ទោះថ្ងៃស្អែកផែនដីរលាយ ក៏ខ្ញុំនៅតែ… ខែធ្នូ 24, 2012
Posted by ភារម្យ in សម្តីអ្នកប្រាជ្ង, អំពីភារម្យ.add a comment
ទោះថ្ងៃស្អែកផែនដីរលាយ ក៏ខ្ញុំនៅតែបន្តរដាំដើមខ្វិត១ដើមនេះដែរ។ សំនួននេះស្តាប់ទៅគួរអោយអស់សំណើច តែអត្ថន័យរបស់វា ល្វីងខ្លាំងណាស់។ តាមការយល់ឃើញរបស់ខ្ញុំ វាប្រៀបប្រដូចបានទៅហ្នឹង មនុស្សដែលមានមហិច្ចតារឹងមាំ មិនងាយរង្គោះរង្គើម្នាក់ បើទោះជាភ្នំលាយ មេឃបាក់ក៏នឹងមិនញញើត ភ័យខ្លាចឡើយ ដរាបដល់បំណង រឺមហិច្ចតានេះ សំរេចបាន។
សូមពិនិត្យមើលអោយមែនទែន លើពាក្យថា ផែនដីរលាយ ពាក្យចចាមអារាមទើប តែបាត់បង់មុននេះបន្ទិចប៉ុណ្ណោះ ថ្ងៃទី២១ ខែ១២ ឆ្នាំ២០១២ ដែល តាមរយៈព័ត៌មានពីមាត់មួយទៅមាត់មួយ បានផ្សព្វផ្សាយតគ្នាថា ផែនដីនឹងរលាយ ព្រោះយោងទៅតាម ប្រតិទិន របស់ជនជាតិម៉ានយ៉ាន ដែលនឹងផុតរលត់នាថ្ងៃនោះ មនុស្សមិនតិចទេ ដែលគិតថា នេះគឺជាការពិត រហូតដល់មានការធ្វើស្ថិតិ ស្តីពីជំនឿផែនដីរលាយនេះ ជាលទ្ធផលគឺ ១០%នៃមនុស្សទូទាំងពិភពលោក គិតថា វាជាការពិតដែលផែនដីនឹងរលាយ ងាកមកក្រោយវិញ នេះគឺបញ្ចាក់ថា បើភពផែនដីបាត់បង់មែននោះ នេះគឺរឿងមួយដ៏ធំមហិមាខ្លាំងណាស់។
សូមមើល ឃ្លាបន្ទាប់ ខ្ញុំនៅតែបន្តរដាំដើមខ្វិត១ដើមនេះ បន្តរការដាំ ប្រដូចទៅហ្នឹង រាល់កិច្ចការណាមួយដែលគេ កំពុងបន្តរធ្វើ មនុស្សដែលពោលនូវពំនោលនេះប្រាកដជាមានមហិច្ចតា មហិមាលើមហិមាទៅទៀត ហេតុអ្វី ក៏ព្រោះតែសូម្បីផែនដីបាត់បង់មនុស្សគ្រប់គ្នាគិតថា មហិមា នឹងត្រូវស្លាប់បាត់បង់ជីវិត តែគាត់បែជានៅតែមិនអើពើ នឹងបញ្ហានេះ ហើយនៅបន្តរ បំណងបញ្ចប់កិច្ចការរបស់គាត់ដដែល រឹងមាំដូចដែកថែប។
សរុបសេចក្តីមក សំនួនវោហា ដែលបានពោល នៅខាងលើនេះ ពិតជាបង្គប់នូវអត្ថន័យដ៏ល្អមួយ សំរាប់អ្នកជោគជ័យ រឺចង់បានជោគជ័យទាំងឡាយ “ធ្វើការអ្វីមួយត្រូវតែធ្វើអោយចប់ចុងចប់ដើម ព្រមម៉ត់ចត់ និងមិនរួញរាផង”។
អានសម្រង់សម្តីដែលជំរុញទឹកចិត្តយើង ខែវិច្ឆិកា 22, 2012
Posted by ភារម្យ in សម្តីអ្នកប្រាជ្ង.add a comment
ទោះជាខ្ញុំដឹងថាពិភពលោកនឹងរលាយខ្ទេចខ្ទីនៅថ្ងៃស្អែក ថ្ងៃនេះខ្ញុំនៅតែដាំដើមខ្វិតរបស់ខ្ញុំដដែល (happy) ― Martin Luther King Jr.
ថ្ងៃថ្មីផ្តើមជាមួយនៅថាមពលថ្មី បូករួមគំនិតថ្មី ― Eleanor Roosevelt
អ្វីដែលឈរវាងអ្នក និងគោលបំណងរបស់អ្នក វាគ្រាន់តែជារឿងអាចម៏គោប៉ុណ្ណោះ អ្នកត្រូវតែសួរខ្លួនឯងថា ហេតុអ្វីអ្នកមិនអាចសំរេចវាបាន ― Jordan Belfort
បើអ្នកនឹងឆ្កួត ចូរទាញយកផលប្រយោជន៏នៃការក្លាយជាឆ្កួតនេះសិន ពុំនោះសោតអ្នកនឹងផុងខ្លួនរ៉ើពុំរួច ― Hunter S. Thompson
អ្នកម្នាក់ដែលអាចរុញអោយខ្ញុំធ្លាក់ក្នុងរណ្តៅនៃបរាជ័យ នោះគឺមានតែខ្លួនខ្ញុំប៉ុណ្ណោះ ហើយខ្ញុំនឹងមិនរុញច្រានខ្លួនឯងអោយធ្លាក់ក្នុងរណ្តៅនេះទេ ― C. JoyBell C.
មនុស្សគ្រប់គ្នាចង់រស់នៅខ្ពង់ខ្ពស់នៃកំពូលភ្នំ តែចូរដឹងថាសុភមង្គល និងភាពរីកចម្រើនបានកើតឡើងនៅពេលអ្នកកំពុងឡើងភ្នំទេ ― Andy Rooney
តំលៃនៃភាពអស្ចារ្យនោះគឺទំនួលខុសត្រូវ ― Winston Churchill
ស្រមើស្រម៉ៃ ជាទំរង់ដ៏ខ្ពង់ខ្ពស់បំផុតនៃការស្រាវជ្រាវ ― Albert Einstein
ទេពកោសល្យ ត្រឹម ១% នៃការជំរុញទឹកចិត្ត ៩៩% គឺការប្រើកំលាំង ― Thomas A. Edison
នឹកគិតក្នុងចិត្តនូវអ្វីដែលអ្នកចង់បាន ឃើញវា មានអារម្មណ៏លើវា ជឿជាក់លើវា ហើយចូរបង្កើតគំរោងដ៏រឹងមាំហើយផ្តើមធ្វើវា ― Robert Collier
ជីវិត, ជាមួយវិន័យ ជាមួយករណីកិច្ច ជាមួយសេរីភាពរបស់វា គឺហាក់ដូចជាបទនិពន្ធកំណាព្យអញ្ចឹង គេអោយទំរង់វាដល់អ្នក តែអ្នកគឺជាអ្នកដែលតាក់តែងនូវបទនិពន្ធនេះ ― Madeleine L’Engle, A Wrinkle in Time
ខ្ញុំស្រម៉ៃដល់គំនូររបស់ខ្ញុំ ហើយខ្ញុំគូរចេញជាលទ្ធផលនូវអ្វីដែលខ្ញុំស្រម៉ៃ ― Vincent van Gogh
ប្រើត្រឹម១នាទីដើម្បីនិយាយថា សួស្តី តែប្រើវេលារហូតទៅដើម្បីនិយាយថា លាហើយ ― Anurag Gupta
ធ្វើអី្វមួយជារៀងរាល់ថ្ងៃដែលបន្លាចអ្នក ― Eleanor Roosevelt
ផ្ការីក្នុងភាពលំបាក គឺជាផ្កាដ៏កំរ និង ស្រស់ស្អាតបំផុតលើសផ្កាដទៃ ― Walt Disney Company
វិធីគិតរបស់អ្នកមាន ខែវិច្ឆិកា 14, 2012
Posted by ភារម្យ in ចំនេះដឹងប្លែកៗ, សម្តីអ្នកប្រាជ្ង.add a comment
អ្នកធ្លាប់សង្ស័យខ្លះទេថា ហេតុអ្វីអ្នកមាននៅតែមានជាដរាប ហេតុអ្វីអ្នកក្រនៅតែក្ររហូត។ ជាមនុស្សធម្មតាត្រឹមមានស៊ីមានប្រើ តែហេតុអ្វីមិនក្លាយជាសេដ្ឋីម្ដងនិងគេណ! ទាំងយើងប្រឹងធ្វើការទាំងថ្ងៃទាំងយប់។ ខ្លះថាបណ្តាលមកពីព្រហ្មលិខិត យ៉ាងណាក៏ដោយដើម្បីទទួលបានភាពជោគជ័យផ្នែកហិរញ្ញវត្ថុនោះ គឺវាអាស្រ័យលើវិធីគិតដែលខុសគ្នាៗទាក់ទងរឿងមាសប្រាក់។ សាកគិតលេងៗមើល ឧទាហរណ៍ថា យើងធ្វើការដកប្រាក់ទុកក្នុងមួយខែ១លានរៀល ១ឆ្នាំ ១២លានរៀល ដើម្បីមានប្រាក់រាប់រយលានរៀល យើងត្រូវប្រើពេលដល់ទៅ១០ឆ្នាំឬច្រើនជាងនេះ បងប្អូនមិនធុញទ្រាន់ខ្លះទេឬ ទាក់ទងនិងការធ្វើការបើកប្រាក់ខែ។ វិធីមួយដែលជួយឱ្យយើងក្លាយជាអ្នកមានបាន គឺត្រូវផ្លាស់ប្តូរវីធីគិតឬទស្សនៈរបស់យើងសារជាថ្មី ព្រោះគំនិតចាស់ៗរបស់យើងអាចជាឩបសគ្គដល់ភាពមានបាន! ១៧ ភាពខុសគ្នានៃការគិតនិងសកម្មភាពរវាងអ្នកមាននិងអ្នកក្រ
១.អ្នកមានជឿថា “ខ្ញុំគ្រប់គ្រងជតាជីវិតខ្លួនឯង” អ្នកក្រជឿថា”ខ្ញុំត្រូវបានព្រហ្មលិខិតកំណត់មកដូចនេះ”
២.អ្នកមានលេងល្បែងហិរញ្ញវត្ថុដើម្បីយកឈ្នះ អ្នកក្រលេងល្បែងហិរញ្ញវត្ថុដើម្បីមិនឱ្យចាញ់
៣.អ្នកមានលះបង់ដើម្បីមាន អ្នកក្រទ្រាំលំបាកដើម្បីមាន
៤.អ្នកមានគិតការធំ អ្នកក្រគិតការតូច
៥.អ្នកមានចាប់អារម្មណ៍លើឱកាស អ្នកក្រចាប់អារម្មណ៍លើឩបសគ្គ
៦.អ្នកមានពេញចិត្តអ្នកមានណាដែលទទួលបានជោគជ័យពីមនុស្សដទៃ អ្នកក្រស្អប់អ្នកមានណាដែលទទួលបានជោគជ័យ
៧.អ្នកមានសេពគប់មនុស្សណាដែលមើលលោកក្នុងផ្លូវសុទិដ្ឋិនិយម ហើយទទួលជោគជ័យ អ្នកក្រសេពគប់មនុស្សណាដែលមើលលោកក្នុងផ្លូវទុទិដ្ឋិនិយម រឺមិនទទួលជោគជ័យ
៨.អ្នកមានសប្បាយចិត្តក្នុងការលើកតំកើងខ្លួនឯងជាមួយគុណតម្លៃដែលខ្លួនមាន អ្នកក្រលើកតំកើងខ្លួនឯងជាមួយទុទិដ្ឋិនិយម
៩.អ្នកមានមើលបញ្ហាជារឿងតូច អ្នកក្រមើលបញ្ហាជារឿងធំ
១០.អ្នកមានរាប់ថាជាអ្នកសម្បូបែប អ្នកក្ររាប់ថាជាអ្នកដុនដាប
១១.អ្នកមានទទួលយកប្រាក់កម្រៃតាមសមិទ្ធផលការងារ អ្នកក្រទទួលយកប្រាក់កម្រៃតាមរយៈម៉ោងធ្វើការ
១២.អ្នកមានរើសយកផ្លូវទាំងសងខាង អ្នកក្ររើសយកផ្លូវបានតែបានតែមួយ
១៣.អ្នកមានចាប់អារម្មណ៍មូលតំលៃនៃអចលនវត្ថុ អ្នកក្រចាប់អារម្មណ៍ការមានបានតាមរយៈការធ្វើការ
១៤.អ្នកមានពូកែគណនារឿងប្រាក់កាក់ អ្នកក្រក៏ពូកែគណនារឿងប្រាក់កាក់ដែរតែខុសៗ
១៥.អ្នកមានឱ្យប្រាក់ធ្វើការដើម្បីខ្លួន អ្នកក្រធ្វើការដើម្បីឱ្យបានប្រាក់
១៦.អ្នកមានដើរទៅមុខដោយឥតភ័យខ្លាច អ្នកក្របណ្តោយឱ្យភាពភ័យខ្លាចបញ្ឈប់ខ្លួនឯង
១៧.អ្នកមានរៀនដឹងរៀនស្គាល់ទើបគេក្លាយជាអ្នកមានរហូតទៅ អ្នកក្រគិតថាខ្លួនឯងចេះដឹងជាងគេជាដរាប
បញ្ហាគ្រប់បញ្ហាតែងមានដំណោះស្រាយ លុះតែអ្នកមើលមិនឃើញ ឬឃើញតែមិនមើលវា ក្នុងបញ្ហាតែងមានការគិតរបស់អ្នកខ្លួនឯង។ មនុស្សលោកយើងមិនមានអ្វីស្មើៗគ្នាទេ ភាពខុសគ្នាដែលមនុស្សទទួលបាន គឺមេរៀនដែលពេញប្រៀបដោយភាពស្មោះត្រង់នឹងខ្លួនឯងក្នុងការដោះស្រាយបញ្ហា។ ប្រសិនអ្នកគឺជាមនុស្សម្នាក់ ដែលត្រូវការកសាងជីវិតថ្មី ចូរក្លាហាន! កែប្រែគំនិតជាថ្មី “ដរាបណាយើងផ្លាស់ប្ដូរវិធីគិត ជីវិតក៏ផ្លាស់ប្ដូរ”
កំហុសអតីតកាល… ខែវិច្ឆិកា 1, 2012
Posted by ភារម្យ in ចំនេះដឹងប្លែកៗ, ប្រវត្តិខ្ញុំ, ពីនេះពីនោះ, សម្តីអ្នកប្រាជ្ង, អំពីភារម្យ.add a comment
…វិលទៅរក ១៦ឆ្នាំបា្លយមុន បើតាមការចង់ចាំរបស់ខ្ញុំ កាលពីពេលដែលខ្ញុំនៅក្មេងៗ នាថ្ងៃមួយពេលរសៀល ខ្ញុំនិងមិត្តខ្ញុំពីរនាក់ទៀត អារក្ស និង អាផារិត ម៉ោងចេញលេង ទៅរត់លេងនៅលើវិហារ ដែលទើបនឹងសង់ថ្មីក្នុងវត្ត ក្បែរសាលារៀនរបស់យើង។ ពេលនោះពួកយើងរៀនថ្នាក់ទី៣ បង្រៀនដោយ លោកគ្រូទូច សូមបើកវង់ក្រចកពីលោកគ្រូខ្ញុំបន្ទិច គាត់រាងខ្ពស់ស្គមបន្ទិច ដើរម៉្ងែកៗដូចខ្ទើយ 😀 ហះហះ។ ពេលរត់លេង ពួកយើងបានធ្វើបែកបង្គោលសីម៉ា នៅជ្រុងម្ខាងនៃវិហារ ពេលនោះអ្នកម្តាយអើយ ពួកយើងភ័យណាស់ រត់មកថ្នាក់វិញទាំងត្រហប បុកពោះសង្ឃឹមថា គ្មាននរណាម្នាក់ដឹងរឿងនេះទេ។ តែដោយសារតែការប្រព្រឹត្តិមិនទទួលទំនួលខុសត្រូវ របស់ពួកយើង បាបកម្មក៏តាមមកយាយីយើងយ៉ាងតន់ហន់ ព្រះសង្ឈមកប្រាប់នាយកសាលា អំពីកំហុសពួកយើង ហើយនាំពួកយើងទៅភ្លក្សរសជាតិ នៃការទទួលកំហុសម្ដង ត្រូវប៉ុន្មានរំពាត់ បបេរមាត់ស្វាយ ពេលនោះហើយសភាវៈនៃការគិតរបស់ ខ្ញុំដាស់តឿនប្រាប់ខ្ញុំថា ចូរទទួលយកនូវការដាក់ពិន័យនេះទៅ ព្រោះវាពិតជាកំហុសដែលខ្ញុំបានប្រព្រឹត្តិពិតមែន មិនមែនតែកំហុសមួយទេ នេះកំហុសដល់ទៅពីរ ពោលគឺកំហុសដែលមិនចេះទទួលខុសត្រូវ ហិហិហិ គិតទៅហេតុតែក្មេង សូមអភ័យទោសដល់ពេលហ្នឹងផង បងប្អូនអើយ! ។ ៣ថ្ងៃក្រោយមក ខ្ញុំអត់ហ៊ានទៅអើតសាលារៀនទេ អាភាពភ័យខ្លាចនៃកំហុស វាខ្ញុំចេះតែតាមលងខ្ញុំជានិច្ច រីឯអាពីរនាក់ទៀតបែបអ៊ីចឹងដែរ តែមិនដឹងថាវាដូចខ្ញុំឬអត់ អ្នកម៉ែខ្ញុំគាត់ចេះតែឆ្ងល់ មិចក៏ខ្ញុំគេចសាលាមិនទៅរៀន។ ១ថ្ងៃក្រោយមក អារក្សវាទៅសាលាមុនគេ សង្ស័យម៉ែវាធ្វើករហើយ បានវាទៅមុនគេ។ វាមកប្រាប់ខ្ញុំថា អស់អីហើយ ទៅសាលារៀនទៅ ព្រោះបង្គោលសីមាហ្នឹងត្រូវបានជាងយកស៊ីម៉ង់មកផ្សារភ្ជាប់វិញហើយ។ ខ្ញុំក៏ធូរទ្រូងខ្ងាក ហើយទៅប្រាប់អាផារិតឱ្យវាទៅរៀនវិញដែរ។
វិលមក បច្ចុប្បន្នវិញ…
ខ្ញុំគ្រាន់តែចង់និយាយថា…
មនុស្សគ្រប់គ្នាតែងបង្កើតកំហុសក្នុងជីវិតរបស់ពួកគេ តែវាមិនមែនមានន័យថាគេត្រូវតែតបស្នងនូវកំហុសនេះអស់មួយជីវិតនោះទេ។ ជួនកាលជំរើសល្អ មនុស្សបង្កើតឱ្យទៅជាជម្រើសអាក្រក់។ វាមិនមែនមានន័យថាគេអាក្រក់នោះទេ វាមានន័យថាពួកគេជាមនុស្ស។
PS: អារក្សនៅអាម៉េរិកបាត់ដំណឹងវាឈឹង អាផារិតនៅខ្មែរ ខ្ញុំនៅបាងកកប្រទេសថៃ (ឆ្នាំ២០២៣)
នាគដេក | ជូគឺលៀង (ខុងមីង) វគ្គ៤ ខែមិថុនា 8, 2012
Posted by ភារម្យ in ចំនេះដឹងប្លែកៗ, ប្រវត្តិសាស្រ្ត, សម្តីអ្នកប្រាជ្ង, សាមកុក.add a comment
សមិទ្ធផលដទៃទៀតក្រៅពីយោធា
ក្រៅអំពីសមិទ្ធផលដែលទាក់ទងទៅនឹងយោធានិងស្ថាបត្យកម្មផ្សេងៗ ខុងមីងដែលមានតួនាទីជាឧបរាជនៃអាណាចក្រស៊ូហាន បានជំរុញឱ្យមានការប្រតិបត្តិច្បាប់យ៉ាងតឹងរឹង នេះរាប់បញ្ចូលទាំងការដាក់ទោស ក៏ដូចជាការផ្ដល់រង្វាន់លើកទឹកចិត្តដោយសុក្រិតមិនលំអៀង។ ដោយហេតុនេះហើយទើបអាណាចក្រទាំងមូលឡើងខ្លាំង ដោយសារការប្រតិបត្តិច្បាប់យ៉ាងតឹងរឹងបានជះឥទ្ធិពលលើការអភិវឌ្ឍនៃកសិកម្ម និងសិប្បិកម្ម។
គុណសម្បត្តិទាក់ទងនឹងខុងមីងផ្សេងៗទៀតនោះ គឺគាត់ជាមនុស្សដែលជឿជាក់ស្មោះត្រង់និងមានទំនាក់ទំនងដ៏ល្អជាមួយរាល់មនុស្សដែលនៅជុំវិញខ្លួនគាត់។
កាលានុវត្តនៃទំនាក់ទំនងតែងតែមានការលំបាកក្នុងការរក្សា។ សន្ទិដ្ឋិភាព [ដែលគ្រាន់តែបានជួបគ្នាមួយដងមួយកាល] នៃអ្នកមានកិត្តិយសថ្លៃថ្នូរ ទោះបីជានៅឆ្ងាយគ្នា ពុំដែលបានបន្ថែមបុប្ផានៃភាពកក់ក្ដៅ ហើយមិនបានផ្លាស់ប្ដូរស្លឹករបស់វានាពេលរងា វានៅតែបន្តរភាពក្រៀមស្រពោន ឆ្លងរដូវទាំងបួន ហើយក្លាយជាភាពមិនទៀងទាត់ ដូចដែលអ្វីដែលវាបានឆ្លងកាត់ ទាំងភាពស្រណុកស្រុកស្រួលនិងការលំបាក។
គុណសម្បត្តិរបស់ខុងមីងដែលខ្ញុំចូលចិត្តបំផុតនោះ គឺការសង្កត់ធ្ងន់ហ្មត់ចត់ទៅលើការសាបព្រោះវប្បកម្មដល់ប្រជាជនដែលនៅជុំវិញគាត់។ ហើយម្យ៉ាងទៀតនោះគឺភក្ដីភាពនៃកាតព្វកិច្ចការបំពេញការងាររបស់គាត់ ដែលធ្វើឱ្យអធិរាជលាវប៉ី និងមនុស្សជុំវិញខ្លួនគាត់រិតតែស្រលាញ់ចូលចិត្ត។
គុណសម្បត្តិទាំងឡាយនិងសមិទ្ធកម្មជាច្រើនរបស់គាត់ ធ្វើឱ្យគាត់ក្លាយជាបដិរូបកម្មនៃគតិបណ្ឌិតនិងភាពវៃឆ្លាត ដល់លាវប៉ី ប្រជាជននៃអាណាចក្រ និងអ្នកប្រាជ្ងចិនជំនាន់ក្រោយជាច្រើនទៀត។
រឿងរ៉ាវផ្សេងៗទាក់ទងនឹងខុងមីង
១. ខុងមីងត្រូវបានគេស្គាល់ថាជាអភិជនអ៊ូ ឬ ជូគឺអ៊ូហូវ
២. មុនពេលធ្វើសង្គ្រាមរាល់ពេល ខុងមីងតែងតែទៅសង្កេតមើលដែនសមរភូមិជាច្រើនឆ្នាំ មុនចំបាំងចាប់ផ្តើម។ អំឡុងពេលដែលគាត់ទៅមើលកន្លែងនោះ គាត់តែងធ្វើការអង្កេតទៅលើលក្ខណៈពិសេសនៃភូមិសាស្ត្រនិងអាកាសធាតុ ធម្មជាតិនៃភូមិសាស្ត្រទាំងនោះ គាត់ធ្វើការវិនិច្ឆ័យកម្លាំងកងទ័ពទាំងសងខាងនៅលើភូមិសាស្ត្រនោះ។ ពេលសមរភូមិចាប់ផ្តើមច្បាំង គាត់ងាយស្រួលក្នុងការដកកងទ័ពចេញពីភូមិសាស្ត្រនោះ ក៏ព្រោះតែគាត់បានស្គាល់ភូមិសាស្ត្រទាំងអស់រួចទៅហើយ ព្រមទាំងវិភាគធនធាននៃកងកម្លាំងទាំងពីរនៅពេលនោះ។
៣. រាល់ពេលដឹកនាំទ័ពច្បាំង ខុងមីងតែងតែអង្គុយនៅលើរទេះកង់បួន
៤. តាមរយៈរឿងរ៉ាវដែលបានកត់ត្រា ខុងមីងតែងតែសម្លឹងមើលព្រមទាំងបញ្ជាចលនាកលយុទ្ធកងទ័ពរបស់គាត់ពីលើកំពូលភ្នំដ៏ខ្ពស់
៥. តាមរយៈការនិយាយតរៗគ្នា ខុងមីងតែងតែស្លៀកពាក់តាមលទ្ធិតាវ ហើយកាន់ផ្លិតស្លាបសត្វពណ៌សរ
៦. តំបន់ដែលខុងមីងហ្វឹកហ្វឺនកងទ័ពរបស់គាត់ គឺយើងអាចរកវាឃើញនាពេលបច្ចុប្បន្ននៅតំបន់ឆុងឈីង (重庆) ស្រុកហ្វឹងជា (奉节)។
សូមអាន : នាគដេក | ជូគឺលៀង (ខុងមីង) វគ្គ៣
នាគដេក | ជូគឺលៀង (ខុងមីង) វគ្គ៣ ខែមករា 23, 2012
Posted by ភារម្យ in ចំនេះដឹងប្លែកៗ, ប្រវត្តិសាស្រ្ត, សម្តីអ្នកប្រាជ្ង, សាមកុក.2 comments
សមិទ្ធផលផ្សេងទៀត
គិតដល់ត្រឹមពេលដែលខុងមីងស្លាប់ ស្នាដៃទាក់ទងនិងយុទ្ធសាស្ត្រទ័ព រចនាសម្ព័ន្ធទ័ពរបស់គាត់ជាច្រើនត្រូវបានកំទេចចោលឬបាត់បង់អស់។ មាគ៊ានៃមេទ័ព (the way of the general) គឺជាស្នាដៃមួយក្នុងចំណោមស្នាដៃជាច្រើន ដែលនៅរស់រានមានជីវិត រហូតមកដល់សព្វថ្ងៃនេះ។
មានពាក្យចចាមអារ៉ាមថា ខុងមីងជាអ្នកបង្កើតកលយុទ្ធសាស្ត្រទាំង ៨ (ប៉ាស៊ីង) ដែលជាកលយុទ្ធធ្វើសង្រ្គាម ជាយុទ្ធសាស្រ្តទ័ព និងកលយុទ្ធរៀបទ័ព។
មានរឿងរ៉ាវផ្សេងៗទៀតដំណាលថា ខុងមីងគឺជាអ្នកមានទេព្យកោសល្យផ្នែកគ្រឿងយន្តនិងគណិតវិទ្យា។ គាត់បានបង្កើតស្នាដែលអាចបាញ់ម្ដងចេញច្រើនគ្រាប់ និង រទេះគោយន្ត (រទេះកង់បួនជាមួយគោ) សម្រាប់ដឹកជញ្ជូនគ្រាប់ធញ្ញជាតិ។ ភាពច្នៃប្រឌិតដ៏មានប្រយោជន៍ជាច្រើន អាចរកអានបានក្នុងសៀវភៅប្រលោមលោកនគរទាំង៣ ឬ សាមកុក (Romance of Three Kingdoms) សៀវភៅប្រលោមលោកបែបប្រវត្តិសាស្ត្រដ៏អស្ចារ្យនាស.វ ទី១៤ ហើយដែលខុងមីងគឺជាតួអង្គដ៏សំខាន់ម្នាក់ក្នុងរឿងនេះផងដែរ។
ដូចជាអ្វីដែលបានអធិប្បាយខាងលើនេះ ព្រឹត្តិការណ៏ដែលបានកើតឡើងខ្លះៗក្នុងសៀវភៅប្រលោមលោកសាមកុក ត្រូវបានគេយកទៅសំដែងក្នុងល្ខោនចិន។ ទាក់ទងនឹងការសំដែងនេះ ខុងមីងជាទូទៅត្រូវបានគេពណ៌នាថាជាសភាវៈល្អ តែងតែវាយប្រឆាំងនឹងសភាវៈបិសាច។
ល្ខោនទាំងនោះក៏បានបរិយាយផងដែរនូវ សិល្ប៏សាស្ត្រលទិ្ធតាវ ដោយបញ្ចេញមន្តវិជ្ជាសិល្ប៏បញ្ជាធម្មជាតិដ៏មហាអស្ចារ្យ ពោលគឺបញ្ជាខ្យល់ ហើយទោះទាយអនាគត។ សមត្ថភាពខុងមីងមានមូលដ្ឋានធំធេងជាអាទិ៍ ចំណេះដឹងដ៏មានទំនុកចិត្តលើយុទ្ធសាស្ត្រទ័ព វិស្វកម្មយន្តការ គណិតវិទ្យា ភូគព្ពសាស្ត្រ តារាសាស្ត្រ និង ទស្សនៈវិទ្យា។
វគ្គបន្តរខ្ញុំនឹងរៀបរាប់នូវសមិទ្ធផលដទៃទៀតដែលមិនទាក់ទងនឹងយោធា សូមរង់ចាំអាន!
សូមអាន : នាគដេក | ជូគឺលៀង (ខុងមីង) វគ្គ២