ស៊ូរហូតបានបណ្ណបើកបរ ខែកុម្ភៈ 23, 2022
Posted by ភារម្យ in ចំណេះដឹងទូទៅ, ច្បាប់, ប្រវត្តិខ្ញុំ, ពីនេះពីនោះ, ព័ត៌មាន, វិចារណកថា, អប់រំ, អំពីភារម្យ.4 comments
មេរៀនជីវិតទទួលបានពីបេសកកម្មលើកនេះគឺ ជោគជ័យ អាចកើតចេញការបរាជ័យ ម្ដងឬច្រើនលើកច្រើនសា តែសំខាន់សួរខ្លួនឯងថា រាល់ពេលបរាជ័យ យើងបានរៀនអ្វីខ្លះពីវា ព្រមបាក់ស្បាតខ្លបខ្លាច ឬក៏ស៊ូតរ? វាពិតជាមានឥទ្ធិពលខ្លាំងណាស់ ដល់បេសកកម្មលើកក្រោយ។ បរាជ័យជាជ័យជម្នះកាលណាយើងសិក្សាពីវា តែកុំភ្លេច ត្រូវព្រមដោយភាពអំណត់អត់ធ្មត់ និងស៊ូ
ថ្ងៃ ១៤ កុម្ភៈដែលជាថ្ងៃទីវានៃក្តីស្រលាញ់ ខ្ញុំបានសុំច្បាប់កន្លែងធ្វើការ ទៅប្រលងបណ្ណបើកបរ ដោយថ្ងៃនេះ ខ្ញុំត្រូវធ្វើតែសបើកម៉ូតូ។ ២ម៉ោងបន្ទាប់ មកដល់កន្លែងធ្វើការវិញ ខ្ញុំបានបង្ហាញបណ្ណបើកបររបស់ខ្ញុំដល់មិត្តទាំងឡាយ ដោយក្តីរីករាយ។ ពីក្រោយក្តីរីករាយនេះ តើខ្ញុំឆ្លងកាត់អ្វីមកខ្លះ?
ដំណើរដើមទងនៃមេរៀនជីវិតលើកនេះ គឺផ្តើមចេញពីការចង់បើកម៉ូតូ ដើរកម្សាន្តគ្រប់តំបន់ក្បែរៗ កន្លែងធ្វើការនាក្រុងបាងកក (បច្ចុប្បន្នគេដូរឈ្មោះហើយ ក្រុងទេពមហានគរ)។ ខ្ញុំបានប្រឹក្សាជាមួយសិស្សច្បងម្នាក់ ដែលធ្វើការនៅកន្លែងជាមួយគ្នា (ដោយសារបានគាត់ណែនាំ ទើបខ្ញុំទទទួលបានការងារធ្វើនៅទីនេះ ម្យ៉ាងគាត់រៀនថ្នាក់បណ្ឌិតដូចខ្ញុំ រៀនជំនាន់មុនខ្ញុំ តែខ្ញុំចប់មុន 😀 ) គាត់បានឱ្យយោបល់ថា ការបើកបរគួរមានបណ្ណបើកបរ ខណៈប្រជាជនថៃជាច្រើនពុំមានបណ្ណបើកបរ តែក្នុងនាមជាជនបរទេសធ្វើការនៅថៃ បើមានគ្រោះថ្នាក់អ្វីកើតឡើ់ង ពិបាកទាមទាសំណងពីខាងធានារ៉ាប់រ៉ង ប៉ូលីសអាចធ្វើស៊ីយើង ម្យ៉ាងយើងអាចក្លាយទៅជាជនបង្ករកំហុសផងដែរ នៅពេលមានគ្រោះថ្នាក់ណាមួយកើតឡើង បើទោះជាយើងបើកបរត្រឹមត្រូវ។ ពេលនោះហើយដែលខ្ញុំយកសំដីគាត់មកគិត រួចខ្ញុំបានស្វែងរកព័ត៌មានពីអ៊ីនធើណេតមកអាន មួយទៀតខ្ញុំក៏បានផ្ងើរសារទៅសួរសិស្សប្អូនម្នាក់ទៀត ដែលគាត់បើកម៉ូតូ អំពីបណ្ណបើកបរ។ សិស្សប្អូនខ្ញុំតបថា គាត់អត់មានទេ ម្យ៉ាងការប្រលងបណ្ណបើកបរមានការលំបាកខ្លាំងណាស់ ចំនួនសំណួរអាចមានដល់ទៅ ៣០០០ ម្យ៉ាងមិត្តសិស្សប្អូនដែលជាជនជាតិថៃ ក៏ពុំមាននរណាទៅធ្វើបណ្ណបើកបរដែរ ។ តាមព័ត៌មានដែលខ្ញុំបានអាន គឺត្រឹមត្រូវដូចសិស្សប្អូនបានប្រាប់ដែរ ព័ត៌មានបន្ថែមនោះគឺ សំណួរទាំង ៣០០០ ត្រូវបានចាប់ដោយចៃដន្យដោយប្រព័ន្ធកំព្យូទ័រ ចំនួន ៥០ ហើយឱ្យអ្នកប្រលងធ្វើ ខុសលើសពី ៥ ធ្លាក់។ សំណួរទាំងនេះ ដកស្រង់ចេញពី ប្រភពសំខាន់ៗបី ទីមួយគឺច្បាប់ចរាចរណ៏ស្រុកថៃ ទីពីរស្លាកសញ្ញានិងភ្លើងចរាចរណ៏ និងទីបីការថែទាំរថ។ ក្រៅពីសិស្សច្បងសិស្សប្អូន ព័ត៌មានពីអ៊ីនធើណេត ខ្ញុំបានសាកសួរអ្នកជិតខាងថៃ ដែលរស់នៅក្បែរគ្នាផងដែរ។ ដំនើរការទាំងនេះ ខ្ញុំហៅថាការប្រមូលទិន្នន័យ។
ថ្ងៃមួយខ្ញុំទៅទទួលទានអាហារថ្ងៃត្រង់ នាហាងតូចមួយក្បែរបន្ទប់ជួលខ្ញុំ ខ្ញុំបានសន្ទនាជាមួយមីងម្នាក់អំពីការប្រលងយកបណ្ណបើកបរ គាត់ណែនាំឱ្យទៅនាយកដ្ឋានរៀបចំដែនដី និង ដឹកជញ្ជូនខេត្តសមុទ្រប្រាកាន ព្រោះវានៅក្បែរកន្លែងខ្ញុំស្នាក់ (បញ្ជាក់យើងអាចប្រលងយកបណ្ណបើកបរតាមនាយកដ្ឋានរៀបចំដែនដី និង ដឹកជញ្ជូនគ្រប់ខេត្តក្រុងទាំងអស់ក្នុងប្រទេសថៃ) ហើយគាត់ថាប្រលងងាយជាប់។ ខ្ញុំបានសាកសួរដល់ឯកសារសម្រាប់ជនបរទេស គាត់ថា ចាំគាត់ឱ្យកូនដែលរស់នៅក្បែនាយកដ្ឋាននោះសាកសួរឱ្យ។ ព័ត៌មានបន្ថែមតាមរយៈមិត្តខ្ញុំម្នាក់ទៀត ដែលមានបណ្ណបើកបរប្រភេទឡាន (គាត់ប្រលងនៅខេត្តបុរីរម្យ) គាត់ថាមានត្រឹម Work Permit (សៀវភៅអនុញ្ញតឱ្យជនបរទេសធ្វើការនៅថៃ) passport និង វីសា គឺគ្រប់គ្រាន់ហើយសម្រាប់ដាក់ពាក្យប្រលង ព័ត៌មានពីអ៊ីនធើណេត ក៏បានលើកឡើងដូចគ្នា ខុសត្រង់គេបានបញ្ជាក់ថា ត្រូវមានឯកសារដែលបញ្ជាក់ពីទីលំនៅបច្ចុប្បន្ន មិនថា work permit ឬ ឯកសារដទៃទៀត។
ត្រង់នេះគឺខ្ញុំមានឯកសារគ្រប់គ្រាន់ ចិត្តខ្ញុំចង់ទៅនាយកដ្ឋាននោះដើម្បី សាកសួរព័ត៌មានបន្ថែម។ មានថ្ងៃមួយក្រោយចេញពីធ្វើការ ខ្ញុំបានឱ្យបងស្រីកូនអ៊ំម្ចាស់ផ្ទះឈ្មោះ ភីសេម បើកម៉ូតូជូនខ្ញុំទៅនាយកដ្ឋាននោះ ដោយខ្ញុំសន្យាថា ជួយចាក់សាំងឱ្យគាត់ ១០០បាត។ ទៅដល់ប្រហែលម៉ោង ៤ល្ងាច បុគ្គលិកធ្វើការទាក់ទងនិងបណ្ណបើកបរ ត្រលប់ទៅផ្ទះអស់ សល់តែបុគ្គលិកផ្នែកផ្សេង ពួកគាត់ចិត្តល្អ បានទូរស័ពសាកសួរបុគ្គលិកធ្វើបណ្ណបើកបរ ឱ្យខ្ញុំ ដោយបុគ្គលិកធ្វើបណ្ណបើកបរ សួរខ្ញុំថា work permit មានបញ្ជាក់ទីលំនៅឬអត់ ខ្ញុំស្រពិចស្រពិល តែក៏ឆ្លើយថាមាន តែខ្វះឯកសារត្រួតពិនិត្យសុខភាព រួចគាត់បានណាត់ខ្ញុំមកជួបថ្ងៃស្អែក ខ្ញុំក៏យល់ព្រមសិនទៅ។ ល្ងាចនោះខ្ញុំបានឆែកមើល work permit ខ្ញុំ ប្រាកដថាពុំមានបញ្ជាក់ពីអាសយដ្ឋានបច្ចុប្បន្ន។ ដូច្នេះខ្ញុំត្រូវ ទៅការិយាល័យអន្តោប្រវេសន៍ ឬទៅស្ថានទូតដើម្បីអោយគេចេញលិខិតបញ្ជាក់ទីលំនៅបច្ចុប្បន្នរបស់ខ្ញុំ បញ្ហាគឺការសុំឯកសារពីការិយាល័យអន្តោប្ររេស ត្រូវមានឯកសារភ្ជាប់ជាមួយជាច្រើនទៀត ដែលបង្កើតការស្មុគស្មាញដល់ខ្ញុំក្រៃលែង ពិសេសគឺឯកសារដែលមានឈ្មោះថា TM. 30 វាពាក់ព័នដល់ការធ្វើដំណើរចេញចូលប្រទេសថៃ ពោលគឺម្ចាស់បន្ទប់ឬផ្ទះជួល ត្រូវរាយការណ៍ ដល់ការិយាល័យអន្តោប្ររេស។ តែបើនិយាយដល់ឯកសារពីស្ថានទូតវិញ ខ្ញុំរិតតែមិនដឹងត្រូវធ្វើអ្វីទៅទៀត។ ស្អែកឡើងសិស្សច្បងខ្ញុំ ជួយទូរសព្ទទៅនាយកដ្ឋានខាងលើម្ដងទៀត លើកនេះគាត់ថា ត្រូវមានឯកសារកម្មសិទ្ធិដីធ្លី ខ្ញុំអាចសូមឯកសារនេះពីម្ចាស់ផ្ទះ (ខ្ញុំគិតថាមិនតកៈសោះ) តែក៏យល់ព្រម។
ថ្ងៃចុងសប្តាហ៍ ខ្ញុំធាក់កង់ទៅគ្លីនិកមួយនៅទល់មុខ ហាងម៉េកវ៉ែលូ ដើម្បីត្រួតសុខភាព ពេទ្យគ្រាន់តែវាស់សំពាធឈាមខ្ញុំ រួចសួរពីទម្ងន់ កម្ពស់ និងជំងឺប្រចាំខ្លួន រួចគាត់ចេញឯកសារមួយច្បាប់ឱ្យខ្ញុំ បង់ប្រាក់ ១០០បាត។ សប្តាហ៍បន្ទាប់ ពេលរសៀលខ្ញុំបានឱ្យបងសេម នាំខ្ញុំទៅនាយកដ្ឋាននោះម្ដងទៀត ម្តងនេះខ្ញុំបានត្រៀមឯកសារដូចដែលបានរៀបរាប់ខាងលើ មន្ត្រីដែលណាត់ខ្ញុំ គាត់ជាមនុស្សស្រីវ័យចំណាស់បន្ទិច តំណែងប្រហែលជាប្រធាន គាត់ត្រួតពិនិត្យឯកសារខ្ញុំ រួចពន្យល់ដូចតទៅ ទីមួយ work permit ខ្ញុំពុំបានបញ្ជាក់ពីអាសយដ្ឋានបច្ចុប្បន្ន ទី២ឯកសារកម្មសិទ្ធិដីធ្លី មានសុពលសម្រាប់តែម្ចាស់ទីលំនៅប៉ុណ្ណោះ អ្នកជួលពុំអាចប្រើប្រាស់បានឡើយ ចប់ទៀតហើយខ្ញុំ។ បន្ទាប់មកគាត់បានបង្ហាញតារាងណាត់ជនបរទេស ដែលចង់មកធ្វើបណ្ណបើកបរ គឺត្រូវចាំទៅដល់ខែមិនា ដោយសារបញ្ហាកូរ៉ូណា (បញ្ជាក់ខ្ញុំទៅទីនោះ ពេលពាក់កណ្តាលខែមករា) គាត់សួរខ្ញុំថា ចង់កក់ពេលណាត់ឬអត់ ខ្ញុំថាពុំទាន់ទេ។ ពេលនោះចិត្តខ្ញុំចង់បោះបង់ទៅហើយ ព្រោះតែបរាជ័យៗ។ ត្រលប់មកកន្លែងធ្វើការវិញ ខ្ញុំក៏សម្រេចចិត្តថា បោះបង់ លែងចង់បានវាហើយ។ ថ្ងៃមួយមីងម្នាក់ដែលខ្ញុំជួបពេលទៅបាយថ្ងៃត្រង់ គាត់បានបង្ហាញព័ត៌មានដែលកូនគាត់ទៅសាកសួរឱ្យ តែខ្ញុំបានដឹងថាត្រូវមានឯកសារអ្វីខ្លះរួចទៅហើយ។
ព័ត៌មានដែលកូនគាត់ទៅសាកសួរអោយ
ចុងសប្តាហ៍សិស្សច្បងខ្ញុំបានឃើញគេប្រកាសលក់ម៉ូតូ MSX 125cc គាត់បាននាំខ្ញុំទៅមើល ចុងក្រោយខ្ញុំសម្រេចចិត្តទិញវា។ មូលហេតុនេះហើយ ដែលរងើកចិត្តចង់ធ្វើបណ្ណបើកបរ បានឆេះឡើងម្ដងទៀត។ ខ្ញុំបានចូលទៅមើលព័ត៌មានក្នុងគេហទំព័រស្ថានទូតខ្មែរប្រចាំប្រទេសថៃ រួចឃើញចំណុចមួយដែលបញ្ជាក់ដល់ ការសុំឯកសារបញ្ជាក់ពីទីលំនៅបច្ចុប្បន្ននាប្រទេសថៃ អានហើយ ខ្ញុំព្រីនឯកសារស្នើរសុំចេញមកដើម្បីបំពេញ ក្រៅពីឯកសារនេះ គឺត្រូវភ្ជាប់មកជាមួយឯកសារផ្សេងទៀត ដូចជា ការថតចម្លង passport វីសា work permit (សម្រាប់សិស្សថតបណ្ណសិស្ស) កិច្ចសន្យាជួលបន្ទប់ឬផ្ទះ ហើយជាចុងក្រោយដែលធ្វើឱ្យខ្ញុំឈឺក្បាលទៀត នោះគឺ ត្រូវទៅស្ថានីយ៏ប៉ូលីស ដើម្បីសុំលិខិតកំណត់ត្រាប្រចាំថ្ងៃបញ្ជាក់ថា ខ្ញុំពិតជាបានស្នាក់ទៅតាមអាសយដ្ឋានបច្ចុប្បន្នយ៉ាងពិតប្រាកដមែន។ បាន! ខ្ញុំធ្វើបាន! ខ្ញុំនឹងស៊ូ! ក្រោយពីបានបំពេញឯកសារស្នើរសុំរួច ខ្ញុំបានឱ្យបងសេមបើកម៉ូតូ ជូនខ្ញុំទៅស្ថានីយ៏ប៉ូលីស ក្រោយចេញពីធ្វើការ។ ដល់ស្ថានីយ៏ប៉ូលីស រ៉ាត់បូរៈណា ខ្ញុំបានពន្យល់មន្ត្រីប៉ូលីសពីគោលបំណង រួចរាល់ហើយគាត់បានចេញឯកសារឱ្យខ្ញុំមួយច្បាប់ដើម្បីចុះហត្ថលេខា រួចខ្ញុំក៏ត្រលប់មកបន្ទប់វិញ។ មូលហេតុដែលខ្ញុំ មិនបើកម៉ូតូទៅខ្លួនឯង ហើយអោយគេជូន ព្រោះខ្ញុំបើម៉ូតូមិនទាន់ស្ទាត់ ពីរពុំសូវស្គាល់ផ្លូវ បីគ្មានបណ្ណបើកបរ។ ព្រឹកស្អែកខ្ញុំដាក់ច្បាប់កន្លែងធ្វើការមួយថ្ងៃ ដើម្បីទៅស្ថានទូតខ្មែរប្រចាំប្រទេសថៃ ដោយត្រូវជិះឡានក្រុងលេខ ៣៦ក ពីវិមានរលឹកអនុស្សាវរីយ៍ (Victory Monument)។ ទៅដល់ទីនោះ បុគ្គលិកស្ថានទូតខ្មែរបានប្រាប់ខ្ញុំថា ចង់បានឯកសារលឿន ត្រូវបង់៣០០ បាតក្នុងមួយច្បាប់ ហ្វ្រីត្រូវចាំដល់មួយអាទិត្យ ខ្ញុំធ្វើពីរច្បាប់ មួយសម្រាប់ប្រលងបណ្ណបើកបរ ពីរសម្រាប់ទិញម៉ូតូ សរុបអស់៦០០ បាត់ អង្គុយចាំមួួយព្រឹក ថ្ងៃត្រង់បាន។
ស្ថានទូតព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសថៃ
មកដល់បន្ទប់វិញ ខ្ញុំមិនទាន់បាយថ្ងៃត្រង់ទេ ប្រញាប់បើកម៉ូតូទៅ នាយកដ្ឋានខាងលើ ខ្លាចហួសម៉ោងគេធ្វើការ ទៅដល់ខ្ញុំហុចឯកសារឱ្យមន្រ្តីទទួលបន្ទុកមើល គាត់ថាឯកសារគ្រប់គ្រាន់ តែខ្វះឯកសារត្រួតពិនិត្យសុខភាព ខ្ញុំថាពេលមករៀន និង ប្រលងនឹងយកមកឱ្យ។ បន្ទាប់មកគាត់សរសេរលើខ្នងឯកសារដើម្បីណាត់ខ្ញុំ អោយមកម្តងទៀត គាត់ឱ្យរើសថ្ងៃ ខ្ញុំយកថ្ងៃអង្គារ ព្រោះដើម្បីបានបង្ហាញខ្លួននៅកន្លែងធ្វើការនាថ្ងៃចន្ទ ឈប់ច្រើនពេក ខ្លាចគេភ្លេចមុខ។
ព្រឹកថ្ងៃអង្គារ ខ្ញុំងើបតាំងពីព្រលឹមម៉ោង ៦ និង ៤៥នាទី ដោយមានណាត់ជាមួយនាយកដ្ឋានម៉ោង ៨ ព្រឹក។ ទៅដល់ខ្ញុំហុចឯកសារឱ្យមន្រ្តីទទួលបន្ទុកទំនាក់ទំនងព័ត៌មានត្រួតពិនិត្យ រួចគាត់ឱ្យសរសេរឈ្មោះ និង លេខទូរស័ពលើឯកសារបន្ថែម រួចយកទៅដាក់ក្នុងកញ្ជ្រែងលឿង ហើយអង្គុយចាំគេហៅឈ្មោះ ប្រហែលម៉ោង៩ព្រឹក គេចាប់ផ្តើមហៅឈ្មោះអ្នកមកប្រលងបណ្ណបើកបរថ្មីទាំងអស់ទៅតម្រង់ជួរ រួចគេធ្វើតែសឱ្យជាន់ប្រេក ឬតំឡើងល្បើន តាមភ្លើងក្រហម និង បៃតង រួចវាស់ក្រសែភ្នែក ដោយបញ្ជាចលនាបង្គោលតូចមួយទៅមុខទៅក្រោយ ធៀបនឹងបង្គោលនឹងមួយទៀត ក្នុងប្រអប់ខ្មៅ ក្នុងប្រអប់នោះប្រដូចនឹងយប់ងងឹត។ ខ្ញុំជាប់ទាំងអស់ តែខ្ញុំឆ្ងល់ថា ខ្ញុំមកប្រឹងបណ្ណបើកបរម៉ូតូ មិនមែនឡានទេ ហេតុអ្វីអោយខ្ញុំធ្វើតេសឡាន ចុងក្រោយទើបខ្ញុំដឹងថា បុគ្គលិកគាត់ច្រឡំ គិតថាខ្ញុំមកប្រលងបណ្ណបើកបរឡាន។ បន្ទាប់ពីតេសទី១មក តេសទីពីរចាប់ផ្តើម គេចង្អុលពណ៌ ហើយសួរយើងពណ៌អ្វី ក្រហម លឿង បៃតង? រួចតេសពណ៌ដដែល ម្តងនេះគេឱ្យខ្ញុំសម្លឹងទៅមុខចំ ហាមកម្រើកកែវភ្នែក រួចគេលើកទង់ពណ៌សងខាង ហើយសួរខ្ញុំអំពីពណ៌ដដែល។ ខ្ញុំធ្វើបាន តែកុំអាលអរ បរាជ័យទី២ ទី៣ កំពង់រង់ចាំ។ បន្ទាប់មកគេហៅពួកខ្ញុំឱ្យមើលវីឌីអូអប់រំ ចំនួន៥ម៉ោង គេមកឆែកឈ្មោះមួយម៉ោងម្តង ខ្ញុំស្ទើរតែពុល។ ម៉ោងប្រហែល ៤ល្ងាច គេហៅខ្ញុំទៅប្រលង ពេលនោះហើយទើបខ្ញុំដឹងថា គេវាយឯកសារប្រលងបណ្ណបើកបរខ្ញុំខុស គេថាខ្ញុំប្រលងឡាន។ ខ្ញុំឱ្យគេកែ រួចប្រលងតាមប្រព័ន្ធកុំព្យូទ័រ លទ្ធផលចេញមកហើយ តេន! តេន! ធ្លាក់! ៤៣លើ៥០ 😦 បាក់ទឹកចិត្តអស់រលីង ចំណាយពេលតាំងតែពីព្រឹកដល់ល្ងាច។ មន្ត្រីម្នាក់ចេញកូនក្រដាសមួយសន្លឹកឱ្យខ្ញុំ ដើម្បីមកប្រលងសង។ ខ្ញុំទូរស័ពទៅប្រាប់សិស្សច្បងខ្ញុំ ពីបរាជ័យលើកនេះ 😦 ។
កូនសំបុត្រប្រលងសង
ថ្ងៃបន្ទាប់ថ្ងៃត្រង់ខ្ញុំសុំមេមួយម៉ោងទៀត ទៅប្រលង ម្តងនេះ ខ្ញុំធ្លាក់ទៀត ៤៤ លើ ៥០ 😦 ។ ខ្ញុំដឹងខ្លួនថា ខ្ញុំប្រមាថ មិនអាន មិនត្រួតពិនិត្យសំណួរឱ្យច្បាស់លាស់ ខ្ញុំប្រលងជាភាសាអង់គ្លេស ឈ្មោះជំងឺមួយចំនួនខ្ញុំអត់ចេះ។ ថ្ងៃហ្នឹង ខ្ញុំដោនឡូដតេសជាភាសាអង់គ្លេសមកអាន ជិត១០០ទំព័រ ចៃដន្យខ្ញុំមើលវីឌីអូ យូធូប ពីការប្រលងបណ្ណបើកបរ គេបានណែនាំគេហទំព័រមួយ។ គេហទំព័រនេះ មានសំណួរស្រដៀងទៅហ្នឹង សំនួរចេញក្នុងការប្រលងបណ្ណបើកបរពិត ដូច្នេះហើយខ្ញុំក៏សាកធ្វើវា សាកហើយសាកទៀត ពេលខុសកត់ចំណាំ ហើយសួរខ្លួនឯងថា ហេតុអ្វីខ្ញុំធ្វើរខុស អ្វីជាកំហុស អ្វីជាឬសគល់នៃកំហុស។ ថ្ងៃបន្ទាប់ខ្ញុំមានទំនុកចិត្តច្រើន ការប្រលងចំណាយពេលប្រហែលតែ២០នាទីទេ (ខ្ញុំប្រមាថទៀតហើយ គេឱ្យពេល ៦០នាទី) ខ្ញុំធ្វើបាន ៤៦ លើ ៥០ នៅមានខុស៤ តែមិនអីទេ ខ្ញុំប្រលងជាប់ហើយ។ មន្ត្រីដដែល ចេញកូនលិខិតតូចមួយទៀត ឱ្យខ្ញុំមកប្រលងបើកម៉ូតនាថ្ងៃស្អែក។
កូនសំបុត្រប្រលងបើកម៉ូតូ
ថ្ងៃ១៤ កុម្ភៈ ក្រោកពីដេកម៉ោង ៦ និង ៤៥នាទីដដែល ខ្ញុំបើកម៉ូតូលឿងរបស់ខ្ញុំ ទៅនាយកដ្ឋានខាងលើ (ប្រៈផាដេង) ហុចឯកសារឱ្យមន្ត្រីផ្តល់ព័ត៌មានពិិនិត្យ រួចគេសុំ passport ខ្ញុំ គេអោយទៅអង្គុយចាំនៅកន្លែងប្រលងបើកម៉ូតូឡាន។ ខ្ញុំជួលម៉ូតូគេនៅទីនោះ ព្រោះម៉ូតូខ្ញុំប្រើអង់ប៊្រីយ៉ា ឬ Clutch ខ្ញុំខ្លាចវារលត់ពេលប្រលងបណ្តាលអោយធ្លាក់ ព្រោះទើបរៀនបើក មិនសូវស្ទាត់។ ពួកប្រលងឡានទៅមុន គ្នាមួយហ្វូងជាប់ តែ២-៣នាក់ប៉ុណ្ណោះ ខ្ញុំផ្តើមបុកពោះ។ មួយទៀតមានយុវជនម្នាក់ មកប្រលងសង វាបើកធ្លាក់ផ្លូវ ប្រលងធ្លាក់ គេឱ្យវាមកប្រលងម្ដងទៀត។
ទីលានបើកបរ
បើកទាំងឡាន ប្រលងទាំងម៉ូតូ
ដល់វេនម៉ូតូ ខ្ញុំប្រលងមុនគេ បើកមួយជុំ បើកតាមស្លាកសញ្ញា បើផ្លូវចង្អៀត បើកចាក់ចង្កេះ ខ្ញុំប្រលងជាប់! យ៉េសសសសសស! បន្ទាប់មកគេឱ្យខ្ញុំទៅអង្គុយចាំ គេហៅឈ្មោះទៅបង់លុយ និង ថតរូបបណ្ណបើកបរ។ សម័យកូរ៉ូណា គេអោយខ្ញុំសំអាតដៃនឹងអាលកុល រួចបង់លុយ ១០៥ បាត ៥បាត ថ្លៃឯកសារ ១០០បាត ថ្លៃបណ្ណ។
បង់ប្រាក់តែ ១០៥ បាតទេ
បន្ទាប់មកថតរូប រង់ចាំបន្ទិច គេហៅឈ្មោះឱ្យទៅយកកាត។ នេះគឺជោគជ័យមួយ ក្រោយភាពបរាជ័យរាប់មិនឈ្នះ។ សរុបខ្ញុំត្រូវធ្វើដំណើរទៅនាយកដ្ឋានខាងលើចំនួន ៦ ដង ទំរាំបានបណ្ណបើកបរ មិនទាន់និយាយដល់ការធ្វើដំណើរទៅស្ថានីយ៏ប៉ូលីស និង ស្ថានទូត គ្រប់យ៉ាងសុតតែប្រើពេល។ បេសកកម្មនេះ បានបង្រៀនខ្ញុំច្រើនណាស់ ជាពិសេសនោះគឺ បរាជ័យគឺជាជ័យជម្នះ កាលណាយើងសិក្សាពីវា តែក៏មិនភ្លេចដល់ការតស៊ូ អំណត់ អត់ធន់ផងដែរ។
បាងកក ថ្ងៃទី២៣ កុម្ភៈ ២០២២
ភារម្យ
ច្បាប់ចរណ៍ផ្លូវគោក | ល័ក្ខខ័ណ្ឌ នៃ អ្នកបើកបរយានយន្ត ខែកក្កដា 22, 2011
Posted by ភារម្យ in ច្បាប់.add a comment
មេត្រាទី៩
គ្រប់អ្នកបើកបរយានយន្ត គ្រប់ប្រភេទ ត្រូវអនុវត្តនូវ វិធានការដូចខាងក្រោម ៖
១-អ្នកបើកបរយានយន្ត ដែលមាន ទំហំស៊ីឡាំងចាប់ពី ៤៩សង់ទីម៉ែត្រគូបឡើងទៅ ត្រូវមានប័ណ្ណបើកបរ តាមប្រភេទយានយន្ត។
២-នៅពេលបើកបរ យានជំនិះ អ្នកបើកបរត្រូវមាន ស្មារតីប្រុងប្រយ័ត្នជាប់ជានិច្ច ហើយស្ថិតក្នុង ស្ថានភាពដែលអាច ធ្វើសកម្មភាពបើកបរបានយ៉ាងស្រួល និងឆាប់រហ័សជាពិសេស លទ្ធភាព នៃការធ្វើចលនា មិនត្រូវឱ្យមាន ការរំខានឡើយ។ ហាមផ្ទុកអ្នកដំណើរ ទំនិញ ឬវត្ថុផ្សេងៗ ដែលនាំឱ្យបាំងភ្នែកអ្នកបើកបរ។
៣-អ្នកបើកបរ និងអ្នកដំណើរដែល ជិះនៅកៅអី ខាងមុខនៃ រថយន្ត ត្រូវពាក់ខ្សែក្រវាត់ សុវត្ថិភាពជាដាច់ខាត។
៤-អ្នកបើកបរ ទោចក្រយានយន្ត ត្រីចក្រយានយន្ត និង
ទោចក្រយានយន្ត សណ្តោងរ៉ឺម៉ក ត្រូវពាក់មួក ការពារសុវត្ថិភាព ។
៥-ហាមផ្ទុកមនុស្ស ឬទំនិញ ពីមុខអ្នកបើកបរ ។
៦-ហាមកេ្មង អាយុក្រាម ១០ឆ្នាំ អង្គុយនៅកៅអី ខាងមុខនៃ រថយន្ត ដោយគ្មានមនុស្ស ចាស់អង្គុយជាមួយ ឬ និងគ្មានពាក់ខ្សែក្រវាត់សុវត្ថិភាព ។
៧-ទារកអាយុតិចជាង ១០ខែ ត្រូវដាក់ក្នុង កៅអីសម្រាប់ទារកដេក និងមានខ្សែក្រវ៉ាត់ សុវត្ថិភាព ចងផ្អែកកៅអីនេះ ឱ្យជាប់ទៅនឹងកៅអី ក្រោយនៃរថយន្ត។
៨-កុមារមានអាយុចាប់ពី ១០ខែ ទៅ៤ឆ្នាំ ត្រូវអង្គុយក្នុង កៅអីសម្រាប់កុមារ ដែលមានខ្សែក្រវ៉ាត់ សុវត្ថិភាពចងផ្អែក កៅអីនេះឱ្យជាប់ទៅ នឹងកៅអីក្រោយ នៃរថយន្ត។
៩-ហាមធ្វើឱ្យរំខានដល់ អ្នករស់នៅជាប់តាមដងផ្លូវ និងអ្នកប្រើប្រាស់ផ្លូវ ។
១០-ហាមពិសាជាតិស្រវឹង ដែលមានអត្រាជាតិអាកុលចាប់ ពី ០,២៥ មីលីក្រាម ក្នុងមួយលីត្រខ្យល់ ឬ ចាប់ពី ០,៥ ក្រាមក្នុងមួយលីត្រឈាមឡើងទៅ ។
១១-ហាមបើកបរយាន ដែលមានកង់ច្រវ៉ាក់ដែក ផ្ទាល់លើទ្រូងផ្លូវ ។ យានជំនិះប្រភេទនេះ ត្រូវដឹកតាម យានដែលមានប្រភេទកង់កៅស៊ូ ។
១២-ហាមប្រើទូរស័ព្ទ នៅពេលកំពុងបើកបរយានយន្ត។ទូរស័ព្ទអាចប្រើប្រាស់បាន បើមានឧបករណភ្ជាប់ ទំនាក់ទំនង ឬ ត្រូវឈប់យានយន្ត ដើម្បីប្រើទូរស័ព្ទ ។
អានផងដែរ : ច្បាប់ចរាចរណ៍ផ្លូវគោក | ករណីមន្ត្រី ឬ ភ្នាក់ងារ នគរបាលចរាចរណ៍ ប្រើសិទ្ធិអំណាចរំលោភ
ច្បាប់ចរាចរណ៍ផ្លូវគោក | ករណីមន្ត្រី ឬ ភ្នាក់ងារ នគរបាលចរាចរណ៍ ប្រើសិទ្ធិអំណាចរំលោភ ខែកក្កដា 6, 2011
Posted by ភារម្យ in ច្បាប់.3 comments
មាត្រាទី៧២ :
មន្ត្រី ឬភ្នាក់ងារនគរបាលទទួលបន្ទុកសណ្តាប់ធ្នាប់ចរាចរណ៍
ណា ដែលប្រើសិទ្ធិអំណាចដោយរំលោភក្នុងការដកហូតយកប័ណ្ណ
បើកបរ ផ្លាកលេខ ប័ណ្ណសម្គាល់យាន ឬឃាត់ទុកយានរបស់
អ្នកបើកបរត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ប្រាំមួយ(៦)ថ្ងៃ ទៅ
(មួយ១)ខែ ឬ/និងពិន័យជាប្រាក់ពី ពីរម៉ឺនប្រាំពាន់(២៥.០០០)រៀល
ទៅម្ភៃម៉ឺន(២០០.០០០)រៀល។
ក្នុងករណីដែលមានការខូចខាត ឬបាត់បង់ផ្នែកណាមួយនៃ
យាន បណ្តាលមកពីការឃាត់ទុក អង្គភាពសាម៉ីត្រូវទទួលខុសត្រូវ
ក្នុងការសងការខូចខាតនោះ។ ប្រសិនបើកម្រិតនៃការបំពានករណីយ
កិច្ចរបស់មន្ត្រី ឬភ្នាក់ងារទទួលបន្ទុកសណ្តាប់ធ្នាប់ចរាចរណក្នុងការ
បញ្ចៀសនូវលទ្ធផលមានភាពធ្ងន់ធ្ងរ នោះអង្គភាពអាចទាមទារសំណង
ពីមន្ត្រី ឬភ្នាក់ងារនោះបាន ។
ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី មួយ(១)ឆ្នាំ ទៅ បី(៣)ឆ្នាំ
ឬ/និងពិន័យជាប្រាក់ ពី ពីរលាន (២.០០០.០០០)រៀល ទៅប្រាំមួយ
លាន(៦.០០០.០០០)រៀល ចំពោះមន្ត្រី ឬភ្នាក់ងារទទួលបន្ទុកសណ្តាប់-
ធ្នាប់ចរាចរណណាដែល ៖
-បង្ខំទារប្រាក់ពិន័យមិនត្រឹមត្រូវតាមច្បាប់កំណត់
-ទទួលប្រាក់ដោយការប្រើប្រាស់ក្បាលសៀវភៅសម្រាប់ពិន័យ
ដែលមានគល់បញ្ជីមិនត្រឹមត្រូវ ឬដោយមិនចេញបង្កាន់ដៃប្រាក់ពិន័យ
ឱ្យអ្នកបើកបរដែលត្រូវពិន័យ។
-ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី មួយ(១)ឆ្នាំ ទៅបី(៣)ឆ្នាំ
ឬ/និងពិន័យជាប្រាក់ពី ពីរលាន(២.០០០.០០០)រៀល ទៅប្រាំមួយ
លាន(៦.០០០.០០០)រៀល ចំពោះមន្ត្រីរាជការ ឬបុគ្គលិកដែល
ធ្វើការងារផ្ទាល់ ឬមានសមត្ថកិច្ច ឬមានភារកិច្ច ដែលធ្វើការងារ
ក្នុងការគ្រប់គ្រងសាលាបើកបរ ឬការងារចេញប័ណ្ណបើកបរ ឬការងារ
ចុះបញ្ជីការចេញប័ណ្ណសម្គាល់យានយន្ត ហើយដែលបានប្រព្រឹត្តផ្ទុយ
នឹងមាត្រា៤០ ឬមាត្រា៤៨ នៃច្បាប់នេះ។
អនុក្រឹត្យ | ស្តីពីអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ខែមិថុនា 30, 2011
Posted by ភារម្យ in ច្បាប់.5 comments
មិនមែនជាអ្នកច្បាប់អីទេ បងប្អូន អ្នកតែទឹកកកទេ តែមានចំណាប់អារម្មណ៏តិចតួចលើច្បាប់ ក៏ដូចជាក្នុងនាមជាពលរដ្ឋកម្ពុជាមួយរូប ដែលគួទទួលដឹងនូវ ច្បាប់ រឺ អនុក្រឹត្យ ដែល ចែងដោយខ្មែរយើង នាពេលបច្ចុប្បន្ន។ ខាងក្រោមនេះ គឺជា អនុក្រឹត្យស្តីអំពី អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ:
មាត្រា១:
- ត្រូវបានបង្កើត អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដូចមានគំរូចែងក្នុង ឧបសម្ព័ន្ធនៃអនុក្រឹត្យនេះ។
មាត្រា២:
- អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ មានសុពលភាព ១០ឆ្នាំ ចាប់ពីថ្ងៃចេញ អត្តសញ្ញាណប័ណ្ណនេះ។
មាត្រា៣:
- អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ អាចផ្តល់ជូនបាន ចំពោះតែប្រជាពលរដ្ឋខ្មែរ ទាំងពីរភេទ ដែល មានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ។
មាត្រា៤:ក្នុងការផ្តល់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ អាជ្ញាធរមានសមត្ថកិច្ច ត្រូវពិនិត្យ ៖
- សំបុត្រកំណើត ឬ
- សាលក្រមរបស់តុលា ការបញ្ជាក់ទទួលស្គាល់ថា ជននោះកើតពី ឪពុកឬម្តាយ ដែលមានសញ្ជាតិខ្មែរឬ
- ព្រះរាជក្រឹត្យប្រកាស ទទួលស្គាល់ការសុំទាមទារ សញ្ជាតិខ្មែររបស់ សាមីជន ឬ
- ព្រះរាជក្រឹត្យប្រកាស ទទួលស្គាល់ការសុំចូល សញ្ជាតិខ្មែររបស់ សាមីជន ឬ
- ឯកសារ ឬ ភស្តុតាងបញ្ជាក់ថា សាមីជន កើតនៅ កម្ពុជាពីឪពុកឬម្តាយ ដែលកើតនៅកម្ពុជា ឬ
- ឯកសារ ឬ ភស្តុតាងបញ្ជាក់ថា សាមីជនធ្លាប់មាន សញ្ជាតិខ្មែរ ឬ
- ឯកសារ ឬ ភស្តុតាងបញ្ជាក់ថា សាមីជន កើតពីឪពុកឬម្តាយមាន សញ្ជាតិខ្មែរ ឬ
- ឯកសារណាមួយ ដែលអាចបញ្ជាក់បានថា ជននោះជាប្រជាពលរដ្ឋខ្មែរ។
ក្នុងការផ្តល់ អត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរ មន្ត្រីមាន សមត្ថកិច្ចត្រូវទទួលខុសត្រូវ ផ្ទាល់ខ្លួនតាមទោសប្បញ្ញត្តិនៃ ច្បាប់ស្តីពីសញ្ជាតិ ក្នុងករណីដែល
ខ្លួនចេញអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ អោយជនណាមួយ ដែលពុំមានសញ្ជាតិខ្មែរ។
មាត្រា៥:
- បែបបទនៃ ការសុំអត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរ ក្នុងការទទួលស្គាល់ ភស្តុតាងបញ្ជាក់អំពី សញ្ជាតិ ត្រូវកំណត់ដោយ ប្រកាសរបស់ ក្រសួងមហាផ្ទៃ ដោយមាន ការយល់ព្រមពីរាជរដ្ឋាភិបាល។
មាត្រា៦:
- មានតែមន្ត្រី ដែលមានមុខតំណែង អភិបាលខេត្ត ក្រុង ជាមន្ត្រីមាន សមត្ថកិច្ចក្នុងការផ្តល់ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ។ មន្ត្រីនេះមិនអាចផ្ទេរ ឬ ប្រគល់សិទ្ធិអំណាចនេះ អោយមន្ត្រីម្នាក់ទៀតបានឡើយ។
មាត្រា៧:
- អ្នកសុំអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ត្រូវបង់អាករ តាមកំណត់របស់ប្រកាសអន្តរក្រសួង មហាផ្ទៃ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
មាត្រា៨:
- ថ្លៃអាករនេះត្រូវបង់ចូលថវិកាជាតិ។បែបបទនៃការប្រមូលអាករនេះ ត្រូវកំណត់ដោយប្រកាស អន្តរក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង ក្រសួងមហាផ្ទៃ។
មាត្រា៩:
- បទបញ្ញតិទាំងឡាយណាដែលផ្ទុយនឹងអនុក្រឹត្យនេះត្រូវទុកជានិរាករណ។
មាត្រា១០:
- សហរដ្ឋមន្ត្រី ទទួលបន្ទុក ទីស្តីការគណៈរដ្ឋមន្ត្រី សហរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ សហរដ្ឋមន្ត្រីក្រសួងការពារជាតិ រដ្ឋមន្ត្រី ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីមុខងារសាធារណៈ គ្រប់ប្រធានស្ថាប័ន ដែលមាន ការពាក់ព័ន្ធ ត្រូវទទួលអនុវត្តអនុក្រឹត្យ នេះចាប់ពីថ្ងៃឡាយព្រះហស្តលេខា និងចុះហត្ថលេខាតទៅ។
កោះ ខែតុលា 13, 2010
Posted by ភារម្យ in ច្បាប់.3 comments
យោងតាមស្មារតី មាត្រា ៥៨ នៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា កោះគឺជាទ្រព្យសម្បត្តិរបស់រដ្ឋ។ ក្នុងន័យនេះ ដីដែលដុះចាស់ ឬថ្មីជាកោះនៅសមុទ្រ ទន្លេ ព្រែក ស្ទឹង បឹងបួរ ទូទាំងព្រះរាជាណាក្រកម្ពុជា ត្រូវប្រកាសជាទ្រព្យសម្បត្តិរបស់រដ្ឋ ហើយមិនអនុញ្ញាតអោយឯកជន ឬសមូហភាពណា ប្រកាសជាកម្មសិទ្ធិផ្ទាល់ខ្លួនឡើយ។
គ្រោះថ្នាក់ការងារ ខែកក្កដា 9, 2010
Posted by ភារម្យ in ច្បាប់.add a comment
ដោយកត់សំគាល់ឃើញថាបងប្អូនអ្នកភូមិរបស់យើង មួយចំនួនជាបុគ្គលិកកំពុងបំរើការងារតាមគ្រឹះស្ថាន ស្ថាប័ណ្ឌក៏ដូចជាក្រុមហ៊ុនផ្សេងៗ ថ្ងៃនេះខ្ញុំសូមលើកឡើងប្រធានបទមួយដែលទាក់ទងទៅនឹង គ្រោះថ្នាក់ការងារ ដើម្បីជាជំនួយចំនេះដឹងបន្ទិចបន្ទូចដល់បងប្អូន បើទោះបីជាបងប្អូនខ្លះ គាត់បានយល់ដឹងរួចមកហើយនោះ! ក៏សូមអធ្យាស្រ័យ!
?_? ដូចម្តេចដែលហៅថា គ្រោះថ្នាក់ការងារ?
តាមរយះមេត្រាទី២៤៨ បានចែងថា :
- កើតឡើងនៅពេលម៉ោងកំពង់ធ្វើការ
- ម៉ោងដែលធ្វើការអោយនិយោជក ទោះទៅធ្វើការនៅទីណាក៏ដោយ
- ពេលធ្វើដំណើរទៅធ្វើការ (ឆ្ពោះទៅរកកន្លែងការងារ) ឬពេលត្រលប់មកវិញ។ ឧទាហរណ៍ : គ្រោះថ្នាក់ចរាចរណ៍ពេលធ្វើដំណើរទៅធ្វើការ ឬពេល ធ្វើដំណើរត្រង់ពីកន្លែងធ្វើការត្រលប់មកផ្ទះវិញ ដោយមិនឆៀងទៅទីណាផ្សេង។
- ជំងឺដែលបណ្តាលមកពីវិជ្ជាជីវះទាំងអស់ ចាត់ទុកជាគ្រោះថ្នាក់ការងារ (ធ្វើការកន្លែងពិបាកទ្រាំ ដល់យូរៗទៅពិបាកដកដង្ហើម នាំអោយមានជំងឺផ្លូវដង្ហើម) ។ល។
ឧទាហរណ៍ រឿងគ្រោះថ្នាក់ចរាចរណ៍ស្លាប់ពេលធ្វើដំណើរកំសាន្ត (ឡាន១ ទៅកំពង់សោមថ្ងៃសុក្រ ២០១០ ស្លាប់ជាង១០០នាក់ដែលភាគច្រើនជាកម្មករ-និយោជិត) រឿងនេះមិនមែនជាគ្រោះថ្នាក់ការងារទេ។
ដូចនេះយើងយល់បានថាអ្វីដែលជាគ្រោះថ្នាក់ការងារនោះគឺ
- កើតឡើងក្នុងពេលធ្វើការ
- នៅទីកន្លែងធ្វើការទោះនៅទីណាក៏ដោយ
- មានកំហុស ឬ គ្នានកំហុស
- ពេលធ្វើដំណើរពីផ្ទះទៅកន្លែងធ្វើការ នឹងពេលត្រលប់មកវិញដោយគ្នានឈប់។(ក្នុងលក្ខខ័ណ្ឌដោយគ្នានវាង ឬឆៀងទៅកន្លែងណាផ្សេងជាប្រយោជន៍ផ្ទាល់ខ្លួន ឬក្រៅពីការងាស្នូលដែលថៅកែតំរូវអោយទៅ)។