ទៅលេងវត្តព្រះពុទ្ធបាទ ខេត្តស្រះបុរី និងវត្តវង់ព្រះចន្ទ ខេត្តលុបបុរីប្រទេសថៃ ខែមករា 26, 2023
Posted by ភារម្យ in ទេសចរណ៍, ប្រវត្តិខ្ញុំ, អំពីភារម្យ.add a comment
ថ្ងៃអាទិត្យទី២១ មករា កន្លងមកនេះ ខ្ញុំបានទៅលេងខេត្តស្រះបុរី (สระบุรี – Saraburi) និងលុបបុរី (ลพบุรี – Lopburi) ប្រទេសថៃ។ ដំណើរកម្សាន្តនេះកើតឡើងតាមរយៈម្ចាស់ផ្ទះជួលខ្ញុំ អ៊ុំស្រីចំណាស់បន្ទិចហើយគាត់បានបបួលខ្ញុំទៅដើរលេង ព្រមធ្វើបុណ្យជាមួយក្រុមគ្រួសារគាត់។ ព្រឹកម៉ោង៥ ខ្ញុំងើបពីគេង ងូតទឹកចាំឡានវែន ខ្មែរយើងហៅឡានតួរីសដែលម្ចាស់ផ្ទះគាត់បានជួល។ ម៉ោង៦ព្រឹកយើងចាកចេញពីបាងកក ឆ្ពោះទៅខេត្តស្រះបុរី។ មុនទៅដល់យើងបានទៅទទួលទានអាហារពេលព្រឹកនៅឯកន្លែងសំរាករថយន្ត។ ថ្ងៃនេះមនុស្សស្លៀកសំលៀកបំពាក់ពណ៌ក្រហម ព្រោះជារដូវកាលចូលឆ្នាំចិន។ ខ្ញុំខំសម្លឹងមើលអាមួយៗដែរ ហិហិ។ បន្ទាប់ពីទទួលទានអាហារពេលព្រឹករួច យើងបន្តរដំណើរទៅវត្តព្រះពុទ្ធបាទ (วัดพระพุทธบาท ราชวรมหาวิหาร สระบุรี – Wat Phra Phutthabat) ខេត្តស្រះបុរី ទៅដល់ប្រមាណម៉ោង ៩ព្រឹក។
ការពិតទៅខ្ញុំធ្លាប់មកទីនេះម្ដងហើយ កាលពីឆ្នាំមុន។ វត្តនេះមានការបន្សំគ្នារវាងប្រពៃណីចិន និងសាសនាព្រះពុទ្ធ ដ៏គួរឱ្យចាប់អារម្មណ៍។ មានអាស្រម អាគារសម្រាប់ពិធីសាសនាចិន មានការសែនព្រេន ដុតធូប ហុយទ្រលោមពេញហ្នឹង។ មានការផ្ដល់អាហារបួស ដោយឥតគិតថ្លៃដល់សាសនិកទាំងឡាយ ដោយមានពីរកន្លែង។ សាសនិកជនជាតិថៃ ខ្សែស្រលាយចិនមកធ្វើបុណ្យនៅទីនេះយ៉ាងច្រើនកុះករ។ និយាយដល់រូបខ្ញុំ ដុតធូបបួងសួងឧទ្ទិសកុសលដល់ប៉ាដែលទើបនឹងខូចថ្មីៗ 😦 រួចធ្វើបុណ្យដាក់បច្ច័យតាមសទ្ធា។ បន្ទាប់មកយើងដើរឆ្លងថ្នល់ទៅអាគារចិនមួយទៀត ដើម្បីទទួលទានអាហារ។ តាមផ្លូវមានអ្នកសុំទានជាច្រើន មិននឹកស្មានថានៅទីនេះសម្បូរអ្នកសុំទានដែរ។ កន្លែងទីពីរនេះ មានវិហារចិន មានការដុតធូបទានដូចកន្លែងទីមួយដែរ ព្រមទាំងមានការសំដែងម៉ុងសាយ។
ដើរចូលអាគារមួយ រួចទៅដល់រោងផ្ទះបាយ ពួកយើងបានហូបបាយជាមួយម្ហូបបួស រួចបរិច្ចាគប្រាក់មួយចំនួនដល់ កិច្ចដ៏សប្បុរសនេះ។ ចេញពីវិហារចិន ខ្ញុំទៅមើលវិហារព្រះពុទ្ធសាសនាដែលកសាងលើកូនភ្នំក្បែរនោះ តែពុំបានសំពះព្រះធ្វើបុណ្យព្រោះមនុស្សច្រើនពេក បានតែថតរូបទុកជាភស្តុតាង ពីរទៅបីសន្លឹក។ បន្ទាប់មកយើងបានក៏បានចាកចេញពីខេត្តស្រះបុរី រួចធ្វើដំណើរសំដៅទៅខេត្តលុបបុរី។
ម៉ោងប្រហែល១២ ថ្ងៃត្រង់ យើងបានមកដល់វត្តវង់ព្រះចន្ទ (วัดวงพระจันทร์ – Wat Khao Wong Phrachan)។ តាមផ្លូវមុននឹងជិតមកដល់វត្ត យើងបានឃើញព្រះពុទ្ធរូបដ៏ធំមួយអង្គសាងលើភ្នំ មានពណ៌មាសឆ្អិនឆ្អៅ។
អ៊ំម្ចាស់ផ្ទះបានប្រាប់ខ្ញុំថា ពីមុនទីនេះគឺសុតតែជាព្រៃ មានព្រះសង្ឃជាច្រើនអង្គ និមន្តមកធុត្តុងនៅទីនេះ។ ចុះពីឡានម្ចាស់ផ្ទះរៀបចំអង្ករ ឱ្យខ្ញុំពីរថង់ប្រមាណ១គីឡូ ចៅប្រុសគាត់ពីរនាក់ម្នាក់១គីឡូដូចគ្នា ដើរឡើងភ្នំ រួចធ្វើបុណ្យនៅលើកំពូលភ្នំ។ ថ្ងៃក្ដៅក្រហែង បន្ទាប់លាបឡេការពារកំដៅថ្ងៃរួច (មិនមែនរបស់ខ្ញុំទេ របស់ចៅប្រុសម្ចាស់ផ្ទះ) យើងផ្តើមដើរឡើងភ្នំ។ តំបូងខ្ញុំគិតថាមិនខ្ពស់ទេ ព្រោះគិតថាយើងឡើងភ្នំដែលមានរូបសំណាក់ព្រះពុទ្ធ តែវាមិនមែនជាការពិតទេ ព្រោះភ្នំខ្ពស់មួយទៀតកំពុងរង់ចាំ។ ដើម្បីទៅដល់កំពូលភ្នំ យើងត្រូវដើរ ៣៧៩០កាំ ដើរដំបូងៗសប្បាយៗ ដល់កាំ ២០០០ ខ្ញុំចាប់ផ្តើមហត់ ញ័រជើង ព្រមអាកាសធាតុដ៏ក្ដៅផង។
សង្រ្គាមចិត្តបានកើតឡើង ខ្ញុំគិតថាចង់ចុះចាញ់ម្ដងៗទៅហើយ តែទោះយ៉ាងណាក៏នៅតែស៊ូ។ ទោះបីក្ដៅ តាមផ្លូវឡើងមានកូនហាងតូចៗលក់ភេសជ្ជៈផ្សេងៗសម្រាប់អ្នកដំណើរ។ ដល់កាំ ៣០០០ ខ្ញុំហត់ឡើងចង់អស់មែនទែន ខ្ញុំទើបដឹងថាខ្លួនឯងនេះអាយុច្រើនណាស់ហើយ រាងកាយឱ្យសញ្ញា ម្យ៉ាងក៏ដោយសារខ្ញុំមិនដែលទៅហាត់ប្រាណមួយឆ្នាំជាងទៅហើយ។
ជាចុងក្រោយខ្ញុំក៏បានទៅដល់កំពូលភ្នំ។ កំពូលភ្នំនេះ គ្មានអីគួរឱ្យចាប់អារម្មណ៍នោះទេ មានស្លាកសញ្ញាមួយសរសេរថា ទីបំផុតអ្នកក៏ធ្វើបាន ៣៧៩០កាំ។ សំរាកបន្ទិចយើងយកអង្ករទៅធ្វើបុណ្យ លើកំពូលភ្នំនេះក៏មានអាហារបួសមិនគិតថ្លៃផងដែរ។ ខ្ញុំបានធ្វើបុណ្យ ធ្វើសង្ឃៈទាន ឧទ្ទិសដល់ប៉ា។ ខាងលើនេះមានសំណាក់ព្រះពុទ្ធរូប មានរូបព្រះម៉ែគួនអ៊ីម មានរូងភ្នំតូចមួយ ខ្ញុំបានចូលទៅមើល តែពុំមានអីទេ មានតែរូបសំណាក់សម្រាប់បូជាមួយចំនួន។ ដោយប្រើថាមពលច្រើនក្នុងការឡើងភ្នំ ខ្ញុំបានទៅទទួលទានបបរបួសឥតគិតថ្លៃមួយកូនចាន។
ក្រោយមកខ្ញុំក៏បានដើរចុះមកវិញ លើកំភួនជើងខ្លាំងណាស់។ ដល់ឡានម្ចាស់ផ្ទះទិញបាយថ្ងៃត្រង់ឱ្យខ្ញុំមួយប្រអប់ ហូបឡើងឡានរួចយើងធ្វើដំណើរមកបាងកកវិញ។ មកដល់ផ្ទះវិញម៉ោងប្រហែល ៧ ជាងយប់។
ស៊ូរហូតបានបណ្ណបើកបរ ខែកុម្ភៈ 23, 2022
Posted by ភារម្យ in ចំណេះដឹងទូទៅ, ច្បាប់, ប្រវត្តិខ្ញុំ, ពីនេះពីនោះ, ព័ត៌មាន, វិចារណកថា, អប់រំ, អំពីភារម្យ.4 comments
មេរៀនជីវិតទទួលបានពីបេសកកម្មលើកនេះគឺ ជោគជ័យ អាចកើតចេញការបរាជ័យ ម្ដងឬច្រើនលើកច្រើនសា តែសំខាន់សួរខ្លួនឯងថា រាល់ពេលបរាជ័យ យើងបានរៀនអ្វីខ្លះពីវា ព្រមបាក់ស្បាតខ្លបខ្លាច ឬក៏ស៊ូតរ? វាពិតជាមានឥទ្ធិពលខ្លាំងណាស់ ដល់បេសកកម្មលើកក្រោយ។ បរាជ័យជាជ័យជម្នះកាលណាយើងសិក្សាពីវា តែកុំភ្លេច ត្រូវព្រមដោយភាពអំណត់អត់ធ្មត់ និងស៊ូ
ថ្ងៃ ១៤ កុម្ភៈដែលជាថ្ងៃទីវានៃក្តីស្រលាញ់ ខ្ញុំបានសុំច្បាប់កន្លែងធ្វើការ ទៅប្រលងបណ្ណបើកបរ ដោយថ្ងៃនេះ ខ្ញុំត្រូវធ្វើតែសបើកម៉ូតូ។ ២ម៉ោងបន្ទាប់ មកដល់កន្លែងធ្វើការវិញ ខ្ញុំបានបង្ហាញបណ្ណបើកបររបស់ខ្ញុំដល់មិត្តទាំងឡាយ ដោយក្តីរីករាយ។ ពីក្រោយក្តីរីករាយនេះ តើខ្ញុំឆ្លងកាត់អ្វីមកខ្លះ?
ដំណើរដើមទងនៃមេរៀនជីវិតលើកនេះ គឺផ្តើមចេញពីការចង់បើកម៉ូតូ ដើរកម្សាន្តគ្រប់តំបន់ក្បែរៗ កន្លែងធ្វើការនាក្រុងបាងកក (បច្ចុប្បន្នគេដូរឈ្មោះហើយ ក្រុងទេពមហានគរ)។ ខ្ញុំបានប្រឹក្សាជាមួយសិស្សច្បងម្នាក់ ដែលធ្វើការនៅកន្លែងជាមួយគ្នា (ដោយសារបានគាត់ណែនាំ ទើបខ្ញុំទទទួលបានការងារធ្វើនៅទីនេះ ម្យ៉ាងគាត់រៀនថ្នាក់បណ្ឌិតដូចខ្ញុំ រៀនជំនាន់មុនខ្ញុំ តែខ្ញុំចប់មុន 😀 ) គាត់បានឱ្យយោបល់ថា ការបើកបរគួរមានបណ្ណបើកបរ ខណៈប្រជាជនថៃជាច្រើនពុំមានបណ្ណបើកបរ តែក្នុងនាមជាជនបរទេសធ្វើការនៅថៃ បើមានគ្រោះថ្នាក់អ្វីកើតឡើ់ង ពិបាកទាមទាសំណងពីខាងធានារ៉ាប់រ៉ង ប៉ូលីសអាចធ្វើស៊ីយើង ម្យ៉ាងយើងអាចក្លាយទៅជាជនបង្ករកំហុសផងដែរ នៅពេលមានគ្រោះថ្នាក់ណាមួយកើតឡើង បើទោះជាយើងបើកបរត្រឹមត្រូវ។ ពេលនោះហើយដែលខ្ញុំយកសំដីគាត់មកគិត រួចខ្ញុំបានស្វែងរកព័ត៌មានពីអ៊ីនធើណេតមកអាន មួយទៀតខ្ញុំក៏បានផ្ងើរសារទៅសួរសិស្សប្អូនម្នាក់ទៀត ដែលគាត់បើកម៉ូតូ អំពីបណ្ណបើកបរ។ សិស្សប្អូនខ្ញុំតបថា គាត់អត់មានទេ ម្យ៉ាងការប្រលងបណ្ណបើកបរមានការលំបាកខ្លាំងណាស់ ចំនួនសំណួរអាចមានដល់ទៅ ៣០០០ ម្យ៉ាងមិត្តសិស្សប្អូនដែលជាជនជាតិថៃ ក៏ពុំមាននរណាទៅធ្វើបណ្ណបើកបរដែរ ។ តាមព័ត៌មានដែលខ្ញុំបានអាន គឺត្រឹមត្រូវដូចសិស្សប្អូនបានប្រាប់ដែរ ព័ត៌មានបន្ថែមនោះគឺ សំណួរទាំង ៣០០០ ត្រូវបានចាប់ដោយចៃដន្យដោយប្រព័ន្ធកំព្យូទ័រ ចំនួន ៥០ ហើយឱ្យអ្នកប្រលងធ្វើ ខុសលើសពី ៥ ធ្លាក់។ សំណួរទាំងនេះ ដកស្រង់ចេញពី ប្រភពសំខាន់ៗបី ទីមួយគឺច្បាប់ចរាចរណ៏ស្រុកថៃ ទីពីរស្លាកសញ្ញានិងភ្លើងចរាចរណ៏ និងទីបីការថែទាំរថ។ ក្រៅពីសិស្សច្បងសិស្សប្អូន ព័ត៌មានពីអ៊ីនធើណេត ខ្ញុំបានសាកសួរអ្នកជិតខាងថៃ ដែលរស់នៅក្បែរគ្នាផងដែរ។ ដំនើរការទាំងនេះ ខ្ញុំហៅថាការប្រមូលទិន្នន័យ។
ថ្ងៃមួយខ្ញុំទៅទទួលទានអាហារថ្ងៃត្រង់ នាហាងតូចមួយក្បែរបន្ទប់ជួលខ្ញុំ ខ្ញុំបានសន្ទនាជាមួយមីងម្នាក់អំពីការប្រលងយកបណ្ណបើកបរ គាត់ណែនាំឱ្យទៅនាយកដ្ឋានរៀបចំដែនដី និង ដឹកជញ្ជូនខេត្តសមុទ្រប្រាកាន ព្រោះវានៅក្បែរកន្លែងខ្ញុំស្នាក់ (បញ្ជាក់យើងអាចប្រលងយកបណ្ណបើកបរតាមនាយកដ្ឋានរៀបចំដែនដី និង ដឹកជញ្ជូនគ្រប់ខេត្តក្រុងទាំងអស់ក្នុងប្រទេសថៃ) ហើយគាត់ថាប្រលងងាយជាប់។ ខ្ញុំបានសាកសួរដល់ឯកសារសម្រាប់ជនបរទេស គាត់ថា ចាំគាត់ឱ្យកូនដែលរស់នៅក្បែនាយកដ្ឋាននោះសាកសួរឱ្យ។ ព័ត៌មានបន្ថែមតាមរយៈមិត្តខ្ញុំម្នាក់ទៀត ដែលមានបណ្ណបើកបរប្រភេទឡាន (គាត់ប្រលងនៅខេត្តបុរីរម្យ) គាត់ថាមានត្រឹម Work Permit (សៀវភៅអនុញ្ញតឱ្យជនបរទេសធ្វើការនៅថៃ) passport និង វីសា គឺគ្រប់គ្រាន់ហើយសម្រាប់ដាក់ពាក្យប្រលង ព័ត៌មានពីអ៊ីនធើណេត ក៏បានលើកឡើងដូចគ្នា ខុសត្រង់គេបានបញ្ជាក់ថា ត្រូវមានឯកសារដែលបញ្ជាក់ពីទីលំនៅបច្ចុប្បន្ន មិនថា work permit ឬ ឯកសារដទៃទៀត។
ត្រង់នេះគឺខ្ញុំមានឯកសារគ្រប់គ្រាន់ ចិត្តខ្ញុំចង់ទៅនាយកដ្ឋាននោះដើម្បី សាកសួរព័ត៌មានបន្ថែម។ មានថ្ងៃមួយក្រោយចេញពីធ្វើការ ខ្ញុំបានឱ្យបងស្រីកូនអ៊ំម្ចាស់ផ្ទះឈ្មោះ ភីសេម បើកម៉ូតូជូនខ្ញុំទៅនាយកដ្ឋាននោះ ដោយខ្ញុំសន្យាថា ជួយចាក់សាំងឱ្យគាត់ ១០០បាត។ ទៅដល់ប្រហែលម៉ោង ៤ល្ងាច បុគ្គលិកធ្វើការទាក់ទងនិងបណ្ណបើកបរ ត្រលប់ទៅផ្ទះអស់ សល់តែបុគ្គលិកផ្នែកផ្សេង ពួកគាត់ចិត្តល្អ បានទូរស័ពសាកសួរបុគ្គលិកធ្វើបណ្ណបើកបរ ឱ្យខ្ញុំ ដោយបុគ្គលិកធ្វើបណ្ណបើកបរ សួរខ្ញុំថា work permit មានបញ្ជាក់ទីលំនៅឬអត់ ខ្ញុំស្រពិចស្រពិល តែក៏ឆ្លើយថាមាន តែខ្វះឯកសារត្រួតពិនិត្យសុខភាព រួចគាត់បានណាត់ខ្ញុំមកជួបថ្ងៃស្អែក ខ្ញុំក៏យល់ព្រមសិនទៅ។ ល្ងាចនោះខ្ញុំបានឆែកមើល work permit ខ្ញុំ ប្រាកដថាពុំមានបញ្ជាក់ពីអាសយដ្ឋានបច្ចុប្បន្ន។ ដូច្នេះខ្ញុំត្រូវ ទៅការិយាល័យអន្តោប្រវេសន៍ ឬទៅស្ថានទូតដើម្បីអោយគេចេញលិខិតបញ្ជាក់ទីលំនៅបច្ចុប្បន្នរបស់ខ្ញុំ បញ្ហាគឺការសុំឯកសារពីការិយាល័យអន្តោប្ររេស ត្រូវមានឯកសារភ្ជាប់ជាមួយជាច្រើនទៀត ដែលបង្កើតការស្មុគស្មាញដល់ខ្ញុំក្រៃលែង ពិសេសគឺឯកសារដែលមានឈ្មោះថា TM. 30 វាពាក់ព័នដល់ការធ្វើដំណើរចេញចូលប្រទេសថៃ ពោលគឺម្ចាស់បន្ទប់ឬផ្ទះជួល ត្រូវរាយការណ៍ ដល់ការិយាល័យអន្តោប្ររេស។ តែបើនិយាយដល់ឯកសារពីស្ថានទូតវិញ ខ្ញុំរិតតែមិនដឹងត្រូវធ្វើអ្វីទៅទៀត។ ស្អែកឡើងសិស្សច្បងខ្ញុំ ជួយទូរសព្ទទៅនាយកដ្ឋានខាងលើម្ដងទៀត លើកនេះគាត់ថា ត្រូវមានឯកសារកម្មសិទ្ធិដីធ្លី ខ្ញុំអាចសូមឯកសារនេះពីម្ចាស់ផ្ទះ (ខ្ញុំគិតថាមិនតកៈសោះ) តែក៏យល់ព្រម។
ថ្ងៃចុងសប្តាហ៍ ខ្ញុំធាក់កង់ទៅគ្លីនិកមួយនៅទល់មុខ ហាងម៉េកវ៉ែលូ ដើម្បីត្រួតសុខភាព ពេទ្យគ្រាន់តែវាស់សំពាធឈាមខ្ញុំ រួចសួរពីទម្ងន់ កម្ពស់ និងជំងឺប្រចាំខ្លួន រួចគាត់ចេញឯកសារមួយច្បាប់ឱ្យខ្ញុំ បង់ប្រាក់ ១០០បាត។ សប្តាហ៍បន្ទាប់ ពេលរសៀលខ្ញុំបានឱ្យបងសេម នាំខ្ញុំទៅនាយកដ្ឋាននោះម្ដងទៀត ម្តងនេះខ្ញុំបានត្រៀមឯកសារដូចដែលបានរៀបរាប់ខាងលើ មន្ត្រីដែលណាត់ខ្ញុំ គាត់ជាមនុស្សស្រីវ័យចំណាស់បន្ទិច តំណែងប្រហែលជាប្រធាន គាត់ត្រួតពិនិត្យឯកសារខ្ញុំ រួចពន្យល់ដូចតទៅ ទីមួយ work permit ខ្ញុំពុំបានបញ្ជាក់ពីអាសយដ្ឋានបច្ចុប្បន្ន ទី២ឯកសារកម្មសិទ្ធិដីធ្លី មានសុពលសម្រាប់តែម្ចាស់ទីលំនៅប៉ុណ្ណោះ អ្នកជួលពុំអាចប្រើប្រាស់បានឡើយ ចប់ទៀតហើយខ្ញុំ។ បន្ទាប់មកគាត់បានបង្ហាញតារាងណាត់ជនបរទេស ដែលចង់មកធ្វើបណ្ណបើកបរ គឺត្រូវចាំទៅដល់ខែមិនា ដោយសារបញ្ហាកូរ៉ូណា (បញ្ជាក់ខ្ញុំទៅទីនោះ ពេលពាក់កណ្តាលខែមករា) គាត់សួរខ្ញុំថា ចង់កក់ពេលណាត់ឬអត់ ខ្ញុំថាពុំទាន់ទេ។ ពេលនោះចិត្តខ្ញុំចង់បោះបង់ទៅហើយ ព្រោះតែបរាជ័យៗ។ ត្រលប់មកកន្លែងធ្វើការវិញ ខ្ញុំក៏សម្រេចចិត្តថា បោះបង់ លែងចង់បានវាហើយ។ ថ្ងៃមួយមីងម្នាក់ដែលខ្ញុំជួបពេលទៅបាយថ្ងៃត្រង់ គាត់បានបង្ហាញព័ត៌មានដែលកូនគាត់ទៅសាកសួរឱ្យ តែខ្ញុំបានដឹងថាត្រូវមានឯកសារអ្វីខ្លះរួចទៅហើយ។
ព័ត៌មានដែលកូនគាត់ទៅសាកសួរអោយ
ចុងសប្តាហ៍សិស្សច្បងខ្ញុំបានឃើញគេប្រកាសលក់ម៉ូតូ MSX 125cc គាត់បាននាំខ្ញុំទៅមើល ចុងក្រោយខ្ញុំសម្រេចចិត្តទិញវា។ មូលហេតុនេះហើយ ដែលរងើកចិត្តចង់ធ្វើបណ្ណបើកបរ បានឆេះឡើងម្ដងទៀត។ ខ្ញុំបានចូលទៅមើលព័ត៌មានក្នុងគេហទំព័រស្ថានទូតខ្មែរប្រចាំប្រទេសថៃ រួចឃើញចំណុចមួយដែលបញ្ជាក់ដល់ ការសុំឯកសារបញ្ជាក់ពីទីលំនៅបច្ចុប្បន្ននាប្រទេសថៃ អានហើយ ខ្ញុំព្រីនឯកសារស្នើរសុំចេញមកដើម្បីបំពេញ ក្រៅពីឯកសារនេះ គឺត្រូវភ្ជាប់មកជាមួយឯកសារផ្សេងទៀត ដូចជា ការថតចម្លង passport វីសា work permit (សម្រាប់សិស្សថតបណ្ណសិស្ស) កិច្ចសន្យាជួលបន្ទប់ឬផ្ទះ ហើយជាចុងក្រោយដែលធ្វើឱ្យខ្ញុំឈឺក្បាលទៀត នោះគឺ ត្រូវទៅស្ថានីយ៏ប៉ូលីស ដើម្បីសុំលិខិតកំណត់ត្រាប្រចាំថ្ងៃបញ្ជាក់ថា ខ្ញុំពិតជាបានស្នាក់ទៅតាមអាសយដ្ឋានបច្ចុប្បន្នយ៉ាងពិតប្រាកដមែន។ បាន! ខ្ញុំធ្វើបាន! ខ្ញុំនឹងស៊ូ! ក្រោយពីបានបំពេញឯកសារស្នើរសុំរួច ខ្ញុំបានឱ្យបងសេមបើកម៉ូតូ ជូនខ្ញុំទៅស្ថានីយ៏ប៉ូលីស ក្រោយចេញពីធ្វើការ។ ដល់ស្ថានីយ៏ប៉ូលីស រ៉ាត់បូរៈណា ខ្ញុំបានពន្យល់មន្ត្រីប៉ូលីសពីគោលបំណង រួចរាល់ហើយគាត់បានចេញឯកសារឱ្យខ្ញុំមួយច្បាប់ដើម្បីចុះហត្ថលេខា រួចខ្ញុំក៏ត្រលប់មកបន្ទប់វិញ។ មូលហេតុដែលខ្ញុំ មិនបើកម៉ូតូទៅខ្លួនឯង ហើយអោយគេជូន ព្រោះខ្ញុំបើម៉ូតូមិនទាន់ស្ទាត់ ពីរពុំសូវស្គាល់ផ្លូវ បីគ្មានបណ្ណបើកបរ។ ព្រឹកស្អែកខ្ញុំដាក់ច្បាប់កន្លែងធ្វើការមួយថ្ងៃ ដើម្បីទៅស្ថានទូតខ្មែរប្រចាំប្រទេសថៃ ដោយត្រូវជិះឡានក្រុងលេខ ៣៦ក ពីវិមានរលឹកអនុស្សាវរីយ៍ (Victory Monument)។ ទៅដល់ទីនោះ បុគ្គលិកស្ថានទូតខ្មែរបានប្រាប់ខ្ញុំថា ចង់បានឯកសារលឿន ត្រូវបង់៣០០ បាតក្នុងមួយច្បាប់ ហ្វ្រីត្រូវចាំដល់មួយអាទិត្យ ខ្ញុំធ្វើពីរច្បាប់ មួយសម្រាប់ប្រលងបណ្ណបើកបរ ពីរសម្រាប់ទិញម៉ូតូ សរុបអស់៦០០ បាត់ អង្គុយចាំមួួយព្រឹក ថ្ងៃត្រង់បាន។
ស្ថានទូតព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសថៃ
មកដល់បន្ទប់វិញ ខ្ញុំមិនទាន់បាយថ្ងៃត្រង់ទេ ប្រញាប់បើកម៉ូតូទៅ នាយកដ្ឋានខាងលើ ខ្លាចហួសម៉ោងគេធ្វើការ ទៅដល់ខ្ញុំហុចឯកសារឱ្យមន្រ្តីទទួលបន្ទុកមើល គាត់ថាឯកសារគ្រប់គ្រាន់ តែខ្វះឯកសារត្រួតពិនិត្យសុខភាព ខ្ញុំថាពេលមករៀន និង ប្រលងនឹងយកមកឱ្យ។ បន្ទាប់មកគាត់សរសេរលើខ្នងឯកសារដើម្បីណាត់ខ្ញុំ អោយមកម្តងទៀត គាត់ឱ្យរើសថ្ងៃ ខ្ញុំយកថ្ងៃអង្គារ ព្រោះដើម្បីបានបង្ហាញខ្លួននៅកន្លែងធ្វើការនាថ្ងៃចន្ទ ឈប់ច្រើនពេក ខ្លាចគេភ្លេចមុខ។
ព្រឹកថ្ងៃអង្គារ ខ្ញុំងើបតាំងពីព្រលឹមម៉ោង ៦ និង ៤៥នាទី ដោយមានណាត់ជាមួយនាយកដ្ឋានម៉ោង ៨ ព្រឹក។ ទៅដល់ខ្ញុំហុចឯកសារឱ្យមន្រ្តីទទួលបន្ទុកទំនាក់ទំនងព័ត៌មានត្រួតពិនិត្យ រួចគាត់ឱ្យសរសេរឈ្មោះ និង លេខទូរស័ពលើឯកសារបន្ថែម រួចយកទៅដាក់ក្នុងកញ្ជ្រែងលឿង ហើយអង្គុយចាំគេហៅឈ្មោះ ប្រហែលម៉ោង៩ព្រឹក គេចាប់ផ្តើមហៅឈ្មោះអ្នកមកប្រលងបណ្ណបើកបរថ្មីទាំងអស់ទៅតម្រង់ជួរ រួចគេធ្វើតែសឱ្យជាន់ប្រេក ឬតំឡើងល្បើន តាមភ្លើងក្រហម និង បៃតង រួចវាស់ក្រសែភ្នែក ដោយបញ្ជាចលនាបង្គោលតូចមួយទៅមុខទៅក្រោយ ធៀបនឹងបង្គោលនឹងមួយទៀត ក្នុងប្រអប់ខ្មៅ ក្នុងប្រអប់នោះប្រដូចនឹងយប់ងងឹត។ ខ្ញុំជាប់ទាំងអស់ តែខ្ញុំឆ្ងល់ថា ខ្ញុំមកប្រឹងបណ្ណបើកបរម៉ូតូ មិនមែនឡានទេ ហេតុអ្វីអោយខ្ញុំធ្វើតេសឡាន ចុងក្រោយទើបខ្ញុំដឹងថា បុគ្គលិកគាត់ច្រឡំ គិតថាខ្ញុំមកប្រលងបណ្ណបើកបរឡាន។ បន្ទាប់ពីតេសទី១មក តេសទីពីរចាប់ផ្តើម គេចង្អុលពណ៌ ហើយសួរយើងពណ៌អ្វី ក្រហម លឿង បៃតង? រួចតេសពណ៌ដដែល ម្តងនេះគេឱ្យខ្ញុំសម្លឹងទៅមុខចំ ហាមកម្រើកកែវភ្នែក រួចគេលើកទង់ពណ៌សងខាង ហើយសួរខ្ញុំអំពីពណ៌ដដែល។ ខ្ញុំធ្វើបាន តែកុំអាលអរ បរាជ័យទី២ ទី៣ កំពង់រង់ចាំ។ បន្ទាប់មកគេហៅពួកខ្ញុំឱ្យមើលវីឌីអូអប់រំ ចំនួន៥ម៉ោង គេមកឆែកឈ្មោះមួយម៉ោងម្តង ខ្ញុំស្ទើរតែពុល។ ម៉ោងប្រហែល ៤ល្ងាច គេហៅខ្ញុំទៅប្រលង ពេលនោះហើយទើបខ្ញុំដឹងថា គេវាយឯកសារប្រលងបណ្ណបើកបរខ្ញុំខុស គេថាខ្ញុំប្រលងឡាន។ ខ្ញុំឱ្យគេកែ រួចប្រលងតាមប្រព័ន្ធកុំព្យូទ័រ លទ្ធផលចេញមកហើយ តេន! តេន! ធ្លាក់! ៤៣លើ៥០ 😦 បាក់ទឹកចិត្តអស់រលីង ចំណាយពេលតាំងតែពីព្រឹកដល់ល្ងាច។ មន្ត្រីម្នាក់ចេញកូនក្រដាសមួយសន្លឹកឱ្យខ្ញុំ ដើម្បីមកប្រលងសង។ ខ្ញុំទូរស័ពទៅប្រាប់សិស្សច្បងខ្ញុំ ពីបរាជ័យលើកនេះ 😦 ។
កូនសំបុត្រប្រលងសង
ថ្ងៃបន្ទាប់ថ្ងៃត្រង់ខ្ញុំសុំមេមួយម៉ោងទៀត ទៅប្រលង ម្តងនេះ ខ្ញុំធ្លាក់ទៀត ៤៤ លើ ៥០ 😦 ។ ខ្ញុំដឹងខ្លួនថា ខ្ញុំប្រមាថ មិនអាន មិនត្រួតពិនិត្យសំណួរឱ្យច្បាស់លាស់ ខ្ញុំប្រលងជាភាសាអង់គ្លេស ឈ្មោះជំងឺមួយចំនួនខ្ញុំអត់ចេះ។ ថ្ងៃហ្នឹង ខ្ញុំដោនឡូដតេសជាភាសាអង់គ្លេសមកអាន ជិត១០០ទំព័រ ចៃដន្យខ្ញុំមើលវីឌីអូ យូធូប ពីការប្រលងបណ្ណបើកបរ គេបានណែនាំគេហទំព័រមួយ។ គេហទំព័រនេះ មានសំណួរស្រដៀងទៅហ្នឹង សំនួរចេញក្នុងការប្រលងបណ្ណបើកបរពិត ដូច្នេះហើយខ្ញុំក៏សាកធ្វើវា សាកហើយសាកទៀត ពេលខុសកត់ចំណាំ ហើយសួរខ្លួនឯងថា ហេតុអ្វីខ្ញុំធ្វើរខុស អ្វីជាកំហុស អ្វីជាឬសគល់នៃកំហុស។ ថ្ងៃបន្ទាប់ខ្ញុំមានទំនុកចិត្តច្រើន ការប្រលងចំណាយពេលប្រហែលតែ២០នាទីទេ (ខ្ញុំប្រមាថទៀតហើយ គេឱ្យពេល ៦០នាទី) ខ្ញុំធ្វើបាន ៤៦ លើ ៥០ នៅមានខុស៤ តែមិនអីទេ ខ្ញុំប្រលងជាប់ហើយ។ មន្ត្រីដដែល ចេញកូនលិខិតតូចមួយទៀត ឱ្យខ្ញុំមកប្រលងបើកម៉ូតនាថ្ងៃស្អែក។
កូនសំបុត្រប្រលងបើកម៉ូតូ
ថ្ងៃ១៤ កុម្ភៈ ក្រោកពីដេកម៉ោង ៦ និង ៤៥នាទីដដែល ខ្ញុំបើកម៉ូតូលឿងរបស់ខ្ញុំ ទៅនាយកដ្ឋានខាងលើ (ប្រៈផាដេង) ហុចឯកសារឱ្យមន្ត្រីផ្តល់ព័ត៌មានពិិនិត្យ រួចគេសុំ passport ខ្ញុំ គេអោយទៅអង្គុយចាំនៅកន្លែងប្រលងបើកម៉ូតូឡាន។ ខ្ញុំជួលម៉ូតូគេនៅទីនោះ ព្រោះម៉ូតូខ្ញុំប្រើអង់ប៊្រីយ៉ា ឬ Clutch ខ្ញុំខ្លាចវារលត់ពេលប្រលងបណ្តាលអោយធ្លាក់ ព្រោះទើបរៀនបើក មិនសូវស្ទាត់។ ពួកប្រលងឡានទៅមុន គ្នាមួយហ្វូងជាប់ តែ២-៣នាក់ប៉ុណ្ណោះ ខ្ញុំផ្តើមបុកពោះ។ មួយទៀតមានយុវជនម្នាក់ មកប្រលងសង វាបើកធ្លាក់ផ្លូវ ប្រលងធ្លាក់ គេឱ្យវាមកប្រលងម្ដងទៀត។
ទីលានបើកបរ
បើកទាំងឡាន ប្រលងទាំងម៉ូតូ
ដល់វេនម៉ូតូ ខ្ញុំប្រលងមុនគេ បើកមួយជុំ បើកតាមស្លាកសញ្ញា បើផ្លូវចង្អៀត បើកចាក់ចង្កេះ ខ្ញុំប្រលងជាប់! យ៉េសសសសសស! បន្ទាប់មកគេឱ្យខ្ញុំទៅអង្គុយចាំ គេហៅឈ្មោះទៅបង់លុយ និង ថតរូបបណ្ណបើកបរ។ សម័យកូរ៉ូណា គេអោយខ្ញុំសំអាតដៃនឹងអាលកុល រួចបង់លុយ ១០៥ បាត ៥បាត ថ្លៃឯកសារ ១០០បាត ថ្លៃបណ្ណ។
បង់ប្រាក់តែ ១០៥ បាតទេ
បន្ទាប់មកថតរូប រង់ចាំបន្ទិច គេហៅឈ្មោះឱ្យទៅយកកាត។ នេះគឺជោគជ័យមួយ ក្រោយភាពបរាជ័យរាប់មិនឈ្នះ។ សរុបខ្ញុំត្រូវធ្វើដំណើរទៅនាយកដ្ឋានខាងលើចំនួន ៦ ដង ទំរាំបានបណ្ណបើកបរ មិនទាន់និយាយដល់ការធ្វើដំណើរទៅស្ថានីយ៏ប៉ូលីស និង ស្ថានទូត គ្រប់យ៉ាងសុតតែប្រើពេល។ បេសកកម្មនេះ បានបង្រៀនខ្ញុំច្រើនណាស់ ជាពិសេសនោះគឺ បរាជ័យគឺជាជ័យជម្នះ កាលណាយើងសិក្សាពីវា តែក៏មិនភ្លេចដល់ការតស៊ូ អំណត់ អត់ធន់ផងដែរ។
បាងកក ថ្ងៃទី២៣ កុម្ភៈ ២០២២
ភារម្យ
ជំរាបសួរពីចំងាយ បាទ! ខែមិថុនា 28, 2015
Posted by ភារម្យ in ចំណេះដឹងទូទៅ, ប្រវត្តិខ្ញុំ, អំពីភារម្យ.2 comments
អស់រយៈពេលជាយូរមកហើយ ដែលរូបខ្ញុំមិនដែលបានសរសេររឿងរាវនៅទីនេះ។ រយៈពេលដ៏យូរនេះ ជីវិតរបស់ខ្ញុំបានជួបប្រសព្វរឿងរ៉ាវជាច្រើន ដែលចង់យកមកបរិយាយ តែក៏ពុំមានពេលវេលាគ្រប់គ្រាន់។ ខ្ញុំបាទសូមរៀបរាប់ខ្លីៗត្រង់នេះថា ជីវិតជាអ្នកធ្វើការងារគឺលេងមានទៀតហើយសម្រាប់ខ្ញុំ នៅពេលនេះ។ ខ្ញុំបានលាឈប់ពីក្រុមហ៊ុនតាំងពីចុងខែមេសា មកម៉្លេះ ពោលគឺខ្ញុំបានជាប់អាហាររូបករណ៏មករៀននៅប្រទេសថៃ ថ្នាក់អនុបណ្ឌិត ផ្នែកកុំព្យូទ័រ និង ព័ត៌មានវិទ្យា។ បទពិសោធជីវិត ក្តីស្រម៉ៃរបស់មនុស្សប្រុសម្នាក់ ដែលមានសារជាតិកំណើត ត្រឹមជាកូនអ្នកស្រែចម្ការ ឆ្ងាយសែនឆ្ងាយពីទីក្រុង។ ពេលខ្លះផ្ទៃមេឃដែលស្រស់ល្អផូផង់ ក៏មិនចាំបាច់មានត្រឹមថ្ងៃបើកស្រលះនេាះដែរ តែវាក៏ត្រូវការចំណែកនៃមេឃងងឹតអាប់អួរ មករួមផ្សំ ដើម្បីសំដែងឱ្យឃើញថា នេះហើយទើបជាមេឃ ដែលពោពេញដោយអត្ថន័យ វាប្រៀបបានទៅនឹងជីវិតមនុស្សដូចឆ្នេះដែរ។
គិតមកដល់ថ្ងៃនេះ ២ខែបានកន្លងផុតទៅហើយ ដែលខ្ញុំបានចាកចេញពីដែនមាតុភូមិដ៏កម្សត់របស់យើង។ ឃ្លាតឆ្ងាយយ៉ាងណាក្តី តែក្តីនឹករលឹកតែងតែដក់ជាប់ក្នុងបេះដូង និងចិត្តវិញ្ញាណរបស់ខ្ញុំជាដរាប។ ចាកចេញដោយជិះរថយន្តចេញពីក្រុងភ្នំពេញ ឆ្ពេាះមកអន្លង់វែងប្រមាណមួយថ្ងៃ ខ្ញុំនិងមិត្តៗដែលជាប់អាហាររូបករណ៏ដូចគ្នា ក៏បានមកដល់គោលដៅ។ ដល់អន្លង់វែងដែនដីខ្មែរក្រហមនៃអតីត ខ្ញុំឆ្លៀតបានទៅទស្សនា ផ្ទះតាម៉ុក ដែលជាកន្លែងទេសចរណ៍នៅតំបន់នេះ។ ក្រោយពីសំរាកនៅអន្លង់វែងមួយយប់រួចមក ពួកយើងបានឆ្លងដែនចូលប្រទេសថៃ (តាមផ្លូវច្បាប់) តាមច្រកជាំស្រង៉ាំ។ ខណៈនេាះរថយន្តពីសកលវិទ្យាល័យមហាសារៈខាម ក៏បានមកទទួលពួកយើង ដើម្បីនាំពួកយើងទៅរៀនភាសាថៃជាមួលដ្ឋាន រយៈពេល ៣ខែ មុនបញ្ជូនពួកយើងទៅរៀន នៅតាមសកលវិទ្យាល័យ គ្រឹះស្ថាន ដែលជាប់អាហាររូបករណ៏រៀងៗខ្លួន។
តាមផ្លូវឆ្ពោះទៅកាន់មហាសារៈខាម ខ្ញុំបានគយគន់រំពៃមើល ទេសភាពតាមដងផ្លូវ ខ្ញុំធ្លាប់ឆ្ងល់ថា ថាតើស្ថានភាព ស្ថានតំបន់ស្រុកថៃ មានលក្ខណៈយ៉ាងដូចម្តេច? ក្រោយបានដឹង បានស្គាល់ បានឃើញរួចខ្ញុំភ្ងាក់ផ្អើល ព្រេាះថាវាលើកតំបូងបង្អស់ក្នុងជីវិត ដែលខ្ញុំចូលទឹកដីប្រទេសដទៃ ជ្រៅៗយ៉ាងនេះ។
ក្រោយពីបានធ្វើដំណើរមកដល់មហាសារៈខាម ពួកយើងត្រូវបានតម្រូវឱ្យស្នាក់នៅអន្តេវេសិកដ្ឋាន មហាសារៈខាមចាស់។ ជីវិតនៅទីនេះតំបូងៗ ហាក់មិនទម្លាប់ តែវេលាកន្លងយូរៗ អ្វីៗត្រលប់ប្រែជារឿងសាមញ្ញៗធម្មតាៗ។ ខាងម្ចាស់អាហាររូបករណ៏ក៏បានរៀបចំពិធីទទួលក្រុមនិស្សិតជំនាន់ថ្មី ក្រោយបញ្ចប់សន្ទរកថា គណៈប្រិតភូបានប្រគល់សម្ភារៈផ្សេងៗដែលជារបស់ប្រើប្រចាំថ្ងៃ ជាអាទិ៍ ខ្នើយពួក ភួយ កន្រ្តកដាក់ខោអាវជាដើម។
ជាតំបូងខ្ញុំត្រូវរៀនស្គាល់ កន្លែងបរិភោគអាហារ ភាសាដើម្បីទិញម្ហូបអាហារ រៀនស្គាល់ផ្សាទំនើបដើម្បីទិញសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ ទិញស៊ីមកាតដើម្បីតេមកស្រុកខ្មែរប្រាប់ពុកប្រាប់ម្តាយថាកូនមកដល់ ប្រកបដោយសុខសុវត្ថិភាព រៀនស្គាល់ 7-11 Mart ហាត់រៀនស្គាល់មធ្យោបាយយាន្តជំនិះ លើកក្រោយខ្ញុំហ្នឹងសរសេររឿងលម្អិតទាក់ទងទៅហ្នឹងមេរៀនជីវិតទាំងនេះ យ៉ាងល្អិតល្អន់។
ថ្ងៃបន្ទាប់ពួកយើងត្រូវបានប្រលងតេសសមត្ថភាពភាសាថៃ ដើម្បីចែកក្រុមចូលរៀន។ ប្រលងនេះ គឺដើម្បីឱ្យសាស្រ្តាចារ្យងាយស្រួលក្នុងការបង្រៀន។ លទ្ធផលចេញភ្លាមៗ ខ្ញុំជាប់ក្នុងក្រុមទី២ ដោយក្រុមសរុបទាំងអស់មាន ៦ក្រុម។
សូមបញ្ចាក់ថា សកលវិទ្យាល័យមហាសារៈខាម ចែកចេញជាពីរ សាខា គឺសកលចាស់ និង សកលថ្មី។ តំបូងពួកយើងរៀននៅសកលចាស់ តែមួយខែក្រោយមក ពួកយើងត្រូវបានតម្រូវឱ្យមករៀនសកលថ្មីវិញ។ មូលហេតុដ៏សំខាន់ដែលតម្រូវឱ្យពួកយើងរៀននៅសកលចាស់សិន ពីព្រេាះសកលថ្មីមិនទាន់វ៉ាកង ពុំមានកន្លែងសម្រាប់ផ្ដល់ជូនិស្សិតស្នាក់នៅ តែមួយខែក្រោយមក ខាងសកលថ្មីវ៉ាកង អន្តេទំនេរ ទើបពួកយើងអាចមករស់នៅសកលថ្មីវិញបាន។ យ៉ាងណាក្តីនេះក៏ជាបញ្ហាដ៏លំបាកមួយដែរសម្រាប់និស្សិត ពោលគឺការសំរបខ្លួនទៅហ្នឹងបរិស្ថានថ្មី បណ្តាលឱ្យមានបណ្តានិស្សិតមួយចំនួនបន្តរស្នាក់នៅសកលចាស់ ជាការលំបាកសម្រាប់ពួកគាត់ដែរដោយត្រូវធ្វើដំណើរពីសកលចាស់មកសលកថ្មីដើម្បីរៀនភាសាថៃ ជិះឡានតម្លៃប្រមាណ ៩៧០៛ (8 baht)ទៅ និង៩៧០៛ (8 baht) មក ចំណែកខ្ញុំជ្រើសរើសសកលថ្មី (កាត់បន្ថយចំណាយ និងពេលវេលា)។
យ៉ាងណាក្តីអ្វីៗគង់ដើរទៅមុខជាដរាប ថ្ងៃយប់ យប់ថ្ងៃ គ្រប់គ្នាក៏សំរបខ្លួនបាន។ វេលា ២ ខែមកហើយ នៅសល់មិនដល់ជាងមួយខែទៀត វគ្គសិក្សាក៏ត្រូវបញ្ចប់ ពួកយើងក៏នឹងត្រូវបែកគ្នា។
ជាចុងក្រោយនេះ ខ្ញុំនឹងខិតខំព្យាយាមសរសេរឱ្យបានច្រើនៗ នៅទីនេះ អគុណសម្រាប់គ្រប់បណ្តាអ្នកអានដែលចៃដន្យ បានអានអត្ថបទមួយនេះ។
មហាសារៈខាម
២៨ មិថុនា ២០១៥
ទឹកឡើងឆ្នាំនេះ… ខែសីហា 22, 2014
Posted by ភារម្យ in ប្រវត្តិខ្ញុំ, ពីនេះពីនោះ, រូបភាព, វិចារណកថា.add a comment
ភ្នែកសំលឹងរំពៃមើលផ្ទៃមេឃដ៏ឆ្ងាយសន្លឹម មេឃគង់នៅមានពន្លឺ តាមរយៈឥទ្ធិពលនៃថ្ងៃលិច ដែលរៀបនឹងលិចបាត់ នាដែនដីម្ខាងនៃភូមិខ្ញុំ។ ពពក ពពាក់ពពូន ស្តើងៗ តូចធំ ពោពេញ នាអាកាសា ស្រងូតស្រង៉ាត់ ដូចមនុស្សមានបញ្ហា ដល់ថ្នាក់បក្សីបក្សា ខ្ពើមរអើម ហោះកាត់។ ពន្លឺពណ៌លឿង ដូចស្រាបៀ ចាំងជះ អបដោយបព្វតា ដ៏ឆ្ងាយសន្លឹម។ រុក្ខបៃតង ស្ទើប្រែខ្មៅ ហាក់បីដូចជា ឈរនឹងថ្កល់មិនខ្វល់ ដល់អំណាចខ្យល់បក់រសៀកៗ។
ទឹកទន្លេសរក្បុស ចាក់បំពេញប្រៀប អតីតវាលស្រែប្រាំង ដែលប្រជាអ្នកភូមិ បានច្រូតកាត់រួច រួចទឹកទន្លេនេះ ក៏រង្គោះរង្គើរតិច បញ្ចេញជាស្មានជ្រួញ ប្រដូចបាន នៅផ្ទៃភត្រា នៃបថុជនទាំងឡាយ នាវ័យចាស់ជរា។ វេយោបក់បាត់ រសាត់តិចៗ ប៉ះខ្លួនប្រាណ បណ្តាលកាមារម្មណ៏ ត្រជាក់ព្រឺព្រួច ដាស់អារម្មណ៏អោយអ្នកសរសេរ មានក្តីសោមនស្ស នាបរិយាកាស រដូវទឹកឡើងនេះ។
ទូកតូចចតចោល ដាក់ខ្នង បន្លំខ្លួន ដេកក្នុងទឹកទន្លេ រលកតូចៗ រត់មកប៉ះ បំណងបន្លំប្រឡែងនឹងទូកនេះ តែអនិច្ចាទូកព្រោះមិនងាចកំរើកបាន ត្រឹមនៅមួយកន្លែង ក៏ព្រោះ ឈើវែងមួយដើម បានដោតជាប់ទូក ប្រៀបបានទៅនឹងខ្នោះដៃ រឺគុកច្រវ៉ាក់ ហាមមិនអោយទូកតូចចាកចេញ មានសេរីភាព។ រំពៃមកជិតៗ ស្មៅស្រែបៃតង ក៏ប្រឹងឈរ ដកករ រអឺត មៀងមើល ស្វាគមន៏ដល់ទឹកទន្លេសរក្បុស ទើបឡើង ក្រោយពីបានបែកគ្មា អស់ជាច្រើនខែមក។
ម៉ូតូកញ្ចាស់មួយគ្រឿង ឈរសំញ៉ែងបង្អូតរៀងយ៉ាងក្លៀវក្លា គឺចង់បង្ហាញថា ទីនេះគឺមានតែរូបខ្លួនម្នាក់ប៉ុណ្ណោះ ដោយពុំខ្វល់ស្បែកជើងនៅក្បែដែលកំពុងស្រងូតស្រង៉ាត់។ ឯស្បែកជើងនេះទៀតសោត ពណ៌សរលាយខៀវមួយគូរ ពិតហាក់ស្រពោន មិនខ្វល់ពីម៉ូតូកញ្ចាស់មែន ព្រោះវាបាត់ម្ចាស់វា យ៉ាងណាក្តី វាក៏មិនឯកា ដោយវាមានគូរ នៅក្បែជិតបង្កើយ។
ភ្នំពេញ ថ្ងៃសុក្រ ២២ សីហា ២០១៤
ពុទ្ធីរម្យ
ទៅលេងខេត្តកែប កំពត ឡើងភ្នំបូកគោ ខែឧសភា 15, 2014
Posted by ភារម្យ in ចំណេះដឹងទូទៅ, ទេសចរណ៍, ប្រវត្តិខ្ញុំ, ពីនេះពីនោះ, អំពីភារម្យ.add a comment
…ខែនេះសម្បូរថ្ងៃឈប់សំរាកច្រើន មិនថាខ្ញុំមិនថាបងប្អូនទេ ប្រហែលបានទៅដើរលេងបាក់ទឹកបាក់ដី ជាមិនខានទេ។ ខ្ញុំឯណេះវិញដើរលេង បានពីរថ្ងៃដែរ គឺថ្ងៃចន្ទ១២ និង ថ្ងៃអង្គារ ១៣ ឧសភា ដែលត្រូវចំថ្ងៃបុណ្យព្រះពុទ្ធសាសនា វិសាខបូជា និងបុណ្យចម្រើនព្រះជន្ន ព្រះមហាក្សត្រកម្ពុជាយើង។
ថ្ងៃចន្ទ ១២ ឧសភា ខ្ញុំចេញពីតាកែវពេលព្រឹក ធ្វើដំណើរ តាមរយៈ ម៉ូតូពីរនាក់បងប្រុស ឆ្ពោះទៅខេត្តកែប ទៅកម្សាន្តយកខ្យល់អាកាស បរិសុទ្ធសមុទ្រ តារារះនាទិសនារតី របស់យើង។ តាមគម្រោង ថាទៅលេង ភ្នំឆ្អោរ ពេលចេញពីកែប តែមិនដូចគម្រោងបានរៀប អត់បានចូលលេង ព្រោះពេលតិចពេក ចេញពីកែប ទៅដល់ទីរួមខេត្តកំពត រកផ្ទះសំណាក់ [ផ្ទះសំណាក់ខ្ញុំដេកឈ្មោះ យូរ ហេង] គេង ឆែកអ៊ីនរួច ដេកប៉ះជើងពីរនាក់បងប្រុស ទំរាំល្ងាចងងឹតបន្ទិច ជិះជុំវិញទីរួមខេត្តកំពត រួចរកកន្លែងញ៉ាំបាយល្ងាច។ បានល្ងាចរួច ចេញទៅផឹកបៀរ បងខ្ញុំផឹកស្រា ស្រវឹងសន្លប់ឈឹង យ៉ាប់ម៉ងល្បងធំ។
ព្រឹកថ្ងៃអង្គារ ១៣ ឧសភា រៀបចំខ្លួនរួច ឆែកអៅផ្ទះសំណាក់ រួចចេញទៅឡើងភ្នំបូកគោ។ តាមដងផ្លូវ បងប្អូនអ្នកស្រុគ គាត់ប្រាប់ថា ដើម្បីសន្សំសំចៃប្រាក់កាស ក្នុងនាមអ្នកដើរលេងលុយស្តួចស្តើងដូចពួកខ្ញុំ គឺត្រូវទិញចំណីអាហារ ពីក្រោមទៅឱ្យហើយ ពុំនោះសោតត្រូវចំណាយលុយកាក់ច្រើន លើចំណីអាហារលើភ្នំបូកគោ។
តាមរយៈការណែនាំនេះ ពួកខ្ញុំក៏អនុវត្តតាម ហិហិ តែនៅតែអស់ក្រែលដដែល។ ដល់ផ្លូវចូលបូកគោ យើងត្រូវទិញសំបុត្រចូលទស្សនា តម្លៃទៅតាមយានជំនិះរបស់យើង សម្រាប់ពួកខ្ញុំម៉ូតូមួយតម្លៃ ២០០០រៀល។
តាមបណ្តោយផ្លូវឡើងភ្នំ ខ្ញុំមានអារម្មណ៍ រំភើបចំឡែក នេះក៏ព្រោះសម្រស់ធម្មជាតិ ក៏ដូចជាការឡើងភ្នំបូកគោជាលើកទីមួយរបស់ពួកខ្ញុំ។ ជិះម៉ូតូដូចពួកខ្ញុំ បានមើលទេសភាពពេញៗភ្នែក ហើយប្រហែលមានសេរីភាពជាង អ្នកជិះឡានមួយចំនួនផង ក៏ថាបាន។
ឡើងភ្នំមិនយូរប៉ុន្មាន ពួកយើងបានទៅដល់ រូបសំណាក់យាយម៉ៅ។ អ្វីដែលសប្បាយបំផុតនោះគឺ ពេលយើងជិះតាមផ្លូវ មានពពកស្តើងៗហោះមកប៉ះខ្លួនយើង ត្រជាក់ប្លែកធម្មតា អ្នកជិះឡានមួយចំនួនប្រហែល មិនបានធ្វើដូចយើងនោះទេ ហិហិ។
ចេញពីរូបសំណាក់យាយម៉ៅ ពួកខ្ញុំបានទៅ លេង ទឹកធ្លាក់ពពកវិល ទៅដល់ឃើញតែដុំថ្មរទឹកតិចៗ ស្ទើរគ្មាន ប្រជាជនតំបន់នេះគាត់ថា ខែនេះមិនមានទឹកធ្លាក់ទេ។ បើមកចំខែ មានភ្លៀងធ្លាក់ច្រើនវិញ ធានាថាស្អាត។
ចេញពីទឹកធ្លាក់ យើងទៅលេង វេលស្រែ១០០ តែទៅដល់ស្រង៉ាកចិត្តដូចទឹកធ្លាក់ដែរ អត់មានឃើញស្រែ ឃើញតែដុំថ្មរខ្មៅៗ។
ចេញពីស្រែ១០០ ទៅលេង ស្រែ៦០០ ទៀត។ តែលើកនេះយើងត្រូវ ទិញសំបុត្រចូលលេង ក្នុងម្នាក់ ២ដុល្លារ ត្រូវជា ៨០០០រៀល។ មូលហេតុគេលក់សំបុត្រចូល តាមខ្ញុំគិត ក៏ព្រោះស្រែ៦០០ នេះមានកន្លែងសាកសិទ្ធិមួយ ដែលបងប្អូនជិតខាងយើង ពោលគឺវៀតណាមចូលចិត្តមកលេង។ ចូលលេង ស្រែ៦០០ មិនខុសពី ស្រែ១០០ទេ គឺមានថ្មរខ្មៅៗ។ តាមផ្លូវទស្សនាស្រែ៦០០ មានកន្លែងដែលយើងអាចទៅទស្សនា បន្តរបានពោលគឺ កំផែងប្រាសាទចាស់ តែយើងត្រូវដើរចម្ងាយប្រមាណ ៣គីឡូមែត្រ ថ្មើរជើង ដោយវេលាតិចពេក ពួកខ្ញុំមិនបានទៅទស្សនាទេ។ ថ្លែងពីកន្លែងពិសិដ្ឋរបស់បងប្អូនវៀតណាមវិញ ខ្ញុំក៏បានទៅលេងដែរ ក៏ព្រោះត្រូវថ្មើរជើងដល់ទៅ ៥០០ម៉ែត្របន្តរទៀត។ រឿងមួយដែលគួរឱ្យភ្ងាក់ផ្អើល ពេលទៅទស្សនា ស្រែ៦០០ គឺផ្កាម្យ៉ាង ស្រដៀងទៅនឹង ប្រដាប់ភេទបុរស។
ចេញពីស្រែ៦០០ ពួកខ្ញុំបានទៅលេងវត្តសំពៅប្រាំ។ សម្លឹងមើលទីភ្នំទៅក្រោម គួរញញើតខ្លាំងណាស់ ខណៈពពកហោះកាត់វត្តនេះ ក៏ច្រើន។
ចេញពីវត្ត ពួកខ្ញុំបានទៅលេង កាស៊ីណូថ្មីរ រួចបន្តរទៅកាស៊ីណូចាស់។ តាមផ្លូវទៅកាស៊ីណូចាស់ ខ្ញុំឆ្លៀតឈាងមើល វិហារគ្រឹសសាសនា ដែលសង់តាំងពីសម័យមុន។ មកដល់ដល់កាស៊ីណូចាស់ ពួកយើងបានឡើងលេងអគារកាស៊ីណូចាស់ រួចគយគន់ទេសភាពដូចកាលពីយើងទៅលេងវត្តសំពៅប្រាំដែរ។
ចេញពីនេះ យើងចុះភ្នំ រួចធ្វើរដំណើរទៅ ផ្សារខេត្តកំពត ទិញម្ហូបអាហារខ្លះផ្ងើរអ្នកផ្ទះ រួចបន្តរដំណើរពីកំពត មកតាកែវ ដោយសុវត្ថិភាព៕
កំណត់ហេតុ សង្រ្កាន្តឆ្នាំមមី ២០១៤ ខែមេសា 18, 2014
Posted by ភារម្យ in ទេសចរណ៍, ប្រវត្តិខ្ញុំ, ពីនេះពីនោះ, អំពីភារម្យ.add a comment
បណ្តាអ្នកដែលរង់ចាំពេលវេលា តែងគិតថា មួយថ្ងៃមានរយៈពេលវែងស្ទើស្មើរមួយឆ្នាំ តែអ្នកដែលមិនបានគិតដល់ការរង់ចាំពេលវេលា មួយឆ្នាំហាក់បីដូចជាមួយពព្រិចភ្នែកប៉ុណ្ណោះ។ សង្រ្កាន្តឆ្នាំ២០១៤ ត្រូវនឹងឆ្នាំមមី ទើបបានបញ្ចប់ទៅថ្មីៗ។ វេលានេះ ខ្ញុំកំពុងអង្គុយមុខកុំព្យូទ័រ នៅកន្លែងធ្វើការ ដើម្បីសរសេររឿងរ៉ាវសាមញ្ញៗ នៃជីវិតខ្ញុំដែលបានឆ្លងកាត់នា សង្រ្កាន្តឆ្នាំនេះ។
មិនដឹងថាជាឆ្នាំលេខ៨ រឺអ្វីនោះទេ [លេខ៨ តំណាងខ្នោះ មានអត្ថន័យថា គ្មានសេរីភាព] ខ្ញុំបានត្រឹម តែគេងនៅផ្ទះ ពិសារគ្រៀងស្រវឹង អានសៀវភៅ នឹងមើលរឿងក្នុងកុំព្យូទ័រយួរដៃរបស់ខ្ញុំ។ ខាងក្រោមនេះ គឺជារឿងរ៉ាវសង្ខេប:
ថ្ងៃទី១១ មេសា ២០១៤ ត្រូវហ្នឹងថ្ងៃសុក្រ ល្ងាចចូលរួមកម្មវិធី ជប់លាងប្រចាំឆ្នាំនៅក្រុមហ៊ុន
ថ្ងៃ១២ មេសា ថ្ងៃសៅរ៏ ធ្វើដំណើរដោយម៉ូតូទៅលេងស្រុកកំណើត សំរាកបន្ទិច វេលាម៉ោង២រសៀល ទៅចូលរួមពិធីសូត្រមន្ត នៅកន្លែងធ្វើការលោកឪពុកខ្ញុំ រួចផឹកបៀជាមួយបងប្រុស ពូៗអ្នកធ្វើការក្រោមបង្គាប់លោកឪពុករហូតដល់ល្ងាច ទើបចាកចេញពីទីនោះ មកបន្តរផឹកនៅផ្ទះយាយ ជាមួយបងប្រុស និង ពូថ្លៃ។
ថ្ងៃ ១៣ ត្រូវនឹងថ្ងៃអាទិត្យ ខ្ញុំជាមនុស្សខ្ជិល ដេកដល់ម៉ោងជិត១១ ទើបញ៉ាំបាយ រួចដេកអានសៀវភៅ រហូតដល់ល្ងាចទើបទៅ ផឹកស៊ីជាមួយពួកម៉ាកជីដូនមួយនៅភូមិក្បែរគ្នា រំលង១។ យប់បន្ទិច ទៅមើលគេរាំលេងនៅភូមិ ស្រុកលោកយាយលោកតាខ្ញុំ ខាងឪពុក រួចគេងនៅផ្ទះលោកយាយលោកតាខ្ញុំ មួយយប់នៅទីនោះ។
ថ្ងៃ ១៤ មេសា ត្រូវនឹងថ្ងៃចន្ទ ព្រឹកព្រលឹមខ្ញុំចាកចេញពីផ្ទះលោកយាយ លោកតាខ្ញុំ ត្រលប់មកផ្ទះវិញ ដល់ផ្ទះខ្ញុំ ខ្ញុំបន្តរភាពខ្ជិលរបស់ខ្ញុំ ដេករហូតដល់ថ្ងៃត្រង់ បាយរួចអផ្សុកពេក ខ្ញុំទៅលេងផ្ទះលោកយាយលោកតាខាងអ្នកម្តាយវិញម្ដង។ ជួបជាមួយ បងម្នាក់ដែលមកពីស្រុកអាគាំង គាត់មកលេងលោកយាយលោកតាខ្ញុំដែរ ទើបផឹកជាមួយគាត់អស់ ស្រាបៀអង្គរ១៤កំប៉ុងគ្នាពីរនាក់ ខ្ញុំស្រវឹងរត់ទៅដេកនៅផ្ទះដល់យប់ ទើបងើបបើកកុំព្យូទ័រមើលរឿង។
ថ្ងៃ ១៥ មេសា ត្រូវនឹងថ្ងៃអង្គារ ព្រឹកឡើងក្រោកពីដំណេក ម៉ោង ប្រហែល ១០ បងប្រុសខ្ញុំហៅខ្ញុំទៅផ្ទះលោកយាយលោកតា ខាងម្តាយវិញ ព្រោះម្តាយមីង និងពូថ្លៃ ២-៣ នាក់គាត់មកលេង។ ទៅដល់ផឹកជាមួយពួកគាត់រហូតដល់រសៀល ខ្ញុំរត់មកផ្ទះមកគេងទៀត ព្រោះស្រវឹងខ្លាំងមែនទែន។
ថ្ងៃ ១៦ មេសាត្រូវនឹងថ្ងៃពុធ ដូចរាល់ដងក្រោកពីគេងយឺត រួចញ៉ាំបាយ ដល់រសៀលបន្ទិច ទើបបងប្រុសខ្ញុំដដែល ហៅខ្ញុំឱ្យទៅលេងភូមិមួយទៀត ដែលសម្បូរអតិថិជន ថ្នាំពុល ជីកសិកម្មលោកពុកអ្នកម៉ែខ្ញុំ ដល់ល្ងាចបន្ទិចទើបខ្ញុំចាកចេញពីស្រុកកំណើត ត្រលប់មកភ្នំពេញវិញ ដោយសុវត្តិភាព។
សរុបមកវិញ រយៈពេលប៉ុន្មានថ្ងៃនៃសង្រ្កាន្តឆ្នាំនេះ យោងតាមការបរិយាយខាងលើ លោកអ្នកដែលចៃដន្យ បានអានអត្ថបទនេះ ប្រហែលជាគិតថា ខ្ញុំមិនឯកា សប្បាយរីករាយ តែតាមការពិត វាផ្ទុយទាំងអស់ ខ្ញុំឯកា មិនសប្បាយរីករាយ។ ឆ្នាំក្រោយ ខ្ញុំនឹង កែប្រែទំលាប់ទាំងនេះ ខ្ញុំនឹងទៅលេងទីរមណីដ្ឋានផ្សេងៗ៕
ភារម្យ
ភ្នំពេញ ថ្ងៃទី១៨ មេសា ២០១៤