) បងប្អូនអនុញ្ញាត្តិអោយឈប់សំរាកនៅទីនេាះបានតែ ៤ ម៉ោងប៉ុណ្ណោះ។ ប្រសិនបើបងប្អូនអូខេ ហើយមានខ្យល់អុកស្សីហ្សែនគ្រប់គ្រាន់ មានន័យថា បងប្អូនអាចបន្តរដំណើរឡើងភ្នំទៀតបាន។ ក្រុមអ្នកឡើងភ្នំដែលនៅអូខេ អាច Summit ដល់កំពូលភ្នំដែលខ្ពស់ជាងគេលើលោកតាមក្តីស្រម៉ៃដែលមាន ហើយនឹងទទួលបានងារថាជា Everest Summiteer យ៉ាងមោទនភាព។
Summiteer ទាំងឡាយនឹងបានគយគន់ទេសភាពដ៏ស្រស់ត្រកាល ព្រមដោយមោទនភាព តែមិនយូរប៉ុន្មាន ត្រឹមមិនប៉ុន្មាននាទី អ្វីដែលគួរអោយខ្លាចបំផុតសំរាប់ រាល់អ្នកឡើងភ្នំអេវើរ៉េសទាំងឡាយ ក៏បានមកដល់។ សភាពរាងកាយដែលទន់ខ្សោយ ជាមួយនឹងកង្វះអុកស្សីហ្សែន ធ្វើអោយកាធ្វើដំណើររចុះមកវិញគឺជាសុបិន្តអាក្រក់បំផុត នៃភ្នំអេវើរ៉េសពិត វាអាចអោយមនុស្សម្នាក់បានត្រឹមតែឡើងទៅដល់ រួចនឺងនៅលើកំពូលភ្នំនេះរហូតទៅ គ្មានថ្ងៃចុះមកវិញបាន។ គ្រប់ៗអ្នកឡើង ១០ នាក់ នឹងមានម្នាក់ដែលត្រុវបញ្ចប់ជិវិតលើភ្នំនេះ ៥ ក្នុងចំណោម ៦ នាក់ប៉ុណ្ណោះ ដែលអាចចុះមកវិញ ដើមបីជប់លាងសារទជាមួយក្រុមគ្រួសារ។
ព្រាបផ្ទះខ្ញុំ និង អ្វីទៅអត្ថន័យនិមិត្តសញ្ញា នៃសត្វព្រាប ខែមិថុនា 4, 2013
Posted by ភារម្យ in ចំណេះដឹងទូទៅ, ចំនេះដឹងប្លែកៗ, អំពីភារម្យ.add a comment
លោកអ្នកបានស្គាល់មកហើយ នូវជំពូកប្រភេទបក្សីមួយប្រភេទ ដែលប្រជាជនខ្មែរយើងមួយចំនួន និយមចូលចិត្តចិញ្ចឹម នោះក៏គឺសត្វព្រាបនេះឯង។ ព្រាបនេះមានអត្ថន័យបែបមិច?
មនុស្សជាច្រើន ប្រហែលបានដឹងរួចមកហើយ ព្រាបគឺតំណាងឱ្យសន្តិភាពនេះឯង។ បើតាមទេវកថារបស់ជនជាតិក្រិក Aphrodite (អានថា អាហ្រ្វូដាយធី) ឬអាចហៅម្យ៉ាងទៀតថា Cytherea ដែលជាទេពធីតា នៃភាពស្រស់ស្អាត ក្តីស្រលាញ់ និងសន្តិភាព គឺយកសត្វព្រាបជានិមិត្តសញ្ញាសម្គាល់ខ្លួនគាត់។ ម្យ៉ាងទៀត ព្រាបស តំណាងដួងព្រលឹងដ៏ពិសិដ្ឋនៃសាសនាកាតូលិច។
ងាកមកមើលរូបភាពខាងលើនេះវិញ វាជារូបសត្តព្រាបស ពីរក្បាលដែលឪពុកខ្ញុំបានចឹញ្ចឹម។ មិនដឹងគាត់ដាក់ឈ្មោះវាថាអីទេ។ មើលទៅវាសៗ គួរឱ្យស្រលាញ់ដែរតា។ ខ្ញុំអផ្សុក ថតវាលែង កាលពីពេលខ្ញុំទៅលេងផ្ទះនៅស្រុកកំណើត តាកែវ នាថ្ងៃទី ២៥ ឧសភា ២០១៣។ ស៊ីយូរអាសំលាញ់សរ ទាំងពីរក្បាល។
ការកុហកដ៏ធំបំផុតដែលត្រូវបានគេនិយាយដល់អ្នកមាន ខែឧសភា 3, 2013
Posted by ភារម្យ in ចំនេះដឹងប្លែកៗ, វិចារណកថា.1 comment so far
ហេតុអ្វីបានជា៩០% នៃប្រជាជនសរុប គិតថាវាពិតជាលំបាកដើម្បីក្លាយជាអ្នកមាន? ពីព្រោះថាយើងគ្រប់គ្នាត្រូវបានគេកុហក ការកុហកដ៏ធំបំផុតមួយ ការកុហកដែលធ្វើឱ្យយើងឃ្លាតចាកឆ្ងាយពីភាពមានបាន។ ជាបឋមយើងត្រូវស្វែងរកការពិតពីភាពមានបាន រួចបោះបង់ចោលនូវបន្លាមានក្នុងកែវភ្នែករបស់យើងជាយូរយាណាស់មកហើយ។
ខ្ញុំសូមចាប់ផ្តើមដោយសូមឱ្យអ្នកធ្វើនូវលំហាត់ធម្មតាៗមួយ។ ខ្ញុំសូមឱ្យអ្នកបិទភ្នែក ហើយស្រម៉ៃដល់រូបភាពមហាសេដ្ឋីទាំងឡាយក្នុងខួរក្បាលរបស់អ្នក។ ស្រម៉ៃដល់រូបភាពសំលៀកបំពាក់ដែលគេកំពុងស្លៀកពាក់ ឡានដែលគេកំពុងតែបើក របៀបដែលគេចាយលុយ របៀបដែលគេចំណាយពេលវេលារបស់គេ ហើយនឹងរបៀបដែលគេទទួលទានអាហារ។ តោះ! សូមចាប់ផ្តើម! មុននឹងអ្នកទាំងអស់គ្នាបន្តរចូលដល់ កថាខណ្ឋមួយទៀត។
បាទ! មានរូបភាពអ្វីខ្លះដែលអ្នកស្រម៉ៃឃើញ?
បើអ្នកស្រដៀងទៅហ្នឹងមនុស្សជាច្រើន អ្នកនឹងស្រម៉ៃដល់រូបភាពមហាសេដ្ឋីហាក់បីដូចជាមនុស្សម្នាក់ដែលមានសំលៀកបំពាក់ថ្មីៗ យីហោល្អៗ បើកឡានទំនើប ផឹកស្រាវីស្គីថ្លៃៗក្នុងភោជនីដ្ឋានថ្លៃៗ ហៅម្ហូបដែលថ្លៃបំផុត ពេញនិយមបំផុត ទទួលទានអាហារជាមួយស្រាថ្លៃៗ។
អ្នកប្រហែលជាគិតថា គេកំពុងសំរាកលើគ្រឿងសង្ហារឹមថ្លៃៗ ជក់ស៊ីហ្គែ គងអន្ទាក់ខ្លា។ ហេតុអ្វីបានជាអ្នកគិតយ៉ាងនេះ? ក៏ព្រោះថានេះជាវីធីមួយ ដែលយើងធ្វើការស្រម៉ៃទៅតាមឥទ្ធិពលទូរទស្សន៍ន៏ រឺកុនដែលយើងបានមើល គិតថានេះជារបៀប ដែលមហាសេដ្ឋីទាំងឡាយរស់នៅ ហើយចាយវាយលុយរបស់ពួកគេ។ វាច្បាស់លាស់ណាស់ដែលថា ទាំងនេះគឺជាជំនឿនិងទំលាប់ ដែលពិតជាធ្វើឱ្យយើងកាន់តែចាកឆ្ងាយពីការក្លាយជាអ្នកមាន។
ការពិតនោះគឺថា សេដ្ឋីមួយចំនួនពិតជារស់នៅតាមរបៀបនេះមែន។ គឺសេដ្ឋីដែលមានបានដោយសារ ការផ្ទេរមរតកពីដូនតា ឬសេដ្ឋីដែលមានបានដោយសារខ្លួនជាអ្នកកីឡា រឺជាអ្នកសិល្បៈ។ ពួកអ្នកទាំងនោះ ជាទូទៅមានរបស់ម្យ៉ាងដូចគ្នា គឺថាគេមិនអាចគេចផុត ហើយបញ្ចប់ត្រឹមការបាត់បង់អ្វីគ្រប់យ៉ាងត្រឹម១០ឆ្នាំខាងមុខ។ ទ្រពសម្បតិ្តគេមានតែបណ្តោះអាសន្នប៉ុណ្ណោះ។ ចូរក្រលេកមើល ម៉ៃ ថៃសាន់ ម៉ៃឃើល ជេកសិន ប៊ប់ប៊ី ប្រោន ព្រមទាំងបុគ្គលល្បីៗជាច្រើននាក់ទៀតដែលរកលុយបានរាប់លានដុល្លារក្នុងអាជីពរបស់គេ។ ចុងក្រោយអ្នកខ្លះដាច់យ៉ៃ អ្នកខ្លះធ្លាក់ក្នុងបំណុលយ៉ាងធ្ងន់ធ្ងរ។