jump to navigation

ទៅលេងវត្តព្រះពុទ្ធបាទ ខេត្តស្រះបុរី និងវត្តវង់ព្រះចន្ទ ខេត្តលុបបុរីប្រទេសថៃ ខែមករា 26, 2023

Posted by ភារម្យ in ទេសចរណ៍, ប្រវត្តិខ្ញុំ, អំពីភារម្យ.
add a comment

saraburi-lopburi

ថ្ងៃអាទិត្យទី២១ មករា កន្លងមកនេះ ខ្ញុំបានទៅលេងខេត្តស្រះបុរី (สระบุรี – Saraburi) និងលុបបុរី (ลพบุรี – Lopburi) ប្រទេសថៃ។ ដំណើរកម្សាន្តនេះកើតឡើងតាមរយៈម្ចាស់ផ្ទះជួលខ្ញុំ អ៊ុំស្រីចំណាស់បន្ទិចហើយគាត់បានបបួលខ្ញុំទៅដើរលេង ព្រមធ្វើបុណ្យជាមួយក្រុមគ្រួសារគាត់។ ព្រឹកម៉ោង៥ ខ្ញុំងើបពីគេង ងូតទឹកចាំឡានវែន ខ្មែរយើងហៅឡានតួរីសដែលម្ចាស់ផ្ទះគាត់បានជួល។ ម៉ោង៦ព្រឹកយើងចាកចេញពីបាងកក ឆ្ពោះទៅខេត្តស្រះបុរី។ មុនទៅដល់យើងបានទៅទទួលទានអាហារពេលព្រឹកនៅឯកន្លែងសំរាករថយន្ត។ ថ្ងៃនេះមនុស្សស្លៀកសំលៀកបំពាក់ពណ៌ក្រហម ព្រោះជារដូវកាលចូលឆ្នាំចិន។ ខ្ញុំខំសម្លឹងមើលអាមួយៗដែរ ហិហិ។ បន្ទាប់ពីទទួលទានអាហារពេលព្រឹករួច យើងបន្តរដំណើរទៅវត្តព្រះពុទ្ធបាទ (วัดพระพุทธบาท ราชวรมหาวิหาร สระบุรี – Wat Phra Phutthabat) ខេត្តស្រះបុរី ទៅដល់ប្រមាណម៉ោង ៩ព្រឹក។

1

ការពិតទៅខ្ញុំធ្លាប់មកទីនេះម្ដងហើយ កាលពីឆ្នាំមុន។ វត្តនេះមានការបន្សំគ្នារវាងប្រពៃណីចិន និងសាសនាព្រះពុទ្ធ ដ៏គួរឱ្យចាប់អារម្មណ៍។ មានអាស្រម អាគារសម្រាប់ពិធីសាសនាចិន មានការសែនព្រេន ដុតធូប ហុយទ្រលោមពេញហ្នឹង។ មានការផ្ដល់អាហារបួស ដោយឥតគិតថ្លៃដល់សាសនិកទាំងឡាយ ដោយមានពីរកន្លែង។ សាសនិកជនជាតិថៃ ខ្សែស្រលាយចិនមកធ្វើបុណ្យនៅទីនេះយ៉ាងច្រើនកុះករ។ និយាយដល់រូបខ្ញុំ ដុតធូបបួងសួងឧទ្ទិសកុសលដល់ប៉ាដែលទើបនឹងខូចថ្មីៗ 😦 រួចធ្វើបុណ្យដាក់បច្ច័យតាមសទ្ធា។ បន្ទាប់មកយើងដើរឆ្លងថ្នល់ទៅអាគារចិនមួយទៀត ដើម្បីទទួលទានអាហារ។ តាមផ្លូវមានអ្នកសុំទានជាច្រើន មិននឹកស្មានថានៅទីនេះសម្បូរអ្នកសុំទានដែរ។ កន្លែងទីពីរនេះ មានវិហារចិន មានការដុតធូបទានដូចកន្លែងទីមួយដែរ ព្រមទាំងមានការសំដែងម៉ុងសាយ។

2

2

3

ដើរចូលអាគារមួយ រួចទៅដល់រោងផ្ទះបាយ ពួកយើងបានហូបបាយជាមួយម្ហូបបួស រួចបរិច្ចាគប្រាក់មួយចំនួនដល់ កិច្ចដ៏សប្បុរសនេះ។ ចេញពីវិហារចិន ខ្ញុំទៅមើលវិហារព្រះពុទ្ធសាសនាដែលកសាងលើកូនភ្នំក្បែរនោះ តែពុំបានសំពះព្រះធ្វើបុណ្យព្រោះមនុស្សច្រើនពេក បានតែថតរូបទុកជាភស្តុតាង ពីរទៅបីសន្លឹក។ បន្ទាប់មកយើងបានក៏បានចាកចេញពីខេត្តស្រះបុរី រួចធ្វើដំណើរសំដៅទៅខេត្តលុបបុរី។

ម៉ោងប្រហែល១២ ថ្ងៃត្រង់ យើងបានមកដល់វត្តវង់ព្រះចន្ទ (วัดวงพระจันทร์ – Wat Khao Wong Phrachan)។ តាមផ្លូវមុននឹងជិតមកដល់វត្ត យើងបានឃើញព្រះពុទ្ធរូបដ៏ធំមួយអង្គសាងលើភ្នំ មានពណ៌មាសឆ្អិនឆ្អៅ។

11

1

4

អ៊ំម្ចាស់ផ្ទះបានប្រាប់ខ្ញុំថា ពីមុនទីនេះគឺសុតតែជាព្រៃ មានព្រះសង្ឃជាច្រើនអង្គ និមន្តមកធុត្តុងនៅទីនេះ។ ចុះពីឡានម្ចាស់ផ្ទះរៀបចំអង្ករ ឱ្យខ្ញុំពីរថង់ប្រមាណ១គីឡូ ចៅប្រុសគាត់ពីរនាក់ម្នាក់១គីឡូដូចគ្នា ដើរឡើងភ្នំ រួចធ្វើបុណ្យនៅលើកំពូលភ្នំ។ ថ្ងៃក្ដៅក្រហែង បន្ទាប់លាបឡេការពារកំដៅថ្ងៃរួច (មិនមែនរបស់ខ្ញុំទេ របស់ចៅប្រុសម្ចាស់ផ្ទះ) យើងផ្តើមដើរឡើងភ្នំ។ តំបូងខ្ញុំគិតថាមិនខ្ពស់ទេ ព្រោះគិតថាយើងឡើងភ្នំដែលមានរូបសំណាក់ព្រះពុទ្ធ តែវាមិនមែនជាការពិតទេ ព្រោះភ្នំខ្ពស់មួយទៀតកំពុងរង់ចាំ។ ដើម្បីទៅដល់កំពូលភ្នំ យើងត្រូវដើរ ៣៧៩០កាំ ដើរដំបូងៗសប្បាយៗ ដល់កាំ ២០០០ ខ្ញុំចាប់ផ្តើមហត់ ញ័រជើង ព្រមអាកាសធាតុដ៏ក្ដៅផង។

2

សង្រ្គាមចិត្តបានកើតឡើង ខ្ញុំគិតថាចង់ចុះចាញ់ម្ដងៗទៅហើយ តែទោះយ៉ាងណាក៏នៅតែស៊ូ។ ទោះបីក្ដៅ តាមផ្លូវឡើងមានកូនហាងតូចៗលក់ភេសជ្ជៈផ្សេងៗសម្រាប់អ្នកដំណើរ។ ដល់កាំ ៣០០០ ខ្ញុំហត់ឡើងចង់អស់មែនទែន ខ្ញុំទើបដឹងថាខ្លួនឯងនេះអាយុច្រើនណាស់ហើយ រាងកាយឱ្យសញ្ញា ម្យ៉ាងក៏ដោយសារខ្ញុំមិនដែលទៅហាត់ប្រាណមួយឆ្នាំជាងទៅហើយ។

6

5

ជាចុងក្រោយខ្ញុំក៏បានទៅដល់កំពូលភ្នំ។ កំពូលភ្នំនេះ គ្មានអីគួរឱ្យចាប់អារម្មណ៍នោះទេ មានស្លាកសញ្ញាមួយសរសេរថា ទីបំផុតអ្នកក៏ធ្វើបាន ៣៧៩០កាំ។ សំរាកបន្ទិចយើងយកអង្ករទៅធ្វើបុណ្យ លើកំពូលភ្នំនេះក៏មានអាហារបួសមិនគិតថ្លៃផងដែរ។ ខ្ញុំបានធ្វើបុណ្យ ធ្វើសង្ឃៈទាន ឧទ្ទិសដល់ប៉ា។ ខាងលើនេះមានសំណាក់ព្រះពុទ្ធរូប មានរូបព្រះម៉ែគួនអ៊ីម មានរូងភ្នំតូចមួយ ខ្ញុំបានចូលទៅមើល តែពុំមានអីទេ មានតែរូបសំណាក់សម្រាប់បូជាមួយចំនួន។ ដោយប្រើថាមពលច្រើនក្នុងការឡើងភ្នំ ខ្ញុំបានទៅទទួលទានបបរបួសឥតគិតថ្លៃមួយកូនចាន។

7

8

ក្រោយមកខ្ញុំក៏បានដើរចុះមកវិញ លើកំភួនជើងខ្លាំងណាស់។ ដល់ឡានម្ចាស់ផ្ទះទិញបាយថ្ងៃត្រង់ឱ្យខ្ញុំមួយប្រអប់ ហូបឡើងឡានរួចយើងធ្វើដំណើរមកបាងកកវិញ។ មកដល់ផ្ទះវិញម៉ោងប្រហែល ៧ ជាងយប់។

12

ដំណើរកម្សាន្តទៅកាន់ប្រទេសឡាវ ខែវិច្ឆិកា 15, 2022

Posted by ភារម្យ in ទេសចរណ៍, អំពីភារម្យ.
3 comments

ដំណើរកម្សាន្តនេះ ជាដំណើរកម្សាន្តលើកទី១ក្នុងជីវិតខ្ញុំទៅកាន់ប្រទេសឡាវ ដែលមានរយៈចម្ងាយប្រមាណ ៦៥០ គ.ម ពីក្រុងបាងកករាជាណាចក្រថៃ ទៅកាន់ក្រុងវៀងចន្ទន៍សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ (ភាសាលាវ៖ ສາທາລະນະລັດປະຊາທິປະໄຕປະຊາຊົນລາວ)។ ដំណើរកម្សាន្តលើកនេះ មានសមាជិក ៣ នាក់ ទីមួយខ្ញុំ ទីពីីរមិត្តខ្ញុំរៀននៅសកលមហិដុន និង ទីបីសិស្សប្អូនម្នាក់រៀននៅសាកលវិទ្យាល័យបច្ចេកវិទ្យាឃីងមង្គុតធនប៊ុរី គាត់ទាំងពីរជាបេក្ខភាពបណ្ឌិត ខណៈខ្ញុំចប់បានមួយឆ្នាំហើយ។ ការធ្វើដំណើរលើកនេះ ខ្ញុំទទួលបន្ទុកសិក្សា រៀបគំរោង (ប្រឹក្សាជាមួយសមាជិកទាំងពីីរ) និងដំណើរការឯកសារ ពីរនាក់ទៀតឆ្លាស់គ្នាបើកបរ ដោយយើងសម្រេចចិត្តយករថយន្តផ្ទាល់ខ្លួនចូលប្រទេសឡាវ។ នាថ្ងៃទី ១១ តុលា ឆ្នាំ២០២២ ពេលល្ងាចខ្ញុំចេញពីធ្វើការ ខ្ញុំជិះឡានក្រុងទៅឈប់នៅវិមានរំលឹកអនុស្សាវរីយ៍ កណ្តាលក្រុងបាងកក (Victory Monument) ជាកន្លែងដែលសមាជិកមកផ្តុំគ្នា សិស្សប្អូនមកដល់មុុន មិនយូរប៉ុន្មានមិត្តខ្ញុំរៀននៅសកលមហិដុន បានបើកឡានមកយក ដំណើរកម្សាន្តចាប់ផ្តើមត្រង់នេះ។

តាមគម្រោង យើងធ្វើរដំណើរពេលយប់ រួចឈប់សំរាកនៅខេត្តមហាសារៈខាម ឬ ខនកេន។ យើងធ្វើដំណើរកាត់តាម អយុធ្យា សារៈបុរី រួចកាត់តាម នគររាជសីម៉ា ទើបទៅដល់ខនកេន ដោយសំរេចរើសយកខេត្តខនកេន ជាកន្លែងសម្រាប់សំរាកយប់នេះ។ ល្ងាចនោះនៅតាមផ្លូវ ខ្ញុំបានរៃអង្គាសលុយសមាជិកទាំងអស់ មកដាក់ជាថវិការួមដើម្បីចំណាយ យើងឈប់បរិភោគអាហារពេលល្ងាច ព្រមចាក់សាំងឡាន។ ធ្វើដំណើរពេលឈប់ ផ្លូវទូលាយ ធ្វើដំណើរបានលឿន ការពិតពួកយើងបានវិភាគ និង សិក្សារួចមកហើយលើបញ្ហានេះ។ ម៉ោងប្រមាណ ២ ភ្លឺ ពួកយើងធ្វើដំណើរមកដល់ ខនកេន អ្វីដែលគួរឱ្យអស់សំណើចនោះគឺ យើងចូលលេងក្លឹប ផឹកបៀ ស្តាប់តន្រ្តី មុនដើររកសណ្ឋាគារដេក ហាហា នេះហើយជិវិត! ម៉ោង៣កន្លះទៀបភ្លឺ ខណៈកំពុងក្រេបបៀត្រជាក់ៗក្នុងក្លឹប យើងកក់សណ្ឋាគារបានតាមអ៊ីនធើណេតបានសំរេច ចេញពីក្លឹបយើង ចុះឈ្មោះចូលសម្រាកក្នុងសណ្ឋាគារ។ ខ្ញុំបង្គាប់ឱ្យសមាជិកទាំងអស់ ជួយគ្នាបំពេញឯកសារសំខាន់ៗមានដូចជា Re-entry វីសា ឯកសារនាំរថចេញពីប្រទេសថៃ និង ចូលប្រទេសឡាវជាដើម។ ពួកយើងបំពេញទាំងស្រវឹង និងងងុយ បំពេញរួចម៉ោងប្រហែល ៤ កន្លះភ្លឺ ថ្ងៃ១២ តុលា ២០២២។ ម៉ោង ១០ព្រឹក ពួកយើង checkout ពីសណ្ឋាគារ យើងទៅហូបអាហារពេលព្រឹក (មិនច្បាស់ថាអាហារពេលព្រឹក ឬ ថ្ងៃត្រង់) នៅខនកេន រួចឆ្លៀតទៅ Home Pro ដើម្បីទិញថ្មសោឡាន។ តាមផ្លូវមានកន្លែងខ្លះគេកំពុងជួសជុល ម៉ោងប្រហែល ១ កន្លះរសៀល យើងបានមកដល់ទឹកដីខេត្តណងខាយ យើងឈប់សំរាកហូបបាយថ្ងៃត្រង់នៅទីនេះ យើងហៅអាហារអ៊ីសាន ញ៉ាំមួយទំហឹងមនុស្សចាស់។ ម៉ោងប្រហែលជា៣កន្លះ យើងបានមកដល់ព្រំដែនថៃ-ឡាវ ច្រកណងខាយ អ្វីដែលអង្រួនដួងចិត្តពួកយើងនោះ គឺនារីថៃ-ឡាវអ្នកដំណើរឆ្លងព្រំដែន ស្រស់ស្អាតខ្លាំងណាស់ ស្ទើតែធ្វើអោយពួកយើងភ្លឹកស្មារតី ហាហា ពួកយើងចាប់ផ្តើមដំណើរការឯកសារផ្សេងៗ។ ដំបូង Re-Entry វីសា ដោយសារពួកយើងកាន់វីសាថៃ ដូចនេះរាល់ពេលដែលលពួកយើងចាកចេញពីប្រទេសថៃ ដើម្បីអោយវីសាយើងមានសុពលភាព តម្រូវអោយពួកយើងធ្វើ Re-Entry អ្នកមករៀនថៃគ្រប់គ្នា ប្រកដជាយល់ច្បាស់លើបញ្ហានេះ។ យើងបង់ម្នាក់ ១០០០បាត ដោយយើងបានត្រៀមឯកសារមកគ្រប់ចំនួន ដូច្នេះដំណើរការនេះមិនស៊ីពេលច្រើននោះទេ។ បន្ទាប់មកយើងរត់ឯកសារឡាន ដំបូងត្រូវទៅសុំ QR Code វាយលើលិខិតឆ្លងដែនឡាន (ឡានតម្រូវឱ្យមានលិខិតឆ្លងដែនដូចមនុស្សដែរ ប្រទេសថៃព័ណ៌ស្វាយ) រួចបំពេញឯកសារទាក់ទងការនាំរថចេញ (Information of Conveyance) ចុងក្រោយបំពេញឯកសារ ព័ត៌មានអ្នកបើក និង អ្នកដំណើរ។ ពួកយើងរត់ទៅរត់មកពេញហ្នឹង ព្រោះវាជាលើកទី១ ម្យ៉ាងដោយសារខ្ញុំបានសិក្សាព័ត៌មានមកច្រើនគួរសមដែរ ជាហេតុធ្វើឱ្យដំណើរការគ្រប់យ៉ាងលូន រហូតដល់វគ្គត្រួតរថ (ត្រូវបើកកញ្ចក់ឡានទាំងអស់ ដើម្បីឱ្យមន្ត្រីគេអាចឃើញខាងក្នុងឡានបាន) ចុងក្រោយបង់ប្រាក់ឆ្លងស្ពានមិត្តភាពថៃ-ឡាវ (International Friendship Bridge 1) ២០បាត។

ម៉ោង ៤កន្លះល្ងាច យើងបើករថយន្តផ្ទាល់ខ្លួនរបស់យើងចូលទឹកដីឡាវដោយជោគជ័យ ខ្ញុំមានអារម្មណ៍រំភើបពេលដែលបានឃើញរូបភាពតាមដងផ្លូវ ក្នុងចិត្តខ្ញុំស្រម៉ៃដល់ រូបភាពមនុស្សម្នាក់ដែលហ៊ានឆ្លងព្រំដែន Comfort Zone របស់ខ្លួន ឆ្ពោះទៅកាន់ស្ថានទីដែលថ្មីៗ ពោលគឺ Learning Zone នោះឯង តែៗៗៗៗៗ នៅ! នៅរត់ឯកសារខាងឡាវមួយវគ្គទៀត។ ការបើកបរនៅថៃតម្រូវឱ្យបើកខាងឆ្វេង មកដល់ឡាវត្រូវបើកខាងស្តាំ។ តំបូងពួកយើងត្រូវដើរទៅរកទូរ Smart VAT ដើម្បីបំពេញព័ត៌មានរថយន្ត រួចធ្វើការបង់ប្រាក់។ បន្ទាប់មកយើងបំពេញឯកសារប័ត្រចេញចូលប្រទេសឡាវ រួបរួមឯកសារទាំងអស់ដាក់ឱ្យប៉ូលីសឡាវ រួចគាត់វាយត្រាលើលិខិតឆ្លងដែនយើងទាំងបីនាក់ ខាងមន្ត្រីឡាវចេញឯកសារមួយច្បាប់ទៀតទាក់ទងនិងតារាងអ្នកដំណើរ ដើម្បីឱ្យយើងបំពេញ បំពេញរួច រួបរួមវាជាមួយវិក្ក័យបត្រ Smart VAT យើងដើរទៅកាន់រថយន្តយើង ហើយបើកវាកាត់ដានត្រួតឡាវ បង្ហាញឯកសារដល់មន្ត្រី ដោយរថយន្តត្រូវបើកបង្អួចទាំងអស់ ដើម្បីមន្ត្រីឡាវអាចឃើញក្នុងឡានយើង គ្រប់យ៉ាងដំណើរការយ៉ាងរលូន ម៉ោង៥កន្លះល្ងាច យើងអាចបើកឡានក្នុងទឹកដីឡាវជាផ្លូវការបាន។

ក្រោយមកពួកយើងបានប្តូរលុយថៃបាតទៅគីបឡាវ (១បាត = ៤៩០ គីបនាពេលនោះ) ពួកយើងទិញស៊ីមកាតឡាវមួយ ដើម្បីបើកមើល GPS រកផ្លូវធ្វើដំណើរទៅក្រុងវៀងចន្ទន៍ មានលួចសួរតម្លៃបៀឡាវទៀត ហិហិ។ ក្នុងចិត្តរំភើបតិចតួចដែរ ព្រោះវាជាលើកទីមួយចូលប្រទេសឡាវ សង្កេតឃើញថា ខ្ញុំអាចប្រើភាសាថៃសន្ទនាជាមួយបងប្អូនឡាវបាន ដោយពួកយើងយល់គ្នា ពុំចាំបាច់ប្រើភាសាអង់គ្លេស (ខ្ញុំចេះថៃ និង អង់គ្លេស)។ តាមដងផ្លូវនាពេលរាត្រី ខ្ញុំមានអារម្មណ៍ថា វាស្រដៀងទៅហ្នឹងស្រុកខ្មែរដែរ។ ម៉ោង ៦ កន្លះល្ងាច យើងបានមកដល់ក្រុងវៀងចន្ទន៍ បន្ទាប់ពី Checking ផ្ទះសំណាក់រួច (កក់តាំងតែពីនៅបាងកកតាម Booking.com ហើយចង់ប្រាប់ថាពិភពលោកអោយបានដឹងថា បុគ្គលិកស្អាត និយាយឡាវពីរោះ ហិហិ លង់) ពួកយើងចេញក្រៅ ដើររកកន្លែងដើម្បីទទួលទានអាហារពេលល្ងាច ដើរទៅដើរមក ដើរកាត់ម៉ាតមួយ ឆ្លៀតមើលប្រភេទនិងតំលៃស្រាបៀឡាវ ជាចុងក្រោយហូបអាហារតាមដងផ្លូវដដែល បុកល្ហុង ឡាប សាច់អាំង ខ្ញុំរត់ទៅទិញបៀឡាវមកបីកំប៉ុងនៅម៉ាត មកផឹកតេសៗកំដរបរិយាកាស ភ្លៀងក៏រលឹមធ្លាក់ស្រិចៗមកទៀត ក្បែរៗតុរក៏មាននិស្សិតស្រីឡាវមកអង្គុយញ៉ាំក្បែរៗ ចង់តែទៅសួរពួកគាត់ថា អត់ទោសបាទ ចង់មានគូរជាជាតិខ្មែរទេបាទ? ហិហិ សិស្សប្អូនអ្នកសួរ! ម្តុំៗនេះសង្កេតឃើញថាមានសំរាមច្រើន តែបងប្អូនក្បែរនោះគាត់ប្រាប់ថា ឡាវទើបតែប្រារព្វពិធីបុណ្យអ្វីម្យ៉ាងរួច បណ្តាលឱ្យសល់សំរាមបែបនេះ។ និយាយពីផ្ទះសំណាក់យើង នៅទល់មុខវត្តមួយ ពេលជិះមកតំបូងដោយវត្តបើកភ្លើងច្រើនព៌ណពេក មិត្តខ្ញុំច្រឡំថាក្លឹប ហិហិ ត្រលប់មកផ្ទះសំណាក់ពួកយើងសំរាកបន្ទិច ងូតទឹករួច ដល់ពេលដើរលេងយប់ យ៉េៗៗៗៗៗ ម៉ោង ១០កន្លះយប់ យើងទៅលេង ម៉ាកធូ (Mark Two) ហៅបៀឡាវដបមកញ៉ាំ ស្តាប់តន្រ្តីឡាវ តែគាត់ច្រៀងតែបទថៃ។ ខ្ញុំចង់បានបរិយាកាសបែបឡាវៗ មិនមែនថៃៗបែបនេះ តែក៏ពិបាកថាដែរ បងប្អូនឡាវគាត់ថាវាជារៀងធម្មតាទៅហើយនៅស្រុកឡាវ។ ម៉ោង ១២ កន្លះយប់យើងចូលក្លឹប នៅម៉ាកធូដដែល ខ្ញុំផឹកបៀឡាវអស់ច្រើនណាស់ រហូតម៉ោង ២យប់ជាងទើបយើងត្រលប់មកផ្ទះសំណាក់វិញ។

ព្រឹកថ្ងៃ ១៣ តុលា ២០២២ ម៉ោង ១០ព្រឹក រៀបចំរួចរាល់ពួកយើង Checkout ផ្ទះសំណាក់ ជម្រាបលាបុគ្គលិកដ៏គួរឱ្យស្រលាញ់ មិនដឹងថ្ងៃណាបានជួបនាងទៀត ហិហិ ពួកយើងមានគម្រោងទៅដើរលេងទ្វារជ័យជាកន្លែងតំបូង យើងចតរថតាមដងផ្លូវក្បែរទ្វារជ័យ រួចដើររកអាហារថ្ងៃត្រង់ញ៉ាំ មានកន្លែងមួយសម្បូរបុគ្គលិកធ្វើការជនជាតិឡាវចូលចិត្តមកជាលក្ខណៈ local យើងក៏សម្រេចចិត្តថាសាកល្បងដែរ។ យើងហៅអាហារឡាវមកញ៉ាំពិសេសគឺ បាយដំណើប ឡាបត្រី ឡាបសាច់គោ ស្ងោអ្វីម្យ៉ាង។ ខណៈកំពុងញ៉ាំ ខ្ញុំក៏បានសង្កេតមើល វិធីជីវិតប្រចាំថ្ងៃរបស់បុគ្គលិកជនជាតិឡាវ។ គិតលុយរួច យើងទៅលេងទ្វារជ័យ ចតឡានក្បែទ្វារជ័យ យើបានថតរូបលេង ដើរមើលបរិយាកាស សិស្សប្អូនជួយទិញអាវយឺតប្រទេសឡាវមួយ សង្កេតឃើញថាសម្បូរជនជាតិថៃមកលេងជាច្រើន ខ្ញុំបានជួយថតរូបយាយតាមួយគូរ ចៃដន្យទូរស័ពគាត់អស់ម៉េម៉ូរី។ យើងបន្តរដំណើរទៅកាន់វត្តព្រះធាតុហ្លួង នៅកន្លែងលក់សំបុត្រ មានលោកតាចំណាស់ម្នាក់ជាអ្នកលក់សំបុត្រ គាត់ឱ្យបង់លុយតែពីរ ចំលែកត្រង់ថាយើងមកគ្នាបីនាក់ ។ ដើរទស្សនារួច ថតរូបរួច ចូលបន្ទប់ទឹករួច ចេញមកវិញពួកយើងបានសន្ទនាជាមួយបងប្អូនឡាវ ជាអ្នកលក់ស៊ីមកាត ពួកគាត់គ្មានបំណងមកលក់ដូរនៅទីនេះទេ ពួកគាត់គ្រាន់តែមកសំរាកនៅក្បែៗវត្តព្រះធាតុហ្លួងនេះ ពួកយើងសាកសួរពួកគាត់ពីនេះពីនោះ មិិត្តខ្ញុំសួររឿងក្លឹបរាត្រីដែលជានជាតិឡាវចូលចិត្តទៅលេង ^^ ឯខ្ញុំនិងសិស្សប្អូនជួយទិញស៊ីមពួកគាត់ម្នាក់មួយៗ។ ចេញពីទីនោះ ពួកយើងបើកឡានចេញទៅជាយក្រុង ដើម្បីទៅលេងវត្តមួយ ដែលបងប្អូនអ្នកលក់ស៊ីមកាតគាត់បានណែនាំ តែផ្លូវលំបាករលាក់ តែទីបំផុតយើងក៏បានទៅដល់ តែវត្តពុំសូវស្អាតទេ។ ចេញពីវត្តជាយក្រុង យើងទៅយកសិស្សប្អូន២នាក់ទៀត ដែលគាត់ធ្លាប់រៀននៅថៃ ហើយមកធ្វើការនៅវៀងចន្ទន៍នេះ។ គាត់ជាកូនភ្លោះ ហើយថ្ងៃនេះជាថ្ងៃកំណើតរបស់ពួកគាត់ផងដែរ ពួកយើងបានទៅញ៉ាំអាហារនៅភោជនីដ្ឋានមួយនៅកណ្តាលក្រុង ខ្ញុំជូនអំណោយថ្ងៃខួបពួកគាត់ ម្នាក់សៀវភៅមួយក្បាល។ បន្ទាប់ពីញ៉ាំអាហារពេលល្ងាចជុំគ្នារួចមក ពួកយើងជូនពួកគាត់ទៅផ្ទះ រួចយើងបន្តររកសណ្ឋាគារសម្រាប់គេងយប់នេះ។ តាមរយៈអ៊ីនធើណេត ខ្ញុំកក់បន្ទប់សណ្ឋាបាន បន្ទាប់ពី Check-in រួច យើងសំរាកបន្ទិច ម៉ោងប្រហែល១០យប់ បិសាចរាត្រីចេញដើររាតត្បាតទៀតហើយ ហាហា ពួកយើងទៅផឹកបៀ ស្តាប់តន្ត្រី នៅហាងមួយឈ្មោះថា តាំងឡាក់។ ម៉ោងប្រហែល ១២យប់ ចេញពីតាំងឡាក់ ដោយមានការណែនាំពីបុគ្គលិកទីនោះ យើងទៅលេងក្លឹបឈ្មោះថា ដុតទ័រ អូស្កា តែពួកយើងមានអារម្មណ៍ថា គ្រប់យ៉ាងថ្លៃខុសធម្មតា ម៉ឺនុយក៏អក្សរចិនទៀត ពួកយើងក៏បានចាកចេញពីទីនោះ ត្រលប់មកសណ្ឋាគារវិញ។

ព្រឹកថ្ងៃ ១៤ តុលា ២០២២ ពួកយើង Checkout ពីសណ្ឋាគារ រួចទៅញ៉ាំអាហារថ្ងៃត្រង់នៅកន្លែងម្សិលមិញ ពោលគឺកន្លែងដដែល ក្បែរៗទ្វារជ័យ។ ថ្ងៃនេះយើងមានគម្រោងទៅលេងវាំងវៀង។ អាហារដែលពួកយើងហៅ មានបុកល្ហុងឡាវ គុយទាវឡាវមិនដាក់សរសៃមី សាច់អាំង បាយដំណើប ។ល។ ដោយពួកយើងត្រូវចាំ សិស្សប្អូនពីរនាក់ទៀត ចេញពីធ្វើការដើម្បីទៅវាំងវៀងជាមួយគ្នា ដូច្នេះពួកយើងសម្រេចចិត្តថា ទៅផឹកកាហ្វេដើម្បីសំរាករង់ចាំពួកគាត់ រួចក៏ដើររកហាងកាហ្វេ។ មកដល់ហាងកាហ្វេមួយ ទីនោះមានក្មេងស្រីជំទង់ជាច្រើន ខណៈរង់ចាំនៅហាងកាហ្វេនេះ ដួងនេត្រាខ្ញុំបានជំពប់លើបុប្ផាឡាវមួយទង អ្វីដែលហួសចិត្តនោះគឺ នាងមានអាយុត្រឹមតែ១៤ឆ្នាំប៉ុណ្ណោះ អាចធ្វើជាកូនស្រីខ្ញុំបាន ហាហា ក្តីស្រម៉ៃរលំរលាយ! ម៉ោង ៤ កន្លះ យើងប្តូរហាងកាហ្វេទៅ ហាង Amazon ក្បែរកន្លែងសិស្សប្អូនភ្លោះធ្វើការ ខ្ញុំកម្មង់សូកូឡេតមួយកែវ បង់ប្រាក់ជាលុយបាត លុយគីបដាច់ស្តុកអស់ហើយ។ ៥ល្ងាចពួកយើងចាកចេញពីវៀងចន្ទន៍ ធ្វើដំណើរឆ្ពោះទៅវាំងវៀង តាមផ្លូវហាយវេហ៏ ផ្លូវល្បើនលឿនរបស់ឡាវ សាងសង់ដោយប្រទេសចិន។ មុនចាកចេញយើងទិញបាយដំណើប សាច់គោអាំងតែស្វិតបន្ទិច តាមដងផ្លូវ ញ៉ាំជាអាហារពេលល្ងាចលើឡាន។ ដល់វាំងវៀង GPS នាំផ្លូវទៅរកកន្លែងស្នាក់ខុស ទាល់តែពួកយើងខលសួរម្ចាស់ផ្ទះសំណាក់ រួចគាត់ជិះម៉ូតូមកយកយើង ទើបយើងទៅដល់ផ្ទះសំណាក់ជាស្ថាពរ។ កន្លែងយើងស្នាក់ វាជាផ្ទះថ្មចាស់ៗ ខាងមុខយើងអាចមើលឃើញភ្នំ មានទឹកហូរ សរុបមកកន្លែងយើងស្នាក់ពុំសូវស្អាតប៉ុន្មានទេ មានធូលីច្រើន តែសំខាន់គឺតម្លៃថោក ជនជាតិបរទេស្នាក់នៅច្រើន។ តំបូងយើងគិតថាគេងរួមគ្នា តែបន្ទាប់ពីពិនិត្យមើលបន្ទប់រួច ជាបន្ទប់គ្រួសារមានគ្រែ ៥ ខ្ញុំមានអារម្មណ៍ថា មិនសូវសាកសមសម្រាប់សិស្សប្អូនភ្លោះ ព្រោះទ្វារបន្ទប់ទឹកមានបញ្ហា ពួកគាត់ជាស្រី វាមិនសូវសមនិងកុំឱ្យមិនស្រណុកចិត្ត ពួកយើងសម្រេចចិត្តកក់បន្ទប់មួយទៀតសំរាប់ពួកគាត់។ អាកាសធាតុនៅទីនេះ ផ្តើមចុះត្រជាក់ បន្ទាប់ពីសំរាកបន្ទិចមក ពួកយើងដើររកអីញ៉ាំ និង ដើរមើលបរិយាកាសពេលរាត្រីនៅវាំងវៀង ពួកយើងញ៉ាំហ្វឺឡាវ នៅហាង local មួយកន្លែង បន្ទាប់មកដើររកកន្លែងញ៉ាំបៀជជែកគ្នាលេង ហាងតំបូងដែលយើងចូល បរិយាកាសហាក់ដូចនៅស្រុកចិន ហិហិ អង្គុយបានបន្តិច ម្យ៉ាងដោយពុំទាន់បានកម្មង់អាហារ ពួកយើងសម្រេចចិត្តដូរហាង ហាងចុងក្រោយអ៊ូអរល្មម សម្រួលឱ្យយើងអាចជែកគ្នាលេងបាន យើងហៅបៀឡាវពីរបីប្រភេទមកសាក ក្រោយមកយើងទៅហាងម៉ាស្សា លើកតំបូងម៉ាស្សានៅឡាវ ខ្ញុំជាមនុស្សដែលធម្មតាៗជាមួយរឿងម៉ាស្សា ខ្ញុំមានឧកាសបានសំភាសបុគ្គលិកម៉ាស្សាពីនេះពីនោះជាភាសាថៃ ជាចុងក្រោយពួកយើងត្រលប់មកកន្លែងស្នាក់វិញដោយសុវត្ថិភាព។

ព្រឹកថ្ងៃ ១៥ តុលា ២០២២ ពួកយើង Checkout ពីកន្លែងស្នាក់។ ពេលព្រឹកសិស្សប្អូនភ្លោះគាត់ទៅដើរលេងផ្សារនៅតំបន់នេះ ជាផ្សារបែប Local គាត់ទិញនំប៉័ងសាច់ឡាវ និង ទឹកសណ្តែកឱ្យពួកយើងជាអាហារពេលព្រឹក។ នៅទីនេះប្រជាជនក្រាលកន្ទេល លក់ទំនិញតាមចិញ្ចើមថ្នល់។ ខ្ញុំបានថតរូបទេសភាពនាព្រឹកព្រលឹម រួចថតវីឌីអូសម្ភាសសមាជិកគ្រប់រូបផងដែរ ទុកជាអនុស្សាវរីយ៏។ លើឡាន បន្ទាប់ពីពិភាក្សាគ្នារួច ពួកយើងសម្រេចចិត្តថាទៅលេង ណាមសៃ (Nam Xay Viewpoint)។ តាម GPS វានាំទៅផ្លូវដែលគេបិទ បន្ទោសវាមិនបានទេ កំហុសគ្រប់យ៉ាងមកពីមនុស្ស យើងក៏ធ្វើដំណើរតាមផ្លូវផ្សេងទៀត ចុងក្រោយដល់ដូចគ្នា។ មុនដល់ណាមសៃ យើងឆ្លៀតឈប់ថតរូបទេសភាពស្អាតតាមផ្លូវ។ ណាមសៃជាភ្នំមួយដែលចោតខ្លាំង ពិបាកឡើង ពេលឡើង ខ្ញុំស្ទើរក្អួតម្ដងៗ កម្ពស់ប្រហែល ៣៥០ ម៉ែត្រប៉ុណ្ណោះ តែវាគ្រោះថ្នាក់ខ្លាំងណាស់នៅពេលភ្លៀងធ្លាក់ ហើយបង្កការលំបាកខ្លាំងដល់មនុស្សចាស់ ឬ មនុស្សធាត់ តែបើយើងជំនះឧបសគ្គ ហើយឡើងដល់កំពូលបាន នោះយើងនឹងទទួលបានរង្វាន់ដ៏ធំធេង ពោលគឺទេសភាពស្រស់ស្អាត ស្អាតខ្លាំងណាស់ សំលឹងទៅទីណាក៏ពណ៌បៃតង មាន Youtuber ជាច្រើនមកកន្លែងនេះ។ ហាយឡាយសំខាន់គឺ ម៉ូតូពីរគ្រឿងលើកំពូលភ្នំ ព្រមទង់ជាតិឡាវ ភ្លេចប្រាប់ថាត្រូវទិញសំបុត្រដើម្បីឡើងភ្នំ។ ចង់ប្រាប់ថានារីៗស្លៀកសំពត់ខ្លីៗលិចលើលិចក្រោមកុំឡើងអី ព្រោះមើលពីខាងក្រោមឃើញទាំងអស់ ដោយបំណងល្អទេបាទ! ដល់កំពូលភ្នំមានមនុស្សច្រើនកុះករ ពិសេសគឺជនជាតិថៃតែម្តង ខ្ញុំខ្មែរទេបាទ តាមផ្លូវឡើងយើងបានសន្ទនាជាមួយប្រជាជនថៃជាច្រើន។ យើងថតរូប ខ្ញុំព្យាយាមសម្លឹងមើលទេសភាពជុំវិញ ដើម្បីផ្តិតទុកក្នុងខួរក្បាលរបស់ខ្ញុំ និង ការចង់ចាំរបស់ខ្ញុំ។ ចុះពីភ្នំវិញប្រើពេលតិច មិនហត់ដូចកាលឡើងទេសម្រាប់ខ្ញុំ ចុះមកវិញពួកយើងទៅរកញ៉ំអាហារថ្ងៃត្រង់ នាហាងមួយតាមបណ្តោយស្ទឹង។ ស្ទឹងនេះទឹកត្រជាក់ យើងអាចជួលទូកមកចែវ ឬបណ្តែតពងតាមទឹកបាន។ ហៅអាហាររួច ពួកយើងហូបអាហារថ្ងៃត្រង់ដោយក្តីរីករាយ។ នៅវាំងវៀងមានប្លូឡាគូនទាំងអស់ចំនួន ៣ ដោយពេលវេលាមានដែនកំណត់ ពួកយើងសម្រេចចិត្តថាទៅលេងតែប្លូកាគូនទី៣ប៉ុណ្ណោះ ។តាមផ្លូវ រំលឹកដល់ស្រុកខ្មែរ ផ្លូវហុយ តែមានទេសភាពតាមបណ្តោយផ្លូវស្រស់ស្អាត ទេសចរណ៍ភាគច្រើន ជួលម៉ូតូកង់បួនជិះលេង ខណៈពួកយើងមានឡានហើយ ចាំបាច់អីអស់លុយថែមទេ។ ចុងក្រោយពួកយើងធ្វើដំណើរមកដល់គោលដៅ មានតែខ្ញុំទេដែលលេងទឹកនៅប្លូឡាគូន សមាជិកផ្សេងៗមិនចូលរួម បើមានគ្នាលេងច្រើន សប្បាយជាងនេះទ្វេរដង។ ប្លូឡាគូនទី៣នេះ ស្រដៀងស្រះហែលទឹក ហាហា ខ្ញុំលួចនោមដាក់ទឹកដែរ ហាហា សូរី អាម សូរី! ក្រោយពីប្តូរខោអាវសើម ជូតខ្លួនរួច ពួកយើងបានចាកចេញពីប្លូឡាគូន ត្រលប់មកក្រុងវៀងចន្ទន៍វិញ តាមផ្លូវល្បឿនលឿនដដែល តាមផ្លូវគឺដូចដើមស្ងាត់ៗ ពុំសូវមានរថយន្តធ្វើដំណើរទៅមកទេ។ មកដល់វៀងចន្ទន៍ពេលល្ងាច ពួកយើងទៅលេងមាត់ទន្លេមេគង្គ ម្ខាងថៃឯម្ខាងទៀតឡាវ យើងទៅមើលរូបសំណាក់ព្រះចៅអនុវង្ស (Chao Anouvong Statue) គាត់ចង្អុលទៅទឹកដីថៃ សង្ស័យក្រើនរំលឹកដល់ប្រជាជនឡាវទាំងឡាយថា នោះគឺអតីទឹកដីឡាវ។ ពួកយើងញ៉ាំអាហារពេលល្ងាចជាមួយគ្នាជាលើកចុងក្រោយ នាហាងមួយតាមមាត់ទន្លេ បន្ទាប់ពីនេះយើងបានជូនសិស្សប្អូនភ្លោះទៅកន្លែងស្នាក់របស់គាត់វិញ។

ល្ងាចថ្ងៃដដែល ពួកយើងត្រូវរកសណ្ឋាស្នាក់ម្ដងទៀត ព្រោះជាយប់ចុងក្រោយនៅវៀងចន្ទន៍ប្រទេសលាវ ហើយរកបានតាមរយៈអ៊ីនធើណេត។ បន្ទាប់ពី Check-in ហើយសំរាកបន្ទិច ខ្ញុំនិងមិត្តខ្ញុំរៀននៅមហិដុន សម្រេចចិត្តថាទៅលេងតាំងឡាក់ម្ដងទៀត ដើម្បីផឹកបៀ ស្តាប់តន្ត្រី នាឱកាសចុងក្រោយ។ ទៅតែពីរនាក់ទេ សិស្សប្អូនមិនបានទៅ ដោយត្រូវនៅអានមេរៀនប្រលងអនឡាញស្អែក។ ចេញពីសណ្ឋាគារ មិនទាន់ទៅដល់គោលដៅផង ប៉ូលីសឡាវឃាត់រថយន្តយើង សួររកឯកសារ ចង្រៃអីពួកយើងអត់ដាក់តាមខ្លួន ទុកនៅសណ្ឋាគារ ខ្ញុំមានរូបដែលបានថតទុកខ្លះ ខ្ញុំបានបង្ហាញទៅគាត់ តែគាត់មិនព្រម ដូច្នេះមិត្តខ្ញុំត្រូវបើកឡានទៅយកឯកសារនៅសណ្ឋាគារវិញ ខណៈខ្ញុំចង់ដឹងរបៀបធ្វើការប៉ូលីសឡាវ ខ្ញុំក៏សូមនៅអង្គុយចាំក្បែរគាត់ដើម្បីសង្កេត លទ្ធផលគឺដូចជាខ្ញុំគិតមែន ហិហិ បន្ទិចមកមិត្តខ្ញុំត្រលប់មកវិញជាមួយឯកសារ ប៉ូលីសក៏ធ្វើស៊ីពួកយើងមិនបាន ព្រោះយើងត្រឹមត្រូវគ្រប់យ៉ាងតាមផ្លូវច្បាប់។ ពួកយើងទៅតាំងឡាក់ដោយរីករាយ តែនៅលើឡានខ្ញុំគិតបារម្ភខ្លាចថា ប៉ូលីសឡាវផ្លុំមាត់វាស់ជាតិអាល់កុល តែក្រោយពីសាកសួរបងប្អូនឡាវ គាត់ថាប៉ូលីសឡាវពុំធ្វើដូច្នោះទេ ដូច្នេះខ្ញុំនិងមិត្តខ្ញុំអាចផឹកដោយសេរី ផឹកអោយលិចថ្លើ ហិហិពួកយើងកម្មង់បៀឡាវមកញ៉ាំ ក្រុមតន្រ្តីលេងបទថៃទៀតហើយ បទឡាវល្បីៗក៏មានច្រើនមិនខ្វះ មិនព្រមលេង។ យប់បន្ទិចពួកយើងក៏ត្រលប់មកសណ្ឋាគារវិញទាំងស្រវឹងជោគជាំ បិទគូថថ្ងៃចុងក្រោយ។ ព្រឹកឡើងសិស្សប្អូនប្រលងដល់ម៉ោង ១២ កន្លះថ្ងៃត្រង់ ម្ចាស់សណ្ឋាតាមមកសួរ យើងក៏ពន្យល់គាត់តាមហ្នឹង។ បន្ទាប់មកយើង Checkout រួច យើងទៅរកអាហារថ្ងៃត្រង់នៅកន្លែងដែលធ្លាប់ទៅដើម្បីទទួលទាន តែថ្ងៃនេះថ្ងៃសំរាកអ្នកលក់សំរាកដែរ យើងក៏ទៅតាឡាតសៅទៅបាយទីនោះ បាយរួចយើងដើររកទិញរបស់ផ្ងើរអ្នកស្រុកថៃ យើងទិញតែបៀឡាវ ហាហា ខ្ញុំទិញបៀឡាវខ្មៅតែពីរដបប៉ុណ្ណោះ ខ្ញុំហត់នឹងវប្បធម៌ផ្ងើរទៅផ្ងើរមកណាស់។ ជាចុងក្រោយយើងស្កាត់ជួបសិស្សប្អូនភ្លោះដើម្បីលាពួកគាត់មុនទៅបាងកកវិញ។

មកដល់ព្រំដែនឡាវ-ថៃ យើងចតឡានទុក រួចពួកយើងត្រូវដើរទៅរកទូរ Smart VAT ម្ដងទៀត ដើម្បីបំពេញឯកសារបន្ថែម បញ្ហាគឺយើងមិនដឹងថាត្រូវធ្វើដូចម្តេច សំណាងល្អមានមន្ត្រីឡាវប្រចាំការម្នាក់ មកជួយពួកយើង។ បន្តរមកយើងវាយត្រាលើលិខិតឆ្លងដែនចេញពីប្រទេស ពួកយើងប្រមូលផ្តុំឯកសារទាំងអស់ដែលទាក់ទងនិងរថយន្ត បង្ហាញទៅមន្ត្រីឡាវ គាត់អនុញ្ញាតិ្តអោយយើងទៅ ចុងក្រោយបើកឡានឆ្លងស្ពានមិត្តថៃ-ឡាវ ចូលស្រុកថៃវិញ។ ជម្រាបលាប្រទេសឡាវ ថ្ងៃក្រោយខ្ញុំប្រាកដជាមកលេងម្ដងទៀត។ មកដល់ខាងថៃ ពួកយើងត្រូវបំពេញសាលាកបត្រចូលខាងថៃ កាលជិះយន្តហោះមកនៅដនមឿង គេមិនតម្រូវឱ្យបំពេញទេ តែទីនេះមិនដឹងយ៉ាងមិចឱ្យបំពេញ ខ្ញុំឆ្ងល់ដែរ ក្រោយវាយត្រាលើលិខិតឆ្លងដែនចូលថៃរួច យើងបើកឡានឆ្លងចំណុចត្រួតពិនិត្យ មន្ត្រីថៃឆែករៀបរយ ក៏ឱ្យយើងទៅ យើងលាក់បៀក្នុងកាតាប ហាហា។ ចូលដល់ទឹកដីណងខាយ ពួកយើងត្រូវធ្វើដំណើរទៅបាងកកវិញ តែមិត្តខ្ញុំដែលរៀននៅមហិដុន ចង់ស្កាត់ជួបមិត្តគាត់ដែលមានគ្រួសារនៅអ៊ុដនថានី ព្រោះខានជួបគ្នាជាយូរមកហើយ ហើយយូរៗទើបមានឱកាសបានមកលេងម្តុំនេះ។ យប់ម៉ោង ៧-៨ យប់ យើងធ្វើដំណើរទៅដល់ផ្ទះគាត់ តាមផ្លូវយើងឆ្លៀតចូល ៧-១១ទិញបៀលីអូ ឯបៀឡាវទុកផឹកនៅបាងកក ហាហា។ យើងទទួលទានអាហារពេលល្ងាចជាមួយគាត់និងក្រុមគ្រួសារ។ ដំបូងពួកយើងចង់ទៅបាងកកទាំងយប់ តែដោយឥទ្ធិពលសុរា ហើយចៃដន្យស្រវឹងស្រឺងៗគ្រប់គ្នា ក្លាចប៉ូលីសថៃចាប់ផ្លុំមាត់ សម្រេចសំរួមរករ៊ីស៊តក្បែៗដើម្បីសំរាកយប់នេះ។ មកដល់ រ៊ីស៊ត ម្ចាស់ Resort មកជល់កែវ ផឹកបៀបន្តរជាមួយពួកខ្ញុំ ព្រមជជែកលែងជាមួយពួកខ្ញុំ មួយសន្ទុះក្រោយមក ពួកខ្ញុំក៏ស្រវឹងទៅដេក។ ព្រឹកឡើង ខ្ញុំពុំបានងូតទឹកទេ រូតរះ Checkout ចេញមក ខ្លាចមកដល់បាងកកយប់ ព្រោះត្រូវធ្វើការថ្ងៃស្អែក ។ ម៉ោង ៦-៧ ល្ងាចពួកយើងបានមកដល់បាងកកដោយសុវត្ថិភាព។ ដំណើរកម្សាន្តរយៈចម្ងាយប្រមាណ ១៣០០គីឡូម៉ែត្រ សូមបញ្ចប់ត្រឹមនេះបាទ៕

បោះតង់នៅប៉ាងវ៉ាន់ -ปางหวัน- Pangwan- ខេត្តរាជបុរី ខែមិថុនា 28, 2022

Posted by ភារម្យ in ទេសចរណ៍.
add a comment

ទៅលេងផ្សារទឹក ខ្លងឡាតម៉ាយុម (ตลาดน้ำคลองลัดมะยม) ខែមិថុនា 13, 2022

Posted by ភារម្យ in ទេសចរណ៍.
add a comment

ឡើង​ភ្នំអេ​វើ​រ៉េស ខែ​កុម្ភៈ 26, 2016

Posted by ភារម្យ in ចំណេះដឹងទូទៅ, ចំនេះដឹងប្លែកៗ, ទេសចរណ៍.
add a comment

ទើបតែមើលចប់រឿងហូលីវ៉ូដ ដែលមានចំណងជើងថា អេ​វើ​រ៉េស ពីតំបូងរាងធុញទ្រាន់បន្ទិច តែមើលយូរៗទៅ ក៏កើតមានអារម្មណ៏រំជើបរំជួលទៅតាមសាច់រឿង ដែលអង់គ្លេសគេថា Touch នោះ។ ហេតុនេះហើយ ខ្មាតក៏បានស្រាវជ្រាវបន្ថែម សរសេរជាអត្ថបទនេះ ដើម្បីអោយបងប្អូនដែលចង់ស្វែងយល់បន្ថែមពីការឡើង​ភ្នំអេ​វើ​រ៉េស បានជ្រួតជ្រាប។

និយាយដល់រឿងឡើងភ្នំអេ​វើ​រ៉េសវិញ ភាសានិយាយ ភាសាសរសេរ ស្តាប់ទៅដូចងាយៗ ចង់ឡើងភ្នំដែលខ្ពស់ជាងគេបំផុតលើលោក ដែលមានកំពស់ ៨ ៨៥០ម៉ែត្រ គិតចង់ឡើង ក៏ដើរតត្រុក ទៅដល់ជើងជើងភ្នំ រួចដើរឡើងយកតែម្តង សុំទោសមិនស្រួលអញ្ចឹងទេបាទ 😀 😀 ។ ក្រៅអំពីចំណង់ចំណូលចិត្តនៃការឡើងភ្នំ យ៉ាងហោចណាស់បងប្អូនត្រូវត្រៀមលុយយ់ាងតិច ក៏ 85000$ ដែរ ប្រាក់នេះទុកសំរាប់ការចំណាយលើ ថ្លៃការអនុញ្ញាត្តិពីអាជ្ងាធរ ថ្លៃឧបករណ៏ឡើងភ្នំនានា ថ្លៃអាហារ ហើយនឹងថ្លៃជួលក្រុមការងារ ដែលជួយនាំបងប្អូនឡើងភ្នំនេះដោយជោគជ័យ។ ក្រៅអំពីរឿងលុយកាក់មាសប្រាក់ បងប្អូនក៏ត្រូវត្រៀមខ្លួនអោយល្អដែរ ពោលគឹសុខភាពល្អ រាងកាយមាំមួន (គឺមាំមួនយកតាមែនទែនតែម្តង) ឬបើមិនអញ្ចឹងទេក៏ត្រូវហ្វឹកហាត់ឡើងភ្នំដែលមានកំពស់យ៉ាងហោចណាស់ក៏ពី ៤០០០ ទៅ ៥០០០ ម៉ែត្រដែរ បងប្អូនត្រូវហ្វឹកហាត់តស៊ូជាមួយនឹង កំលាំងទំនាញផែនដី គឺថាកន្លែងដែលមានអុកស៊ីហ្សែនតិចតួច ម្យ៉ាងទៀតគឺចង់អោយបងប្អូនសួរខ្លួនឯងថា ប្រសិនបើឡើងភ្នំនេះមែនទែន ហើយជួបស្ថានភាពដែលលំបាកជាងនេះ តើបងប្អូនហ៊ានឬមិនហ៊ាន?

អូខេ សំរេចថាបងប្អនព្រមទាំងចិត្ត ព្រមទាំងកាយ ឧបករណ៏ និងក្រុមការងារ តោះ!ចាប់ផ្តើមបេសកកម្មនេះ! តំបូងបងប្អូនត្រូវជិះយន្តហោះពី ក្រុងកាត់តាម៉ានឌុ (Kathmandu) រាជធានីទេ របស់ប្រទេសនេប៉ាល់ ប្រមាណ ៤៥ នាទី មកចុះនៅភូមិ លូក្លា (Lukla) ដែលតាំងនៅលើរយៈកំពស់ ២៨៥០ម៉ែត្រ។ ភូមិមួយនេះ គឺជាចំណុចចាប់ផ្តើម សំរាប់អ្នកទាំងឡាយដែលចង់ឡើងភ្នំអេ​វើ​រ៉េស រួចបន្តរដំណើរពីភូមិនេះ ឆ្ពោះទៅជើងភ្នំអេ​វើ​រ៉េស ឬអាចហៅថា Base Camp (BC)។ ការធ្វើដំណើរពីភូមិលូក្លា ទៅ Base Camp ប្រើពេលវេលាប្រមាណ ៩ ថ្ងៃ ក្រោមសីតុណ្ណភាព ០ អង្សា សូមធ្វើការបញ្ចាក់ច្រំដេលម្តងទៀតថា គឺ៩ ថ្ងៃ ៩ថ្ងៃជាមួយសីតុណ្ហភាព ០ អង្សា ដល់ត្រឹមតែជើងភ្នំទេចា 😀 😀 ។

1

ទៅដល់ Base Camp ដែលមានកំពស់ ៥៤០០ ម៉ែត្រ បងប្អូនត្រូវឈប់សំរាកទីនោះប្រមាណ ៧ ថ្ងៃគឺដើម្បីត្រៀមខ្លួន និង អោយរាងកាយសម្របខ្លួនទៅតាមបរិយាកាសជុំវិញ។ បន្ទាប់ពីនេះបងប្អូនត្រូវធ្វើដំណើរពី Base camp ទៅ Camp 1 (C1) ដែលមានកំពស់ ៦១០០ ម៉ែត្រ ប្រើរយៈពេល ៥ ម៉ោង។ តាមផ្លូវពី Base Camp ទៅ C1 បងប្អូននឹងបានជួបជាមួយបំណែកទឹកកករាប់រយ ដែលកប់នៅក្រោមព្រិលក្រាស់ៗ កុំបារម្ភបងប្អូននឹងស្គាល់វាកាន់តែច្បាស់ថែមទៀត ពេលបានទៅ។ តាមផ្លូវពី Base Camp ទៅ C1 បងប្អូនក៏ប្រាកដជាបានលឺរហូត នូវសំលេងលាន់រំពងដូចផ្គរលាន់ នោះគឺសំលេងនៃការបាក់ធ្លាក់រលំនៃបំណែកទឹកកក។ ពេលទៅដល់ C1 ហើយប្អូនត្រូវត្រលប់មកកាន់ Base Camp សារជាថ្មីវិញ រួចត្រូវសំរាកនៅ Base Camp ៧ថ្ងៃទៀត មុនហ្នឹងឡើងទៅ C1 ជាលើកទី២។

2

ដំណាក់កាលទី២ ត្រូវធ្វើដំណើរទៅ C1 ម្តងទៀតតែម្តងនេះ គឺឆ្លងកាត់ C1 ដើម្បីទៅអោយដល់ Camp 2 (C2) ដែលមានកំពស់ ៦៤០០ម៉ែត្រ។ សំរាកនៅ C2 ប្រមាណ ១ខែ រួចធ្វើដំណើរចុះមក Base Camp សារជាថ្មី ហើយសំរាកនៅ Base Camp 7 ថ្ងៃទៀត។ ចុះឡើងៗ បែបនេះគឺដើម្បីហ្វឹកហ្វាត់បងប្អុន នឹង ដើម្បីអោយរាងកាយបងប្អូនសម្របទៅបរិយាកាសជុំវិញខ្លួន មុនពេលជួបលក្ខខណ្ឌអាកាសធាតុដែលអាក្រក់ជាងនេះ។ គ្រប់ៗពេលដែលចេញធ្វើដំណើរ គឺដូចទៅហ្នឹងការលេងហ្គេម លេងដើម្បីឡើង Level ខ្លួនឯង។

3

ដំណាក់កាលទី៣ ក៏ធ្វើដូចមុនដែរ តែពេលនេះពី Base Camp ទៅ C1 (សំរាក ១០ នាទី) ឡើងទៅ C2 (សំរាក ១ ខែ) តរពីនេះ ឡើងទៅ Camp 3 (C3) ដែលមានកំពស់ ៦៨០០ ម៉ែត្រ ត្រូវសំរាកនៅទីនោះ ១ ខែទៀត។ ប្រាកដណាស់ ត្រុវចុះមក C2 > C1 > Base Camp ម្តងទៀត ម្តងនេះអ្នកឡើងភ្នំ អាចសួរសំនួរខ្លួនឯងថា តើបងប្អូនអូខេទេ បើត្រូវធ្វើដូចនេះម្តងហើយម្តងទៀត បើទ្រាំមិនបានទេ វេចបង្វិច ចោលលុយកាក់ ចោលក្តីស្រម៉ៃដែលមាននៅទីនេះ ចាកចេញទៅ ដើម្បីរក្សាជិវិតខ្លួនឯងអោយបានគង់វង្ស។

មុននឹងធ្វើដំណើរឡើងភ្នំដំណាក់កាលចុងក្រោយ បងប្អូនអាចនឹងស្នាក់នៅ Base Camp យូរជាងមុនប្រមាណ ៧ ទៅ ១០ ថ្ងៃ ឬយូរជាងនេះក៏បានតាមតែចិត្តបងប្អូន ព្រោះដំណាក់កាលចុងក្រោយនេះ បងប្អូនត្រូវឡើងភ្នំឆ្លងកាត់ C3 ដើម្បីទៅអោយដល់ Camp 4 (C4) ឬអាចហៅម្យ៉ាងទៀតបានថា តំបន់មរណៈ (Deathzone) បងប្អូនអនុញ្ញាត្តិអោយឈប់សំរាកនៅទីនេាះបានតែ ៤ ម៉ោងប៉ុណ្ណោះ។ ប្រសិនបើបងប្អូនអូខេ ហើយមានខ្យល់អុកស្សីហ្សែនគ្រប់គ្រាន់ មានន័យថា បងប្អូនអាចបន្តរដំណើរឡើងភ្នំទៀតបាន។ ក្រុមអ្នកឡើងភ្នំដែលនៅអូខេ អាច Summit ដល់កំពូលភ្នំដែលខ្ពស់ជាងគេលើលោកតាមក្តីស្រម៉ៃដែលមាន ហើយនឹងទទួលបានងារថាជា Everest Summiteer យ៉ាងមោទនភាព។

Summiteer ទាំងឡាយនឹងបានគយគន់ទេសភាពដ៏ស្រស់ត្រកាល ព្រមដោយមោទនភាព តែមិនយូរប៉ុន្មាន ត្រឹមមិនប៉ុន្មាននាទី អ្វីដែលគួរអោយខ្លាចបំផុតសំរាប់ រាល់អ្នកឡើងភ្នំអេ​វើ​រ៉េសទាំងឡាយ ក៏បានមកដល់។ សភាពរាងកាយដែលទន់ខ្សោយ ជាមួយនឹងកង្វះអុកស្សីហ្សែន ធ្វើអោយកាធ្វើដំណើររចុះមកវិញគឺជាសុបិន្តអាក្រក់បំផុត នៃភ្នំអេ​វើ​រ៉េសពិត វាអាចអោយមនុស្សម្នាក់បានត្រឹមតែឡើងទៅដល់ រួចនឺងនៅលើកំពូលភ្នំនេះរហូតទៅ គ្មានថ្ងៃចុះមកវិញបាន។ គ្រប់ៗអ្នកឡើង ១០ នាក់ នឹងមានម្នាក់ដែលត្រុវបញ្ចប់ជិវិតលើភ្នំនេះ ៥ ក្នុងចំណោម ៦ នាក់ប៉ុណ្ណោះ ដែលអាចចុះមកវិញ ដើមបីជប់លាងសារទជាមួយក្រុមគ្រួសារ។

ទៅលេងខេត្តកែប កំពត ឡើងភ្នំបូកគោ ខែ​ឧសភា 15, 2014

Posted by ភារម្យ in ចំណេះដឹងទូទៅ, ទេសចរណ៍, ប្រវត្តិខ្ញុំ, ពីនេះពីនោះ, អំពីភារម្យ.
add a comment

…ខែនេះសម្បូរថ្ងៃឈប់សំរាកច្រើន មិនថាខ្ញុំមិនថាបងប្អូនទេ ប្រហែលបានទៅដើរលេងបាក់ទឹកបាក់ដី ជាមិនខានទេ។ ខ្ញុំឯណេះវិញដើរលេង បានពីរថ្ងៃដែរ គឺថ្ងៃចន្ទ១២ និង ថ្ងៃអង្គារ ១៣ ឧសភា ដែលត្រូវចំថ្ងៃបុណ្យព្រះពុទ្ធសាសនា វិសាខបូជា និងបុណ្យចម្រើនព្រះជន្ន ព្រះមហាក្សត្រកម្ពុជាយើង។

ថ្ងៃចន្ទ ១២ ឧសភា ខ្ញុំចេញពីតាកែវពេលព្រឹក ធ្វើដំណើរ តាមរយៈ ម៉ូតូពីរនាក់បងប្រុស ឆ្ពោះទៅខេត្តកែប ទៅកម្សាន្តយកខ្យល់អាកាស បរិសុទ្ធសមុទ្រ តារារះនាទិសនារតី របស់យើង។ តាមគម្រោង ថាទៅលេង ភ្នំឆ្អោរ ពេលចេញពីកែប តែមិនដូចគម្រោងបានរៀប អត់បានចូលលេង ព្រោះពេលតិចពេក ចេញពីកែប ទៅដល់ទីរួមខេត្តកំពត រកផ្ទះសំណាក់ [ផ្ទះសំណាក់ខ្ញុំដេកឈ្មោះ យូរ ហេង] គេង ឆែកអ៊ីនរួច ដេកប៉ះជើងពីរនាក់បងប្រុស ទំរាំល្ងាចងងឹតបន្ទិច ជិះជុំវិញទីរួមខេត្តកំពត រួចរកកន្លែងញ៉ាំបាយល្ងាច។ បានល្ងាចរួច ចេញទៅផឹកបៀរ បងខ្ញុំផឹកស្រា ស្រវឹងសន្លប់ឈឹង យ៉ាប់ម៉ងល្បងធំ។

ព្រឹកថ្ងៃអង្គារ ១៣ ឧសភា រៀបចំខ្លួនរួច ឆែកអៅផ្ទះសំណាក់ រួចចេញទៅឡើងភ្នំបូកគោ។ តាមដងផ្លូវ បងប្អូនអ្នកស្រុគ គាត់ប្រាប់ថា ដើម្បីសន្សំសំចៃប្រាក់កាស ក្នុងនាមអ្នកដើរលេងលុយស្តួចស្តើងដូចពួកខ្ញុំ គឺត្រូវទិញចំណីអាហារ ពីក្រោមទៅឱ្យហើយ ពុំនោះសោតត្រូវចំណាយលុយកាក់ច្រើន លើចំណីអាហារលើភ្នំបូកគោ។

តាមរយៈការណែនាំនេះ ពួកខ្ញុំក៏អនុវត្តតាម ហិហិ តែនៅតែអស់ក្រែលដដែល។ ដល់ផ្លូវចូលបូកគោ យើងត្រូវទិញសំបុត្រចូលទស្សនា តម្លៃទៅតាមយានជំនិះរបស់យើង សម្រាប់ពួកខ្ញុំម៉ូតូមួយតម្លៃ ២០០០រៀល

តាមបណ្តោយផ្លូវឡើងភ្នំ ខ្ញុំមានអារម្មណ៍ រំភើបចំឡែក នេះក៏ព្រោះសម្រស់ធម្មជាតិ ក៏ដូចជាការឡើងភ្នំបូកគោជាលើកទីមួយរបស់ពួកខ្ញុំ។ ជិះម៉ូតូដូចពួកខ្ញុំ បានមើលទេសភាពពេញៗភ្នែក ហើយប្រហែលមានសេរីភាពជាង អ្នកជិះឡានមួយចំនួនផង ក៏ថាបាន។

ឡើងភ្នំមិនយូរប៉ុន្មាន ពួកយើងបានទៅដល់ រូបសំណាក់យាយម៉ៅ។ អ្វីដែលសប្បាយបំផុតនោះគឺ ពេលយើងជិះតាមផ្លូវ មានពពកស្តើងៗហោះមកប៉ះខ្លួនយើង ត្រជាក់ប្លែកធម្មតា អ្នកជិះឡានមួយចំនួនប្រហែល មិនបានធ្វើដូចយើងនោះទេ ហិហិ។

ចេញពីរូបសំណាក់យាយម៉ៅ ពួកខ្ញុំបានទៅ លេង ទឹកធ្លាក់ពពកវិល ទៅដល់ឃើញតែដុំថ្មរទឹកតិចៗ ស្ទើរគ្មាន ប្រជាជនតំបន់នេះគាត់ថា ខែនេះមិនមានទឹកធ្លាក់ទេ។ បើមកចំខែ មានភ្លៀងធ្លាក់ច្រើនវិញ ធានាថាស្អាត។

ចេញពីទឹកធ្លាក់ យើងទៅលេង វេលស្រែ១០០ តែទៅដល់ស្រង៉ាកចិត្តដូចទឹកធ្លាក់ដែរ អត់មានឃើញស្រែ ឃើញតែដុំថ្មរខ្មៅៗ។

ចេញពីស្រែ១០០ ទៅលេង ស្រែ៦០០ ទៀត។ តែលើកនេះយើងត្រូវ ទិញសំបុត្រចូលលេង ក្នុងម្នាក់ ២ដុល្លារ ត្រូវជា ៨០០០រៀល។ មូលហេតុគេលក់សំបុត្រចូល តាមខ្ញុំគិត ក៏ព្រោះស្រែ៦០០ នេះមានកន្លែងសាកសិទ្ធិមួយ ដែលបងប្អូនជិតខាងយើង ពោលគឺវៀតណាមចូលចិត្តមកលេង។ ចូលលេង ស្រែ៦០០ មិនខុសពី ស្រែ១០០ទេ គឺមានថ្មរខ្មៅៗ។ តាមផ្លូវទស្សនាស្រែ៦០០ មានកន្លែងដែលយើងអាចទៅទស្សនា បន្តរបានពោលគឺ កំផែងប្រាសាទចាស់ តែយើងត្រូវដើរចម្ងាយប្រមាណ ៣គីឡូមែត្រ ថ្មើរជើង ដោយវេលាតិចពេក ពួកខ្ញុំមិនបានទៅទស្សនាទេ។ ថ្លែងពីកន្លែងពិសិដ្ឋរបស់បងប្អូនវៀតណាមវិញ ខ្ញុំក៏បានទៅលេងដែរ ក៏ព្រោះត្រូវថ្មើរជើងដល់ទៅ ៥០០ម៉ែត្របន្តរទៀត។ រឿងមួយដែលគួរឱ្យភ្ងាក់ផ្អើល ពេលទៅទស្សនា ស្រែ៦០០ គឺផ្កាម្យ៉ាង ស្រដៀងទៅនឹង ប្រដាប់ភេទបុរស

ចេញពីស្រែ៦០០ ពួកខ្ញុំបានទៅលេងវត្តសំពៅប្រាំ។ សម្លឹងមើលទីភ្នំទៅក្រោម គួរញញើតខ្លាំងណាស់ ខណៈពពកហោះកាត់វត្តនេះ ក៏ច្រើន។

ចេញពីវត្ត ពួកខ្ញុំបានទៅលេង កាស៊ីណូថ្មីរ រួចបន្តរទៅកាស៊ីណូចាស់។ តាមផ្លូវទៅកាស៊ីណូចាស់ ខ្ញុំឆ្លៀតឈាងមើល វិហារគ្រឹសសាសនា ដែលសង់តាំងពីសម័យមុន។ មកដល់ដល់កាស៊ីណូចាស់ ពួកយើងបានឡើងលេងអគារកាស៊ីណូចាស់ រួចគយគន់ទេសភាពដូចកាលពីយើងទៅលេងវត្តសំពៅប្រាំដែរ។

ចេញពីនេះ យើងចុះភ្នំ រួចធ្វើរដំណើរទៅ ផ្សារខេត្តកំពត ទិញម្ហូបអាហារខ្លះផ្ងើរអ្នកផ្ទះ រួចបន្តរដំណើរពីកំពត មកតាកែវ ដោយសុវត្ថិភាព៕