jump to navigation

ស៊ូរហូតបានបណ្ណបើកបរ ខែ​កុម្ភៈ 23, 2022

Posted by ភារម្យ in ចំណេះដឹងទូទៅ, ច្បាប់, ប្រវត្តិខ្ញុំ, ពីនេះពីនោះ, ព័ត៌មាន, វិចារណកថា, អប់រំ, អំពីភារម្យ.
4 comments

មេរៀនជីវិតទទួលបានពីបេសកកម្មលើកនេះគឺ ជោគជ័យ អាចកើតចេញការបរាជ័យ ម្ដងឬច្រើនលើកច្រើនសា តែសំខាន់សួរខ្លួនឯងថា រាល់ពេលបរាជ័យ យើងបានរៀនអ្វីខ្លះពីវា ព្រមបាក់ស្បាតខ្លបខ្លាច ឬក៏ស៊ូតរ? វាពិតជាមានឥទ្ធិពលខ្លាំងណាស់ ដល់បេសកកម្មលើកក្រោយ។ បរាជ័យជាជ័យជម្នះកាលណាយើងសិក្សាពីវា តែកុំភ្លេច ត្រូវព្រមដោយភាពអំណត់អត់ធ្មត់ និងស៊ូ

ថ្ងៃ ១៤ កុម្ភៈដែលជាថ្ងៃទីវានៃក្តីស្រលាញ់ ខ្ញុំបានសុំច្បាប់កន្លែងធ្វើការ ទៅប្រលងបណ្ណបើកបរ ដោយថ្ងៃនេះ ខ្ញុំត្រូវធ្វើតែសបើកម៉ូតូ។ ២ម៉ោងបន្ទាប់ មកដល់កន្លែងធ្វើការវិញ ខ្ញុំបានបង្ហាញបណ្ណបើកបររបស់ខ្ញុំដល់មិត្តទាំងឡាយ ដោយក្តីរីករាយ។ ពីក្រោយក្តីរីករាយនេះ តើខ្ញុំឆ្លងកាត់អ្វីមកខ្លះ?

ដំណើរដើមទងនៃមេរៀនជីវិតលើកនេះ គឺផ្តើមចេញពីការចង់បើកម៉ូតូ ដើរកម្សាន្តគ្រប់តំបន់ក្បែរៗ កន្លែងធ្វើការនាក្រុងបាងកក (បច្ចុប្បន្នគេដូរឈ្មោះហើយ ក្រុងទេពមហានគរ)។ ខ្ញុំបានប្រឹក្សាជាមួយសិស្សច្បងម្នាក់ ដែលធ្វើការនៅកន្លែងជាមួយគ្នា (ដោយសារបានគាត់ណែនាំ ទើបខ្ញុំទទទួលបានការងារធ្វើនៅទីនេះ ម្យ៉ាងគាត់រៀនថ្នាក់បណ្ឌិតដូចខ្ញុំ រៀនជំនាន់មុនខ្ញុំ តែខ្ញុំចប់មុន 😀 ) គាត់បានឱ្យយោបល់ថា ការបើកបរគួរមានបណ្ណបើកបរ ខណៈប្រជាជនថៃជាច្រើនពុំមានបណ្ណបើកបរ តែក្នុងនាមជាជនបរទេសធ្វើការនៅថៃ បើមានគ្រោះថ្នាក់អ្វីកើតឡើ់ង ពិបាកទាមទាសំណងពីខាងធានារ៉ាប់រ៉ង ប៉ូលីសអាចធ្វើស៊ីយើង ម្យ៉ាងយើងអាចក្លាយទៅជាជនបង្ករកំហុសផងដែរ នៅពេលមានគ្រោះថ្នាក់ណាមួយកើតឡើង បើទោះជាយើងបើកបរត្រឹមត្រូវ។ ពេលនោះហើយដែលខ្ញុំយកសំដីគាត់មកគិត រួចខ្ញុំបានស្វែងរកព័ត៌មានពីអ៊ីនធើណេតមកអាន មួយទៀតខ្ញុំក៏បានផ្ងើរសារទៅសួរសិស្សប្អូនម្នាក់ទៀត ដែលគាត់បើកម៉ូតូ អំពីបណ្ណបើកបរ។ សិស្សប្អូនខ្ញុំតបថា គាត់អត់មានទេ ម្យ៉ាងការប្រលងបណ្ណបើកបរមានការលំបាកខ្លាំងណាស់ ចំនួនសំណួរអាចមានដល់ទៅ ៣០០០ ម្យ៉ាងមិត្តសិស្សប្អូនដែលជាជនជាតិថៃ ក៏ពុំមាននរណាទៅធ្វើបណ្ណបើកបរដែរ ។ តាមព័ត៌មានដែលខ្ញុំបានអាន គឺត្រឹមត្រូវដូចសិស្សប្អូនបានប្រាប់ដែរ ព័ត៌មានបន្ថែមនោះគឺ សំណួរទាំង ៣០០០ ត្រូវបានចាប់ដោយចៃដន្យដោយប្រព័ន្ធកំព្យូទ័រ ចំនួន ៥០ ហើយឱ្យអ្នកប្រលងធ្វើ ខុសលើសពី ៥ ធ្លាក់។ សំណួរទាំងនេះ ដកស្រង់ចេញពី ប្រភពសំខាន់ៗបី ទីមួយគឺច្បាប់ចរាចរណ៏ស្រុកថៃ ទីពីរស្លាកសញ្ញានិងភ្លើងចរាចរណ៏ និងទីបីការថែទាំរថ។ ក្រៅពីសិស្សច្បងសិស្សប្អូន ព័ត៌មានពីអ៊ីនធើណេត ខ្ញុំបានសាកសួរអ្នកជិតខាងថៃ ដែលរស់នៅក្បែរគ្នាផងដែរ។ ដំនើរការទាំងនេះ ខ្ញុំហៅថាការប្រមូលទិន្នន័យ។

ថ្ងៃមួយខ្ញុំទៅទទួលទានអាហារថ្ងៃត្រង់ នាហាងតូចមួយក្បែរបន្ទប់ជួលខ្ញុំ ខ្ញុំបានសន្ទនាជាមួយមីងម្នាក់អំពីការប្រលងយកបណ្ណបើកបរ គាត់ណែនាំឱ្យទៅនាយកដ្ឋានរៀបចំដែនដី និង ដឹកជញ្ជូនខេត្តសមុទ្រប្រាកាន ព្រោះវានៅក្បែរកន្លែងខ្ញុំស្នាក់ (បញ្ជាក់យើងអាចប្រលងយកបណ្ណបើកបរតាមនាយកដ្ឋានរៀបចំដែនដី និង ដឹកជញ្ជូនគ្រប់ខេត្តក្រុងទាំងអស់ក្នុងប្រទេសថៃ) ហើយគាត់ថាប្រលងងាយជាប់។ ខ្ញុំបានសាកសួរដល់ឯកសារសម្រាប់ជនបរទេស គាត់ថា ចាំគាត់ឱ្យកូនដែលរស់នៅក្បែនាយកដ្ឋាននោះសាកសួរឱ្យ។ ព័ត៌មានបន្ថែមតាមរយៈមិត្តខ្ញុំម្នាក់ទៀត ដែលមានបណ្ណបើកបរប្រភេទឡាន (គាត់ប្រលងនៅខេត្តបុរីរម្យ) គាត់ថាមានត្រឹម Work Permit (សៀវភៅអនុញ្ញតឱ្យជនបរទេសធ្វើការនៅថៃ) passport និង វីសា គឺគ្រប់គ្រាន់ហើយសម្រាប់ដាក់ពាក្យប្រលង ព័ត៌មានពីអ៊ីនធើណេត ក៏បានលើកឡើងដូចគ្នា ខុសត្រង់គេបានបញ្ជាក់ថា ត្រូវមានឯកសារដែលបញ្ជាក់ពីទីលំនៅបច្ចុប្បន្ន មិនថា work permit ឬ ឯកសារដទៃទៀត។

ត្រង់នេះគឺខ្ញុំមានឯកសារគ្រប់គ្រាន់ ចិត្តខ្ញុំចង់ទៅនាយកដ្ឋាននោះដើម្បី សាកសួរព័ត៌មានបន្ថែម។ មានថ្ងៃមួយក្រោយចេញពីធ្វើការ ខ្ញុំបានឱ្យបងស្រីកូនអ៊ំម្ចាស់ផ្ទះឈ្មោះ ភីសេម បើកម៉ូតូជូនខ្ញុំទៅនាយកដ្ឋាននោះ ដោយខ្ញុំសន្យាថា ជួយចាក់សាំងឱ្យគាត់ ១០០បាត។ ទៅដល់ប្រហែលម៉ោង ៤ល្ងាច បុគ្គលិកធ្វើការទាក់ទងនិងបណ្ណបើកបរ ត្រលប់ទៅផ្ទះអស់ សល់តែបុគ្គលិកផ្នែកផ្សេង ពួកគាត់ចិត្តល្អ បានទូរស័ពសាកសួរបុគ្គលិកធ្វើបណ្ណបើកបរ ឱ្យខ្ញុំ ដោយបុគ្គលិកធ្វើបណ្ណបើកបរ សួរខ្ញុំថា work permit មានបញ្ជាក់ទីលំនៅឬអត់ ខ្ញុំស្រពិចស្រពិល តែក៏ឆ្លើយថាមាន តែខ្វះឯកសារត្រួតពិនិត្យសុខភាព រួចគាត់បានណាត់ខ្ញុំមកជួបថ្ងៃស្អែក ខ្ញុំក៏យល់ព្រមសិនទៅ។ ល្ងាចនោះខ្ញុំបានឆែកមើល work permit ខ្ញុំ ប្រាកដថាពុំមានបញ្ជាក់ពីអាសយដ្ឋានបច្ចុប្បន្ន។ ដូច្នេះខ្ញុំត្រូវ ទៅការិយាល័យអន្តោប្រវេសន៍ ឬទៅស្ថានទូតដើម្បីអោយគេចេញលិខិតបញ្ជាក់ទីលំនៅបច្ចុប្បន្នរបស់ខ្ញុំ បញ្ហាគឺការសុំឯកសារពីការិយាល័យអន្តោប្ររេស ត្រូវមានឯកសារភ្ជាប់ជាមួយជាច្រើនទៀត ដែលបង្កើតការស្មុគស្មាញដល់ខ្ញុំក្រៃលែង ពិសេសគឺឯកសារដែលមានឈ្មោះថា TM. 30 វាពាក់ព័នដល់ការធ្វើដំណើរចេញចូលប្រទេសថៃ ពោលគឺម្ចាស់បន្ទប់ឬផ្ទះជួល ត្រូវរាយការណ៍ ដល់ការិយាល័យអន្តោប្ររេស។ តែបើនិយាយដល់ឯកសារពីស្ថានទូតវិញ ខ្ញុំរិតតែមិនដឹងត្រូវធ្វើអ្វីទៅទៀត។ ស្អែកឡើងសិស្សច្បងខ្ញុំ ជួយទូរសព្ទទៅនាយកដ្ឋានខាងលើម្ដងទៀត លើកនេះគាត់ថា ត្រូវមានឯកសារកម្មសិទ្ធិដីធ្លី ខ្ញុំអាចសូមឯកសារនេះពីម្ចាស់ផ្ទះ (ខ្ញុំគិតថាមិនតកៈសោះ) តែក៏យល់ព្រម។

ថ្ងៃចុងសប្តាហ៍ ខ្ញុំធាក់កង់ទៅគ្លីនិកមួយនៅទល់មុខ ហាងម៉េកវ៉ែលូ ដើម្បីត្រួតសុខភាព ពេទ្យគ្រាន់តែវាស់សំពាធឈាមខ្ញុំ រួចសួរពីទម្ងន់ កម្ពស់ និងជំងឺប្រចាំខ្លួន រួចគាត់ចេញឯកសារមួយច្បាប់ឱ្យខ្ញុំ បង់ប្រាក់ ១០០បាត។ សប្តាហ៍បន្ទាប់ ពេលរសៀលខ្ញុំបានឱ្យបងសេម នាំខ្ញុំទៅនាយកដ្ឋាននោះម្ដងទៀត ម្តងនេះខ្ញុំបានត្រៀមឯកសារដូចដែលបានរៀបរាប់ខាងលើ មន្ត្រីដែលណាត់ខ្ញុំ គាត់ជាមនុស្សស្រីវ័យចំណាស់បន្ទិច តំណែងប្រហែលជាប្រធាន គាត់ត្រួតពិនិត្យឯកសារខ្ញុំ រួចពន្យល់ដូចតទៅ ទីមួយ work permit ខ្ញុំពុំបានបញ្ជាក់ពីអាសយដ្ឋានបច្ចុប្បន្ន ទី២ឯកសារកម្មសិទ្ធិដីធ្លី មានសុពលសម្រាប់តែម្ចាស់ទីលំនៅប៉ុណ្ណោះ អ្នកជួលពុំអាចប្រើប្រាស់បានឡើយ ចប់ទៀតហើយខ្ញុំ។ បន្ទាប់មកគាត់បានបង្ហាញតារាងណាត់ជនបរទេស ដែលចង់មកធ្វើបណ្ណបើកបរ គឺត្រូវចាំទៅដល់ខែមិនា ដោយសារបញ្ហាកូរ៉ូណា (បញ្ជាក់ខ្ញុំទៅទីនោះ ពេលពាក់កណ្តាលខែមករា) គាត់សួរខ្ញុំថា ចង់កក់ពេលណាត់ឬអត់ ខ្ញុំថាពុំទាន់ទេ។ ពេលនោះចិត្តខ្ញុំចង់បោះបង់ទៅហើយ ព្រោះតែបរាជ័យៗ។ ត្រលប់មកកន្លែងធ្វើការវិញ ខ្ញុំក៏សម្រេចចិត្តថា បោះបង់ លែងចង់បានវាហើយ។ ថ្ងៃមួយមីងម្នាក់ដែលខ្ញុំជួបពេលទៅបាយថ្ងៃត្រង់ គាត់បានបង្ហាញព័ត៌មានដែលកូនគាត់ទៅសាកសួរឱ្យ តែខ្ញុំបានដឹងថាត្រូវមានឯកសារអ្វីខ្លះរួចទៅហើយ។

002

ព័ត៌មានដែលកូនគាត់ទៅសាកសួរអោយ

ចុងសប្តាហ៍សិស្សច្បងខ្ញុំបានឃើញគេប្រកាសលក់ម៉ូតូ MSX 125cc គាត់បាននាំខ្ញុំទៅមើល ចុងក្រោយខ្ញុំសម្រេចចិត្តទិញវា។ មូលហេតុនេះហើយ ដែលរងើកចិត្តចង់ធ្វើបណ្ណបើកបរ បានឆេះឡើងម្ដងទៀត។ ខ្ញុំបានចូលទៅមើលព័ត៌មានក្នុងគេហទំព័រស្ថានទូតខ្មែរប្រចាំប្រទេសថៃ រួចឃើញចំណុចមួយដែលបញ្ជាក់ដល់ ការសុំឯកសារបញ្ជាក់ពីទីលំនៅបច្ចុប្បន្ននាប្រទេសថៃ អានហើយ ខ្ញុំព្រីនឯកសារស្នើរសុំចេញមកដើម្បីបំពេញ ក្រៅពីឯកសារនេះ គឺត្រូវភ្ជាប់មកជាមួយឯកសារផ្សេងទៀត ដូចជា ការថតចម្លង passport វីសា work permit (សម្រាប់សិស្សថតបណ្ណសិស្ស) កិច្ចសន្យាជួលបន្ទប់ឬផ្ទះ ហើយជាចុងក្រោយដែលធ្វើឱ្យខ្ញុំឈឺក្បាលទៀត នោះគឺ ត្រូវទៅស្ថានីយ៏ប៉ូលីស ដើម្បីសុំលិខិតកំណត់ត្រាប្រចាំថ្ងៃបញ្ជាក់ថា ខ្ញុំពិតជាបានស្នាក់ទៅតាមអាសយដ្ឋានបច្ចុប្បន្នយ៉ាងពិតប្រាកដមែន។ បាន! ខ្ញុំធ្វើបាន! ខ្ញុំនឹងស៊ូ! ក្រោយពីបានបំពេញឯកសារស្នើរសុំរួច ខ្ញុំបានឱ្យបងសេមបើកម៉ូតូ ជូនខ្ញុំទៅស្ថានីយ៏ប៉ូលីស ក្រោយចេញពីធ្វើការ។ ដល់ស្ថានីយ៏ប៉ូលីស រ៉ាត់បូរៈណា ខ្ញុំបានពន្យល់មន្ត្រីប៉ូលីសពីគោលបំណង រួចរាល់ហើយគាត់បានចេញឯកសារឱ្យខ្ញុំមួយច្បាប់ដើម្បីចុះហត្ថលេខា រួចខ្ញុំក៏ត្រលប់មកបន្ទប់វិញ។ មូលហេតុដែលខ្ញុំ មិនបើកម៉ូតូទៅខ្លួនឯង ហើយអោយគេជូន ព្រោះខ្ញុំបើម៉ូតូមិនទាន់ស្ទាត់ ពីរពុំសូវស្គាល់ផ្លូវ បីគ្មានបណ្ណបើកបរ។ ព្រឹកស្អែកខ្ញុំដាក់ច្បាប់កន្លែងធ្វើការមួយថ្ងៃ ដើម្បីទៅស្ថានទូតខ្មែរប្រចាំប្រទេសថៃ ដោយត្រូវជិះឡានក្រុងលេខ ៣៦ក ពីវិមានរលឹកអនុស្សាវរីយ៍ (Victory Monument)។ ទៅដល់ទីនោះ បុគ្គលិកស្ថានទូតខ្មែរបានប្រាប់ខ្ញុំថា ចង់បានឯកសារលឿន ត្រូវបង់៣០០ បាតក្នុងមួយច្បាប់ ហ្វ្រីត្រូវចាំដល់មួយអាទិត្យ ខ្ញុំធ្វើពីរច្បាប់ មួយសម្រាប់ប្រលងបណ្ណបើកបរ ពីរសម្រាប់ទិញម៉ូតូ សរុបអស់៦០០ បាត់ អង្គុយចាំមួួយព្រឹក ថ្ងៃត្រង់បាន។

006

ស្ថានទូតព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសថៃ

មកដល់បន្ទប់វិញ ខ្ញុំមិនទាន់បាយថ្ងៃត្រង់ទេ ប្រញាប់បើកម៉ូតូទៅ នាយកដ្ឋានខាងលើ ខ្លាចហួសម៉ោងគេធ្វើការ ទៅដល់ខ្ញុំហុចឯកសារឱ្យមន្រ្តីទទួលបន្ទុកមើល គាត់ថាឯកសារគ្រប់គ្រាន់ តែខ្វះឯកសារត្រួតពិនិត្យសុខភាព ខ្ញុំថាពេលមករៀន និង ប្រលងនឹងយកមកឱ្យ។ បន្ទាប់មកគាត់សរសេរលើខ្នងឯកសារដើម្បីណាត់ខ្ញុំ អោយមកម្តងទៀត គាត់ឱ្យរើសថ្ងៃ ខ្ញុំយកថ្ងៃអង្គារ ព្រោះដើម្បីបានបង្ហាញខ្លួននៅកន្លែងធ្វើការនាថ្ងៃចន្ទ ឈប់ច្រើនពេក ខ្លាចគេភ្លេចមុខ។

ព្រឹកថ្ងៃអង្គារ ខ្ញុំងើបតាំងពីព្រលឹមម៉ោង ៦ និង ៤៥នាទី ដោយមានណាត់ជាមួយនាយកដ្ឋានម៉ោង ៨ ព្រឹក។ ទៅដល់ខ្ញុំហុចឯកសារឱ្យមន្រ្តីទទួលបន្ទុកទំនាក់ទំនងព័ត៌មានត្រួតពិនិត្យ រួចគាត់ឱ្យសរសេរឈ្មោះ និង លេខទូរស័ពលើឯកសារបន្ថែម រួចយកទៅដាក់ក្នុងកញ្ជ្រែងលឿង ហើយអង្គុយចាំគេហៅឈ្មោះ ប្រហែលម៉ោង៩ព្រឹក គេចាប់ផ្តើមហៅឈ្មោះអ្នកមកប្រលងបណ្ណបើកបរថ្មីទាំងអស់ទៅតម្រង់ជួរ រួចគេធ្វើតែសឱ្យជាន់ប្រេក ឬតំឡើងល្បើន តាមភ្លើងក្រហម និង បៃតង រួចវាស់ក្រសែភ្នែក ដោយបញ្ជាចលនាបង្គោលតូចមួយទៅមុខទៅក្រោយ ធៀបនឹងបង្គោលនឹងមួយទៀត ក្នុងប្រអប់ខ្មៅ ក្នុងប្រអប់នោះប្រដូចនឹងយប់ងងឹត។ ខ្ញុំជាប់ទាំងអស់ តែខ្ញុំឆ្ងល់ថា ខ្ញុំមកប្រឹងបណ្ណបើកបរម៉ូតូ មិនមែនឡានទេ ហេតុអ្វីអោយខ្ញុំធ្វើតេសឡាន ចុងក្រោយទើបខ្ញុំដឹងថា បុគ្គលិកគាត់ច្រឡំ គិតថាខ្ញុំមកប្រលងបណ្ណបើកបរឡាន។ បន្ទាប់ពីតេសទី១មក តេសទីពីរចាប់ផ្តើម គេចង្អុលពណ៌ ហើយសួរយើងពណ៌អ្វី ក្រហម លឿង បៃតង? រួចតេសពណ៌ដដែល ម្តងនេះគេឱ្យខ្ញុំសម្លឹងទៅមុខចំ ហាមកម្រើកកែវភ្នែក រួចគេលើកទង់ពណ៌សងខាង ហើយសួរខ្ញុំអំពីពណ៌ដដែល។ ខ្ញុំធ្វើបាន តែកុំអាលអរ បរាជ័យទី២ ទី៣ កំពង់រង់ចាំ។ បន្ទាប់មកគេហៅពួកខ្ញុំឱ្យមើលវីឌីអូអប់រំ ចំនួន៥ម៉ោង គេមកឆែកឈ្មោះមួយម៉ោងម្តង ខ្ញុំស្ទើរតែពុល។ ម៉ោងប្រហែល ៤ល្ងាច គេហៅខ្ញុំទៅប្រលង ពេលនោះហើយទើបខ្ញុំដឹងថា គេវាយឯកសារប្រលងបណ្ណបើកបរខ្ញុំខុស គេថាខ្ញុំប្រលងឡាន។ ខ្ញុំឱ្យគេកែ រួចប្រលងតាមប្រព័ន្ធកុំព្យូទ័រ លទ្ធផលចេញមកហើយ តេន! តេន! ធ្លាក់! ៤៣លើ៥០ 😦 បាក់ទឹកចិត្តអស់រលីង ចំណាយពេលតាំងតែពីព្រឹកដល់ល្ងាច។ មន្ត្រីម្នាក់ចេញកូនក្រដាសមួយសន្លឹកឱ្យខ្ញុំ ដើម្បីមកប្រលងសង។ ខ្ញុំទូរស័ពទៅប្រាប់សិស្សច្បងខ្ញុំ ពីបរាជ័យលើកនេះ 😦 ។

001

កូនសំបុត្រប្រលងសង

ថ្ងៃបន្ទាប់ថ្ងៃត្រង់ខ្ញុំសុំមេមួយម៉ោងទៀត ទៅប្រលង ម្តងនេះ ខ្ញុំធ្លាក់ទៀត ៤៤ លើ ៥០ 😦 ។ ខ្ញុំដឹងខ្លួនថា ខ្ញុំប្រមាថ មិនអាន មិនត្រួតពិនិត្យសំណួរឱ្យច្បាស់លាស់ ខ្ញុំប្រលងជាភាសាអង់គ្លេស ឈ្មោះជំងឺមួយចំនួនខ្ញុំអត់ចេះ។ ថ្ងៃហ្នឹង ខ្ញុំដោនឡូដតេសជាភាសាអង់គ្លេសមកអាន ជិត១០០ទំព័រ ចៃដន្យខ្ញុំមើលវីឌីអូ យូធូប ពីការប្រលងបណ្ណបើកបរ គេបានណែនាំគេហទំព័រមួយ។ គេហទំព័រនេះ មានសំណួរស្រដៀងទៅហ្នឹង សំនួរចេញក្នុងការប្រលងបណ្ណបើកបរពិត ដូច្នេះហើយខ្ញុំក៏សាកធ្វើវា សាកហើយសាកទៀត ពេលខុសកត់ចំណាំ ហើយសួរខ្លួនឯងថា ហេតុអ្វីខ្ញុំធ្វើរខុស អ្វីជាកំហុស អ្វីជាឬសគល់នៃកំហុស។ ថ្ងៃបន្ទាប់ខ្ញុំមានទំនុកចិត្តច្រើន ការប្រលងចំណាយពេលប្រហែលតែ២០នាទីទេ (ខ្ញុំប្រមាថទៀតហើយ គេឱ្យពេល ៦០នាទី) ខ្ញុំធ្វើបាន ៤៦ លើ ៥០ នៅមានខុស៤ តែមិនអីទេ ខ្ញុំប្រលងជាប់ហើយ។ មន្ត្រីដដែល ចេញកូនលិខិតតូចមួយទៀត ឱ្យខ្ញុំមកប្រលងបើកម៉ូតនាថ្ងៃស្អែក។

003

កូនសំបុត្រប្រលងបើកម៉ូតូ

ថ្ងៃ១៤ កុម្ភៈ ក្រោកពីដេកម៉ោង ៦ និង ៤៥នាទីដដែល ខ្ញុំបើកម៉ូតូលឿងរបស់ខ្ញុំ ទៅនាយកដ្ឋានខាងលើ (ប្រៈផាដេង) ហុចឯកសារឱ្យមន្ត្រីផ្តល់ព័ត៌មានពិិនិត្យ រួចគេសុំ passport ខ្ញុំ គេអោយទៅអង្គុយចាំនៅកន្លែងប្រលងបើកម៉ូតូឡាន។ ខ្ញុំជួលម៉ូតូគេនៅទីនោះ ព្រោះម៉ូតូខ្ញុំប្រើអង់ប៊្រីយ៉ា ឬ Clutch ខ្ញុំខ្លាចវារលត់ពេលប្រលងបណ្តាលអោយធ្លាក់ ព្រោះទើបរៀនបើក មិនសូវស្ទាត់។ ពួកប្រលងឡានទៅមុន គ្នាមួយហ្វូងជាប់ តែ២-៣នាក់ប៉ុណ្ណោះ ខ្ញុំផ្តើមបុកពោះ។ មួយទៀតមានយុវជនម្នាក់ មកប្រលងសង វាបើកធ្លាក់ផ្លូវ ប្រលងធ្លាក់ គេឱ្យវាមកប្រលងម្ដងទៀត។

007

ទីលានបើកបរ

008

បើកទាំងឡាន ប្រលងទាំងម៉ូតូ

ដល់វេនម៉ូតូ ខ្ញុំប្រលងមុនគេ បើកមួយជុំ បើកតាមស្លាកសញ្ញា បើផ្លូវចង្អៀត បើកចាក់ចង្កេះ ខ្ញុំប្រលងជាប់! យ៉េសសសសសស! បន្ទាប់មកគេឱ្យខ្ញុំទៅអង្គុយចាំ គេហៅឈ្មោះទៅបង់លុយ និង ថតរូបបណ្ណបើកបរ។ សម័យកូរ៉ូណា គេអោយខ្ញុំសំអាតដៃនឹងអាលកុល រួចបង់លុយ ១០៥ បាត ៥បាត ថ្លៃឯកសារ ១០០បាត ថ្លៃបណ្ណ។

004

បង់ប្រាក់តែ ១០៥ បាតទេ 

បន្ទាប់មកថតរូប រង់ចាំបន្ទិច គេហៅឈ្មោះឱ្យទៅយកកាត។ នេះគឺជោគជ័យមួយ ក្រោយភាពបរាជ័យរាប់មិនឈ្នះ។ សរុបខ្ញុំត្រូវធ្វើដំណើរទៅនាយកដ្ឋានខាងលើចំនួន ៦ ដង ទំរាំបានបណ្ណបើកបរ មិនទាន់និយាយដល់ការធ្វើដំណើរទៅស្ថានីយ៏ប៉ូលីស និង ស្ថានទូត គ្រប់យ៉ាងសុតតែប្រើពេល។ បេសកកម្មនេះ បានបង្រៀនខ្ញុំច្រើនណាស់ ជាពិសេសនោះគឺ បរាជ័យគឺជាជ័យជម្នះ កាលណាយើងសិក្សាពីវា តែក៏មិនភ្លេចដល់ការតស៊ូ អំណត់ អត់ធន់ផងដែរ។

បាងកក ថ្ងៃទី២៣ កុម្ភៈ ២០២២

ភារម្យ

ផ្ទះខ្ញុំដូចជាស្ងប់ស្ងាត់ណាស់! ខែមករា 22, 2012

Posted by ភារម្យ in ពីនេះពីនោះ, ព័ត៌មាន, អំពីភារម្យ.
2 comments

បែកគ្នាយូរហើយបងប្អូនអ្នកភូមិ មិនសូវបានមកអឺតភូមិសោះ ក៏ដោយសារ រវល់! មិនដឹងថា តើភូមិយើងមានការអភិវឌ្ឍន៏ឈានដល់កំរិតណាហើយទេ! មានមាន់ថ្មី ច្រើន? ហើយមាន់ចាស់ហ្នឹងក៏មិនដឹង ជាយ៉ាងមិចយ៉ាងម៉ាហើយទេ! អភ័យទោស និយាយមាន់ៗ ហិហិហិ  និយាយទៅដូចលំបាកតិចដែរ ខ្ញុំ ចង់មករស់នៅប្រកបរបរទទួលទាន នៅភូមិវិញណាស់ តែការងារ នឹង រៀនសូត្រពិតជាមិនផ្តល់ឱកាស អោយខ្ញុំសោះ!

ការងារ បច្ចុប្បន្ននៅតែមានភាពរវល់ដដែល តែនិយាយដោយត្រង់ រវល់តែស្រាកស្រានចិត្ត មានន័យថា មិនសូវមានសំពាធដូចមុន ក៏ប៉ុន្តែនៅតែឆ្លៀតមកទីនេះមិនបាន ម្យ៉ាងដោយសារ ខាងក្រុមហ៊ុនគាត់ធ្វើការកាត់ផ្តាច់ប្រព័ន្ធអ៊ីនធើណេត និង មិនបើកអោយប្រើនូវយូអេសប៊ីទៀតទេ។

បែរមកការសិក្សា គិតមកដល់ពេលនេះ ខ្ញុំរៀនដល់ឆ្នាំទី៤ហើយ ជាឆ្នាំចុងក្រោយ នៃការបញ្ចប់បរិញ្ញាប័ត្ររបស់ខ្ញុំ មានការរវល់ណារៀន ណាប្រលងគ្រប់មុខ។ ថ្មីៗនេះទើបតែប្រលងចប់ពាក់កណ្តាលឆមាស មិនយូរទេ ការវល់ជាងហ្នឹងនឹងកើតមានហើយ។

សរុបមកវិញ មួយរយៈនេះ ផ្ទះខ្ញុំពិតថាបិទទ្វាស្ងប់ស្ងាត់ លែងរវល់នឹងពិភពលោកខាងក្រៅ តែខ្ញុំនៅតែឆ្លៀតមកលេងទីនេះវិញ ទោះមិនញឹកញាប់ក៏ម្តងម្កាលដែរ។ ការងារ នឹង ការសិក្សា គឺជាឱបសគ្គចំបងសំរាប់ខ្ញុំ តែបើអោយជ្រើសរើស នៅតែយកការសិក្សា និងការងារ ហិហិហិ! អគុណ!

ផ្តើមឆ្នាំសិក្សាថ្មី ឆ្នាំទី៤ នៅមហាវិទ្យាល័យ ខែតុលា 17, 2011

Posted by ភារម្យ in ព័ត៌មាន, អំពីភារម្យ.
6 comments

កំណត់ហេតុថ្ងៃ ១៧ តុលា ២០១១

ក៏ដូចជាបងប្អូនខ្លះទទួលដឹងហើយ អំពីប្រកាសមុនៗ ដែលខ្ញុំធ្លាប់បានសរសេរទាក់ទងទៅនឹងការបន្តរការសិក្សានៅ មហាវិទ្យាល័យរបស់ខ្ញុំ ក៏ដូចជាធ្លាប់ដឹងដែរថា អ្នកធ្វើការរូបខ្ញុំនេះ មិនទាន់មានបរិញ្ញានៅឡើយទេ ពោលគឺត្រឹម សញ្ញាប័ត្រ មានតំលៃត្រឹមបរិញ្ញាប័ត្ររង។ ថ្ងៃនេះ ១៧ តុលា ២០១១ គឺជាថ្ងៃដែល សំរេចផ្តើមឆ្នាំសិក្សាថ្មី ឆ្នាំទី៤ ឆមាសទី១ ដ៏ពិតប្រាកដ នាសកលវិទ្យាល័យពុទ្ធិសាស្រ្តា

មិនមានអ្វីគួរអោយចាប់អារម្មណ៏ទេ នាថ្ងៃនេះ ផ្តើមពីការមើល ព័ត៌មានលើ ក្តាខៀនខាងក្រោមអគារ រួចបន្តរដើរចូលថ្នាក់រៀន ដូចសព្វដង ដូចកាលពីឆ្នាំទី៣ អ្វីៗនៅដដែលអត់ប្រែប្រួល ប្រែប្រួលតែមុខមនុស្សដែល ដូចចាស់ជាងមុន ហាហាហា។

ឆ្នាំសិក្សាថ្មីនេះដែរ សកលវិទ្យាល័យដែលខ្ញុំកំពុងរៀន បានបើកនូវ ដេប៉ាតឺម៉ងថ្មី ទាក់ទងនឹង វេជ្ជសាស្រ្ត។ មើលឃើញថា ប្អូនៗជំនាន់ក្រោយជាច្រើនរូប ទាំងប្រុស ទាំងស្រី សំរុកមកទីនេះ ប្រហែលជាក្នុងគោលបំណង ទាក់ទងទៅនឹង វេជ្ជសាស្រ្ត នេះហើយ បើខ្ញុំគិតមិនខុស ជូនពរជាប់ទាំងអស់គ្នា ហិហិហិ ស្រួលឪពុកម្តាយ រកលុយលៀនភ្នែក បង់ជូន សំរាប់អ្នកមាន វាមិនបញ្ហា បញ្ហាតែអ្នកមធ្យមៗ អ្នកក្រសូមមិនបាច់និយាយ (ញ៉ុមក៏ជាអ្នកក្រដែរ!)។

ខណះពេលនេះ ខ្ញុំមិនទាន់ទទួលបានឯកសារកាលវិភាគផ្លូវការណាមួយសោះ ធ្វើអោយចោទជាបញ្ហាដល់រូបខ្ញុំ មិនអាចចែកពេល ដើរលេង ដើរផឹកស៊ី នឹង ពិបាក ពិនិត្យពិច្ច័យលើ ម៉ោងណាខ្លះ ដែលអាចអនុញ្ញាតអោយខ្ញុំ គេចសាលាបាន។ បើទោះយ៉ាងណាក៏មិនសំខាន់ស្មើរនឹង ការរកលុយបង់មហាវិទ្យាល័យដែរ ដោះស្រាយយ៉ាងណា? ដោះស្រាយម្តេចទៅ? ហិហិហិ ដរាបណាដង្ហើមនៅដក ក្តីសង្ឃឹមនៅមាន វាមិនប្រាកដថា អត់មានផ្លូវដោះស្រាយនោះទេ [លើកទឹកចិត្តខ្លួនឯង]។

ជីវិតសិក្សាសំរាប់និស្សិតខ្ជីខ្ជាដូចខ្ញុំនេះ វាយ៉ាងនេះហើយ រស់ជាតិជីវិត រស់ជាតិជីវិត មានន័យល្អ សំរាប់ចែកជូន កូនចៅជំនាន់ក្រោយ។

ស្វាគមន៏ឆ្នាំសិក្សាថ្មី មេរៀនថ្មី រកលុយបងសាលាសារជាថ្មី (…..) ថ្មី [ចុចដាក់ជាកត្តា ច្រើនពេក]…. ជូនពរខ្លួនឯង លោតរំលងរបងនេះ ផុត….

អត្តបទទាក់ទង : ឡើងសមរភូមិប្រលង

អបអរខួប១០ឆ្នាំ នៃក្រុមហ៊ុនរបស់ខ្ញុំ [KHMERDEV] ខែកញ្ញា 16, 2011

Posted by ភារម្យ in ព័ត៌មាន, អំពីភារម្យ.
add a comment
អបអរសាទខួប១០ឆ្នាំ ក្រុមហ៊ុន KHMERDEV

បង្កើតឡើងក្នុងឆ្នាំ២០០១ Khmerdev ជាក្រុមហ៊ុនផ្តល់នូវ ដំណោះស្រាយវិស័យព៌ត៌មានវិទ្យា ដែលមានមូលដ្ឋានគ្រិះ នៅកម្ពុជា។
យើងបានបង្កើតនូវសកម្មភាពរបស់យើង ឆ្ពោះទៅកាន់ ទីផ្សារ Outsourcing ដែលទីផ្សាចំបងនៅអឺរ៉ុប។ ស្របពេលជាមួយគ្នានេះដែរ
យើងបានទទួលជោគជ័យ ចំពោះការងារពាណិជ្ជកម្មរបស់យើងនៅកម្ពុជា ដោយការផ្តល់នៅសេវាកម្ម និង ផលិតផល មានតែមួយ, ដឹកនាំដោយ
ជនជាតិបារាំង និង ការគ្រប់គ្រងលក្ខណះបរទេស Khmerdev បានបំរើជូននៅអតិជន ដោយដាក់ក្រុមបុគ្គលិក សុតតែជាវិស្វករ និង អ្នកបច្ចេកទេស។

Khmerdev ផ្តោតសំខាន់លើការបង្កើតចំណងទំនាក់ទំនងរយះពេលយូរ និង បំរើការជាមួយអតិថិជន ជាលក្ខណះដៃគូ ក្នុងវិស័យពាណិជ្ជកម្ម, ផ្តល់ជូន
ដល់អតិជននូវដំណោះស្រាយ ទៅតាមតំរូវការ ពួកគាត់ដោយ មានគោលការគោរពសិទ្ធឯកជនការផលិត នៃសកម្មភាពរបស់ពួកគាត់។

ទន្ទឹមនឹងរយះពេលជិត២ឆ្នាំ ដែលខ្ញុំបានបំរើការងារនៅទីនេះ ហើយក្នុងនាមជាបុគ្គលិកមួយរូបផង សូមចូលរួមអបអរសាទរខួប ១០ឆ្នាំនៃក្រុមហ៊ុន។

ចូលរួមរត់ប្រណាំងម៉ារ៉ាតុង ទិវាអូឡាំពិកលើកទី ១១៧ ខែមិថុនា 17, 2011

Posted by ភារម្យ in ព័ត៌មាន, អំពីភារម្យ.
16 comments

១៣៤៣

គណះកម្មាធិការជាតិអូឡាំពិចកម្ពុជា បានរៀបចំនូវព្រឹត្តិការណ៏រត់ពាក់កណ្តាលម៉ារ៉ាតុង Olympic Day Phnom Penh​ Haft Marathon 2011 ដើម្បីអបអរដល់ខួប ១១៧ឆ្នាំ នៃការបង្កើត អូឡាំពិច។ ស្អែកនេះ ក៏មានវត្តមានខ្ញុំចូលរួមផងដែរ ដោយ ខ្ញុំបានជ្រើសរើសការរត់ប្រណាំង ៨គីឡូម៉ែត្រ (:P មិនដឹងធ្វើបានរឺអត់ទេ) ឥឡូវនេះលេខអាវចេញមកហើយ ខ្ញុំទទួលបានលេខ ១៣៤៣ សូមមើលអាធំៗខាងលើរ៉ូវបាទ។ កុំភ្លេចចួលរួមណាបងប្អូន…

នេះហើយបាទផែនទី

នេះហើយបាទផែនទី

ព័ត៌មានបន្ថែមចុចនៅទីនេះ

យល់ដឹង | តារាកូរ៉េ Kim Hyun Joong ខែមិថុនា 14, 2011

Posted by ភារម្យ in តារា, ព័ត៌មាន, ភាពយន្ដ.
8 comments

– ប្រធានក្រុម SS501
– ឈ្មោះហៅក្រៅ : dog រឺ cow
– ថ្ងៃកំណើត : 06/061986
– កំពស់ : 183cm
– ទម្ងន់ : 63kg
– ប្រភេទឈាម : B
– ការសិក្សា: សកលវិទ្យាល័យ Kyonggi, ដេប៉ាត់តឺម៉ង់ electronic digital music
– សមាជិកគ្រួសារ : ឪពុកម្តាយ, បងប្រុស
– ចំណង់ចំណូលចិត្ត : ហែលទឹក, ហាត់ប្រាណ, បាល់បោះ, បាល់ទាត់
– ទេពកោសល្យ: ហ្គីតា, ព្យាណូ
– តារាក្នុងដួងចិត្ត : Lee Hyori
– នារីក្នុងក្តីស្រម៉ៃ : ស្មោះត្រង់ មិនស៊ាំញ៉ាំ, ដូចមិត្តភ័ក្រ
– ផ្នែកមួយនៃរាងកាយស្រលាញ់បំផុត : ភ្នែក
– សុភាសិត: មនុស្សកើតមកមានជិវិត តែ១ដង
– ក្នុងឆ្នាំ ២០០៨ តួឯកក្នុង MBC variety show, “We got married”; 2009 ខ្សែភាយន្តភាគកូរ៉េ Boys Over Flowers (វ៉ើសិនកូរ៉េខាងត្បូង “Meteor Garden”), ឈ្មោះថា Yoon Ji-Hoo

អាជីព

គីម កាន់តំណែងជាប្រធានក្រុម SS501 ក្នុងឆ្នាំ ២០០៥។ គាត់ចូលរួមសំដែង អោយ MBC show We Got Married ថ្ងៃទី ១១ ឧសភា ២០០៨ ជាមួយ Hwang Bo ដែលជាបងគាត់ ៦ឆ្នាំ។ ពួកគេទទួលបាន ប្រជាប្រិយភាព ខ្ពស់បំផុត សំរាប់គូស្នេហ៏សំដែងថ្មី។
ក្នុងខ្សែភាយន្តភាគកូរ៉េ ដ៏ល្បីល្បាញ Boys Over Flowers គាត់សំដែងជា Yoon Ji Hoo។ ខ្សែភាយន្តភាគនេះ ទទួលបានការគាំទ្រយ៉ាងខ្លាំង ពីសំណាក់ប្រិយមិត្ត ចាក់ផ្សាយ ពីខែមករា ដល់ មីនា ២០០៩។
ជាមួយមិត្តរួមក្រុម គីមរៀបចំ ចេញផ្សាយនូវ អាល់ប៊ុម ចំរៀង SS501 ថ្មី​ ដែលរាល់សមាជិកគ្រប់រូបត្រូវធ្វើសូឡូ។ ការប្រគុំតន្រ្តីទេសចរណ៏ អាស៊ីរបស់ពួកគេចាប់ផ្តើម នៅពាក់កណ្តាលខែសីហា ២០០៩។

ប្រវត្តិថតខ្សែភាពយន្ត

* Boys Over Flowers (KBS2, 2009) Yoon Ji Hoo
* Nonstop 5 (ភាគទី 208, MBC, 2005)
* Can Love Be Refilled? Sitcom (KBS2, 2005)

ពានរង្វាន់

* ពានរង្វាន់ប្រជាប្រិយភាពទូរទស្សន៏ លើ KBS2′s Boys Over Flowers (ពានរង្វាន់ទី 45 PaekSang Arts Awards, កុម្ភះ 2009)

* ពានរង្វាន់ដៃគូសំដែងល្អបំផុត លើ MBC’s We Got Married ជាមួយ Hwang Bo (ពានរង្វាន់ MBC , 28 ធ្នូ, 2008)