មេរៀនពីអ្នកគ្រូទន្សាយ ខែមេសា 26, 2018
Posted by ភារម្យ in ចិត្តវិទ្យា, អប់រំ.3 comments
កំណត់ហេតុថ្ងៃទី ២៨ ខែមិនា ឆ្នាំ ២០១៨
បាងកក ប្រទេសថៃ
ថ្ងៃនេះខ្ញុំមានឧកាស បានរៀនជាមួយអ្នកគ្រូជនជាតិថៃម្នាក់ ជាលើកតំបូង។ គាត់ឈ្មោះថា អ្នកគ្រូក្រៈតាយ ប្រែថាទន្សាយ។ អ្នកគ្រូបង្រៀនពួកយើង ទាក់ទងនឹងមូលដ្ឋានគ្រិះ នៃចិត្តវិទ្យា។ ខាងក្រោមនេះ គឺជាកំណត់ត្រាទាំងស្រុង ដែលគាត់បានបង្រៀន។
ការរៀនចិត្តវិទ្យា គឺការរៀនយល់ពីឥរិយាបទមនុស្ស ក្រោយពីយល់ហើយ គេអាចអធិប្បាយវាបាន ក្រោយពីអធិប្បាយបាន គេអាចទំនាយវាបាន។
Conscious = សម្បជញ្ញៈ = ចិត្តសំនឹក
សំនឹក = នឹកឃើញដល់ទោសរបស់ខ្លួន រំលឹកឃើញដល់កំហុសរបស់ខ្លួន
សម្បជញ្ញៈ = ស្មារតី គឺសេចក្តីនឹកឃើញ មានសតិ
Subconscious = អឌ្ឍសម្បជញ្ញៈ = ចិត្តក្រោមសំនឹក
ចិត្តសំនឹក ឬ សម្បជញ្ញៈ គឺជាសភាវៈចិត្ត ដែលយើងដឹងខ្លួន ថាកំពុងធ្វើអី បើនិយាយតាមទ្រឹស្តីព្រះពុទ្ធសាសនា នោះគឺ សតិ នេះឯង។ ឯអឌ្ឍសម្បជញ្ញៈ ឬ ចិត្តក្រោមសំនឹក វិញវាធ្វើការនៅពេលដែល ចិត្តសំនឹក ឬ សម្បជញ្ញៈ ឈប់ធ្វើការ ពោលគឺអឌ្ឍសម្បជញ្ញៈ ឬ ចិត្តក្រោមសំនឹក ធ្វើការនៅពេលយើងរលីវៗរៀបនឹងដេក ឬពេលកំពុងដេកលក់ ឬពេលយើងនឿយហត់។
យោងតាម Freud (1923) រចនាសម្ពន្ធចិត្ត ចែកចេញជា ៣ យ៉ាង Id, Ego និង Superego។ ID គឺចិត្តដែលជាសភាវគតិ (instinct) ចំណង់ ឬ តម្រូវការផ្ទាល់ខ្លួន ពោលគឺចង់ធ្វើអ្វីតាមចិត្តខ្លួនឯង។ ពេលខ្លះយើងចង់ធ្វើអ្វីមួយ ដែលជារឿងមិនល្អ ពេលនេោះហើយដែល Ego កើតឡើងមក។ Ego គឺជាអ្នកមកគ្រប់គ្រង ID។ ID ធ្វើយ៉ាងនេះ មិនបានទេ បើធ្វើបែបនេះ ជារឿងមិនល្អឡើយ។ តួយ៉ាង ពេលយើងមានទំនាស់ជាមួយភរិយា ID គឺសភាវគតិយើង គឺចង់តែទៅទះកំភ្លៀងគាត់ តែ Ego ចូលខ្លួនមក ប្រាប់សភាវគតិ ថា យើងធ្វើបែបនេះ វាមិនត្រឹមត្រូវនោះទេ ភរិយាយើងជាមនុស្សស្រី ឯយើងជាមនុស្សប្រុស។ រីឯ Superego វិញ គឺសំដៅគុណធម៌ ចរិយាធម៌ សីលធម៌ ដូចជាឧទាហរណ៏បានលើកឡើង បើយើងទៅវាយភរិយា វាក្លាយទៅជា យើងធ្វើបាបស្រ្តី គឺវាខុសទាំង សីលធម៌ ចរិយាធម៌ (ពាក្យទូន្មានរបស់ឪពុកម្តាយដែលបានបង្រៀនយើងតាំងពីតូច ផុសឡើងក្នុងខួក្បាលយើង រួចមកប្រាប់យើង)។ តួ Ego នេះគ្រប់គ្រង ID សភាវគតិ មិនអោយសំដែងចេញមកបាន ដូចជានៅពេលដែលយើងចង់ជេរ នណាម្នាក់ Ego ដែលយើងបានទទួលមក អាចជា សង្គម ។ល។ ចូលខ្លួនមកបញ្ជាយើងអោយបញ្ឍប់ទង្វើនេះ។ នៅពេលយើងចង់ធ្វើ តែធ្វើមិនបាន ធ្វើអោយយើងបាក់មុខ បាក់ទឹកចិត្ត ដោយគ្រប់យ៉ាង វាមិនដូចអ្វីដែលយើងវំពឹងទុក Freud អធិប្បាយថា យន្តការនេះ គេហៅថា defense mechanism ដែលការធ្វើការរបស់ អឌ្ឍសម្បជញ្ញៈ ឬ ចិត្តក្រោមសំនឹក ឬ Ego។ ដូចជាការបៀមទុក្ខសោកនៃអារម្មណ៏របស់យើង ការបៀមទុក្ខគឺជាយន្តការនៃការការពារខ្លួនឯង ពោលគឺយើងមានទុក្ខ តែយើងមិនអាចនិយាយចេញមកបាន មិនអាចនិយាយអោយអ្នកដទៃស្តាប់ ការបៀមទុក្ខនេះគឺជាការព្យាយាមបំភ្លេចទុក្ខសោក មិននឹកនាដល់វា គឺទិន្នន័យទាំងនេះ វាទៅរក្សាទុកក្នុង អឌ្ឍសម្បជញ្ញៈ ដែលនេះត្រូវបានគេហៅថាយន្តការនៃការការពារខ្លួនឯង គឺធ្វើអោយទុក្ខសោកក្នុងខ្លួនចុះថមថយ។ យន្តការនៃការការពារខ្លួនឯងផ្សេងទៀត ឧទាហរណ៏ដូចជា ពេលយើងធ្វើអ្វីមួយខុស យើងព្យាយាមទំលាក់កំហុសអោយអ្នកដទៃ ដល់តែធ្វើរឿយៗទៅ ក៏ក្លាយទៅជានិស្ស័យ មនុស្សនេះគឺគេមិនព្រមចុះញមដោយងាយៗនោះទេ បើមានមនុស្សម្នាក់ទៀត មានគំនិតផ្ទុយពីគេ គេនឹងព្យាយាមនិយាយមិនឈប់ ដើម្បីអោយមនុស្សម្ខាងទៀតជឿ យល់ឃើញដូចអ្វីដែលគេបានគិត យន្តការនេះធ្វើឡើងដោយអត្តនោម័ត ធ្វើដោយមិនដឹងខ្លួន។
ដឹងទេថា ខ្លួនយើង នៅមានភាពជាក្មេង គឺយើងបង្ហាញអារម្មណ៏ អ្វីម្យ៉ាងដូចកូនក្មេង មិនទាន់ចាស់ទុំ តែយ៉ាងណា យើងក៏មានភាពអ្នកស៊ូ នៅក្នុងខ្លួន ដែលត្រៀមតែចេញប្រយុទ្ធ
ការវិភាគអ្នករៀន
ខាងក្រោមនេះ គឺជាខសំខាន់ៗ សំរាប់វិភាគអ្នករៀន
ចំណេះដឹងដើម (Prior Knowledge): ចំណេះដឹងដើមរបស់អ្នករៀន មានមិនស្មើគ្នានោះទេ អ្នកខ្លះមានចំណេះដឹងផ្នែកកំព្យូទ័រ អ្នកខ្លះគ្រប់គ្រង ។ល។ យើងអាចប្រើ ឧបករណ៏ដើម្បីវាស់ចំណេះដឹងដើម តាមរយៈ Pretest (វាស់តាមមុខវិជ្ជាដែលយើងចង់ដឹង), Diagnostic Test (តេសបែបពិនិត្យវិនិច្ឆ័យ) ឬ Word-associations test (ពេលខ្លះទាក់ទងនិងចិត្តវិទ្យា)
គំនិតឬជំនឿផ្ទាល់ខ្លួន (Personal Epistemology): សំដៅគំនិតឬជំនឿដែលយើងមាន អាចអ្វីដែលយើងត្រូវបានអប់រំរៀនសូត្រពីឪពុកម្តាយយើងក៏ថាបាន។ ឧទាហរណ៏ ជិវិតនេះមិនបាច់គិតអីច្រើនទេ ត្រឹមធ្វើការមានបាយហូប ក៏វាគ្រប់គ្រាន់ហើយ (ជំនឿផ្ទាល់ខ្លួន)។ ក្មេងៗ Personal Epistemology អាចមានតិចតួច តែមនុស្សចាស់មានច្រើនព្រោះថា ឆ្លងកាត់បទពិសោធន៏ជិវិតមកជាច្រើនឆ្នាំ ជួបមនុស្សច្រើន ពោគឺវាកើតមកពីដំណើរជិវិតរ។
ស្តាយរូបបែបការរៀន: មនុស្សមានរូបបែបការរៀនសូត្រខុសៗគ្នា អ្នកខ្លះចូលចិត្តស្តាប់ អ្នកខ្លះចូលចិត្តអាន ។ល។
បុគ្គលិកលក្ខណៈ (Personality): លក្ខណៈបុគ្គលដែលកើតមក មានជាប់ខ្លួន អាចមានតាមរយៈតំនរពូជ ដូចនេះមនុស្សមាន បុគ្គលិកលក្ខណៈ មិនដូចគ្នាទេ។បុគ្គលិកលក្ខណៈមនុស្សមានដូចតទៅ
- ការជំរុញទឹកចិត្ត (Motivation) ទាំងខាងក្នុង និងខាងក្រៅ
- ការគ្រប់គ្រងអំណាចខ្លួនឯង (Locus of control) គឺពពួក Self- មានពីរគឺកើតពីខាងក្នុង និងខាងក្រៅ។ ការគ្រប់គ្រងអំណាចខ្លួនឯងកើតមកពីខាងក្នុងខ្លួនមនុស្ស នៅពេលមនុស្សមានគោលដៅជិវិតច្បាស់លាស់ គឺបង្គាប់ខ្លួនឯងអោយធ្វើនេះធ្វើនោះ រីឯការគ្រប់គ្រងអំណាចខ្លួនឯងកើតមកពីខាងក្រៅ ដូចជាការបង្គាប់បញ្ជាពីឪពុកម្តាយ ។ល។
- ភាពបារម្ភកង្វល់ (Anxiety) កង្វល់ច្រើនក៏ធ្វើអោយយើងលំបាកក្នុងការសំរបខ្លួនទៅនឹងបញ្ហា ធ្វើអោយការប្រើជិវិតប្រចាំថ្អៃគ្មានសុភមង្គល មានផលដល់សុខភាពផ្លូវចិត្ត ឬធ្វើអោយយើងស្ត្រេស។
- ការហ៊ានសំដែងចេញ (Introvert) និង ការលាក់ខ្លួន (Extrovert) ការលាក់ខ្លួន (Extrovert) មនុស្សភាគច្រើនអឹមអៀន មិនចូលចិត្តនិយាយរឿងរ៉ាវខ្លួន ប្រាប់អ្នកដទៃ មូលហេតុគឺវាអាចកើតឡើងដោយសារការចឹញ្ចឹមបីបាច់របស់ឪពុកម្តាយដែលកាច ពេលធ្វើអ្វីមួយ ឪពុកម្តាយមិនគាំទ្រ មិនបើកឧកាសអោយកូនធ្វើ កូនៗក៏ខាតទំនុកចិត្ត ចង់ធ្វើអ្វីមួយចេះតែខ្លាច ចេះតែមិនហ៊ាន ផ្ទុយមកវិញ ការហ៊ានសំដែងចេញ (Introvert) មនុស្សចូលចិត្តបើកចំហ មានរឿងអ្វីក៏និយាយប្រាប់អ្នកដទៃទាំងអស់ វាអាចបណ្តាលមកពីការបើកចំហរ ឬ ការគាំទ្រពីក្រុមគ្រួសារ។
- ភាពប៉ិនប្រសប់ (aptitude) និង សតិបញ្ញា (intelligent) នៃអ្នករៀន (Learner)។ Learner នៅទីនេះអាចជាអ្នកស្តាប់ ពេលយើងជាវាយគ្មិន។
វាក្យសព្ទទាក់ទងនិងពាក្យ “TEACHING” ខែមេសា 23, 2018
Posted by ភារម្យ in ចំណេះដឹងទូទៅ, អប់រំ.2 comments
មិនយល់ខ្លួនឯង ពេលខ្លះបើចង់ដឹងអ្វីមួយហើយ បើយល់មិនច្បាស់ ចេះតែមិននៅសុខ តួយ៉ាង បណ្តាវាក្យសព្ទទាក់ទងនិងពាក្យ “TEACHING” វាស្រដៀងគ្នាពេក ធ្វើអោយខ្ញុំច្របូកច្របល់។ ខាងក្រោនេះគឺជាការពន្យល់ក្រៅផ្លូវការ ក្រើនរំលឹកដល់ខ្លួនឯង ដើម្បីអោយឈប់ច្រឡំតទៅទៀត។ អភ័យដល់បងប្អូន ដែលជំនាញខាងនេះ បើខ្ញុំសរសេរពន្យល់ទៅខុស ស្វាគមន៍មតិយោបល់កែលំអ។
TEACHING APPROACH | TEACHING STRATEGY |
---|---|
គ្រិះនៃការបង្រៀន: ការបង្រៀន ដោយយកអ្វីមួយ ជាមូលដ្ឋាន
ឧទាហរណ៍
|
យុទ្ធសាស្ដ្របង្រៀន: គម្រោងបង្រៀន (មេរៀនណាមួយ) ដោយកំណាត់សកម្មភាពសិស្ស និង ចាត់លំដាប់លំដោយ តាមហេតុការ
A plan of action designed to achieve an overall aim. យុទ្ធសាស្ដ្របង្រៀន = វិធីបង្រៀន + តិចនិចបង្រៀន |
TEACHING METHOD | TEACHING TECHNIQUE |
វិធីបង្រៀន: ជំហ៊ានផ្សេងៗ ដែលគ្រូបង្រៀនអនុវត្តតាម វិធីនិមួយៗ មានលក្ខណៈពិសេស ហើយចំណានខុសៗគ្នា ឧទាហរណ៍ វិធីបង្រៀនបែបធ្វើអោយមើល ធ្វើអោយសិស្សបានឃើញ ការប្រតិបត្តិពិត ងាយចាំ និង យល់ | តិចនិចបង្រៀន: សិល្បៈឬវិធីសាស្រ្តផ្សេងៗ ជួយអោយដំណើរបង្រៀនកាន់តែមានគុណភាព និង ប្រសិទ្ធិភាពប្រសើរថែមទៀត
Teachers all over have systems of rewards/punishments for students who comply and exceed or defy and lag behind. If a classroom is becoming distracted a teacher may use the technique of silent reading or shared reading to try to rope them in again. |
ទ្រឹស្តីបទនៃការច្នៃប្រឌិត ខែមេសា 22, 2018
Posted by ភារម្យ in ចំណេះដឹងទូទៅ, អប់រំ.add a comment
ការច្នៃប្រឌិតគេអាចអោយនិយមន័យថាជាសមត្ថភាព (សូមបើវង់ក្រចក និយាយដល់ ពាក្យថាសមត្ថភាពនៅទីនេះបន្ទិច ជាភាសាអង់គ្លេស = ពាក្យថា ability គេប្រើពាក្យនេះនៅពេលដែលគេចង់និយាយពី Skill ជំនាញ ថ្វីដៃ ឬ Talent ទេពកោសល្យ សមត្ថភាពពិសេស ដែលមានក្នុងខ្លួនមនុស្សម្នាក់ៗ ) បង្កើតគំនិតដើមតំបូង រឺការបង្កើតវត្ថុឬរបស់ថ្មីៗ ដែលមិនចំលងតាមគេ។ នេះរាប់បញ្ចូលទាំងការ ផ្សំបញ្ចូលរវាងស្នាដៃ ដែលមានស្រាប់រួចមកហើយ ឬអាចជាការបន្សុំរវាងវត្ថុ ឬ បណ្តាគំនិតផ្សេងៗ តាមរយៈមធ្យោបាយច្បាស់លាស់ណាមួយ ទៅតាមគោលបំណង ដែលបានកំណត់។ ការច្នៃប្រឌិត មានសមាសភាគសំខាន់ ៣ គឺ មនុស្សច្នៃប្រឌិត ផលិតផលច្នៃប្រឌិត និង ដំណើរការនៃការច្នៃប្រឌិត។
តាមរយៈការសិក្សា ដែលធ្វើឡើងនាពេលថ្មីៗនេះ បានអោយដឹងថា មនុស្សកាន់តែមានភាពច្នៃប្រឌិត នៅពេលគេឈរ ជាជាងអង្គុយ។ ពួកគេបង្កើតគំនិតច្នៃប្រឌិតបានច្រើន ពេលគេកំពុងដើរ។ ជាតួយ៉ាង សង្កេតមើលពួកវាយគ្មិនពូកែៗ ពេលឡើងធ្វើការអត្ថាធិប្បាយម្តងៗ ភាគច្រើនដើរទៅ ដើរមក ឬឈរនិយាយ មិនអង្គុយនៅមួយកន្លែង។ ការសិក្សានេះ បានបោះពុម្ភផ្សាក្នុង ទនិ្ននុប្បវត្តិធ្វើពិសោធន៏ចិត្តវិទ្យា អប់រំ ការចងចាំ និង បញ្ញា (Journal of Experimental Psychology: Learning, Memory, and Cognition)។ ការសិក្សាធ្វើឡើង ដោយមានអ្នកស្ម័គ្រចិត្តប្រមាណ ២០០នាក់ ដែលតម្រូវ អោយធ្វើតេស ២ ដង។ តេសទី១ ធ្វើនៅពេលឈរ តេសទី២ ធ្វើឡើងនៅពេលដើរ។ លទ្ធផលបានបង្ហាញអោយដឹងថា ៨១ភារយ នៃអ្នកចូលរួម ផលនៃភាពច្នៃប្រឌិតរបស់គេកាន់តែប្រសើរឡើង នៅពេលពួកគេដើរ ។ កំរិតនៃភាពច្នៃប្រឌិត ត្រូវបានវាស់តាមរយៈ តេសផ្ទាល់មាត់។ ចំលើយតបតេសច្នៃប្រឌិត ត្រូវបានកំណត់ថា ជាការតប ដែលសមហេតុសមផល ហើយមិនចំលងតាមតាមគេ (តេសនេះមិនដែលប្រើ ក្នុងការសិក្សាស្រាវជ្រាវដទៃឡើយ)។
មនុស្សច្នៃប្រឌិត
មនុស្សច្នៃប្រឌិតជាទទូទៅ ជាមនុស្សប្រកបទៅដោយថាមពល និង ពោពេញដោយគំនិត។ បុគ្គលនេះ មានលក្ខណៈពិសេស ដោយតែងតែចង់ស្ថាបនាខ្លួនឯងជានិច្ច មានសមត្ថភាពដោះស្រាយបញ្ហាលំបាកៗ សមត្ថភាពនេះកើតឡើងដោយធម្មជាតិ ជាអ្នកគិតបែបផ្តូរទិសដៅ (Divergent Thinking) បើកចំហរទទួលយកបទពិសោធន៏ថ្មីៗ តស៊ូ និង ពូកែធ្វើការ។
ការសិក្សាស្រាវជ្រាវ ត្រូវបានធ្វើឡើង ដើម្បីទាញយកទិន្នន័យភាពច្នៃប្រឌិតរបស់មនុស្ស។ អ្នកស្រាវជា្រវ Chavez-Eakle, Lara និង Cruz បានរកឃើញថា មនុស្សច្នៃប្រឌិត ជាមនុស្សធ្វើការរុករកស្រាវជ្រាវ ពេលគេពើបប្រទះ អ្វីដែលថ្មីស្រឡាង ជាមនុស្សសុទិដ្ឋិនិយម មានភាពអត់ធន់ ចំពោះអ្វីដែលមិនប្រាកដប្រជា ហើយព្យាយាមធ្វើតាមគោលបំណង យ៉ាងម៉ឺងម៉ាត់។ Martindale et al. រកឃើញថា មនុស្សដែលមានភាពច្នៃប្រឌិតខ្ពស់ ជាមនុស្សដែលមានប្រតិកម្មតបតរ ចំពោះកត្តាជំរុញផ្សេងៗ (stimulation)។ ទោះជាតេសគំនិតច្នៃប្រឌិតរបស់ Torrance (TTCT)) តេសលើសក្តានុពល នៃភាពច្នៃប្រឌិតក៏ពិតមែន តែតេសនេះក៏បានផ្តល់នូវ តួវាស់ភាពច្នៃប្រឌិត និង ផ្តល់ពិន្ទុលើប្រភេទផ្សេងៗនៃភាពច្នៃប្រឌិត ដូចជា ភាពស្ទាតជំនាញ ភាពឥតយកលំនាំតាមគេ ការបរិយាយលំអិត និង ភាពបត់បែន។ ភាពស្ទាតជំនាញ សំដៅដល់ចំនួនសរុបគំនិតមានន័យ ដែលបានបង្កើត ឯភាពឥតយកលំនាំតាមគេ សំដៅដល់ ភាពកម្រនៃការឆ្លើយតប ការបរិយាយលំអិតសំដៅដល់ ភាពលំអិតនៃការឆ្កើយតប ចុងក្រោយ ភាពបត់បែន សំដៅដល់ ចំនួនក្រុមផ្សេងៗនៃការឆ្លើយតប។ អ្នកអប់រំត្រូវតែធ្វើការកត់សំគាល់ ក៏ដូចជាស្ថាបនា សក្តានុពលនៃភាពច្នៃប្រឌិតរបស់សិស្សខ្លួន ហើយយកវាទៅគិតវិភាគ ពិចារណា នៅពេលបង្កើតកម្មវិធីបង្រៀនផ្សេងៗ។
អស់រយៈពេលជាច្រើនឆ្នាំមកហើយ អ្នកប្រាជ្ញជាច្រើនបានខិតខំស្រាវជ្រាវ ពីវិធីសាស្រ្តនៃការគិតរបស់អ្នកប្រាជ្ញល្បីល្បាញជាច្រើនដូចជា អាញស្តាញ ដាវីន និង ម៉ូហ្សាដ។ មនុស្សជាច្រើនគិតដល់លទ្ធផល នៅពេលរដោះស្រាយបញ្ហា។ គេជ្រើសរើសវិធីគិតដល់លទ្ធផលទុកជាមុន តាមរយៈបទពិសោធន៏ដើម ដែលធ្លាប់មាន ហើយច្រានចោល បទពិសោធន៏មនុស្សដទៃ។ ផ្ទុយមកវិញអ្នកប្រាជ្ងល្បីៗ រៀបរាប់ខាងលើ ជាអ្នកគិតបែប កអោយកើតជាផល។ នៅពេលជួបបញ្ហា គេពិចារណាលំអិត ដល់មធ្យោបាយផ្សេងៗដើម្បីដោះស្រាយវា។ ភាគច្រើនពួកគេមានទំនោ គិតឃើញ ដំណោះស្រាយពិសេសថ្មីមានតែមួយ ហើយខុសប្លែកពីធម្មតា។ ជាឧទាហរណ៍ គេមានសមត្ថភាពអាចបង្ខំ អោយមានទំនាក់ទំនង រវាងកម្មវត្ថុដែលមិនស្មើគ្នា។ លីអូណាដូ ដាវីនស៊ី (Leonardo da Vinci អ្នកវិទ្យាសាស្រ្ត និង វិចិត្រករដ៏ល្បីល្បាញ) ភ្ចាប់សំលេង និង រលក រហូតមនុស្សគ្រាប់គ្នា ទទួលស្គាល់គាត់ថា ជាអ្នករកឃើញ រលកសំលេង។ អាល់ប៊ឺត អាញស្តាញ (Albert Einstein) មិនមែនជាបង្កើតទស្សនៈម៉ាស (m) ឬ ថាមពល (E) និង ល្បឿនពន្លឺ (c)ទេ តែគាត់ជាអ្នកផ្សំបញ្ចូលរបស់ទាំងបីនេះ ទៅជារបស់មួយថ្មីស្រឡាង ពោលគឺបង្កើតសមីការថាមពល E=mc2។ អ្នកគិតច្នៃប្រឌិតល្បីៗ ជាអ្នកពូកែក្នុងការបង្កើតរបស់ផ្សេងៗ ហើយអាចស្រម៉ៃជារូបភាព ទៅតាមគំនិតរបស់គេ ដោយរយៈមធ្យោបាយផ្សេងៗ។ ថូម៉ាស អេឌិហ្សិន (Thomas Edison) បង្កើតអំពូលភ្លើង ជាអ្នកច្នៃប្រឌិតដ៏ពូកែនៃការបង្កើតម្នាក់ ក្នុងចំណោមអ្នកច្នៃប្រឌិតផ្សេងទៀត នាសតវត្សទី១៩។ ម៉ូហ្សាដ (Wolfgang Amadeus Mozart) បានរៀបចំតាក់តែងបទភ្លេងជាច្រើនបទ។ គាត់ចាប់ផ្តើមនិពន្ធបទភ្លេង មីញូអេត (minuets បទភ្លេងសំរាប់ការរំាបែបយឺតៗនាសតវត្សទី១៧ និង ១៨) តាំងពីអាយុ ៥ ឆ្នាំ និង ស៊ីមហ្វឺនី (symphonies បទភ្លេងលេងជាវង់ដូតន្ត្រី) នៅអាយុ ៩ ឆ្នាំ។ អាញស្តាញ ដាវីនស៊ី កាលីឡេ និងអ្នកប្រាជ្ងដទៃទៀត មានភាពបត់បែន នៃការគិត ពោលគឺអាចបញ្ចេញគំនិតតាមរយៈ ដ្យាក្រាម ផែនទី ក្រាបផ្សេងៗ ឬតាមរយៈការគូសរូបភាពធម្មតាៗ បន្ថែមទៅលើមធ្យោបាយតាមបែបគណិត ឬផ្ទាល់មាត់។
ផលិតផលច្នៃប្រឌិត
ផលិតផលច្នៃប្រឌិត គឺសំដៅដល់របស់ណា ដែលមិនធ្លាប់មានពីមុនមក ដូចជាសៀវភៅបោះពុម្ភថ្មី បទចំរៀង រីការបង្កើតថ្មី។ វាអាចជា ល្បែងលេង ប្រឌិតឡើងដោយក្មេងៗ ឬ រូបមន្តនំ ដែលស្រ្តីមេផ្ទះបង្កើតឡើង។ ឧទាហរណ៍ដទៃទៀត ដូចជា ល្ខោន បង្កើតដោយ វីលលៀម ហ្សេកស្បៀ ឬ ទ្រឹស្តីបទ General Relativity របស់អាញស្តាញ។ ផលិតផលដូចជា ការបោះពុម្ភ ការងារសិល្បៈ និងការតែងតន្រ្តី ត្រូវបានមនុស្សដទៃទៀតយកទៅពិចារណា ជាទូទៅតាមរយៈ ការប្រើប្រាស់ការយល់ឃើញ និងការកាត់សេចក្តី។ ហេតុនេះហើយ បានជារបស់ច្នៃប្រឌិតមួយចំនួន ឧទាហរណ៍រូបគំនូររបស់ ម៉ៃឃើល អេនជេលឡូ នៅតែល្បីល្បាញដល់សព្វថ្ងៃ ខណៈពេលដែល ស្នាដៃសិល្បៈដទៃទៀត សឹងតែគ្មានមនុស្ស ដាក់ភ្នែកទៅមើល។
ដំណើរការច្នៃប្រឌិត
ដំណើរការច្នៃប្រឌិត ផ្តើមពីមនុស្សច្នៃប្រឌិត និងបញ្ចប់ដោយ ផលិតផលច្នៃប្រឌិត។ វារួមបញ្ចូលទាំងគំនិត និង ការប្រតិបត្តិ ដើម្បីបង្កើតរបស់ថ្មីមិនចំលងគេ។ សៀវភៅ ខេមប្រ៊ិជ ក្បួនខ្នាតនៃការច្នៃប្រឌិត (Cambridge Handbook of Creativity) ធ្វើការសរុបទ្រឹស្តីការច្នៃប្រឌិតចំនួន ១០ ទ្រឹស្តី ដូចខាងក្រោមនេះ។ ទ្រឹស្តីបទនៃការស្ថាបនា (Developmental Theory) ពោលថា ការច្នៃប្រឌិត ប្រើពេលយូរដើម្បីបង្កើតឡើង។ ផ្តើមពីសក្តានុពលនៃការច្នៃប្រឌិត នាំទៅដល់ផលសំរេចនៃការច្នៃប្រឌិត ដែលជាលទ្ធផលប្រតិកម្មការតបតរ រវាងបុគ្គល និង វត្ថុជុំវិញ (ក្រុមគ្រួសារ ទីកន្លែងជុំវិញខ្លួន ។ល។)។ ទ្រឹស្តីបទចិត្រមាត្រ (Psychometric Theory) វាស់ការច្នៃប្រឌិតតាមរយៈ ភាពទុកចិត្តបាន និង សុពលភាពនៃផលិតផលច្នៃប្រឌិត។ វាមិនពាក់ព័ន្ធទៅហ្នឹង កម្រិតភាពឆ្លាត (IQ) នោះទេ តែវាយកចិត្តទុកដាក់លើខ្លួនផលិតផលផ្ទាល់។ ទ្រឹស្តីបទសេដ្ឋកិច្ច (Economic Theories) ចាប់អារម្មណ៏លើគំនិតច្នៃប្រឌិត និង ឥរិយាបទ ដែលទទួលឥទ្ធិពលពីកន្លែងការងារ និង សេដ្ឋកិច្ច។ ទ្រឹស្តីបទដំណាក់កាល និង អង្គប្រកប (Stage and Component Theories) ការសំដែងអារម្មណ៏តាមទឹកមុខ ដំណើរការតាមរយៈ ស៊េរីដំណាក់កាល ដូចជា ដំណាក់កាលរៀបចំ ដំណាក់ការបង្កើតគំនិត និងដំណាក់កាលពិនិត្យផ្ទៀងផ្ទាត់។ ទ្រឹស្តីបទបញ្ញា (Cognitive Theories) អាចយល់ពីការគិតរបស់មនុស្សច្នៃប្រឌិតបាន ដោយពួកគេប្រើប្រាស់ ការគិតបែប Remote Association (ការគិតដោយព្យាយាមស្វែងរក ទំនាក់ទំនងរយៈឆ្ងាយៗ នៃរបស់អ្វីមួយ ឧទាហរណ៍ គេអោយពាក្យបីម៉ាត់ រូចយើងត្រូវរកពាក្យ ទី៤ ដែលទាក់ទងនឹងពាក្យបីម៉ាត់នេះ Cheese-Ocean-Sky ពាក្យទី៤ គឺ Blue ព្រោះ Blue Cheese, Blue Ocean and Blue Sky) ប្រើប្រាស់ការគិតបែប divergent (នៅពេលដែល គំនិតផ្លាស់ទីទៅកាន់ទិសដៅផ្សេងៗ បែកចេញ) និង ការគិតបែប convergent (នៅពេលដែល គំនិតរួមប្រសព្វក្លាយជាចំលើយត្រឹមត្រូវមួយ រួមចូល) ប្រើប្រាស់ការបន្សំក្របការគិតផ្សេងៗ និង ដំណើរការអភិបញ្ញា Metacognition (ខ្ញុំមានការលំបាកក្នុងការប្រែពាក្យ Metacognition នេះជាភាសាខ្មែរ តែសូមពន្យល់ន័យវា Metacognition សំដៅដល់ សមត្ថភាពរបស់បុគ្គលម្នាក់ដល់ដំណើរការការគិតរបស់គេ គេដឹងថាអ្វីដែលសមប្រកបជាមួយការរៀនសូត្រគេ រហូតអាចជ្រើសរើសវិធីសាស្រ្តរៀនសូត្រ, រៀបចំគំរោង និង គ្រប់គ្រងខ្លួនឯង រួចអាចវាយតំលៃការសិក្សារៀនសូត្រខ្លួនឯងបាន)។ ទ្រឹស្តីបទការដោះស្រាយបញ្ហា និង មូលដ្ឋានលើអ្នកជំនាញ (Problem Solving & Expertise-Based Theory) ផ្តល់ផល កើតបានជាដំណោះស្រាយ ប្រកបដោយការច្នៃប្រឌិត ឆ្លើយតបចំពោះបញ្ហាដែលមិនច្បាស់លាស់។ វាពឹងផ្អែកលើ ការប្រើប្រាស់ដំណើរការដែលមានហេតុផល និង វិធីសាស្រ្ត ដែលមានមូលដ្ឋានគ្រឺះ លើអ្នកជំនាញការ របស់បុគ្គលណាម្នាក់។ ទ្រឹស្តីនេះសំដៅដល់ ការរុករកបញ្ហា ជាទីកន្លែង ដែលមនុស្សប្រើប្រាស់វិធីសាស្រ្តស្វែងរកដ៏សកម្ម ដើម្បីធ្វើការកំណត់ប្រភពនៃបញ្ហា ដើម្បីដោះស្រាយបញ្ហា។ ទ្រឹស្តីបទនៃការវិវឌ្ឍន៍ កើតឡើងនៅពេលគំនិតត្រូវបានរួមបញ្ចូល ដោយភាពងងឹតងងល់ (ការរួមគ្នានៃឧកាស)។ ការរួមបញ្ចូល ដែលគួរអោយចាប់អារម្មណ៏បំផុត ត្រូវបានរក្សាទុក ដោយមានចេតនាបង្កើតទៅជាផលិតផលច្នៃប្រឌិត រួចត្រូវបានកាត់សេចក្តីដោយមនុស្សដទៃទៀត។ ទ្រឹស្តីបទសិក្សាលើទ្រង់ទ្រាយនិងលក្ខណៈ ពិចារណាដល់ ភាពខុសគ្នានៃបុគ្គម្នាក់ៗ ដូចជាបុគ្គលិកលក្ខណៈនៃអ្នកបង្កើត, ទំលាប់ការងារ និងជម្រើសការងារ។ ទ្រឹស្តីបទចុងក្រោយក្នុងសៀវភៅនេះ មានឈ្មោះថា ប្រព័ន្ធ។ វិធីសាស្រ្តនេះ វាយតំលៃការច្នៃប្រឌិត ថាជាលទ្ធផលនៃ ប្រព័ន្ធដ៏ស្មុគស្មាញមួយ ដែលមានទំនាក់ទំនងនឹង អង្គប្រកបរង ដទៃទៀត (តួយ៉ាង តួចំណេះដឹងដែលកើតមានឡើងនៅពេលពិសេសណាមួយ ត្រូវតែមានការចូលរួមពីបុគ្គលផ្សេងៗ ។ល។)
ម៉ូឌែលជាច្រើនត្រូវបានគេបង្កើតឡើង ដើម្បីពន្យល់ពីដំណើរការនៃការច្នៃប្រឌិត។ ភាគច្រើននៃម៉ូឌែលទាំងនោះ បញ្ចូលជំហ៊ានផ្សេងៗ ព្រមការណែនាំដ៏សារៈ។ យ៉ាងណាក៏ដោយ គេមិនគួរប្រើប្រាស់វាដោយតឹងតែងពេកនោះទេ។ ម៉ូឌែលល្បីល្បាញមួយ ត្រូវបានស្នើរដោយ ក្រាហាម វ៉ាឡាស (Graham Wallas) ក្នុងឆ្នាំ 1926។ គាត់ជឿថា ការគិតច្នៃប្រឌិត កើតឡើងដោយ ៤ ដំណាក់កាល: ដំណាក់ការរៀបចំ (កំណត់បញ្ហា) ដំណាក់កាលបង្ករបង្កើត (បញ្ឈប់ឬដាក់បញ្ហាចោលមួយឡែកសិន) ដំណាក់កាលត្រាស់ដឹង (វេលាសំខាន់មួយ នៅពេលគំនិតផុសចេញមក) និងដំណាក់កាលពិនិត្យផ្ទៀងផ្ទាត់ (ពិនិត្យពិច័យគំនិតថ្មី)។ ដំណាក់កាលបង្ករបង្កើត និង ដំណាក់កាលត្រាស់ដឹង ណែនាំយើងអោយដឹងថា ការគិតច្នៃប្រឌិតជាដំណើរចិត្តការអឌ្ឍសម្បជញ្ញៈ (subconscious mental)។ ផ្ទុយពីជំនឿនេះ ភឺគីន (Perkins) យល់ឃើញថា ដំណើរការចិត្តអឌ្ឍសម្បជញ្ញៈ នៅពីក្រោយរាល់ការគិតទាំងអស់ ដូចនេះហើយវាគ្មានតួនាទីពិសេសអ្វីក្នុងការគិតច្នៃប្រឌិតនោះទេ។ ខណៈពេលដែលម៉ូឌែលទាំងអស់បង្ហាញខ្លួន ពួកវាភាគច្រើនបញ្ចូលជំហ៊ានផ្សេងៗ ជាមួយប្រធានបទទូទៅនៃការសំយោគ ការវិភាគ និងវាយតំលៃ (ជាកំរិតការគិតជាន់ខ្ពស់)។
ការគិតបែបច្នៃប្រឌិតជួយជំរុញចម្ងល់ និង ប្រើប្រាស់ជំនាញនៃ ភាពស្ទាតជំនាញ ភាពឥតយកលំនាំតាមគេ ការបរិយាយលំអិត និង ភាពបត់បែន (ដូចដែលបានដាក់ជាក្រុមក្នុង តេសគំនិតច្នៃប្រឌិតរបស់ Torrance)។ វាញ៉ាងអោយភាពរុករក ស្វែងរកទំនាក់ទំនង សាងគំនិតថ្មីឥតយកលំនាំតាមគេ និង គំនិតច្រើនយ៉ាង។ គំនិតទាំងនោះ ក្រោយមកត្រូវបានវាយតំលៃដោយ ការគិតបែបដិតដល់ ដែលមានទំនាក់ទំនងដល់ កត្តនិងហេតុផល។
ការគិតច្នៃប្រឌិត ដែលជាផ្នែកមួយនៃការគិតរបស់មនុស្ស អាចធ្វើការអធិប្បាយតាមវិធីដ៏សមញ្ញ ដោយប្រើ ម៉ូឌែលបញ្ញាគូថខ្យងរបស់ អ៊ីប៊ើត (Ebert’s Cognitive Spiral Model)។ ម៉ូឌែលនេះ មានម៉ូឌែលនៃគំនិតចំនួន ៥ពោលគឺ គំនិតទទួលដឹង គំនិតច្នៃប្រឌិត គំនិតបង្ករបង្កើត គំនិតអភិបញ្ញា (metacognitive) និងគំនិតទង្វើ។ ម៉ូឌែលនៃគំនិតទាំងនេះ កកើតតាមលំដាប់លំដោយ តាមគន្លងគូថខ្យង។ គំនិតទាំងនេះ កើតហើយកើតទៀត តែវាមិនត្រលប់ទៅកាន់ចំណុចដែលវាផ្តើមវិញទេ។
ក្នុងជំហ៊ានគំនិតទទួលដឹង ខួរក្បាលធ្វើការចាប់យក ព័ត៌មានខាងក្រៅ (តួយ៉ាងក្លិនផ្កា) ហើយធ្វើការបកប្រែវាទៅជាលំហូរថាមពលគីមីប្រសាទ។ ជំហ៊ានបន្ទាប់មកគឺ គំនិតច្នៃប្រឌិត។ ជំហ៊ាននេះធ្វើការស្វែងរកបែបផែន និង ទំនាក់ទំនងរវាង ការទទួលដឹង និង ចំណេះដឹងមនុស្ស។ ចំណេះដឹង ឬ បទពិសោធន៏ដើម ដែលមានលក្ខណៈស្រដៀងនឹង ព័ត៌មានថ្មីដែលទទួលបាន ត្រូវបានរុករក ក្នុងការចង់ចាំរយៈវែងរបស់មនុស្ស ។ ឧបម៉ាថា មានសំលេងកណ្តឹងរោទិ៍ នៅពេលនោះ គំនិតច្នៃប្រឌិតមនុស្សក៏ផ្តល់នូវប្រភពនៃសំលេង ដូចជាសំលេងកណ្តឹងទ្វា រឺសំលេងទូរស័ព្ទរោទិ៍។ នៅក្នុងជំហ៊ានគំនិតបង្ករបង្កើត ព័ត៌មានដែលបានមកពី ជំហ៊ានគំនិតច្នៃប្រឌិត ក៏រួមគ្នាក្លាយជាផលិតផលមួយ (តួយ៉ាងសំលេងទូរស័ព្ទរោទិ៍)។ បន្ទាប់មកជំហ៊ានអភិបញ្ញា (metacognitive)(ឬហៅថាជំហ៊ានការគិតបែបដិតដល់) ជាអ្នកវាយតំលៃផលិតផលនេះ។ ប្រសិនបើផលិតផលនេះត្រូវបានគេរកឃើញថា ជាដំណោះស្រាយមួយដែលអាចទទួលយកបាន នោះវានឹងត្រូវបានមនុស្សសំដែងចេញមក (ក្នុងជំហ៊ានចុងក្រោយនៃម៉ូឌែល) តាមរយៈការនិយាយ ឬ ការសសេរ។ ទោះយ៉ាងណាបើគេមិនទទួលយកបាន នោះដំណើរការទាំងមូលនឹងចាប់ផ្តើមធ្វើម្តងទៀត (តែផ្លាស់ប្តូរចំណុចផ្តើម)។
ឯកសារយោង
1. Barry, D. M., & Kanematsu, H. (2006). International program to promote creative thinking in chemistry and science. The Chemist, 83(2), 10–14.
2. Study: A Stroll Helps Creative Thinking, Watertown Daily Times, A2 (May 4, 2014).
3. Anderson, H. (1959). Creativity in Perspective. In Creativity and Its Cultivation (pp. 236– 242). New York: Harper Brothers.
4. Chavez-Eakle, R. A., Lara, M. C., & Cruz, C. (2006). Personality: a possible bridge between creativity and psychopathology. Creativity Research Journal, 18(1), 27–38.
5. Martindale, C., Anderson, K., Moore, K., & West, A. N. (1996). Creativity, oversensitivity and rate of habituation. Personality and Individual Differences, 20, 423–427.
6. Torrance, E. P. (1990). Torrance Tests of Creative Thinking. Bensenville: Illinois. Scholastic Testing Service.
7. http://www.Stmary.ws/highschool/physics/sound_1.htm.
8. Landon, H.C. (1992). Mozart, wolfgang, amadeus. In Lexicon Universal Encyclopedia (pp. 628–629). Lexicon Publications, Inc.
9. Kozbelt, A., Beghetto, R.A., & Runco, M.A. (2010). Theories of creativity. In: J. C. Kaufman, & R. J. Sternberg (Eds.) The Cambridge Handbook of Creativity (pp. 20–47). New York: The Cambridge University Press.
10. Wallas, G. (1926). The Art of Thought. New York: Harcourt Brace.
11. Perkins, D. N. (1981). The Mind’s Best Work. Cambridge, MA: Harvard University Press.
12. Ebert, E. (1994). The Cognitive spiral: creative thinking and cognitive processing. Journal of Creative Behavior, 28(4), 275–290.
មេរៀនពីគ្រូវរុង ភាគ១ ខែមីនា 15, 2018
Posted by ភារម្យ in អប់រំ.3 comments
គំនិតឆ្នៃប្រឌិត (Creativity) [*]
keyword សំខាន់នោះគឺ ដើមតំបូង (initial)។ មនុស្សភាគច្រើនចូលចិត្តគិតថា គំនិតឆ្លៃប្រឌិត គឺជាគំនិតថ្មី។ បើអ្នកបានលឺគេនិយាយបែបនេះ នោះគឺមិនត្រឹមត្រូវទេ។ គិតប្រឌិត គិតអ្វីថ្មីៗ ជារឿងខុសគ្នាដោយឡែក តែការគិតអ្វីថ្មីៗ វាមាននៅក្នុងការគិតដើមតំបូង តែមិនប្រាកដថា គ្រប់គំនិតដើមតំបូង សុតតែជាគំនិតថ្មីៗនោះទេ។ ដូចនេះហើយ តួគំនិតឆ្លៃប្រឌិត ទើបគឺជាគោលបំណងនៃការគិត ពោលគឺជាចុងក្រោយ យើងកំពុងផ្តើមជាលើកតំបូង ដើម្បីសាងជម្រើសផ្សេងៗដទៃទៀត។
pattern នៃការកកើតគំនិតឆ្លៃប្រឌិត
ពេលដែលយើងនិយាយពី ការគិត គួរតែផ្តើមពីអ្វីម្យ៉ាង ដូចជា បញ្ហា។ គួរទិញឡាន កាមេរី ឬ ហុងដា ស៊េរីថ្មី? នេះជាបញ្ហា។ តើបញ្ហាមួយនេះ វានាំអោយដល់ការគិត ដែលយើងហៅថាការឆ្នៃប្រឌិត ដោយរបៀបណា? ប្រសិនបើយើងកំពុងសំរេចចិត្ដ ជ្រើសរើសយកយីហោណាមួយ សំនួរសួរថា តើយើងកំពុងគិតឆ្នៃប្រឌិតមែនឬទេ? ចំលើយគឺទេ តែវាគឺជាការគិតវិភាគវែកញែក។ ហើយធ្វើដូចម្តេចដើម្បីអោយវាក្លាយ ទៅជាការគិតឆ្នៃប្រឌិត? ពេលយើងនិយាយពីការដោះស្រាយបញ្ហា ដែលយើងហៅថា ជាការឆ្នៃប្រឌិត យើងមិនត្រូវមានត្រឹមតែជម្រើសមួយ ឬគំនិតត្រឹមមួយ ឬពីរនោះទេ។ ប្រសិនបើចង់ទិញ កាមេរី វាជាការគិត បើចង់ទិញហុងដាក៏ជាការគិត ដូចនេះពេលដែលយើងនិយាយពីការគិតបែបឆ្នៃប្រឌិត អ្វីដែលជាតម្រូវការរបស់យើងនោះគឺ សមត្ថភាពនៃការបង្កើតជម្រើសជាច្រើន (Ability to create alternative) ។ ពួកមនុស្សដែលមានកំនិតឆ្លៃប្រឌិតខ្ពស់ៗភាគច្រើន ជាមនុស្សដែលមានជម្រើសច្រើន ពួកនេះមិនសូវមានការខ្វះខាតខាងបញ្ញា បើគេចង់ធ្វើមួយ គេធ្វើបានទាំងអស់ ទោះមានឧបសគ្គប៉ុណ្ណា គេនៅតែអាចរកច្រកចេញបាន។ សរុបមកវិញ យើងសង្កេតឃើញថា ដំណាក់កាលចុងក្រោយនៃការគិតឆ្លៃប្រឌិត វាមិនមែនជាការបង្កើតជំរើសត្រឹមមួយឬពីរនោះទេ តែមានជាការបង្កើតជម្រើសច្រើន។ គឺក្នុងជម្រើសនិមួយៗនេះហើយ ដែលយើងហៅថា ការផ្តើមតំបូង (initiative)។ ដូចអ្វីដែលបានលើកឡើងខាងលើ មានអ្វីថ្មីៗ ក្នុងការគិតតំបូង តែមិនប្រាកដថា គ្រប់គំនិតដើមតំបូង សុតតែជាគំនិតថ្មីៗនោះទេ មានន័យថា ក្នុងបណ្តាជម្រើសទាំងនេះ អាចមានមួយ ដែលចម្លែកខុសគេ។ ឧទាហរណ៏ ចង់បានឡាន batman។ ពេលដែលយើងនិយាយអំពី Creative មានន័យថា លទ្ធផលនៃការគិត ដែលកើតមានដល់ការបង្កើតជម្រើសច្រើន យើងសង្កេតឃើញថា ការគិតប្រភេទផ្សេងៗទៀត ពុំមានលក្ខណៈដូចនេះ លើកលែង synthesis thinking គិតបែបសំយោគ និង integrative thinking ការគិតបែបបូរណកម្ម (រួមជាមួយ) ដែលជាកូនចៅ Creative Thinking។ ពេលកើតមានជម្រើសច្រើន ពីការគិតឆ្នៃប្រឌិត ទាមទារអោយមាន ការគិតវិភាគវែកញែកមកជួយ ពោលគឺជួយជ្រើសរើស ជួយយ៉ាងមិចក៏ដោយ អោយជម្រើសជាច្រើននេះ ចុងក្រោយសល់តែមួយ គឺដំណោះស្រាយ។
ពេលដែលមនុស្សដោះស្រាយបញ្ហា មនុស្សជាច្រើនព្យាយាមកែខៃដំណោះស្រាយ វាមិនត្រឹមត្រូវនោះទេ អ្នកត្រូវទៅកែវិធីបង្កើតជម្រើស ព្រោះថា បើយើងបង្កើតជម្រើសតិច បង្កើតបានការសំរេចចិត្តតិច ជាហេតុអាចអោយយើងសំរេចចិត្តខុស។
នវានុវត្ដន៍ (Innovation) [**]
នវានុវត្ដន៍ = នវ (ថ្មី) + អនុវត្តន៏
Innovation = ការគិតផ្តើមតំបូង + ការប្រតិបត្ត/ធ្វើ អ្នកត្រូវធ្វើ ឬ ប្រតិបត្ត តាមគំនិតរបស់អ្នក ដូចនេះនវានុវត្តន៏ មិនមែនត្រឹមការគិតតែមួយមុខនោះទេ។ ពេលយើងប្រតិបត្តតាមគំនិតផ្តើមតំបូង រហូតលទ្ធផលចេញមក តែវាមិនមែនថ្មីស្រឡាង តើយើងអាចហៅវាថា Innovation បានដែរឬទេ? ចំលើយគឺ វាអាស្រ័យលើ កំរិតនៃ innovation ដែលមានដូចជា Improvement, Change, Revolution។ ឧទាហរណ៏ ពាក្យស្លោកក្រុមតូយ៉ូតា Continuous with improvement
នវានុវត្ដន៍ ការប្រតិបត្ត ការធ្វើ ឡើងមកថ្មី ឬ ប្លែកជាងមុន អាចជាគំនិត ទ្រឹស្តី ឬឧបករណ៏ ជាដើម។ យើងសង្កេតឃើញថា នៅទីនេះ មានពាក្យថាគំនិត តែនិយមន័យនិយាយថានវានុវត្ដន៍ទាល់តែឆ្លងកាត់ការប្រតិបត្ត/ធ្វើ (execute) ដូចនេះគំនិតនៅទីនេះសំដៅលើអ្វី? គឺវាសំដៅលើទ្រឹស្តីបទផ្សេងៗ លទ្ធផលនៃទ្រឹ្តស្តីបទយើងបង្កើតបានជាម៉ូឌែល ជាអ្វីទៀតជាច្រើន។ សរុបមកអ្វីដែលយើងចាប់មិនបាន ក៏អាចជានវានុវត្ដន៍បានដែរ។
ដូចនេះ តារយៈ[*] និង [**] អាចអោយយើងសរុបបានថា ច្នៃប្រឌិត និង នវានុវត្ដន៍ មិនដូចគ្នានោះទេ។ Creativity not equal to Innovation។ Creativity is about coming up with a big idea and Innovation is about executing the idea, converting idea into successful។
Divergent (ផ្តើមមានច្រើន) and Convergent (ចុងក្រោយមានតែមួយ) Thinking វារូមបញ្ចូលនៃពពួក Thinking ការគិត ទាំងឡាយមកសៀតតាមចន្លោះផ្សេងៗ។ គិតច្នៃប្រឌិត Synthesis Thinking Lateral Thinking Integrative Thinking ជាផ្នែកមួយនៃ Divergent Thinking។ ពេលយើងទៅអានសៀវភៅទាក់ទងការគិតផ្សេងៗ សូមយើងចាំថា ត្រូវយល់ពី Core របស់វាអោយច្បាស់លាល់ (ឧទាហរណ៏ Core របស់ ការគិតបែបច្នៃប្រឌិតគឺ initiative ឬ សាង alternative ឬ a lot of choice តែត្រូវការ Originality ទីនេះ originality សំដៅដល់ Fresh idea ឬ Big idea មិនសំដៅដល់ ការមិនចំលងតាម) ហើយកុំវង្វេងទៅតាម កាបរិយាលំអិតរបស់វា។
ការរៀនសូត្រ និង ការអប់រំ Learning and Education [***]
ពេលយើងនិយាយដល់ ការអប់រំ វាគឺប្រព័ន្ធដែលមនុស្សសាងឡើង តែ ការរៀនសូត្រ គឺសមត្ថភាពផ្ទាល់ខ្លួនរបស់មនុស្ស ដែលមនុស្សកើតមកព្រមជាមួយ។ ការអប់រំមនុស្សម្នាក់ ប្រៀបបានទៅនឹងដើមឈើ មួួដើម យើងចំណាយពេល ៤ ឆ្នាំដើម្បីរៀនបរិញ្ញាបត្រ ប្រដូចនឹងការដាំដើមឈើមួយដើមនោះដែរ។ មនុស្សម្នាក់ៗមាន ដើមឈើរៀងៗខ្លួន នៅតាមជំនាញដែលខ្លួនរៀន។ វាហាក់បីដូចជា យើងត្រូវបានបង្គាប់អោយនៅជាប់តែដើមឈើមួយដើម ជាច្រើនឆ្នាំ។ តែពេលដែលយើងបាន ចេញដើមឈើនេះ ហើយសាកដើរមើលក្នុងព្រៃ យើងផ្តើមភ្ងាក់ផ្អើល លើលោកនេះមានវិជ្ជានេះ ឬ ដើមនេះ ដែរ?
ការអប់រំ វាចំណែកមួយនៃការរៀនសូត្រ តែគ្រិះស្ថានអប់រំបច្ចុប្បន្នព្យាយាមអោយ ការអប់រំ = ការរៀនសូត្រ។ តែវាមិនមែនអញ្ចឹងនោះទេ ដូចជាគេបានពោលថា life long learning in 21st century not life long education in 21st century។ គឺមានន័យថា គេគួរអភិវឌ្ឍន៏សមត្តភាពរៀនសូត្រនៃមនុស្សម្នាក់ៗ ដើម្បីអោយគេក្រេបចំណេះដឹងតាមវិធីរបស់គេ។ ប្រព័ន្ធអប់រំបង្កើតមកព្រោះ គេងាយស្រួលក្នុងការគ្រប់គ្រង (គ្របគ្រងមនុស្ស សំភារៈ ។ល។) ហើយផ្តោតតែទៅលើការអោយពិន្ទុ មានការអោយនិយមន័យច្បាស់លាស់។ ការអប់រំត្រូវការ ពិន្ទុ តែការរៀនសូត្រមនុស្សត្រូវការ ជំនាញ។
ការអោយនិយមន័យ Definition [****]
ថ្ងៃនោះ គ្រូវរុងអោយពួកយើង កំណត់និយមន័យពាក្យថា ស្នេហា។ នេះគឺនិយមន័យដែលពួកយើងសរសេរ
Love is everywhere around! you can’t touch but feel. Seriously everyone need love and need to be love.
ស្នេហាគឺការមានអារម្មណ៏ល្អៗ ដល់មនុស្សម្នាក់។
Mine: Love is better when it is subconscious.
ស្នេហាមិនស៊ីចុក ក៏ឆ្អែត
ស្នេហាត្រូវមានចិត្ត រកទិញមិនបាន
តាមទ្រឹស្តីបទ មនុស្សម្នាក់ៗតែងអោយនិយមន័យខុសៗគ្នា តែមនុស្សម្នាក់បង្ហាញសេចក្តីស្រលាញ់ដូចៗគ្នា។ មិនថាទ្រឹស្តីបទស្នេហា វាគឺជាអ្វី តែសូមអ្នកទាំងអស់គ្នា សរសេរនិយមន័យ ក្នុង paper គឺ action definition មានន័យថា និយមន័យដែលមានមូលដ្ឋានគ្រិះលើ action ឬ អ្វីដែលអ្នកកំពុង Scope តែសូមកុំគិតថា វាគឺជា universal definition។
នៅពេលយើងទៅអាន ការអោយនិយមន័យ នៃអ្នកស្រាវជ្រាវផ្សេងៗ គឺតែតែមានការអោយនិយមន័យខុសៗគ្នា យើងត្រូវយល់ដល់វិធីគិតរបស់ពួកគេ ថាមានមូលដ្ឋានគ្រិះលើអ្វី ហេតុអ្វីបានជាគេអោយនិយមន័យបែបនោះ។
Decision Making និង Problem Solving
មនុស្សភាគច្រើនគិតថា ការសំរេចចិត្តជា Process ខណៈមនុស្សដទៃទៀតគិតថា ជាការគិត។ តែ Problem Solving ឯណោះទេ ដែលជា Process វាមាន Input និង Output។ ការសំរេចចិត្ត = Critical Thinking នៅមិនទាន់មាននណាម្នាក់ញែកអោយដាច់ថា ការសំរេចចិត្តជា Process ឬ Thinking វាអាស្រ័យលើទ្រឹស្តី ដែលយើងអាន។
Social Cognitive Theory | ទ្រឹស្តីបទសង្គមពុទ្ធិបញ្ញា ខែកុម្ភៈ 19, 2018
Posted by ភារម្យ in អប់រំ.add a comment
Social Cognitive Theory មានពាក្យ Social ដែលប្រែថា សង្គម Cognitive ប្រែថា ការរៀនដឹង រៀនស្គាល់ ឬពុទ្ធិ បើតាមការយល់ឃើញផ្ទាល់ខ្លួន ខ្ញុំគិតថា និយមន័យនៃពាក្យ Social Cognitive Theory គឹប្រហែលជាអាចប្រែថា ទ្រឹស្តីបទសង្គមពុទ្ធិបញ្ញា។
ក្រឡេកមើលតាមប្រវត្តិសាស្រ្ត ទ្រឹស្តីបទជាច្រើនត្រូវបានគេបង្កើតឡើង ដើម្បីបរិយាយ ឥរិយាបថ ឬ ប្រតិកម្ម របស់មនុស្ស។ មុនការកើតឡើងនៃទ្រឹស្តីបទបញ្ញាសង្គម ទ្រឹស្តីបទទាក់ទងធម្មជាតិមនុស្សជាច្រើន បានព្យាយាមតំកើងជ្រុលដល់តួនាទីនៃ ជិវសាស្រ្ត និង សង្គមបរិយាកាសជុំវិញ ក្នុងការកំណត់ឥរិយាបថ ឬ ប្រតិកម្មមនុស្ស ដោយគេពុំសូវគិតដល់កត្តាខាងក្នុងផ្សេងទៀត ដែលត្រូវបានគេទទួលស្គាល់ថា ជាកត្តាកំណត់ ដ៏មានសារៈសំខាន់។ ទ្រឹស្តីបញ្ញាបែបក្រុមឥរិយាបទ បានផ្តោតយ៉ាងតឹងរឹងលើកត្តាសង្គមបរិយាកាសជុំវិញ គេបានសន្និដ្ឋានថា ការសម្របខ្លួន ការអភិវឌ្ឍន៏ខ្លួន និងការរៀនរបស់មនុស្ស កើតឡើងជាឯកតោភាគី តាមរយៈ កំលាំងជំរុញខាងក្រៅ។ លើសពីនេះទៅទៀត គេក៏ផ្តោតសំខាន់ លើការវិវត្តន៏នៃជីវសាស្រ្ត គឺថាវាជាកំលាំងរុញច្រានដ៏សំខាន់នៃ ឥរិយាបថ ឬ ប្រតិកម្មមនុស្ស ដោយគេភ្លេចគិតទៅដល់ ឥទ្ធិពលសង្គម និង បច្ចេកវិទ្យា (តិចណូឡូជី) ដែលវាក៏ជាកត្តាសំខាន់ផងដែរ នៃការជះឥទ្ធិពលដល់ការវិវត្តន៍នេះ (Pajares, 2002)។
ក្នុងការប៉ុនប៉ង ដើម្បីពន្យល់អោយកាន់តែច្បាស់ពី សមត្ថភាពឬមុខងារមនុស្ស (human functioning) Miller និង Dollard (1941) បានបង្ហាញជាលើលតំបូង នូវគំនិតទ្រឹស្តីបទបញ្ញាសង្គម ដោយគេយកគំរូតាម ក្រុមទ្រឹស្តីបញ្ញាបែបក្រុមឥរិយាបទ។ បើទោះបីជាទ្រឹស្តីបទថ្មី មានលក្ខណៈប្រសើរជាង ទ្រឹស្តីបទចាស់ក៏ដោយ ប៉ុន្តែ វានៅតែបរាជ័យ គឺថាទម្រង់ថ្មីនៃប្រតិកម្មការឆ្លើយតប របស់ឥរិយាបថ ឬ ប្រិតកម្មមនុស្ស និង ដំណើរការចម្លងតាម(នៅពេលមនុស្សម្នាក់ធ្វើការសង្កេត ហើយចំលងឥរិយាបថមនុស្សម្នាក់ទៀត) ត្រូវការប្រើពេលវេលាយូរ បូករួមការដែលមិនត្រូវបានគេពង្រឹង ក្នុងឥរិយាបថ ឬ ប្រតិកម្មមនុស្ស។ ដើម្បីដោះស្រាយបញ្ហានេះ Bandura ផ្តូចផ្តើមបង្កើតទ្រឹស្តីថ្មីមួយ នាដើមស.វ ទី៦០។ គាត់ហៅទ្រឹស្តីនេះថា ទ្រឹស្តីបទសង្គមពុទ្ធិបញ្ញា ជាជាង ទ្រឹស្តីបទបញ្ញាសង្គម គឺដើម្បីបង្ហាញអោយឃើញពីភាពខុសប្លែកគ្នា ពោលគឺមិនអោយវាស្រដៀងគ្នាទៅនឹងទ្រឹស្តីបច្ចុប្បន្ន ហើយម្យ៉ាងទៀតគាត់ចង់ផ្តោតសំខាន់ទៅលើ បញ្ញា (Cognitive) ដែលសំដៅលើ សមត្ថភាព ឬ មុខងារមនុស្ស បានដល់ សេចក្តីដឹង/ការស្គាល់ខ្លួន ការទទួលដឹង (ឬស្គាល់ ដោយវិញ្ញាណ) ហេតុផល និង ការវិនិច្ឆ័យ នៃឥរិយាបថ ឬ ប្រតិកម្ម (Pajares 2002)។
បង្ហាញអោយគេស្គាល់នៅឆ្នាំ 1963 ដោយ Bandura និង Walters ទ្រឹស្តីបទសង្គមពុទ្ធិបញ្ញា បានយកចិត្តទុកដាក់ ផ្តោតសំខាន់លើ តួនាទីចំបង នៃការរៀនដឹងដោយសង្កេត និង របស់ជំនួយដល់ការសង្កេត (Vicarious មានន័យថា មនុស្សរៀនដឹងដោយការសង្កេតរបស់ជាគំរូ) ក្នុងមុខងាររបស់មនុស្ស។ ក្រោយមក Bandura (1977) បានអភិវឌ្ឍន៏ទ្រឹស្តីគាត់បន្ថែមទៀត ដោយដាក់បញ្ចូលអង្គសំខាន់ថ្មីមួយទៀត គឺ ជំនឿលើខ្លួនឯង ដែលជាកត្តាចំបងនៃឥរិយាបថ ឬ ប្រតិកម្មមនុស្ស។ ក្នុងទ្រង់ទ្រាយលក្ខណៈនៃដំណើរការបច្ចុប្បន្ន ទ្រឹស្តីបទសង្គមពុទ្ធិបញ្ញា បានគាំទ្រការដែលលើកឡើងថា ឥរិយាបថ ឬ ប្រតិកម្មមនុស្ស ការសម្របខ្លួន និងការប្រែប្រួលផ្លាស់ប្តូ មានមូលដ្ឋានគ្រិះលើ ការរៀនសូត្រដោយសង្កេត ការចាត់របៀបរបបខ្លួនឯង និងដំណើរការឆ្លុះបញ្ចាំង ឬ ការជះត្រលប់មកវិញនៃការរៀនសូត្រ គឺវាមិនមានមូលដ្ឋានគ្រិះលើ ដំណើរឥរិយាបថ ឬ ប្រតិកម្មការឆ្លើយតប ដែលបានលើកឡើងដោយទ្រឹស្តីបទអ្នកឥរិយាបទឬប្រតិកម្មនិយមនោះទេ។ Bandura ហៅពហុធម្មជាតិនៃមុខងារឥរិយាបថ ឬ ប្រតិកម្មមនុស្សថាជា លក្ខណៈកំណត់គ្នាទៅវិញទៅមក ដើម្បីអធិប្បាយដល់ ឥទ្ធិពលនៃការកើតឡើងរបស់អ្វីមួយនៃបុគ្គល (ឧទាហរណ៏ បញ្ញា អារម្មណ៏ឬការរំជួលចិត្ត និងព្រឹតិ្តការណ៏ជិវសាស្រ្ត) ឥរិយាបទ និងកត្តាសង្គមបរិយាកាស ដល់សកម្មភាពមនុស្ស (Bandura, 1986)។

គំរូនៃលក្ខណៈកំណត់គ្នាទៅវិញទៅមក
រូបភាពខាងលើនេះបង្ហាញអោយឃើញពី វិធីរបស់មនុស្ស ធ្វើការបកប្រែលទ្ធផល និងការផ្តល់ព័ត៌មានដល់ ឥរិយាបថ ឬ ប្រតិកម្ម ព្រម ឥទ្ធិពលនៃកត្តាបរិយាកាសសង្គម ដែលពួកគេបានជួបប្រទះ និងជំនឿនៃការលើកទឹកចិត្ត ការទទួលដឹង (ឬស្គាល់ ដោយវិញ្ញាណ) និង ការរំជួលចិត្ត។ កត្តាសង្គមបរិយាកាស និង កត្តាផ្ទាល់ខ្លួនទាំងនេះ មានឥទ្ធិពល ដល់ឥរិយាបថ ឬ ប្រតិកម្មនាអនាគត ពោលគឺដូចអ្វី ដែលបានបង្ហាញក្នុង រូបភាពខាងលើ។
ទ្រឹស្តីសង្គមពុទ្ធិបញ្ញា មានមូលដ្ឋានគ្រិះលើគំនិត គឺថាមនុស្សពិតជាម្ចាស់ លើមុខងារឥរិយាបថ ឬ ប្រតិកម្មរបស់ខ្លួន។ មុខងារនេះផ្តល់អោយពួកគេនូវ ប្រភពឬធនធាននៃបញ្ញា ដែលជិះឥទ្ធិពលដល់វាសនារបស់គេ។ គេអាចរាប់បញ្ចូលសមត្ថភាពឬមុខងារ ដូចជា គេអាចគូសវាសជានិមិត្តសញ្ញា ការបង្កើតគំរោងផ្សេងៗ រៀនសង្កេត អនុវត្តន៏ និង ប្រើប្រាស់ យន្តការការចាត់របៀបរបបខ្លួនឯង និងការឆ្លុះបញ្ចាំង ឬ ជះត្រលប់មកវិញនៃបញ្ញា។ សមត្ថភាពឬមុខងារទាំងនេះ មនុស្សបានប្រើប្រាស់វា តាមសភាវគតិ ជារៀងរាល់ថ្ងៃ។ គូសវាសជានិមិត្តសញ្ញា គឺជាសព្ទដែល Bandura ប្រើប្រាស់ដើម្បីពន្យល់ដល់ដំណើរការការគិតរបស់មនុស្ស។ គាត់បានអធិប្បាយថា វាគឺជាយាន ឬ មធ្យោបាយសំរាប់ការគិត។ សមត្ថភាពឬមុខងារនៃការបង្កើតគំរោងផ្សេងៗ ត្រូវបានហៅយកទៅប្រើប្រាស់ សំរួលដល់ដំណើរការសំរេចចិត្តជាបឋមរបស់មនុស្ស ពោលគឺមុនមនុស្សគិត វាអនុញ្ញាតអោយគាត់ប្រមាណមើលជាមុន នូវលទ្ធផលនៃសកម្មភាព ដោយគេក៏ពុំចាំបាច់ត្រូវតែអនុវត្តន៏តាមគំរោងដែលបានបង្កើតឡើងនោះដែរ។ មនុស្សអាចរៀន ពីបទពិសោធន៏អ្នកដទៃ សមត្ថភាពឬមុខងារនេះគេហៅវាថា រៀនដោយសង្កេត (vicarious learning)។ យន្តការការចាត់របៀបរបបខ្លួនឯង ឧទាហរណ៏ដូចជា ការសង្កេតដោយខ្លួនឯង និង ការវិនិច្ឆ័យសកម្មភាពមនុស្ស អនុញ្ញាតអោយគេចាត់ចែងឥរិយាបថ ឬ ប្រតិកម្មជាសាមញ្ញធម្មតា មានមូលដ្ឋានគ្រិះលើការយល់ឃើញរបស់អ្នកដទៃ ពោលគឺអ្នកដទៃជាអ្នកវាយតំលៃលើការប្រព្រឹត្តិរបស់មនុស្សម្នាក់ទៀត។ លើសពីនេះទៅទៀត សមត្ថភាព ឬ មុខងារក្នុងការការជះត្រលប់ ឬ ឆ្លុបញ្ចាំងឥរិយាបទ និង បទពិសោធន៏ ឬ ការពិនិត្យពិច័យលើបញ្ញា ហើយធ្វើការវិនិច្ឆ័យដោយខ្លួនឯង នាំដល់ការបង្កើតជំនឿលើខ្លួនឯង (ឧទាហរណ៏ ការជឿជាក់លើខ្លួនឯង ការស្រលាញ់ឬអោយតំលៃខ្លួនឯង ការគិតដោយខ្លួនឯង) មូលដ្ឋានគ្រិះទាំងនេះ ត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយ ដើម្បីកំណត់ ពេលដែលគេគិតថា ការកែប្រែនៃគំនិត និង ឥរិយាបថ ឬ ប្រតិកម្ម វាសាកសមនឹងត្រូវប្រើ (Bandura, 1986; Pajares, 2002)។ មានមុខងារដ៏សំខាន់មួយក្នុង ការជឿជាក់លើខ្លួនឯង (self-belief) គេហៅវាថា ការជឿងជាក់លើសមត្ថភាព វាត្រូបានគេចាត់ទុកថា ជាបេះដូងសំខាន់នៃ ទ្រឹស្តីសង្គមពុទ្ធិបញ្ញា ហេតុដូចនេះហើយ វាទាមទាអោយមានការពន្យល់បន្ថែម។
ឯកសារយោង
1. Bandura, A. (1986). Social Foundations of Thought and Action: A Social Cognitive Theory. Englewood Cliffs: Prentice-Hall.
2. Bandura, A. (1997). Self-Efficacy: The Exercise of Control. New York: W. H. Freeman and Company.
3. Pajares, F. (2002a). Overview of social cognitive theory and of self-efficacy.
4. Miller, N. E., & Dollard, J. (1941). Social learning and imitation. New Haven, CT:Yale University Press.
រៀនពូកែ រៀនខ្សោយ ខួរក្បាលដូចគ្នា ប៉ុន្តែវិធីសាស្រ្តខុសគ្នា ខែកុម្ភៈ 15, 2018
Posted by ភារម្យ in អប់រំ.add a comment
មិនមែនមកពីពូជពង្សខ្សែស្រឡាយតាំងពីដូនតាទេ ដែលបណ្តាលអោយមនុស្សម្នាក់រៀនមិនពូកែ ក៏ប៉ុន្តែ មនុស្សម្នាក់រៀនពូកែបាន វាអាស្រ័យលើវិធីសាស្រ្ត ដែលគេបានប្រើ។
អ្នកនិងមនុស្សដទៃទៀតលើលោកនេះ និយាយរួមទៅ មានខួរក្បាល និង ប្រព័ន្ធប្រាសាទដូចៗគ្នា។ ហេតុអ្វីបានជា មនុស្សម្នាក់អាចដោះស្រាយលំហាត់បានយ៉ាងងាយស្រួល ដោយមិនបាច់ប្រឹង ផ្ទុយទៅវិញមនុស្សម្នាក់ទៀត ព្យាយាមអានសៀវភៅត្រឹមតែមួយទំព័រ ដល់ទៅបួនដង នៅតែមិនចាំ មិនយល់នូវអ្វីដែលគេទើបតែបានអាន? ចំលើយនោះគឺ មនុស្សទីមួយចេះវិធីសាស្រ្ត ដែលអាចចូល ទៅប្រើប្រាស់នូវសមត្ថភាព ឬ សក្តានុពលខួរក្បាលរបស់គេ ខណៈមនុស្សទីពីរ ពុំបានដឹងពីវិធីសាស្រ្តអស់ទាំងនោះ។
ខ្ញុំជឿជាក់ថា គ្រប់ភាពជោគជ័យតែងបន្សល់ទុកដាន។ បើសិនអ្នកចេះវិធីសាស្រ្តការរៀនរបស់ពួក មនុស្សឆ្លាតទាំងនោះ អ្នកក៏ទទួលជោគជ័យដូចពួកគេដែរ ពោលគឺអ្នកអាចចង់ចាំមេរៀនបានយ៉ាងងាយស្រួល ព្រមទាំងអាចអនុវត្តនូវអ្វីដែលអ្នកបានរៀន រួចអាចដោះស្រាយចំណោទបញ្ហាណាដែលលំបាកៗបាន។
អ្នកដទៃធ្វើបាន, អ្នកក៏អាចធ្វើវាបាន។ វាអាស្រ័យលើវិធីសាស្រ្តប៉ុណ្ណោះ។