jump to navigation

តែងរឿងប្រលោមលោក: ៧វិធីដែលមនុស្សគ្រប់គ្នា អាចយកទៅប្រើប្រាស់បាន ខែសីហា 19, 2016

Posted by ភារម្យ in ចំណេះដឹងទូទៅ, ប្រលោមលោក.
1 comment so far

writing

1. តែងប្រលោមលោកដែលយើងចូលចិត្តអានបំផុត
កុំសរសេររឿងដើម្បីតែលក់សៀវភៅដាច់ឱ្យបានច្រើន ឬដើម្បីឱ្យអ្នកដទៃសរសើរខ្លួន សូមគិតដល់សៀវភៅដែលអ្នកស្រលាញ់ សៀវភៅដែលអ្នកពិតជាងប់ងុលក្នុងការអានដកខ្លួនមិនរួច។ បើរឿងទាំងនោះ ជាប្រភេទរឿងអាថកំបាំង សូមកុំព្យាយាមសរសេរឱ្យវារ៉ូមេនទិចបែបរំលឹករឿងអតីត ឬរឿងរ៉ាវដែលអានទៅ ធ្វើឱ្យមានអារម្មណ៍ថាឯការ។ វាអាចជារឿងរ៉ាវមួយចំនួន ប្រហែលជាអ្នកគ្មានអារម្មណ៍ពិសេស ឬស្រលាញ់ពេញចិត្តដើម្បីសរសេរ ផ្ទុយទៅវិញ វាអាចជាសំឡេងអ្វីម្យ៉ាងដែលច្បាស់លាស់ ស្តីអំពីរឿងរ៉ាវជីវិតពិត ឬជាប្រភេទតួអង្គណាម្នាក់។ ត្រូវចាំថា ចូរសរសេរអ្វី ដែលអ្នកស្រលាញ់។ ឥឡូវនេះសូមជួយខ្ញុំ! ពេលនេះ ថ្ងៃនេះ ចូរធ្វើតារាងមួយស្តីពីដំណើររឿងរ៉ាវផ្សេងៗដែលអ្នកស្រលាញ់ងប់ងល់ រឿងរ៉ាវដែលអាចធ្វើឱ្យបេះដូងអ្នកលោត ឬរឿងរ៉ាវអ្វីម្យ៉ាងដែលអាចធ្វើឱ្យអ្នកភ្ងាក់ពាក់កណ្តាលយប់។ ចូរដាក់តារាងនេះ លើតុររបស់អ្នក ហើយប្រើវាដើម្បីចង្អុលបង្ហាញផ្លូវដល់អ្នក ផ្តើមសរសេររឿងរបស់អ្នកជារៀងរាល់ថ្ងៃ។

2. ផ្តើមដោយចរិកលក្ខណៈតួអង្គ
ធ្វើឱ្យតួអង្គមានគុណវិបត្តិ តែត្រូវសមហេតុផលដែលគេអាចជឿបាន ឱ្យតួអង្គមានជីវិត មានដង្ហើម មានសេរីភាព ពេលអ្នកអានបានអានហើយ វាធ្វើឱ្យគេរំជើបរំជួល បន្ទាប់មកបញ្ចូលដំណើររឿងចូល។ បង្កើតទស្សនវិស័យមួយ ដែលគេនឹកស្មានមិនដល់។ ប្រសិនបើតួអង្គដែលអ្នកបង្កើតឡើង មិនអាចធ្វើឱ្យលោកអ្នករំជើបរំជួលបាន អ្នកអានរឿងរបស់អ្នក គេក៏មានអារម្មណ៍ដូចលោកអ្នកដែរ។ មានវិធីសាស្ដ្រមួយ ដែលខ្ញុំតែងតែប្រើដើម្បីស្គាល់តួអង្គឱ្យកាន់តែច្បាស់ នោះគឺត្រូវចោទជាសំណួរទាក់ទងនិងអាថកំបាំងរបស់គេ។ ចូរអង្គុយចុះហើយត្រៀមប៊ិកនិងក្រដាស ផ្តើមជាមួយប្រយោគ “ខ្ញុំមិនដែលប្រាប់អ្នកដទៃទេថា..” បន្ទាប់មកសរសេរអធិប្បាយនូវសំឡេងដែលតួអង្គគិតក្នុងខួរក្បាលរបស់គេ។

3. បង្ខំតួអង្គអោយដោះស្រាយបញ្ហាអ្វីមួយ
តួអង្គដែលអ្នកសរសេរត្រូវតែធ្វើអ្វីម្យ៉ាង ដើម្បីប្រយុទ្ធតទល់នឹងខ្លួនឯង។ ផ្តល់ទុក្ខវេទនាដល់តួអង្គមិនថាផ្លូវកាយ ឬផ្លូវចិត្ត ធ្វើឱ្យតួអង្គតស៊ូមិនរាយថយ ព្រមទាំងជម្នះស៊ូដើរទៅមុខ។ ចំណុចស្នូលកណ្តាលនៃរឿងគឺបញ្ហាស្មុគស្មាញដែលចាក់ស្រេស មិនថាក្នុងឬក្រៅ ចូរសរសេរវាឱ្យល្អ ចំណោទបញ្ហានេះនឹងកែប្រែតួអង្គធ្វើឱ្យតួអង្គមានការផ្លាស់ប្ដូរ។

4. បង្កើតព្រឹត្តិការណ៏
អ្នកមានតួអង្គដ៏អស្ចារ្យ សរសេរបានល្អឥតខ្ចោះ តែប្រសិនបើគ្មានហេតុការណ៍អ្វីកើតឡើង រឿងរបស់អ្នកនឹងបរាជ័យយ៉ាងឆាប់រហ័ស។ ក្នុងសៀវភៅរបស់ខ្ញុំ ខ្ញុំត្រូវប្រាកដថា គ្រប់ឈុតឆាក មានហេតុការណ៍អ្វីមួយបានកើតឡើង។ ហើយប្រសិនបើមានឈុតឆាកណា ដែលមិនបានជួយឱ្យខ្សែរឿងដំណើរការទៅមុខ ក្នុងបរិបទមួយសំខាន់ខ្ញុំត្រូវសម្រេចចិត្តកាត់វាចោល បើទោះបីវាអស្ចារ្យយ៉ាងណាក្តី។ ពេលខ្ញុំធ្វើកំណែ ខ្ញុំធ្វើម្ដងមួយៗ រាល់គ្រប់ឈុតឆាក រួចសរសេរពាក្យអធិប្បាយគ្រប់ម៉ាត់ ឥតចន្លោះទៅដល់សកម្មភាពដែលបានកើតឡើងដាក់លើសន្លឺកកាត។ បន្ទាប់មកខ្ញុំតម្រៀបសន្លឹកកាតទាំងអស់ ក្នុងបែបផែនមួយដែលអនុញ្ញតឱ្យខ្ញុំអាចមើលឃើញរូបភាពរួម ពោលគឺគ្រប់ជ្រុងជ្រោយទាំងអស់ រួចខ្ញុំអាចមើលឃើញនូវមូលដ្ឋានគ្រិះយ៉ាងលម្អិតនៃរឿងដែលខ្ញុំតាក់តែងឡើង។ ម្យ៉ាងទៀតវាអាចឱ្យខ្ញុំដឹងនូវអ្វីដែលធ្វើឱ្យដំណើររឿងមិនដំណើរការទៅមុខ អ្វីដែលគួរបន្ថែមនាកាលៈទេសៈណា ឬឈុតឆាកណាមួយដែលមិនបានជួយដល់ដំណើររឿងចំបង។

5. ធ្វើអោយគេជឿ
ពិតឬទេ? ជួនកាលអ្នកតែងរឿងខ្មោច រឿងព្រេង តើអ្នកអានគេជឿដែរឬទេ? គេនឹងជឿ! បើសិនអ្នកអាចធ្វើឱ្យគេជឿក្នុងពិភពសៀវភៅ។ ក្នុងសៀវភៅដែលមានចំណងជើងថា “សន្យាទេ ថាមិនប្រាប់គេ” ខ្ញុំសរសេរផ្តើមរឿងដោយការកម្រិតដែនកំណត់តួខ្មោច អ្វីដែលគេអាចធ្វើបាន និង អ្វីដែលគេមិនអាចធ្វើបាន ខ្ញុំបង្កើតរឿងរ៉ាវឬប្រវត្តិផ្សេងៗអំពីគាត់ ហើយបង្កើតហេតុផលពិសេសជាក់លាក់ណាមួយ ដើម្បីបង្ខំអោយគាត់អាចវិលត្រលប់មកវិញបាន។ មិត្តអ្នកអានប្រាកដជាស្អប់ល្បិចស្មោកគ្រោគ ចូរកុំសរសេរបង្កើតតួអង្គថ្មី ដើម្បីមកជួយដោះស្រាយបញ្ហាតួឯក។ តួឯកដោះស្រាយបញ្ហាដោយខ្លួនគេផ្ទាល់ បើទោះបីជាល្អឬអាក្រក់យ៉ាងណាក្តី។

6. បន្តរដំណើរការគម្រោងរបស់អ្នក
អ្នកនឹងប្រឈមមុខជាមួយគំនិតចង់បោះបង់កាតែងនិពន្ធរយពាន់ដង ឈប់! សូមបញ្ឈប់វា! រួចប្រឹងប្រែងទ្វេដង ដើម្បីកែប្រែវា ព្យាយាមឱ្យខ្លាំងជាងមុន ដើម្បីឱ្យបទនិពន្ធនេះលេចជារូបរាងឡើងក្នុងលោក។ ពេលដែលបទនិពន្ធត្រូវបានច្រានចោល ដោយភ្នាក់ងារ ឬ រោងបោះពុម្ព សូមកុំចុះចាញ់ បន្តរផ្ងើរវាឱ្យពួកគេអានទៀត នៅពេលដែលអ្នកនិពន្ធរឿងបានច្រើន ជឿខ្ញុំចុះ! អ្នកកំពុងស្ថាបនាខ្លួនឯងបន្ទិចម្តងៗ។ មនុស្សជាច្រើនដែលមិនធ្លាប់ស្ថិតនៅក្នុងពិភពនៃការនិពន្ធ គេអាចគិតថាវាជារឿងងាយស្រួល តែលោកអ្នកដឹងទេ? សម្រាប់ខ្ញុំ ខ្ញុំចំណាយពេលរហូតដល់ ៧ឆ្នាំ ដើម្បីនិពន្ធសៀវភៅ ៤ ក្បាល និងទាក់ទងភ្នាក់ងារពីរនាក់ដើម្បីបានបោះពុម្ពសៀវភៅដំបូងរបស់ខ្ញុំ។ វាជាមាគាមួយដ៏តឹងតែងលំបាកលំបិន ហើយពោពេញទៅដោយឧបសគ្គ តែចុងក្រោយ វាបានផ្តល់ផ្លែផ្កាដ៏ត្រចះត្រចង់ដល់ខ្ញុំ។

7. ជាចុងក្រោយ កុំរវល់តែជឿលើក្បួនបញ្ញតិ្តអ្នកដទៃ (រាប់ទាំងរបស់ខ្ញុំ)
មនុស្សគ្រប់គ្នាសុតតែមានដំបូន្មាន និង ទ្រឹស្តីផ្ទាល់ខ្លួន។ មនុស្សគ្រប់គ្នាតែងតែងចង់បានអ្នកជាសមាជិកក្រុម ឬចង់ដាក់បញ្ចូលអ្នកទៅក្នុងក្រុមរបស់គេ បញ្ចូលអ្នកទៅក្នុងប្រភេទរបៀបតែងនិពន្ធបែបស្ដាយពួកគេ។ ខ្ញុំគិតថាបទនិពន្ធរបស់អ្នកនឹងកាន់តែល្អជាងមុន ប្រសិនបើអ្នកព្រមបោះបង់គំនិតរបស់អ្នកដទៃចោល ហើយត្រូវចាំថាមានតែការសរសេរមួយមុខប៉ុណ្ណោះ គឺជាភស្ដុតាង។

និទានបង្រៀនចិត្ត ក្តីសុខរកនៅទីណា ខែមករា 16, 2015

Posted by ភារម្យ in ចំណេះដឹងទូទៅ, ប្រលោមលោក, ពីនេះពីនោះ, វិចារណកថា.
add a comment

ពេលនេះឆ្នាំថ្មី ជាពេលវេលាដែលយើងមានក្តីសុខ។ ពួកយើង ក៏ផ្ញើរក្តីសុខអោយមិត្តទាំងឡាយ មិត្តទាំងឡាយក៏ ផ្ញើរក្តីសុខអោយពួកយើង។ និយាយត្រង់ៗទៅ ក្តីសុខវាអាចផ្ញើរអោយគ្នាបានមែន ហើយក្តីសុខហ្នឹង តើយើងស្វែងរកវា នៅទីណាបានខ្លះ? ថ្ងៃនេះ ខ្ញុំសូមលើកយករឿងនិទានមួយ មកសរសេរអោយអ្នកទាំងអស់គ្នា អានកំសាន្ត ដើម្បីអោយអ្នក ដែលចៃដន្យបានអានអត្តបទនេះ ស្វែងរកក្តីសុខឃើញ ដោយមិនលំបាក។

…នៅវេលាពាក់កណ្តាលអាធ្រាត មានលោកយាយជរាម្នាក់ កំពុងស្ទាបរកអ្វីម្យ៉ាង ជុំវិញបង្គោលភ្លើងអគ្គិសនីក្បែដងផ្លូវ។ បន្ទិចមកមានក្រុមកំលោះក្រមុំមួយក្រុម ដើរឆ្លងកាត់មក ឃើញស្រ្តីចាស់ជរាកំពុងស្ទាបរកអ្វីម្យ៉ាង ក៏សួរឡើងថា :

“យាយ…យាយ យាយកំពុងរកអ្វីហ្នឹង?”

ស្រ្តីចាស់ជរាម្នាក់នោះក៏តបមកវិញថា “យាយកំពុងរកម្ជុលដេរខោអាវ យាយធ្វើជ្រុះបាត់ ជួយរកអោយយាយបន្ទិចមក!”

ពួកកំលោះក្រមុំនោះ ក៏ជួយគ្នារកគ្រប់ចន្លោះកន្លៀត តែក៏រកមិនឃើញ។ នៅទីបំផុតពួកគេ ក៏សង្ស័យទើបសួរយាយថា “យាយ…យាយ យាយធ្វើអោយម្ជុលនោះជ្រុះនៅទីណា?”

យាយតបថា “យាយកំពុងដេរខោអាវនៅបន្ទប់យាយ ហើយក៏ធ្វើជ្រុះម្ជុលដេរខោអាវបាត់ទៅ តែបន្ទប់យាយវាងងឹតពេក យាយមើលមិនឃើញ ទើបចេញមករកនៅឯផ្លូវ ព្រោះវាភ្លឺ ដោយពន្លឺចេញពីបង្គោលភ្លើង”

ក្រោយពីក្រុមកំលោះក្រមុំបានស្តាប់ហើយ ពួកគេក៏សើចព្រមគ្នា ហើយក៏ដើរចាកចេញទៅ។

ពេលយើងធ្វើបាត់របស់ យើងក៏ត្រូវទៅរកនៅទីដែលយើងបានធ្វើបាត់។ តើវាមានប្រយោជន៏អ្វី ដែលទៅរកនៅកន្លែងផ្សេងៗទៀតនោះ ដូចគ្នាដែរ ពេលយើងស្វែងរកក្តីសុខ យើងក៏ត្រូវទៅរក នៅត្រង់ចំណុច ដែលធ្វើអោយយើងបានបាត់បង់ក្តីសុខនោះទៅ តើវាមានប្រយោជន៏អ្វី ដែលទៅរកនៅក្លឹបកន្លែងកំសាន្តផ្សេងៗ ប្រទេសនេះ ប្រទេសនោះ រឺទៅរកពីមនុស្សដទៃ តើក្តីសុខរបស់យើង វាបានបាត់បង់ត្រង់កន្លែងណា? ចម្លើយនោះក៏គឺ យើងបានធ្វើអោយវាបាត់បង់ ចេញពីចិត្តបេះដូងរបស់យើង បានបាត់បង់តែពីក្នុងខ្លួនរបស់យើង ពីចិត្តរបស់យើង។

ដូច្នេះហើយ យើងក៏ត្រូវស្វែងរកក្តីសុខពីចំណុចនោះដែរ គឺក្នុងខ្លួនរបស់យើង។

អានចប់ហើយ តើមិត្តអ្នកអានមានអារម្មណ៏យ៉ាងណា ខ្លួនខ្ញុំផ្ទាល់ ពេលណាមានទុក្ខ ក៏ព្យាយាមស្វែងរកក្តីសុខ ដោយចេញទៅកន្លែងផ្សេងៗដូចគ្នា ប្រសិនថាបើយើងបានដើរលេងក្រៅប្រទេស វាធ្វើអោយមានក្តីសុខ តែពេលត្រលប់មកវិញ យើងក៏ត្រលប់ជាមានក្តីទុក្ខដូចដើម។ អ្នកខ្លះក៏គិតថា ប្រសិនបើយើងមិនប្រកបការងារ វាធ្វើអោយយើងមានក្តីសុខ តែពេលលាឈប់ពីការងារភ្លាម ចុងក្រោយក៏នៅតែមានក្តីទុក្ខដូចដើមដដែល។

ដូចនេះប្រសិនបើយើងចង់បានក្តីសុខពិតយើងត្រូវរកមូលហេតុនៃក្តីទុក្ខអោយឃើញ ហើយមូលហេតុពិតនោះវាគឺចិត្តបេះដូងយើងនេះឯងដែលជាអ្នកបង្កើតវាឡើង រហូតដល់ខ្លួនយើងគ្មានក្តីសុខសោះឡើយ។ ពេលយើងដឹងថាយើងធ្វើអោយក្តីសុខរបស់យើងបាត់បង់ពីខ្លួនយើង យើងគួរតែទៅរកក្តីសុខនោះអោយជួបវិញ ពោលគឺវានៅក្នុងចិត្តបេះដូងទេតើ។

រឿងគ្មានប្រយោជន៍! IV ខែធ្នូ 5, 2014

Posted by ភារម្យ in ប្រលោមលោក, សំនើច.
3 comments

សង់ក្បែវត្ត សាលារៀនចំណាស់ មួយខ្នង​ប្រក់ក្បឿងប្រផេះ​ ជញ្ជាំងក្តាពពាលៗទ្រុឌទ្រោម ក៏ព្រោះតែវាត្រូវបានសាងសង់ជាយូរមកហើយ ម្យ៉ាងត្រូវខ្យល់ត្រូវភ្លៀង វាដែលនៅបានយូរហេស!​ អោយគូថទយដាក់ ស្រះទឹកវត្ត ឯមុខសាលាញញឹមបែទៅរកថ្នល់ ធ្វើអោយសាលានេះ ជាទីសំអប់ដល់បណ្តាអ្នកក្លាហាន អា!មិនមែនទេគឺពពួកអ្នកសិស្សា ទាំងឡាយ រាប់ពីថ្នាក់មត្តេយ្យតូច មត្តេយធំ​ដល់ថ្នាក់ទី២ មិចក៏សំអប់ ក៏ព្រោះថាអោយតែដល់សាលាភ្លាម ល្បងៗគាត់កិចកុក ងងក់​ រហូតឈានទៅដល់ យំឡាំប៉ាអានៀលដីមិនចង់ចូលរៀន ហិហិ។ តែអនិច្ចាមិនយូរប៉ុន្មានសាលានេះ ត្រូវបានគេរុះរ៉ើ ព្រោះចៅអធិការវត្ត ព្រះអង្គ យកដីនេះវិញ ដើម្បីសាងសង់ចេតិយ ម្យ៉ាងសាលារៀនថ្មីសង់ពីបេតុងក៏ត្រូវបាន សាងសង់រួច ដោយមានអន្តរាគមន៏ពីរដ្ឋផងដែរ។ និយាយពីសាលារៀននេះវិញ មានប្រហែល ៤ ទៅ ៥ បន្ទប់ ព្រោះអាបន្ទប់ចុងក្រោយ ជាទីកន្លែងសំរាប់អ្នកក្លាហានប្រុសៗ បន្ទោបង់ អាតូច ច្រលំដើរកាត់ ភ្លេចខ្លួនអី ណ្ហើយម៉ែអាឆ្អេះ សម័យហ្នុងអត់ទាន់ចេះមានអណាម័យ ឬមានបង្គន់គ្រប់គ្រាន់ដូចឥឡូវទេ។

-ហេអាឌិតលេខ អាខ្រា ហ្អែងនៅឈរដល់ណាទៀត មិចមិនចូលជួរហ្អា! អ្នកគ្រូហៅឈ្មោះអាឡូវហើយ អាឈីតវានិយាយ។

អាឈីតជាក្មេងប្រុសម្នាក់មាឌតូច ប្រហែលវាកាត់តាមពុកវាច្រើនជាងម៉ែ ក៏មិនដឹង។​ ពុកវាចាប់អាជីពជាច្រើន មិនថាអ្នកស្រែចំម្ការ រឺអ្នកនេសាទទេ ពុកវាធ្វើបានទាំងអស់ ទាស់តែកំពស់គាត់រាងទាប់បន្ទិច សំបុរស្រអែម ខ្មែរយើង១០០ លើម៉ាពាន់ បើនិយាយអោយស្រួលស្តាប់ គេហៅគាត់ថា អាតឿ អាតឿ! ។ ផ្ទះអាឈីត នៅភូមិមួយក្បែភូមិបណ្ឌិត និងតារាដែរ ឈ្មោះភូមិដូចគ្នា គ្រាន់តែបន្តែមពាក្យទិសពីខាងមុខ ពោលគឺ ជើង និង ត្បូង ដែលភាសាអង់គ្លេសគេហៅថា សិចហ្វិច ច្រឡំ ស៊ើហ្វិច។

-អីហា! ហៅអញដាច់សាច់អាម៉េះហា ហៅអញហ្នឹងហ្អែងមានប្រមើលមើល ខ្លួនហ្អែង ហីខ្លួនអញអត់! បណ្ឌិតតប។

-អើចុះអាហាបោកចំបាប់ចាញ់អញនោះហ្អា! ពួកអាអស់ហ្អែងធំតាមាឌទេ អាធំតាមាឌចង្អៀតពំនូកចំបើង អាស្អីគេនេះ! អាឈីតនិយាយដាក់បណ្ឌិត និងតារា។

តារា និង បណ្ឌិត ក៏ស្រម៉ៃដល់រូបភាព ពេលបោកចំបាប់ជាមួយអាឈីត កាលពីមួយថ្ងៃមុនវ៉ាកង។

ការប្រកួតចំបាប់ស៊ីសាច់ បែកអាចម៏ ហុតឈាម

សំលេងជួងបន្លឺឡើង ប៉ឺង! ប៉ឺង! សំលេងហ៊ោរញ៉ាវរញ៉ាំ ដូចផ្សារបន្លែ លឺសន្ធឹកអឺងអាត់។ អ្នករស់នៅក្បែសាលា ល្មមៗភ្ងាក់ក្រញ៉ាង អ្នកខ្លះជុះអាចម៏រៀបនឹងជិតចេញទៅហើយ អាចម៏ក៏លិចចូលវិញ ព្រោះភ័យខ្លាំងពេក ទៅនឹងសំលេងកតិមា។ ថ្ងៃនេះជាថ្ងៃចុងក្រោយសំរាប់សាលារៀន ក៏ជាពេលដែលមហាបណ្តាអ្នកក្លាហានទាំងឡាយ ឈបមកជាន់ពិភពគុណនេះ ព្រោះស្អែកគឺផ្តើមវិស្សមកាលហើយ ដែលពួកហ្វ្រាំងសេសគេថា វ៉ាកងធំៗ។

អាឌិតទឹកភ្នែករលីងរលោង អារ៉ាយើងបែកគ្នាហើយ អាពួកម៉ាក។

អារ៉ាទះក្បាលអាឌិពីក្រោយម៉ាដៃ ហើយនិយាយថា អាប៉ាកាច់យោរ ក្រែងផ្ទះហ្អែងទល់មុខផ្ទះអញហី​ យីអានេះ មើលថាអញងាប់។

-​អើមែនហ្អា! អញភ្លេចខ្លួន! បណ្ឌិតតប។

ដល់ណាហើយអាចេះ! អា!ភ្លេច! ដល់វគ្គបោកចំបាប់។ អាឈីតវារត់ ម៉ោវឹង ព្រោះអាល័យប្រញ៉ាប់ទៅផ្ទះ វានៅក្រោយគេព្រោះវាជាប់រវល់ ទៅត្រួតពិនិត្យបន្ទប់ចុងក្រោយនៃអគារសិក្សា រឺអាចថាវារវល់ទៅជុះនោម។​ វត់ម៉ោវឹងភ្លេចសំឡឹងមើលទៅមុខ វាក៏វត់ទៅជល់នឹងតារា ធ្វើអោយតារាដួលទៅនឹងដី។ បន្ទាប់ពីបោសក្តិតខោចេញ រួច ងើបម៉ោវិញអារា ក៏និយាយ

-មើ! អាណា មេណា ថ្លើមធំហ៊ានរត់បុកអញ!

-អញសុំទោសហ្អា អញប្រញ៉ាប់ទៅផ្ទះពេក រត់អត់បានមើល! អាឈីតវានិយាយ ខណៈងើបពីដីបោសគូថខោដែរ។

តារាក៏ច្រានទ្រូងអាឈីតរួចនិយាយ:

-ហ្អែងស្មានថាសុំទោសរួចហើយរួចខ្លួនហ្អេស! អត់ផ្លូវរ៉េ អានាង! បើហ្អែងចង់រួចខ្លួន ដល់តាហ្អែងយកឈ្នះអាណប់ឌិតអញសិន!

-អីគេហ្អា! អាឌិតហ្នឹង! ហ្អែងមើលមាឌវា ហីមាឌអញមើលហ្អា អាហ្នឹងមាឌប៉ាប៉ិនណាណី អញតូចតាមួយហ្នឹង! អាឈីត វានិយាយដោយទឹកមុខមិនញញើត អានេះចិត្តខ្លាំងណាស់ដែរ។

-អាឡូវហ្អែងចង់បូក ពីរវាយមួយ រឺមួយស្មើរហា?! តារាសួរអាឈីត។

ចំណែកអាឌិតវិញវាធើភ្នែកលីឡឺៗ វានឹកក្នុងចិត្តថា:

-អាឡាបល់យររ៉ាហ្នឹង វាអ្នកចង់មានរឿង មិចមកពាក់ព័ន្ធ អីនឹងអញដែរអេស! មិនអីទេ ចាំស្តាប់ហ្អែងសិន! មិចម៉ាក្បាលអាណាសក់អាហ្នឹង!

-តោះវិធីសាស្រ្តចាស់ កន្លែងថ្មី! បោកចំបាប់! តារានិយាយឬកដូចអ្នកឡូយ។

អាឌិតទ្រាំលែងបាន ក៏បញ្ចេញសូរសៀងឡើង:

-អារ៉ា! ហ្អែងមានបានសួរម៉ាម៉ាត់អត់ថា អញចង់វាយជាមួយវា ម្យ៉ាងរឿងផស់ហ្អែង មិចយកខ្លួនអញមកពាក់ព័ន្ធដែរ??!

អារ៉ា វាញ៉ាក់ស្មាមួយ ចាក់ចញ្ចើមព្រើតមួយទៀត រួចវាលើកឡើង ដោយទឹកមុខបង្កប់នូវភាពពិសពុល តាមបែបក្មេងខិលខូច។

-ដើរមករៀនជាមួយអញ ផ្ទះទល់មុខអញ លួចលុយម៉ែហ្អែង ទៅទិញការ៉េមកីស៊ី ក៏ជាមួយអញ ម៉ែហ្អែងជេរ ក៏ជេរតាហ្អែង អត់ជេរអញ អាឡូវអញមានរឿងហ្អែងហ៊ានអោបដៃឈរមើលហេស?!!!

-អញអត់ចង់! អាឌីតធ្វើទឹកមុខមាំ។

-ឡូវពួកហ្អែងទាំងពីរហ្អឹងតាំងចិត្តស្តាប់អញណា មើលមាត់អញ និយាយគ្នាសិនទៅអញទៅផ្ទះមុន និយាយត្រូវគ្នាពេលណា ចាំមករកអញនៅផ្ទះ! អាឈីតវានិយាយព្រោះវាធុញនឹង តារាបណ្ឌិតស៊ីពេលពេក។

-បិទចំពុះ! អាពីរនាក់វានិយាយឡើងព្រមគ្នា។

-ណ្ហើយ!យល់ដល់មិត្តភាពចាក់ទឹកមិនលិច រវាងហ្អែងនិងអញ! ម៉ោះប៉ាវស៊ីងសុង! អាឌិតវាដាក់សំណើរ។

-អូខេ! តារាយល់ព្រម។

-ហ្អែងចេញម៉ោ! អាឌីតស្រែក!

-ហ្អែងចេញម៉ោដែរម៉ោ! អារ៉ាតប!

អាឈីតវាធុញវាពេក អញធ្វើអាជ្ងាកណ្តាល កាលរាប់ដល់៣ ចេញព្រមគ្នា!លឺអត់!

-៣! អាឈីតរាប់!

តារាបណ្ឌិតនិយាយព្រមគ្នា:

-អត់លឺមួយ ពីរចឹងហ្អា!

អាឈីតតប:

-កុំចេះវ៉ើយ! អញអាជ្ងាកណ្តាល អញចង់ទះពួកហ្អែងពីរកំភ្លៀងក៏បានដែរ! ពួកអាក្របី។

អាពីរនាក់នោះស្ងាប់មាត់! រួចតបតិចៗ

-អើមែនហ្អា! វានិយាយត្រូវ! ម្តងទៀតចឹង!

-៣! អាឈីតវាស្រែករាប់ម្តងទៀត!

លទ្ធផលចេញហើយ! តេន!​ តេន!

អាឌិតបានយកជ័យជំនះលើអារ៉ាក្នុងលទ្ធផលពិន្ទុ មួយសូន្យ។

-អញឈ្នះហើយអញឈ្នះហើយ! អាឌិតសប្បាយរីករាយសឹងរីកថ្លើម។

ចំបាប់ក្នុងកំរិតទំងន់ស្រាល ចាប់ផ្តើម! ប៉ឺង! បង្គល់ខៀវ តារា! បង្គល់ក្រហមអាឈីត។ Ladies and gentlemen…….

-កុំរុញមើលហ្អា! អាឌិតរុញអារ៉ាអោយចូល!

-កុំរុញអញមើលហ្អា! តារាតបទាំងភិតភ័យ!

-ហ្អែងនៅរួញរាៗ កំសាកមើលតាស្រី! ចូលទៅ បោកទៅ! អោយលឿន! អាឌិតវាជំរុញ ពេលអារ៉ាវាដើរតតាក់តតុបចូល ប្រកួតជាមួយអាឈីត ហៀរញើសហៀរសំបោរ។

-អារ៉ាបានហើយចេញម៉ោវិញម៉ោ អាស៊ាំតាបែឡែលោត! ទុកអោយអញវិញ ចាំអញផ្តួលអាស្អីគេហ្នឹងអោយចាស់ដៃរម្តង! ចាត់ទុកថាធ្វើជាមនុស្សចាស់ បង្រៀនអាក្មេងមិនជាន់ជ្រុះអាចម៏ពីក្បាល!  ព្រោះអាឌិតវាទើសនិងអារ៉ាពេក ទ្រាំលែងបាន ម្យ៉ាងវាថ្ងៃត្រង់ហើយ វាឃ្លានបាញ វាប្រញ៉ាប់ទៅផ្ទះផង។

-ពុទ្ធោអាពួកម៉ាក! អញរង់ចាំពាក្យហ្នឹង ១០នាទីម៉ោហើយ! អារ៉ាធូរទ្រូងខ្ងាក! រួចរត់ទៅធ្វើសសៃអោយអាឌិតដើម្បីយកចិត្ត!

-បានហើយ! ចូល! អាឌិតដើរចូលសៃរៀន យ៉ាងក្លាហាន​ កាច់ករ កាច់ដៃ ហាក់បីដូចជាប៉ាក់គីអាវ អ្នកប្រដាល់ហ្វីលីពីន ឡើងប្រកួតដណ្តើមខ្សែក្រវ៉ាត់ពីភពលោកដែរ។

-ព្រូស! ១នាទីគ្រាន់តែអារ៉ាបែស្តោះទឹកមាត់បន្ទិច! បែមកវិញ យឺតៗ ព្រោះអាឡូវពិភពលោកកំពុងស្កុបៗ អាឌីត! អាឌិត! អាសំលាញ់អាប់! អារ៉ាជំទាលស្ទើដាច់កន្លើត!

សូមជំរាបជូនទស្សនិកជនដែលបានមកទស្សនាទៅទីនេះ ក៏ដូចជាកំពុងទស្សនានៅមុខកញ្ចក់ទូរទស្សន៏ ទាំងសខ្មៅ ទាំងកូល័រសំរាប់អ្នកមានៗគ្រាក់ៗ! អាឌិតវាមិនបានឈ្នះនោះទេ អារ៉ាស្រែកជំទាលនោះ ព្រោះវាមិននឹកស្មានថា អាឌិតត្រូវបានអាឈីតផ្តួលទាំងមិនដល់១នាទីផង! ហេតុផលទៀតសោតក៏គឺ សោដនាដកម្មមួយបានកើតឡើង ដោយចៃដន្យ អាឌិតវារអិលជើង បាត់ជំហរ! អាឈីតឆ្លៀតឱកាសថែម ទើបទទួលបានជ័យជំនះ ដោយមិនបាច់ប្រឹងបែបនេះ! អ្វីដែលកាន់តែឈឺចុកចាប់ជាងនេះទៅទៀតនោះ គឺអាឌិតរអិលក៏ដោយសារ សំបោរអារ៉ា ដែលជាញីសចោលឥតសណ្តាប់ធ្លាប់ ឥតអនាម័យ ពាសពេលពេសកាល មុននេះបន្ទិច។ អាឌិតក្លាយជាជនរង់គ្រោះ ដែលឥតដឹងល្ហើយ ដឹងខ្យល់បន្ទិចសោះ។

-ពុទ្ធោ! អរហំ! ចាញ់អាក្មេងល្អិត មិនទាន់ជ្រុះអាចម៏ពីក្បាល! ដូចទៅហ្នឹងសុភាទន្សាយ រត់ចាញ់ខ្យង អារ៉ាជំទាលទាំងអាម៉ាស់!

ក្រោយពេលចាញ់អាឈីត ទាំងមិនអស់ចិត្ត អាឌិតក៏ត្រូវបានអាឈីត វាអោយរហ័សនាមថ្មី គឺអាឌិតលេខ ប្រែថា អាដេកលិទ្ធ ហាហា។ ការប្រកួតដ៏រន្ធត់នេះក៏សន្មត់ ថាចប់ប៉ុណ្ណេះ៕

[សូមរងចាំអានវគ្គ៥បន្តរ ពេលភារម្យមានពេលទំនេរសរសេរ 😀 អគុណ]

អានផងដែរ វគ្គមួយ ចុចទីនេះ

អានផងដែរ វគ្គពីរ ចុចទីនេះ

អានផងដែរ វគ្គបី ចុចទីនេះ

ស្នេហាក្តាម អាប៊ីកម៉ូ និង អាហ្សីឡា ខែកញ្ញា 27, 2013

Posted by ភារម្យ in ប្រលោមលោក.
6 comments

នាសម័យកាលដ៏យូរលង់ណាស់មកហើយ ប្រមាណប៉ុន្មានថ្ងៃមុននេះ មានក្តាមគ្រោងមួយ ដង្គៀបធំៗ ឈ្មោះថា អាប៊ីកម៉ូ វាបានបង្កើតរន្ធ តាមបណ្តោយភ្លឺស្រែ តាមបច្ចេកវិទ្យាថ្មីៗនាសកលលោក វាជ្រើសទីតាំងក្បែដើមត្នោតមួយដើម ដែលវេសនាមិនល្អ ត្រូវ រន្ទះកំណាច បាញ់កំទេចដាច់មួយកំណាត់ត្រឹមករ នេះប្រហែលជាវាគិតថា ដោយសារ វាមិនដែលមានរន្ទះជាលើកទីពីរនោះទេ អញ្ចឹងមានតែយើងចាំមើលទាំងអស់គ្នា។ ថ្លែងពីរន្ធផស់វាវិញ វាបានលួចបច្ចេកទេសពី ពីងពាង ខ្លះបូក បន្សំនឹងរន្ធកណ្តុរខ្លះ ពោលគឺចោះសណ្តាណជាប្រព័ន្ធប្រទាក់ក្រឡា បូកនឹងរន្ទអាសន្ន ដូចកណ្តុរបីបួន នៅទ្វាខាងក្រោយ ទុកបង្ការ ពេលមានការវាយប្រហាពីសំណាក់ សត្រូវទាំងឡាយ ជាពិសេសគឺសត្រូវដ៏មហិមា មិនអាចស្តោះទឹកមាត់រំលងបាន គឺមនុស្សលោកនេះឯង។

នារាត្រីថ្ងៃពេញបូរមីមួយ ព្រះខែមូលក្រឡង់ ដូចត្រីកំពតដែលក្មេងៗស្រុកស្រែផ្លុំបំប៉ោង ថ្ងៃជាវេលាល្អ ដល់អាប៊ីកម៉ូ ចេញរកស៊ី។ ដើរឆ្លង ភ្លឺស្រែពីរបី កំពុងកំពុងអោនភ្នែករើសអីស៊ី ចំអែតក្រពះ ស្រាប់តែមានវត្ថុមួយបានមកប៉ះខ្នងអាប៊ីកម៉ូ អាប៊ីកម៉ូស្រាប់តែមានអារម្មណ៏ថា ដូចជាមានអារម្មណ៏ថាដុះស្លាប ហោះហើរលើមេឃ ស្រស់ស្រាយសប្បាយហរទ័យ អារម្មណ៏ប្រៀបបាននឹងការជុះអាចម៌រួច ហើយធូរ ពេលប៉ាលឹម ក៏ព្រោះតែខ្នងដ៏ទន់ល្វើយ ល្វាត់ល្វៃ ដែលទោះបីមិនបានឃើញ ក៏ក្នុងដឹងថា ជាខ្នងក្តាមញីដែរ អានេះគេហៅថា អូតូ ឌីថិច ឬ សេនស៊ីតធីវ ភាសាពួកអាគាំង។

អាប៊ីកម៉ូ បែភក្រ្តមក ស្រាប់តែទង្គិច ហ្នឹងនេត្រាភ្លឺថ្លា ដូចទឹកថ្លុកដានក្របី មានដង្កូវទឹកមួយៗ ផ្ទៃមុខស៊ីជម្ពូ តែសូមកុំសួរថា ផ្ទៃមុខក្តាមនៅកន្លែងណា ព្រោះខ្ញុំក៏មិនដែរ 😀 អាប៊ីកម៉ូ ស្រាប់តែក្រវល់ក្រវ៉ាយ ដូចស៊ីម្ទេស ចាប់នេះចាប់នោះមិនត្រូវ ព្រោះលង់នឹងស្រស់នាង អាហ្សីឡា ចាំ១០នាទី ទំរាំវានឹងធឹងឡើងវិញ វាបើក បបៀនិយាយថា អត់ទោសកញ្ញា អចេតនាទេដែលប៉ះខ្នងកញ្ញា អាហ្សីឡាតបវិញថា មិនអីទេបង។ អាប៊ីកម៉ូ ញញឹមពព្រាយឡើង លឺគេហៅបង អូសក្រឡាបន្ទិច វាធ្វើនិយាយ បើកញ្ញាអូនមានរបួសដោយសារបង បងនឹងទទួលខុសត្រូវគ្រប់យ៉ាងណា បើប៉ះក្តាមសម្រស់គគ្រិចវិញ បែបអាប៊ីកម៉ូខ្ពើមយកភ្នែកមើលផង ហះហះ និយាយនាងអូនឈ្មោះអីដែរ អាហ្សីឡាចា! អាហ្សីឡាតបវិញ ឈ្មោះដូចពួកអឺរ៉ុប ចង់ពិរោះជាងឈ្មោះអ្នកសរសេរទៅទៀត។ ចុះអូនអត់សួរឈ្មោះបងវិញទេ អេស? អាប៊ីកម៉ូបន្តរសួរ​ អាហ្សីឡាតបថា អូនដឹងឈ្មោះបងយូរហើយ បងប៊ីកម៉ូ ព្រោះអ្នកសរសេររឿងនេះ បានប្រាប់អូនរួចហើយ ដើម្បីកុំអោយអ្នកសរសេររឿងនេះ គាត់ហត់ពណ៌នាច្រើនពេក ក៏ព្រោះគាត់ហ្នុង ជាមនុស្សខ្ជិលសរសេររឿងផង​ :)។

តាំងពីថ្ងៃហ្នឹងមក អាប៊ីកម៉ូ តែងណាត់ជួបអាហ្សីឡា ជារឿយៗ អត់ដែលដាច់ រហូតដល់បានកត្តិនាម ជាសង្សានឹងគ្នាទៀតផង។

សង្ខេបសាមកុក វគ្គ២ ខែមិថុនា 30, 2011

Posted by ភារម្យ in ប្រលោមលោក, សាមកុក.
1 comment so far

ឆាវឆាវ នោះជាមនុស្សមានសតិបញ្ញាវាងវៃ ជាមេទ័ពមានសមត្ថភាព ជាអ្នកអាចគ្រប់គ្រងបង្គាប់បញ្ជាខេត្តក្រៅនានា អាចធ្វើអោយទីក្រុងមានអំណាច មានកំលាំងកើនចម្រើនឡើងជាងពេលមុន ។ ប៉ុន្តែ ឆាវឆាវ ច្រើនធ្វើការតាមតែទំនើងចិត្តខ្លួន ពួកនាម៉ឺនដែលមិនមែនជាបក្ខពួក ឆាវឆាវ ច្រើនស្អប់ គិតកំចាត់ចេញ តែគ្មានអ្នកណាហ៊ានកំចាត់ឆាវឆាវចេញទេ ព្រោះមនុស្សនៅរាជធានីស្រឡាញ់ ឆាវឆាវ ភាគច្រើន ។ ឆាវឆាវ ប្រើអំណាចរាជការជ្រុលហួសពេក ជាហេតុអោយព្រះចៅសៀនទី ទ្រង់ក្រំព្រះទ័យយ៉ាងខ្លាំង រហូតទ្រង់យកព្រះលោហិតសរសេរព្រះឱង្ការសំងាត់ ស្វះស្វែងរកអ្នកស្វាមីភ័ក្ដិនឹងនគរអោយគិតកំចាត់ ឆាវឆាវ ចេញ ។ ដំណឹងនេះផ្សាយដល់ខេត្តក្រៅ បណ្ដាពួកចៅហ្វាយស្រុកដែលមានកងកំលាំងមិនមែនជាបក្ខពួកខាង ឆាវឆាវ ក៏យល់ថា ឆាវឆាវ ជាសត្រូវនឹងផែនដីដូចជា តុងជួ ដែរ ទើបនាំគ្នារឹងទទឹងឡើង ។ ឯ ឆាវឆាវ ដែលតែងតាំងខ្លួនឯងជាមហាឧបរាជ ក៏យល់ថាត្រូវតែបង្ក្រាបខេត្តក្រៅដែលរឹងទទឹងជាសត្រូវនឹងផែនដី ទើបជាហេតុអោយកើតជាចម្បាំងឡើង ដោយទាំងសងខាងអាងថាច្បាំងបង្ក្រាបពួកក្បត់ផែនដី ។ ផលនៃការច្បាំងគ្នាជាយូរអង្វែងនោះ ប៉ែកខាងកងទ័ព ឆាវឆាវ ច្បាំងបង្ក្រាបខេត្តក្រៅបានជាចំនួនជាច្រើន បង្កា្របមិនបានតែបណ្ដាខេត្តដែលនៅក្រោមឱវាទ ស៊ុនឈាន និង លាវប៉ី ប៉ុណ្ណោះ ។

ស៊ុនឈាន ជាម្ចាស់ស្រុកជាំងតុង ជាខេត្តធំៗតាំងនៅទិសខាងកើត ជាអ្នកគ្រប់គ្រងស្រុកទេសបានល្អតាំងនៅក្នុងសីលធម៌ មានមនុស្សនិយមរាប់អានច្រើន ត្រាតែមានកំលាំងខ្លាំងពូកែឡើងច្រើន ។ ឯ លាវប៉ី នោះ ដំបូងជាមនុស្សអនាថា តែជាប់សែស្រឡាយរាជវង្សហាន ជាអ្នកមានអធ្យាស្រ័យល្អ ហើយគាប់ជួនបានមនុស្សពូកែមានថ្វីដៃមកចូលធ្វើជាមេទ័ពជាច្រើននាក់ ទើបមានកេរ្តិ៍ឈ្មោះល្បីឡើងតមកបាន ខុងមីង ជាទីប្រឹក្សាខាងសឹកសង្គ្រាម បានណែនាំអោយចងមិត្រនឹង ស៊ុនឈាន ព្រួតដៃគ្នាតស៊ូនឹង ឆាវឆាវ ទើបរក្សាខ្លួនបានសុខ ។ ឯព្រះចៅសៀនទី ជាព្រះមហាក្សត្រប្រទេសចិន មានតែឈ្មោះដូចរូបអ្នកតាតែពង្សាវតារចិនសម័យនោះ នៅរាប់ថាជាព្រះមហក្សត្រប្រទេសចិនទាំងមូល ។

លុះ ឆាវឆាវ អនិច្ចកម្មទៅ ឆាវភី ជាកូនឆាវឆាវបានទទួលតំណែងជាមហាឧបរាជជំនួសបិតាខ្លួន រួចបានទំលាក់រាជ្យព្រះចៅសៀនទី ចេញពីរាជសម្បត្តិ ហើយប្រកាសតាំងខ្លួនឯងឡើងជាព្រះមហាក្សត្រប្រទេសចិន ផ្លាស់រាជវង្សថ្មីហៅថា រាជរង្សវ័យ កាលពី ព.ស ៧៦៣ ។ ប៉ែកខាង លាវប៉ី ក៏បានឡើងគ្រងរាជ្យដែរ ដើម្បីចាត់តាំងរាជវង្សហាន ឡើងវិញ ។ ខាងស៊ុនឈាន មិនចង់នៅចំណុះ ឆាវភី និង លាវប៉ី ក៏ផ្តាច់ខ្លូនជារដ្ឋឯករាជ្យឡើងនៅដែនស្រុកជាំងតុង ។ តាំងពីពេលនោះមកប្រទេសចិនទាំងមូលក៏បែកខ្ញែកចេញជាសាមកុក គឺបែកចេញជាបីអាណាចក្រសឹងមានឥស្សរៈដាច់ដោយឡែកពីគ្នា ។ អាណាខេត្តរបស់ព្រះចៅឆាវភី ហៅថា វ័យ។ អាណាខេត្តរបស់លាវប៉ីហៅថា ស៊ូហាន ។ អាណាខេត្តរបស់ព្រះចៅស៊ុនឈាន ហៅថា អ៊ូ ។ អំណឹះកាលតមក ក្រោយពីព្រះចៅលាវប៉ី ឆាវភី ស៊ុនឈានសោយទិវង្គត អ្នកបន្តរវេនសុតតែជាអ្នកគ្មានសមត្ថភាព ទាំងបីកុក ទើប សឺម៉ាច៉ាវ ដែលជាអ្នកសម្រេចរាជការផែនដីខាងវ័យ បង្ក្រាបស៊ូហានបានមុន រួចតមក សឺម៉ាយាន កូនសឺម៉ាច៉ាវបានដណ្ដើមរាជសម្បត្តិវ័យផ្លាស់រាជវង្សថ្មីហៅថារាជវង្សជីន ហើយបង្ក្រាបអ៊ូ បានទៀត ។ ទើបមហាអាណាចក្រចិនត្រឡប់មករួបរួមគ្នាបានឡើងវិញ ចប់រឿងសាមកុកដោយសង្ខេបខ្លីត្រឹមប៉ុណ្ណោះ» ។

(សង្ខេបរយៈសម័យក្នុងរឿងសាមកុកនេះ គឺសម័យដែលរាជវង្សហានធ្លាក់ចុះដុនដាប ក្នុងរជ្ជកាលព្រះចៅលីងទី ២១ឆ្នាំ ក្នុងសម័យតុងជួ ក្នុងរជ្ជកាលព្រះចៅសៀនទី ៣០ឆ្នាំ សម័យសាមកុក ៦០ឆ្នាំ សរុបសម័យកាលក្នុងរឿងសាមកុកនេះមានរយៈពេល ១១១ឆ្នាំ) ។

កែសម្រួលដោយ: ពុទ្ធីរម្យ

សង្ខេបសាមកុក វគ្គ១ ខែមិថុនា 25, 2011

Posted by ភារម្យ in ប្រលោមលោក, សាមកុក.
2 comments

«រឿងសាមកុកនេះ តំបូងបានកើតឡើងក្នុងរជ្ជកាលព្រះចៅលីងទី(លាវហុង) កាលពី ព.ស ៧១១ (រវាង គ.ស ១៥៨) ដែលជាបឋមហេតុបណ្ដាលអោយរាជាណាចក្រចិនបែកខ្ញែកចេញទៅជាបីភាគ ដែលចិនហៅថា “សាមកុក” ។ ព្រះមហាក្សត្រព្រះអង្គនេះ ឥតសមត្ថភាព ទ្រង់ជឿស្ដាប់តែពាក្យទូលញុះញង់របស់ពួកមហាតលិក (ពួកមនុស្សប្រុសកម្រៀវក្នុងព្រះរាជសំណាក់) ពួកមន្ត្រីតូចធំក្នុងរាជធានីក៏គ្មានអ្នកណាខ្លាំងពូកែ អោយមហាជនគោរពកោតក្រែង រហូតដល់ទ្រង់សោយទីវង្គតទៅ ។ ក្សត្រអង្គនេះទ្រង់មានព្រះរាជបុត្រ២ព្រះអង្គ ព្រះអង្គច្បងព្រះនាម លាវពាន ទ្រង់ទទួលគ្រងរាជ្យជាតំណព្រះរាជវង្សមានព្រះនាមថា ព្រះចៅសាវទី តែមហាក្សត្រយានីហឺ ជាព្រះមាតាគ្រប់គ្រងរាជការផែនដីជំនួស ព្រោះព្រះរាជបុត្រនៅក្មេងពេក។ ព្រះរាជបុត្រទី២ព្រះនាម លាវសៀ កំព្រាម្តាយ (អ្នកម្នាងវ៉ាង) មហាក្សត្រយានីតុង ជាអយ្យិកាចិញ្ចឹមតាំងពីនៅជាទារក ហើយមានចិត្តចង់អោយចៅបានរាជសម្បត្តិទើប មហាក្សត្រយានីតុងនិងមហាក្សត្រយានីហឺមានជំលោះនឹងគ្នា ។ ក្រោយពីព្រះចៅ លីងទី សោយទីវង្គតទៅនោះ ហឺជិន ជាបងប្រុសមហាក្សត្រយានីហឺ បានឡើងជាមន្ត្រីធំក្នុងព្រះរាជវាំង បានធ្វើឧបាយកលសំលាប់មហាក្សត្រយានីតុងចេញទៅ ហើយគិតនឹងកំចាត់ពួកមហាតលិកចេញទៀត ប៉ុន្តែមហាក្សត្រយានីហឺ បានរារាំងការពារពួកមហាតលិក ។ តមក ហឺជិន លបធ្វើសំបុត្រសំងាត់ទៅដល់ តុងជួ ចៅហ្វាយស្រុក ហឺតុង អោយលើកទ័ពមកកបង្ក្រាបពួកមហាតលិកៗបានដឹងរឿង ក៏ប្រើល្បិចល្បួងអោយ ហឺជិន ចូលទៅក្នុងវាំង រួចព្រួតគ្នាចាប់ ហឺជិន សំលាប់ចោល ។ បក្សពួកខាង ហឺជិន បានដឹងមានកំហឹងខ្លាំងណាស់ ក៏បាននាំគ្នាដុតព្រះរាជវាំងហើយលើកគ្នាចូលលុកលុយកាប់សំលាប់ពួកមហាតលិកជាចលាចល ។ ក្សត្រគ្រងរាជ្យទ្រង់រត់គេចទៅស្នាក់នៅទីដទៃ ។ ឯ តុងជួ ឃើញមានឱកាសល្អជាប្រយោជន៍ដល់ខ្លួន ក៏លើកទ័ពចូលរាជធានីបង្ក្រាបការចលាចលអោយរាបទាប រួចទើបដកព្រះមហាក្សត្រនិង មហាក្សត្រយានីហឺចេញពីរាជសម្បត្តិ លើក លាវសៀ ជាព្រះអនុជឡើងគ្រងរាជ្យ ទ្រង់ព្រះនាម ព្រះចៅសៀនទី តុងជួ ក៏តាំងខ្លួនឯងជា “មហាឧបរាជ” (តំណែងអគ្គមហាសេនាបតី) សម្រេចរាជការផែនដី ។ កាល តុងជួ បានឡើងជាមហាឧបរាជហើយ ក៏តាំងប្រព្រឹត្តអំពើទុច្ចរិតផ្សេងៗ ពួកមន្ត្រីនៅរាជធានី គ្មានអ្នកណាមួយអាចកំចាត់ តុងជួ ចេញបាន ក៏នាំគ្នារត់ចេញទៅនៅខេត្តក្រៅអស់ជាច្រើន ។ ក្នុងចំណោមពួកដែលរត់ទៅនោះ មានមន្ត្រីពូកែម្នាក់ឈ្មោះ ឆាវឆាវ បានបបួលចៅហ្វាយស្រុកជាច្រើនស្រុក លើកទ័ពទៅបង្ក្រាប តុងជួ ប៉ុន្តែធ្វើការមិនបានសម្រេច ព្រោះមិនរួមសាមគ្គីគ្នា ដោយចៅហ្វាយស្រុកអស់នោះគិតចង់បានតែប្រយោជន៍ និងអំណាចផ្ទាល់ខ្លួន ម៉្លោះហើយក៏កើតទៅជាចំលោះទាស់ទែងច្បាំងតែគ្នាឯង ។

តមកមិនយូរប៉ុន្មាន វ៉ាងអ៊ីន ជាមន្ត្រីធំនៅរាជធានីបានប្រើឧបាយកលកំចាត់ តុងជួ ចេញបានសម្រេច ដោយយកស្ត្រីរូបឆោមឆើតធ្វើជានុយ ប៉ុន្តែ វ៉ាងអ៊ីន មិនអាចគ្រប់គ្រងស្រុកទេសអោយរៀបរយទៅបាន ថែមទាំងក្សត្រគ្រងរាជ្យក៏គ្មានសមត្ថភាព ទើបជាហេតុធ្វើអោយកូនចៅរបស់ តុងជួ មាន លីជា‑គួកស៊ឺ ជាដើម បានសងសឹកសំលាប់ វ៉ាងអ៊ីន ចោល ហើយបង្ខំអោយព្រះចៅសៀនទី តែងតាំងបក្សពួកខ្លួនអោយធ្វើជាធំក្នុងរាជការ។ នៅទីបំផុតពួកនេះក៏គិតនឹងកំចាត់ព្រះចៅសៀនទី ចេញទៀត តែទ្រង់បានរត់គេចចោលរាជធានីទៅ ទ្រង់មានសេចក្ដីលំបាកវេទនាជាអនេក ហើយមានព្រះរាជឱង្ការអោយហៅ ឆាវឆាវ ចូលមកជួយទំនុកបម្រុងទ្រង់ក្នុងឱកាសនោះ ។ ឆាវឆាវ លើកទ័ពចូលទៅបង្ក្រាបពួកក្បត់បានរាបទាបនៅរាជធានី ហើយបានទទួលតំណែងជាមហាឧបរាជសម្រេចរាជការផែនដី តែបណ្ដាខេត្តក្រៅនៅតែបះបោររឹងទទឹង រាប់តាំងពីកាល តុងជួ លីជា-គួកស៊ឺ មកនោះ ។ ឯពួកមន្ត្រីដែលរត់ចោលរាជការទៅក្នុងសម័យ តុងជួ ក៏បានត្រឡប់ចូលមករាជធានីវិញ ក្នុងពេលដែល ឆាវឆាវ បានធ្វើមហាឧបរាជ ដោយស្ម័គ្រចិត្តចុះចូលនឹង ឆាវឆាវ ក៏មាន ដែលនៅស្ងៀមៗចាំមើលបំណាំក៏មាន ដែលនៅរឹងទទឹងក៏នៅមាន ។

កែសម្រួលដោយ: ពុទ្ធីរម្យ