jump to navigation

បោះតង់នៅប៉ាងវ៉ាន់ -ปางหวัน- Pangwan- ខេត្តរាជបុរី ខែមិថុនា 28, 2022

Posted by ភារម្យ in ទេសចរណ៍.
add a comment

ទៅលេងផ្សារទឹក ខ្លងឡាតម៉ាយុម (ตลาดน้ำคลองลัดมะยม) ខែមិថុនា 13, 2022

Posted by ភារម្យ in ទេសចរណ៍.
add a comment

វេទមន្ត ខែ​មីនា 30, 2022

Posted by ភារម្យ in ចំណេះដឹងទូទៅ, ចំនេះដឹងប្លែកៗ.
add a comment

និយាយដល់វេទមន្ត ថ្ងៃនេះខ្ញុំបានអានសៀវភៅមួយក្បាលនិយាយពីវា តាមបែបវិទ្យាសាស្ត្រ គិតថាចង់បកប្រែឱ្យអ្នកដែលវង្វេងផ្លូវ ហើយបានធ្វើដំណើរមកដល់ប្លកនេះបានអាន តែគិតថាប្រហែលជាមិនអាចប្រែបានទាំងស្រុងនោះទេ ប្រែបានប៉ុន្មានយកប៉ុណ្ណឹងទៅចុះ។

វេទមន្ត វាមានអាយុកាលចំណាស់ស្មើនឹងប្រវត្តិមនុស្សលោកយើងដែរ មនុស្សសម័យមុន ពេលដែលបានស្វែងយល់ដល់សភាវៈជុំវិញខ្លួនគេហើយ គេក៏ជឿថានៅទីនោះប្រាកដជាមានវិញ្ញាណដែរ ពួកគេបានអន្ទងព្រលឹងទាំងនោះយកមកគ្រប់គ្រង ដោយមានជំនួយពីគ្រូខ្មោច (គេជឿថាគ្រូខ្មោចអាចឆ្លងភពបាន) ឬតាមរយៈសិល្បៈ។ និយាយដល់សិល្បៈនេះ មនុស្សសម័យមុនសូនរូប ឬ គូសរូបសត្វនៅតាមគុហា គេជឿថាធ្វើបែបនេះពួកគេទទួលបានកំលាំងវេទមន្តលើសគេលើលោក។

នៅពេលដែលសង្គមមនុស្សចាប់ផ្តើមរីកចម្រើន គេបានយកប្រពន្ធគ្រប់គ្រងនិងបទបញ្ជាផ្សេងៗរបស់គេ ទៅលាយឡំជាមួយសាសនា។ ៤០០០ឆ្នាំមុនគ.ស អាទិទេពដើរទន្ទឹមក្សត្រ, បុព្វជិត ឬអភិជន ក្នុងការគ្រប់គ្រងរដ្ឋ ឬ រដ្ឋធានី នៃអារ្យធម៌សាមម៉ើ ឬអាណាចក្រអេហ្ស៊ីបបុរាណ។ មនុស្សដឹងច្រើនពីសាសនាទាំងឡាយ លើសពីប្រវត្តិ ឬ ហេតុការនាយុគថ្មរំលីង េនះក៏ដោយសារតែការច្នៃប្រឌិតទាក់ទងនឹងប្រព័ន្ធសរសេរអក្សរ។ មនុស្សក៏បានដឹងច្រើនផងដែរពីវេទមន្ត មិនថាវាល្អ ឬ អាក្រក់។ ឧទាហរណ៍នៅសម័យបាប៊ីឡូនបុរាណ គេកំទេចជើងរូបសូន ដើម្បីបង្ការកុំឱ្យខ្មោចព្រាយបិសាច ដើររារៀ ឬធ្មប់ដែលបញ្ជោតអទិទេពម៉ាឌុកដើម្បីឱ្យព្រះអង្គ ធ្វើឱ្យសត្រូវឈឺ។ ការយករូបសូនទៅកប់ក្រោម ធរណីទ្វារទៀតសោត គឺដើម្បីបង្ការកុំឱ្យវិញ្ញាណអាក្រក់ទាំងឡាយចូលមកក្នុងកន្លែងគេ។ ឧទាហរណ៍មួយទៀត ជនជាតិបាប៊ីឡូននិងអេហ្ស៊ីបបុរាណ ពាក់វត្ថុស័ក្ដិសិទ្ធិដើម្បីការពារខ្លួន ព្រមទាំងបានបង្កើតក្បួនបាលីមន្តគាថា។ នៅអេស៊ីបគាថាត្រូវបានគេឆ្លាក់លើជញ្ជាំងផ្នូរ ដើម្បីជួយការពារព្រលឹងមនុស្ស ពេលគេធ្វើដំណើរតាមផ្លូវដែលពោពេញទៅដោយគ្រោះថ្នាក់ ទៅជាតិក្រោយ។

ស៊ូរហូតបានបណ្ណបើកបរ ខែ​កុម្ភៈ 23, 2022

Posted by ភារម្យ in ចំណេះដឹងទូទៅ, ច្បាប់, ប្រវត្តិខ្ញុំ, ពីនេះពីនោះ, ព័ត៌មាន, វិចារណកថា, អប់រំ, អំពីភារម្យ.
4 comments

មេរៀនជីវិតទទួលបានពីបេសកកម្មលើកនេះគឺ ជោគជ័យ អាចកើតចេញការបរាជ័យ ម្ដងឬច្រើនលើកច្រើនសា តែសំខាន់សួរខ្លួនឯងថា រាល់ពេលបរាជ័យ យើងបានរៀនអ្វីខ្លះពីវា ព្រមបាក់ស្បាតខ្លបខ្លាច ឬក៏ស៊ូតរ? វាពិតជាមានឥទ្ធិពលខ្លាំងណាស់ ដល់បេសកកម្មលើកក្រោយ។ បរាជ័យជាជ័យជម្នះកាលណាយើងសិក្សាពីវា តែកុំភ្លេច ត្រូវព្រមដោយភាពអំណត់អត់ធ្មត់ និងស៊ូ

ថ្ងៃ ១៤ កុម្ភៈដែលជាថ្ងៃទីវានៃក្តីស្រលាញ់ ខ្ញុំបានសុំច្បាប់កន្លែងធ្វើការ ទៅប្រលងបណ្ណបើកបរ ដោយថ្ងៃនេះ ខ្ញុំត្រូវធ្វើតែសបើកម៉ូតូ។ ២ម៉ោងបន្ទាប់ មកដល់កន្លែងធ្វើការវិញ ខ្ញុំបានបង្ហាញបណ្ណបើកបររបស់ខ្ញុំដល់មិត្តទាំងឡាយ ដោយក្តីរីករាយ។ ពីក្រោយក្តីរីករាយនេះ តើខ្ញុំឆ្លងកាត់អ្វីមកខ្លះ?

ដំណើរដើមទងនៃមេរៀនជីវិតលើកនេះ គឺផ្តើមចេញពីការចង់បើកម៉ូតូ ដើរកម្សាន្តគ្រប់តំបន់ក្បែរៗ កន្លែងធ្វើការនាក្រុងបាងកក (បច្ចុប្បន្នគេដូរឈ្មោះហើយ ក្រុងទេពមហានគរ)។ ខ្ញុំបានប្រឹក្សាជាមួយសិស្សច្បងម្នាក់ ដែលធ្វើការនៅកន្លែងជាមួយគ្នា (ដោយសារបានគាត់ណែនាំ ទើបខ្ញុំទទទួលបានការងារធ្វើនៅទីនេះ ម្យ៉ាងគាត់រៀនថ្នាក់បណ្ឌិតដូចខ្ញុំ រៀនជំនាន់មុនខ្ញុំ តែខ្ញុំចប់មុន 😀 ) គាត់បានឱ្យយោបល់ថា ការបើកបរគួរមានបណ្ណបើកបរ ខណៈប្រជាជនថៃជាច្រើនពុំមានបណ្ណបើកបរ តែក្នុងនាមជាជនបរទេសធ្វើការនៅថៃ បើមានគ្រោះថ្នាក់អ្វីកើតឡើ់ង ពិបាកទាមទាសំណងពីខាងធានារ៉ាប់រ៉ង ប៉ូលីសអាចធ្វើស៊ីយើង ម្យ៉ាងយើងអាចក្លាយទៅជាជនបង្ករកំហុសផងដែរ នៅពេលមានគ្រោះថ្នាក់ណាមួយកើតឡើង បើទោះជាយើងបើកបរត្រឹមត្រូវ។ ពេលនោះហើយដែលខ្ញុំយកសំដីគាត់មកគិត រួចខ្ញុំបានស្វែងរកព័ត៌មានពីអ៊ីនធើណេតមកអាន មួយទៀតខ្ញុំក៏បានផ្ងើរសារទៅសួរសិស្សប្អូនម្នាក់ទៀត ដែលគាត់បើកម៉ូតូ អំពីបណ្ណបើកបរ។ សិស្សប្អូនខ្ញុំតបថា គាត់អត់មានទេ ម្យ៉ាងការប្រលងបណ្ណបើកបរមានការលំបាកខ្លាំងណាស់ ចំនួនសំណួរអាចមានដល់ទៅ ៣០០០ ម្យ៉ាងមិត្តសិស្សប្អូនដែលជាជនជាតិថៃ ក៏ពុំមាននរណាទៅធ្វើបណ្ណបើកបរដែរ ។ តាមព័ត៌មានដែលខ្ញុំបានអាន គឺត្រឹមត្រូវដូចសិស្សប្អូនបានប្រាប់ដែរ ព័ត៌មានបន្ថែមនោះគឺ សំណួរទាំង ៣០០០ ត្រូវបានចាប់ដោយចៃដន្យដោយប្រព័ន្ធកំព្យូទ័រ ចំនួន ៥០ ហើយឱ្យអ្នកប្រលងធ្វើ ខុសលើសពី ៥ ធ្លាក់។ សំណួរទាំងនេះ ដកស្រង់ចេញពី ប្រភពសំខាន់ៗបី ទីមួយគឺច្បាប់ចរាចរណ៏ស្រុកថៃ ទីពីរស្លាកសញ្ញានិងភ្លើងចរាចរណ៏ និងទីបីការថែទាំរថ។ ក្រៅពីសិស្សច្បងសិស្សប្អូន ព័ត៌មានពីអ៊ីនធើណេត ខ្ញុំបានសាកសួរអ្នកជិតខាងថៃ ដែលរស់នៅក្បែរគ្នាផងដែរ។ ដំនើរការទាំងនេះ ខ្ញុំហៅថាការប្រមូលទិន្នន័យ។

ថ្ងៃមួយខ្ញុំទៅទទួលទានអាហារថ្ងៃត្រង់ នាហាងតូចមួយក្បែរបន្ទប់ជួលខ្ញុំ ខ្ញុំបានសន្ទនាជាមួយមីងម្នាក់អំពីការប្រលងយកបណ្ណបើកបរ គាត់ណែនាំឱ្យទៅនាយកដ្ឋានរៀបចំដែនដី និង ដឹកជញ្ជូនខេត្តសមុទ្រប្រាកាន ព្រោះវានៅក្បែរកន្លែងខ្ញុំស្នាក់ (បញ្ជាក់យើងអាចប្រលងយកបណ្ណបើកបរតាមនាយកដ្ឋានរៀបចំដែនដី និង ដឹកជញ្ជូនគ្រប់ខេត្តក្រុងទាំងអស់ក្នុងប្រទេសថៃ) ហើយគាត់ថាប្រលងងាយជាប់។ ខ្ញុំបានសាកសួរដល់ឯកសារសម្រាប់ជនបរទេស គាត់ថា ចាំគាត់ឱ្យកូនដែលរស់នៅក្បែនាយកដ្ឋាននោះសាកសួរឱ្យ។ ព័ត៌មានបន្ថែមតាមរយៈមិត្តខ្ញុំម្នាក់ទៀត ដែលមានបណ្ណបើកបរប្រភេទឡាន (គាត់ប្រលងនៅខេត្តបុរីរម្យ) គាត់ថាមានត្រឹម Work Permit (សៀវភៅអនុញ្ញតឱ្យជនបរទេសធ្វើការនៅថៃ) passport និង វីសា គឺគ្រប់គ្រាន់ហើយសម្រាប់ដាក់ពាក្យប្រលង ព័ត៌មានពីអ៊ីនធើណេត ក៏បានលើកឡើងដូចគ្នា ខុសត្រង់គេបានបញ្ជាក់ថា ត្រូវមានឯកសារដែលបញ្ជាក់ពីទីលំនៅបច្ចុប្បន្ន មិនថា work permit ឬ ឯកសារដទៃទៀត។

ត្រង់នេះគឺខ្ញុំមានឯកសារគ្រប់គ្រាន់ ចិត្តខ្ញុំចង់ទៅនាយកដ្ឋាននោះដើម្បី សាកសួរព័ត៌មានបន្ថែម។ មានថ្ងៃមួយក្រោយចេញពីធ្វើការ ខ្ញុំបានឱ្យបងស្រីកូនអ៊ំម្ចាស់ផ្ទះឈ្មោះ ភីសេម បើកម៉ូតូជូនខ្ញុំទៅនាយកដ្ឋាននោះ ដោយខ្ញុំសន្យាថា ជួយចាក់សាំងឱ្យគាត់ ១០០បាត។ ទៅដល់ប្រហែលម៉ោង ៤ល្ងាច បុគ្គលិកធ្វើការទាក់ទងនិងបណ្ណបើកបរ ត្រលប់ទៅផ្ទះអស់ សល់តែបុគ្គលិកផ្នែកផ្សេង ពួកគាត់ចិត្តល្អ បានទូរស័ពសាកសួរបុគ្គលិកធ្វើបណ្ណបើកបរ ឱ្យខ្ញុំ ដោយបុគ្គលិកធ្វើបណ្ណបើកបរ សួរខ្ញុំថា work permit មានបញ្ជាក់ទីលំនៅឬអត់ ខ្ញុំស្រពិចស្រពិល តែក៏ឆ្លើយថាមាន តែខ្វះឯកសារត្រួតពិនិត្យសុខភាព រួចគាត់បានណាត់ខ្ញុំមកជួបថ្ងៃស្អែក ខ្ញុំក៏យល់ព្រមសិនទៅ។ ល្ងាចនោះខ្ញុំបានឆែកមើល work permit ខ្ញុំ ប្រាកដថាពុំមានបញ្ជាក់ពីអាសយដ្ឋានបច្ចុប្បន្ន។ ដូច្នេះខ្ញុំត្រូវ ទៅការិយាល័យអន្តោប្រវេសន៍ ឬទៅស្ថានទូតដើម្បីអោយគេចេញលិខិតបញ្ជាក់ទីលំនៅបច្ចុប្បន្នរបស់ខ្ញុំ បញ្ហាគឺការសុំឯកសារពីការិយាល័យអន្តោប្ររេស ត្រូវមានឯកសារភ្ជាប់ជាមួយជាច្រើនទៀត ដែលបង្កើតការស្មុគស្មាញដល់ខ្ញុំក្រៃលែង ពិសេសគឺឯកសារដែលមានឈ្មោះថា TM. 30 វាពាក់ព័នដល់ការធ្វើដំណើរចេញចូលប្រទេសថៃ ពោលគឺម្ចាស់បន្ទប់ឬផ្ទះជួល ត្រូវរាយការណ៍ ដល់ការិយាល័យអន្តោប្ររេស។ តែបើនិយាយដល់ឯកសារពីស្ថានទូតវិញ ខ្ញុំរិតតែមិនដឹងត្រូវធ្វើអ្វីទៅទៀត។ ស្អែកឡើងសិស្សច្បងខ្ញុំ ជួយទូរសព្ទទៅនាយកដ្ឋានខាងលើម្ដងទៀត លើកនេះគាត់ថា ត្រូវមានឯកសារកម្មសិទ្ធិដីធ្លី ខ្ញុំអាចសូមឯកសារនេះពីម្ចាស់ផ្ទះ (ខ្ញុំគិតថាមិនតកៈសោះ) តែក៏យល់ព្រម។

ថ្ងៃចុងសប្តាហ៍ ខ្ញុំធាក់កង់ទៅគ្លីនិកមួយនៅទល់មុខ ហាងម៉េកវ៉ែលូ ដើម្បីត្រួតសុខភាព ពេទ្យគ្រាន់តែវាស់សំពាធឈាមខ្ញុំ រួចសួរពីទម្ងន់ កម្ពស់ និងជំងឺប្រចាំខ្លួន រួចគាត់ចេញឯកសារមួយច្បាប់ឱ្យខ្ញុំ បង់ប្រាក់ ១០០បាត។ សប្តាហ៍បន្ទាប់ ពេលរសៀលខ្ញុំបានឱ្យបងសេម នាំខ្ញុំទៅនាយកដ្ឋាននោះម្ដងទៀត ម្តងនេះខ្ញុំបានត្រៀមឯកសារដូចដែលបានរៀបរាប់ខាងលើ មន្ត្រីដែលណាត់ខ្ញុំ គាត់ជាមនុស្សស្រីវ័យចំណាស់បន្ទិច តំណែងប្រហែលជាប្រធាន គាត់ត្រួតពិនិត្យឯកសារខ្ញុំ រួចពន្យល់ដូចតទៅ ទីមួយ work permit ខ្ញុំពុំបានបញ្ជាក់ពីអាសយដ្ឋានបច្ចុប្បន្ន ទី២ឯកសារកម្មសិទ្ធិដីធ្លី មានសុពលសម្រាប់តែម្ចាស់ទីលំនៅប៉ុណ្ណោះ អ្នកជួលពុំអាចប្រើប្រាស់បានឡើយ ចប់ទៀតហើយខ្ញុំ។ បន្ទាប់មកគាត់បានបង្ហាញតារាងណាត់ជនបរទេស ដែលចង់មកធ្វើបណ្ណបើកបរ គឺត្រូវចាំទៅដល់ខែមិនា ដោយសារបញ្ហាកូរ៉ូណា (បញ្ជាក់ខ្ញុំទៅទីនោះ ពេលពាក់កណ្តាលខែមករា) គាត់សួរខ្ញុំថា ចង់កក់ពេលណាត់ឬអត់ ខ្ញុំថាពុំទាន់ទេ។ ពេលនោះចិត្តខ្ញុំចង់បោះបង់ទៅហើយ ព្រោះតែបរាជ័យៗ។ ត្រលប់មកកន្លែងធ្វើការវិញ ខ្ញុំក៏សម្រេចចិត្តថា បោះបង់ លែងចង់បានវាហើយ។ ថ្ងៃមួយមីងម្នាក់ដែលខ្ញុំជួបពេលទៅបាយថ្ងៃត្រង់ គាត់បានបង្ហាញព័ត៌មានដែលកូនគាត់ទៅសាកសួរឱ្យ តែខ្ញុំបានដឹងថាត្រូវមានឯកសារអ្វីខ្លះរួចទៅហើយ។

002

ព័ត៌មានដែលកូនគាត់ទៅសាកសួរអោយ

ចុងសប្តាហ៍សិស្សច្បងខ្ញុំបានឃើញគេប្រកាសលក់ម៉ូតូ MSX 125cc គាត់បាននាំខ្ញុំទៅមើល ចុងក្រោយខ្ញុំសម្រេចចិត្តទិញវា។ មូលហេតុនេះហើយ ដែលរងើកចិត្តចង់ធ្វើបណ្ណបើកបរ បានឆេះឡើងម្ដងទៀត។ ខ្ញុំបានចូលទៅមើលព័ត៌មានក្នុងគេហទំព័រស្ថានទូតខ្មែរប្រចាំប្រទេសថៃ រួចឃើញចំណុចមួយដែលបញ្ជាក់ដល់ ការសុំឯកសារបញ្ជាក់ពីទីលំនៅបច្ចុប្បន្ននាប្រទេសថៃ អានហើយ ខ្ញុំព្រីនឯកសារស្នើរសុំចេញមកដើម្បីបំពេញ ក្រៅពីឯកសារនេះ គឺត្រូវភ្ជាប់មកជាមួយឯកសារផ្សេងទៀត ដូចជា ការថតចម្លង passport វីសា work permit (សម្រាប់សិស្សថតបណ្ណសិស្ស) កិច្ចសន្យាជួលបន្ទប់ឬផ្ទះ ហើយជាចុងក្រោយដែលធ្វើឱ្យខ្ញុំឈឺក្បាលទៀត នោះគឺ ត្រូវទៅស្ថានីយ៏ប៉ូលីស ដើម្បីសុំលិខិតកំណត់ត្រាប្រចាំថ្ងៃបញ្ជាក់ថា ខ្ញុំពិតជាបានស្នាក់ទៅតាមអាសយដ្ឋានបច្ចុប្បន្នយ៉ាងពិតប្រាកដមែន។ បាន! ខ្ញុំធ្វើបាន! ខ្ញុំនឹងស៊ូ! ក្រោយពីបានបំពេញឯកសារស្នើរសុំរួច ខ្ញុំបានឱ្យបងសេមបើកម៉ូតូ ជូនខ្ញុំទៅស្ថានីយ៏ប៉ូលីស ក្រោយចេញពីធ្វើការ។ ដល់ស្ថានីយ៏ប៉ូលីស រ៉ាត់បូរៈណា ខ្ញុំបានពន្យល់មន្ត្រីប៉ូលីសពីគោលបំណង រួចរាល់ហើយគាត់បានចេញឯកសារឱ្យខ្ញុំមួយច្បាប់ដើម្បីចុះហត្ថលេខា រួចខ្ញុំក៏ត្រលប់មកបន្ទប់វិញ។ មូលហេតុដែលខ្ញុំ មិនបើកម៉ូតូទៅខ្លួនឯង ហើយអោយគេជូន ព្រោះខ្ញុំបើម៉ូតូមិនទាន់ស្ទាត់ ពីរពុំសូវស្គាល់ផ្លូវ បីគ្មានបណ្ណបើកបរ។ ព្រឹកស្អែកខ្ញុំដាក់ច្បាប់កន្លែងធ្វើការមួយថ្ងៃ ដើម្បីទៅស្ថានទូតខ្មែរប្រចាំប្រទេសថៃ ដោយត្រូវជិះឡានក្រុងលេខ ៣៦ក ពីវិមានរលឹកអនុស្សាវរីយ៍ (Victory Monument)។ ទៅដល់ទីនោះ បុគ្គលិកស្ថានទូតខ្មែរបានប្រាប់ខ្ញុំថា ចង់បានឯកសារលឿន ត្រូវបង់៣០០ បាតក្នុងមួយច្បាប់ ហ្វ្រីត្រូវចាំដល់មួយអាទិត្យ ខ្ញុំធ្វើពីរច្បាប់ មួយសម្រាប់ប្រលងបណ្ណបើកបរ ពីរសម្រាប់ទិញម៉ូតូ សរុបអស់៦០០ បាត់ អង្គុយចាំមួួយព្រឹក ថ្ងៃត្រង់បាន។

006

ស្ថានទូតព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសថៃ

មកដល់បន្ទប់វិញ ខ្ញុំមិនទាន់បាយថ្ងៃត្រង់ទេ ប្រញាប់បើកម៉ូតូទៅ នាយកដ្ឋានខាងលើ ខ្លាចហួសម៉ោងគេធ្វើការ ទៅដល់ខ្ញុំហុចឯកសារឱ្យមន្រ្តីទទួលបន្ទុកមើល គាត់ថាឯកសារគ្រប់គ្រាន់ តែខ្វះឯកសារត្រួតពិនិត្យសុខភាព ខ្ញុំថាពេលមករៀន និង ប្រលងនឹងយកមកឱ្យ។ បន្ទាប់មកគាត់សរសេរលើខ្នងឯកសារដើម្បីណាត់ខ្ញុំ អោយមកម្តងទៀត គាត់ឱ្យរើសថ្ងៃ ខ្ញុំយកថ្ងៃអង្គារ ព្រោះដើម្បីបានបង្ហាញខ្លួននៅកន្លែងធ្វើការនាថ្ងៃចន្ទ ឈប់ច្រើនពេក ខ្លាចគេភ្លេចមុខ។

ព្រឹកថ្ងៃអង្គារ ខ្ញុំងើបតាំងពីព្រលឹមម៉ោង ៦ និង ៤៥នាទី ដោយមានណាត់ជាមួយនាយកដ្ឋានម៉ោង ៨ ព្រឹក។ ទៅដល់ខ្ញុំហុចឯកសារឱ្យមន្រ្តីទទួលបន្ទុកទំនាក់ទំនងព័ត៌មានត្រួតពិនិត្យ រួចគាត់ឱ្យសរសេរឈ្មោះ និង លេខទូរស័ពលើឯកសារបន្ថែម រួចយកទៅដាក់ក្នុងកញ្ជ្រែងលឿង ហើយអង្គុយចាំគេហៅឈ្មោះ ប្រហែលម៉ោង៩ព្រឹក គេចាប់ផ្តើមហៅឈ្មោះអ្នកមកប្រលងបណ្ណបើកបរថ្មីទាំងអស់ទៅតម្រង់ជួរ រួចគេធ្វើតែសឱ្យជាន់ប្រេក ឬតំឡើងល្បើន តាមភ្លើងក្រហម និង បៃតង រួចវាស់ក្រសែភ្នែក ដោយបញ្ជាចលនាបង្គោលតូចមួយទៅមុខទៅក្រោយ ធៀបនឹងបង្គោលនឹងមួយទៀត ក្នុងប្រអប់ខ្មៅ ក្នុងប្រអប់នោះប្រដូចនឹងយប់ងងឹត។ ខ្ញុំជាប់ទាំងអស់ តែខ្ញុំឆ្ងល់ថា ខ្ញុំមកប្រឹងបណ្ណបើកបរម៉ូតូ មិនមែនឡានទេ ហេតុអ្វីអោយខ្ញុំធ្វើតេសឡាន ចុងក្រោយទើបខ្ញុំដឹងថា បុគ្គលិកគាត់ច្រឡំ គិតថាខ្ញុំមកប្រលងបណ្ណបើកបរឡាន។ បន្ទាប់ពីតេសទី១មក តេសទីពីរចាប់ផ្តើម គេចង្អុលពណ៌ ហើយសួរយើងពណ៌អ្វី ក្រហម លឿង បៃតង? រួចតេសពណ៌ដដែល ម្តងនេះគេឱ្យខ្ញុំសម្លឹងទៅមុខចំ ហាមកម្រើកកែវភ្នែក រួចគេលើកទង់ពណ៌សងខាង ហើយសួរខ្ញុំអំពីពណ៌ដដែល។ ខ្ញុំធ្វើបាន តែកុំអាលអរ បរាជ័យទី២ ទី៣ កំពង់រង់ចាំ។ បន្ទាប់មកគេហៅពួកខ្ញុំឱ្យមើលវីឌីអូអប់រំ ចំនួន៥ម៉ោង គេមកឆែកឈ្មោះមួយម៉ោងម្តង ខ្ញុំស្ទើរតែពុល។ ម៉ោងប្រហែល ៤ល្ងាច គេហៅខ្ញុំទៅប្រលង ពេលនោះហើយទើបខ្ញុំដឹងថា គេវាយឯកសារប្រលងបណ្ណបើកបរខ្ញុំខុស គេថាខ្ញុំប្រលងឡាន។ ខ្ញុំឱ្យគេកែ រួចប្រលងតាមប្រព័ន្ធកុំព្យូទ័រ លទ្ធផលចេញមកហើយ តេន! តេន! ធ្លាក់! ៤៣លើ៥០ 😦 បាក់ទឹកចិត្តអស់រលីង ចំណាយពេលតាំងតែពីព្រឹកដល់ល្ងាច។ មន្ត្រីម្នាក់ចេញកូនក្រដាសមួយសន្លឹកឱ្យខ្ញុំ ដើម្បីមកប្រលងសង។ ខ្ញុំទូរស័ពទៅប្រាប់សិស្សច្បងខ្ញុំ ពីបរាជ័យលើកនេះ 😦 ។

001

កូនសំបុត្រប្រលងសង

ថ្ងៃបន្ទាប់ថ្ងៃត្រង់ខ្ញុំសុំមេមួយម៉ោងទៀត ទៅប្រលង ម្តងនេះ ខ្ញុំធ្លាក់ទៀត ៤៤ លើ ៥០ 😦 ។ ខ្ញុំដឹងខ្លួនថា ខ្ញុំប្រមាថ មិនអាន មិនត្រួតពិនិត្យសំណួរឱ្យច្បាស់លាស់ ខ្ញុំប្រលងជាភាសាអង់គ្លេស ឈ្មោះជំងឺមួយចំនួនខ្ញុំអត់ចេះ។ ថ្ងៃហ្នឹង ខ្ញុំដោនឡូដតេសជាភាសាអង់គ្លេសមកអាន ជិត១០០ទំព័រ ចៃដន្យខ្ញុំមើលវីឌីអូ យូធូប ពីការប្រលងបណ្ណបើកបរ គេបានណែនាំគេហទំព័រមួយ។ គេហទំព័រនេះ មានសំណួរស្រដៀងទៅហ្នឹង សំនួរចេញក្នុងការប្រលងបណ្ណបើកបរពិត ដូច្នេះហើយខ្ញុំក៏សាកធ្វើវា សាកហើយសាកទៀត ពេលខុសកត់ចំណាំ ហើយសួរខ្លួនឯងថា ហេតុអ្វីខ្ញុំធ្វើរខុស អ្វីជាកំហុស អ្វីជាឬសគល់នៃកំហុស។ ថ្ងៃបន្ទាប់ខ្ញុំមានទំនុកចិត្តច្រើន ការប្រលងចំណាយពេលប្រហែលតែ២០នាទីទេ (ខ្ញុំប្រមាថទៀតហើយ គេឱ្យពេល ៦០នាទី) ខ្ញុំធ្វើបាន ៤៦ លើ ៥០ នៅមានខុស៤ តែមិនអីទេ ខ្ញុំប្រលងជាប់ហើយ។ មន្ត្រីដដែល ចេញកូនលិខិតតូចមួយទៀត ឱ្យខ្ញុំមកប្រលងបើកម៉ូតនាថ្ងៃស្អែក។

003

កូនសំបុត្រប្រលងបើកម៉ូតូ

ថ្ងៃ១៤ កុម្ភៈ ក្រោកពីដេកម៉ោង ៦ និង ៤៥នាទីដដែល ខ្ញុំបើកម៉ូតូលឿងរបស់ខ្ញុំ ទៅនាយកដ្ឋានខាងលើ (ប្រៈផាដេង) ហុចឯកសារឱ្យមន្ត្រីផ្តល់ព័ត៌មានពិិនិត្យ រួចគេសុំ passport ខ្ញុំ គេអោយទៅអង្គុយចាំនៅកន្លែងប្រលងបើកម៉ូតូឡាន។ ខ្ញុំជួលម៉ូតូគេនៅទីនោះ ព្រោះម៉ូតូខ្ញុំប្រើអង់ប៊្រីយ៉ា ឬ Clutch ខ្ញុំខ្លាចវារលត់ពេលប្រលងបណ្តាលអោយធ្លាក់ ព្រោះទើបរៀនបើក មិនសូវស្ទាត់។ ពួកប្រលងឡានទៅមុន គ្នាមួយហ្វូងជាប់ តែ២-៣នាក់ប៉ុណ្ណោះ ខ្ញុំផ្តើមបុកពោះ។ មួយទៀតមានយុវជនម្នាក់ មកប្រលងសង វាបើកធ្លាក់ផ្លូវ ប្រលងធ្លាក់ គេឱ្យវាមកប្រលងម្ដងទៀត។

007

ទីលានបើកបរ

008

បើកទាំងឡាន ប្រលងទាំងម៉ូតូ

ដល់វេនម៉ូតូ ខ្ញុំប្រលងមុនគេ បើកមួយជុំ បើកតាមស្លាកសញ្ញា បើផ្លូវចង្អៀត បើកចាក់ចង្កេះ ខ្ញុំប្រលងជាប់! យ៉េសសសសសស! បន្ទាប់មកគេឱ្យខ្ញុំទៅអង្គុយចាំ គេហៅឈ្មោះទៅបង់លុយ និង ថតរូបបណ្ណបើកបរ។ សម័យកូរ៉ូណា គេអោយខ្ញុំសំអាតដៃនឹងអាលកុល រួចបង់លុយ ១០៥ បាត ៥បាត ថ្លៃឯកសារ ១០០បាត ថ្លៃបណ្ណ។

004

បង់ប្រាក់តែ ១០៥ បាតទេ 

បន្ទាប់មកថតរូប រង់ចាំបន្ទិច គេហៅឈ្មោះឱ្យទៅយកកាត។ នេះគឺជោគជ័យមួយ ក្រោយភាពបរាជ័យរាប់មិនឈ្នះ។ សរុបខ្ញុំត្រូវធ្វើដំណើរទៅនាយកដ្ឋានខាងលើចំនួន ៦ ដង ទំរាំបានបណ្ណបើកបរ មិនទាន់និយាយដល់ការធ្វើដំណើរទៅស្ថានីយ៏ប៉ូលីស និង ស្ថានទូត គ្រប់យ៉ាងសុតតែប្រើពេល។ បេសកកម្មនេះ បានបង្រៀនខ្ញុំច្រើនណាស់ ជាពិសេសនោះគឺ បរាជ័យគឺជាជ័យជម្នះ កាលណាយើងសិក្សាពីវា តែក៏មិនភ្លេចដល់ការតស៊ូ អំណត់ អត់ធន់ផងដែរ។

បាងកក ថ្ងៃទី២៣ កុម្ភៈ ២០២២

ភារម្យ

សម័យសាមកុក (គ.ស ២២០-២៨០) ខែ​ឧសភា 25, 2020

Posted by ភារម្យ in សាមកុក.
add a comment

សាមកុកជាយុគសម័យមួយដែលបានកកើតចេញពីស្ថានភាពនៃការរារាំងអំណាចគ្នារវាងកងកំលាំងត្រីភាគីមានដូចជា នគរវ័យ នគរស៊ូ និងនគរអ៊ូ ដែលនគរនីមួយៗវាយដណ្ដើមគ្នាដើម្បីគ្រប់គ្រងអាណាចក្រចិនទាំងមូល ។ ក្នុងអំឡុងគ.សឆ្នាំ ២២០ ជាពេលដែលនគរវ័យឡើងគ្រប់គ្រងអំណាចជំនួសរាជវង្សហានខាងកើត និងដល់គ.សឆ្នាំ ២៨០ រាជវង្សជីនបង្ក្រាបនគរអ៊ូបានសម្រេច រួបរួមផែនដីចិនទាំងមូលម្ដងទៀត។

មុនសម័យសាមកុក

គ.សឆ្នាំ ១៨៩ ចុងសម័យហានខាងកើត ព្រះចៅលីងទីសោយទិវង្គត រជ្ជទាយាទលាវពានឡើងសោយរាជសម្បត្តិបន្តរដោយមានព្រះនាមថាព្រះចៅសាវទី តែបងប្រុសរបស់មហាក្សត្រយានីហឺបានឃុបឃិតជាមួយយានសាវដើម្បីបោសសំអាតមន្ដ្រីដែលជាបដិបក្ស ជាហេតុធ្វើអោយនគរកើតការជ្រួលច្របល់យ៉ាងខ្លាំង។ តុងជួដែលជាចៅហ្វាយស្រុកហឺតុង ប្រើស្ថានការណ៍ច្រួលច្របល់ខាងលើជាលេសមកជួយ ហើយបានលើកទ័ពចូលរាជធានីលួយ៉ាង។ ពេលកងទ័ពរបស់តុងជួចូលដល់រាជធានីលួយ៉ាងហើយ ក៏បានដកព្រះចៅសាវទីចេញ ហើយដាក់ព្រះអនុជលាវសៀ អោយឡើងគ្រងរាជជំនួស ទ្រង់ព្រះនាមថាព្រះចៅសៀនទី។ ដោយតុងជួគ្រប់គ្រងអំណាចបញ្ជរាជការក្នុងដៃ ជាហេតុធ្វើអោយមន្ដ្រីចាស់ៗដែលមិនយល់ស្របងើបឡើងប្រឆាំង ក៏កើតជាសង្គ្រាមផ្ទៃក្នុងនាពេលក្រោយមក។

ចំណែកយានសាវវិញ ពេលតុងជួលើកទ័ពចូលរាជធានីលួយ៉ាង ក៏បានគេចខ្លួនទៅឯស្រុកអ៊ីចូវ (បច្ចុប្បន្ននៅក្នុងខេត្ដហឺប៉ីភាគខាងជើងនៃប្រទេសចិន) អំពាវនាវអោយបណ្ដាចៅហ្វាយស្រុកទាំងអស់រួមកំលាំងចងសម្ព័ន្ធនឹងគ្នាដើម្បីកំចាត់តុងជួ ដែលការនេះយានសាវបានឡើងជាមេដឹកនាំសម្ព័ន្ធ។ លុះដល់គ.ស ១៩០ តុងជួបញ្ជាអោយព្រះចៅសៀនទីប្តូររាជធានីទៅឆាងអាន ក្នុងខណៈដែលកងទ័ពរបស់តុងជួកំពុងតែដណ្ដើមអំណាចគ្នា។ បីឆ្នាំក្រោយមក កើតការប្រែប្រួលផ្នែកយោធា (ជាប្រភពនៃរឿងតំណាលការលះបង់របស់ទៀវឆាន ស្ដ្រីស្អាតបំផុតក្នុងសម័យនោះ) តុងជួត្រូវបានគេសំលាប់ ក្នុងនគរកើតការជ្រួលច្របល់កាន់តែខ្លាំងឡើង។

ក្នុងពេលនៃការជ្រួលច្របល់នេះ ឆាវឆាវដែលធ្លាប់ប្រកាសខ្លួនចូលរួមជាមួយសម្ព័ន្ធរបស់យានសាវ នាកាលដែលប្រឆាំងនឹងតុងជួនោះ ក្រោយពេលបង្ក្រាបឧទ្ទាមកន្សែងលឿងជាងបីសែននាក់បានហើយ ក៏សន្សំអំណាចឡើងជាធំនៅតំបន់ហឺណាន។ គ.ស ឆ្នាំ ១៩៦ ឆាវឆាវដណ្ដើមស្ដេចបានពីតុងជួ ហើយបង្ខំអោយព្រះចៅសៀនទីទៅនៅស្រុកស៊ីឆាងនៃតំបន់ហឺណាន ហើយបានគ្រប់គ្រងអំណាចបញ្ជាការលើពួកមន្ដ្រីទាំងពួង និងងាកមកប្រឈមមុខជាមួយក្រុមយានសាវដែលមានអំណាចនៅហឺប៉ី។ លុះដល់គ.សឆ្នាំ ២០០ ភាគីទាំងពីរក៏ធ្វើសង្គ្រាមផ្ដាច់ព្រាត់នៅគ័នទូ ឆាវឆាវទទួលជ័យជំនះរួចបានចូលទៅគ្រប់គ្រងតំបន់ទំនាបកណ្ដាលនិងភាគខាងជើងរបស់ចិន។

លុះដល់គ.សឆ្នាំ ២០៨ ឆាវឆាវលើកទ័ពចុះទៅភាគខាងត្បូង ហើយបានបង្ក្រាបលាវពាវដែលគ្រប់គ្រងស្រុកជីងចូវ។ ក្នុងពេលនោះលាវប៉ីដែលជាខ្សែញាតិវង្សហាននៅខាងលាវពាវ ត្រូវភាសខ្លួនចុះទៅភាគខាងត្បូងទៀត បាននាំកំលាំងដែលសេសសល់តិចតួចរួមដៃជាមួយស៊ុនឈានដែលកាន់អំណាចនៅជាំងតុង (ត្រើយខាងកើតនៃទន្លេយ៉ង់សេ) ហើយនាំខុងមីង ដែលជាទីប្រឹក្សាឆ្នើមរបស់លាវប៉ី និងកំលាំងទ័ពពីស៊ុនឈានរួមកំលាំងគ្នាទប់ទល់នឹងកងទ័ពធំរបស់ឆាវឆាវ។ លទ្ធផលឆាវឆាវចាញ់សង្គ្រាមបាក់ទ័ពខ្ចាត់ខ្ចាយ ដកទ័ពត្រឡប់ទៅភាគខាងជើងវិញ។ លាវប៉ីឆ្លៀតឱកាសចូលវាយយកជីងចូវមកវិញ ថែមទាំងចូលវាយយកឆឹងទូធ្វើជាមូលដ្ឋានទ័ព បង្កើតបានជាកំលាំងបីភាគីដណ្ដើមអំណាចគ្នា ដែលក្លាយទៅជាសម័យសាមកុកនាពេលក្រោយមក។

ស្ថានភាពកំលាំងទាំងបីភាគីដណ្ដើមអំណាចគ្នាគ្រប់គ្រងភាគខាងជើងនិងភាគខាងត្បូង

ឆាវឆាវតែងតាំងខ្លួនជាមហាឧបរាជ។ ក្រោយមកគ.សឆ្នាំ ២០០ ឆាវឆាវស្លាប់។ ឆាវភីជាកូនបានបង្ខំអោយព្រះចៅសៀនទីដាក់រាជ្យបល្ល័ង្ក ហើយស្ថាបនានគរវ័យឡើង។ ក្នុងឆ្នាំបន្ទាប់មកទៀត លាវប៉ីក៏ប្រកាសតែងតាំងខ្លួនជាស្តេចនៅរាជធានីឆឹងទូ ដើម្បីបង្កើតនគរហានឡើងវិញ (ភាគច្រើនហៅថាស៊ូរឺស៊ូហាន) ។ ដល់គ.សឆ្នាំ ២២៩ ស៊ុនឈានក៏បង្កើតនគរអ៊ូ ហើយប្រកាសខ្លួនជាស្តេចដូចគ្នា។ ដូច្នេះទើបបង្កើតបានជាកំលាំងបីភាគីពោលគឺ វ័យគ្រប់គ្រងដែនដីភាគខាងជើង ស៊ូគ្រប់គ្រងដែនដីភាគខាងលិចឆៀងខាងត្បូង ចំណែកអ៊ូគ្រប់គ្រងដែនដីភាគខាងកើតឆៀងខាងត្បូង ដោយនគរពីរនៅភាគខាងត្បូងពោលគឺនគរស៊ូរួមដៃជាមួយនគរអ៊ូប្រឆាំងនឹងនគរវ័យនាភាគខាងជើងដែលមានកំលាំងរឹងមាំជាងគេ។

វិវឌ្ឍនាការនិងការរលំរលាយ

ក្នុងដំណាក់កាលចាប់ផ្ដើម នគរទាំងបីបានយកចិត្ដទុកដាក់ក្នុងការគ្រប់គ្រងនគរ ស្ដារស្ថានភាពសង្គមនិងអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ខ្លួន។ នគរដែលមានស្នាដៃលេចធ្លោគឺនគរវ័យ ដែលដឹកនាំដោយឆាវឆាវ ដែលចាប់ផ្ដើមពីការស្ដារផលិតផលកសិកម្ម ដោយការកេណ្ឌកំលាំងទាហានដែលប្រចាំតាមតំបន់នីមួយៗអោយធ្វើកសិកម្មដំាដុះផលិតស្បៀងសម្រាប់ពេលអនាគត។ រៀបចំកែប្រែប្រព័ន្ធគ្រប់គ្រងដែលធ្លាប់ជាចំណុចខ្សោយរបស់រាជវង្សហានខាងកើត។ ពោលគឺកំណត់អំណាចរបស់ពួកម្ចាស់ដី បោសសំអាតអំណាចរបស់បណ្ដាមន្ដ្រីនិងខ្សែញាតិវង្ស ដើម្បីទាក់ទាញការចូលរួមពីប្រជាជនថ្នាក់កណ្ដាលនិងថ្នាក់ក្រោម មានការបែងចែកមន្ដ្រីគ្រប់គ្រងតំបន់ជា ៩ កម្រិត បើកឱកាសអោយបុគ្គលដែលមិនបានកើតក្នុងត្រកូលខ្ពង់ខ្ពស់អោយមានឱកាសចូលមកមានអំណាចផ្នែកនយោបាយ ធ្វើអោយកើតស្ថេរភាពផ្នែកនយោបាយ។

ផ្នែកសិល្បៈនិងវិទ្យាសាស្ដ្រមានការរីកចម្រើនជាខ្លាំង ដូចជាផ្នែកវិទ្យាសាស្ដ្រចិនបានលេចឡើងបុគ្គលសំខាន់គឺ ហ័ធួ ដែលជាគ្រូពេទ្យជំនាញវះកាត់ និងគេដំណាលថាមានការចាប់ផ្ដើមប្រើថ្នាំស្ពឹកក្នុងសម័យនេះដែរ។ ចំពោះសាសនាវិញ ដោយសារលទ្ធិតាវរបស់ពួកឧទ្ទាមកន្សែងលឿងទទួលបរាជ័យខាងផ្នែកនយោបាយ ទើបធ្លាក់ក្នុងស្ថានភាពទន់ខ្សោយ ខណៈដែលសាសនាព្រះពុទ្ធដែលចូលមកផ្សព្វផ្សាយក្នុងអំឡុងចុងសម័យរាជវង្សហានខាងកើត ក៏ចាប់ផ្ដើមរីកសុះសាយក្នុងរាជធានីលួយ៉ាង។

ក្រោយពេលឆាវហ្វាង ក្សត្រវ័យក្មេងឡើងគ្រងរាជ្យបានមិនយូរប៉ុន្មាន អំណាចកណ្ដាលរបស់នគរវ័យក៏ចាប់ផ្ដើមរង្គោះរង្គើ កើតមានការប្រយុទ្ធដណ្ដើមអំណាចគ្នារវាងឆាវសួងនិងស៊ឺម៉ាអ៊ីដែលជាអ្នកសម្រេចរាជការជំនួស។ ឆាវសួងចាញ់រួចក៏ត្រូវបានគេប្រហារជីវិត។ ត្រកូលស៊ឺម៉ាដែលដឹកនាំដោយស៊ឺម៉ាអ៊ីជាបិតា ស៊ឺម៉ាស៊ឺនិងស៊ឺម៉ាចាវពីរនាក់បងប្អូន ចូលគ្រប់គ្រងអំណាចបានទាំងស្រុងនាពេលនោះ។ ក្នុងគ.សឆ្នាំ ២៦៣ នគរវ័យក្រោមការដឹកនាំទ័ពរបស់ត្រកូលស៊ឺម៉ាវាយបង្ក្រាបនគរស៊ូរបស់លាវប៉ី។ ក្រោយពីនោះ ២ ឆ្នាំ ស៊ឺម៉ាយានបុត្ររបស់ស៊ឺម៉ាចាវក៏បង្ខំអោយឆាវហួនដាក់រាជ្យ ហើយស្ថាបនារាជវង្សជីនជំនួសវិញ។

នគរស៊ូដឹកនាំដោយលាវប៉ី បានខុងមីងជាទីប្រឹក្សានិងជាសេនាបតី។ នៅមុនពេលស្ថាបនាជានគរស៊ូ លាវប៉ីបានបាត់បង់មេទ័ពសំខាន់ៗមានគួនអ៊ី និងចាងហ្វី ក្នុងពេលខុសគ្នាតិចតួច ជាហេតុធ្វើអោយកំលាំងធ្លាក់ចុះខ្សោយ គួបផ្សំនឹងការដែលលាវប៉ីមិនស្ដាប់យោបល់របស់ពួកសេនាអាមាត្យ ចង់ធ្វើសង្គ្រាមជាមួយនគរអ៊ូឆាប់ៗ ដើម្បីសងសឹកអោយគួនអ៊ី។ ចុងក្រោយក៏បានចាញ់សង្គ្រាមយ៉ាងដុនដាប។ លាវប៉ីធ្លាក់ខ្លួនឈឺស្លាប់នៅប៉ៃទីឆឹង។ បុត្រាឈ្មោះលាវសានរឺអាតូវឡើងគ្រងរាជ្យបន្ដរ ដោយមានខុងមីងជាអ្នកសម្រេចរាជការផែនដី។

ខុងមីងយល់ឃើញថានគរស៊ូស្ថិតក្នុងសភាពទន់ខ្សោយនិងលំបាកដោយសារការវាយលុកជុំវិញ ព្រមជាមួយគ្នានោះតំបន់ភាគខាងត្បូង (បច្ចុប្បន្នគឺយូណានរបស់ចិន) កើតភាពច្រួលច្របល់ ទើបត្រូវចរចារសន្តិភាពជាមួយនគរអ៊ូ។ ពេលដល់គ.សឆ្នាំ ២៥៥ ខុងមីងលើកទ័ពចុះទៅខាងត្បូង ធ្វើសឹកយកឈ្នះមឹងហួមេកុលសម្ព័ន្ធក្នុងស្រុក នាំមកនូវសន្ដិភាពមកវិញ។ ក្រោយមក ខុងមីងបានតែងតាំងជនជាតិដើមក្នុងតំបន់ខ្លះចូលបម្រើរាជការនិងកងទ័ព ថែមទាំងមានការនាំមកជាមួយនូវគោនិងសេះមកប្រើក្នុងជួរកងទ័ពទៀតផង។ ចាប់តាំងពីពេលនោះមក ទំនាក់ទំនងជាមួយក្រុមកុលសម្ព័ន្ធក្នុងតំបន់ភាគខាងត្បូងក៏មានការប្រែប្រួលយ៉ាងច្រើន។ ក្នុងពេលជាមួយគ្នាដែរ ផ្នែកកសិកម្មនិងឧស្សាហកម្មបានទទួលអភិវឌ្ឍន៍យ៉ាងលឿន ស្រុកទេសកាន់តែរឹងមាំ ដើម្បីត្រៀមធ្វើសឹកជាមួយនគរវ័យរយៈពេលច្រើនឆ្នាំ។ ចុងក្រោយខុងមីងបានធ្លាក់ខ្លួនឈឺស្លាប់កណ្ដាលទី។ នគរស៊ូត្រូវដកទ័ពត្រឡប់ទៅវិញ។ ចាប់ពីពេលនោះមក នគរស៊ូត្រូវក្លាយជាអ្នកចាំរងការវាយលុកវិញ។ ចុងក្រោយក្នុងគ.សឆ្នាំ ២៦៣ នគរវ័យលើកទ័ពចូលមកវាយយកនគរស៊ូបានសម្រច។

នគរអ៊ូកាលដែលក្រុមឧទ្ទាមកន្សែងលឿងក្រោកឡើងបង្ករចលាចល ស៊ុនជាន ដែលជាមន្ដ្រីមានតួនាទីបានចេញទៅបង្ក្រាបក្នុងតំបន់ជាំងណាន។ កាលដែលយានសាវនិងបក្សសម្ព័នរួមដៃគ្នាបង្ក្រាបតុងជួ ស៊ុនជានក៏ចូលរួមជាមួយដែរ។ ក្រោយមកពេលស៊ុនជានស្លាប់ ស៊ុនឆឹជាកូនក៏បានចូលគ្រប់គ្រងកងទ័ពបន្ដរ។ ក្នុងគ.សឆ្នាំ ១៩៤ ដោយបានទទួលជំនួយពីចូវអ៊ីបន្ថែមកំលាំងទាហានអោយកាន់តែរឹងមាំឡើងថែមទៀត ស៊ុនឆឹក៏ចាប់ផ្ដើមពង្រីកអំណាចចូលជាំងតុងខាងកើតនៃទំនាបទន្លេយ៉ង់សេ។ ក្រោយពេលឆាវឆាវបានគ្រប់គ្រងព្រះចៅសៀនទី ស៊ុនឆឹក៏ងាកមកចុះចូលជាមួយឆាវឆាវ។ ក្រោយពេលស៊ុនឆឹស្លាប់ ស៊ុនឈានជាប្អូនប្រុសបានបន្ដតំណែង ជាហេតុធ្វើអោយឆាវឆាវថយទៅភាគខាងជើង ស៊ុនឈានក៏ចូលគ្រប់គ្រងតំបន់ភាគខាងកើតឆៀងខាងត្បូង កើតជាកំលាំងនគរបីច្បាំដណ្ដើមអំណាចគ្នា។

បញ្ហាដែលនគរអ៊ូត្រូវប្រឈមគឺ ត្រូវចាំប្រឈមនឹងក្រុមកុលសម្ព័ន្ធសានយៀ ដែលតែងតែបង្កអសន្ដិសុខ និងកំលាំងសម្ពាធពីកងកំលាំងនគរវ័យនាភាគខាងជើង។ ក្នុងគ.សឆ្នាំ ២៣៤ ក្រោយយុទ្ធនាការវាយឡោមព័ទ្ធ ធ្វើអោយកុលសម្ព័ន្ធសានយៀដាក់អាវុធព្រមចុះចាញ់។ ក្រោយមក ជនជាតិហាននិងក្រុមកុលសម្ព័ន្ធសានយៀបានរំលាយចូលគ្នា។ ចំពោះបញ្ហាកងកំលាំងនគរវ័យដែលមានសម្ពាធពីខាងជើងវិញ ក៏បានការវាយលុកនិងដកថយឆ្លាស់គ្នាទៅវិញទៅមក។ ក្រោយពេលខុងមីងស្លាប់និងនគរវ័យបង្រ្កាបនគរស៊ូបាន នគរវ័យក៏បន្ថែមកំលាំងសម្ពាធមកលើនគរអ៊ូកាន់តែខ្លាំងឡើង តែដោយសារសមត្ថភាពធ្វើសង្គ្រាមផ្លូវទឹករបស់នគរវ័យមានកម្រិត ការប្រយុទ្ធបានអូសបន្លាយតទៅទៀតអស់រយៈពេលជាច្រើនឆ្នាំ។

ក្នុងអំឡុងពេល ៥២ ឆ្នាំនៃការស្ថាបនានគរវ័យ បានមានការរុករានដីថ្មីសម្រាប់ធ្វើកសិកម្ម នយោបាយការគ្រប់គ្រងក៏មានស្ថេរភាព ដែនដីតំបន់ជាំងណានមានការអភិវឌ្ឍន៍ផ្នែកធ្វើនាវានិងការដឹកជញ្ជូនផ្លូវទឹកយ៉ាងខ្លាំង ទន្លេផ្សេងៗ បានតភ្ជាប់គ្នារហូតក្លាយជាផ្លូវគមនាគមន៍សំខាន់ពីដែនដីខាងកើតឆ្ពោះទៅដែនដីខាងត្បូង រហូតមានការធ្វើនាវាចរឡើងទៅជើងដល់លៀវតុង ខាងត្បូងធ្វើនាវាចរទៅដល់តំបន់សមុទ្រខាងត្បូង។ ពេលដល់គ.សឆ្នាំ ២៣០ បានមានក្រុមនាវាចរទៅដល់កោះតៃវ៉ាន់ជាលើកដំបូងតាមកំណត់ត្រាប្រវត្ដិសាស្ដ្រ។ ក្រៅពីនេះ រាជទូតពីនគរអ៊ូបានចុះទូកទៅទិសខាងត្បូងរហូតដល់ភាគខាងត្បូងនៃវៀតណាមនិងអាណាចក្រហ្វូណន (ប្រទេសកម្ពុជាសព្វថ្ងៃ) ជាដើម បានមានការផ្សព្វផ្សាយព្រះពុទ្ធសាសនាពីលួយ៉ាងចុះទៅដែនដីភាគខាងត្បូង តំណាលគ្នានឹងលទ្ធិសាសនាតាវ។

ក្រោយពេលស៊ុនឈានស្លាប់ក្នុងគ.សឆ្នាំ ២៥២ នគរអ៊ូក៏ចុះខ្សោយ។ ក្នុងខណៈដែលនគរវ័យដែលដឹកនាំដោយត្រកូលស៊ឺម៉ាចេះតែមានការរឹងមាំជាលំដាប់ ក្រោយពេលវាយយកបាននគរស៊ូក្នុងគ.សឆ្នាំ ២៦៣ និងការប្ដូរមកជារាជវង្សជីនក្នុងគ.សឆ្នាំ ២៦៥ រាជវង្សជីននៅវិលវល់ក្នុងការពង្រឹងគ្រឹះរបស់ខ្លួន ជាហេតុធ្វើអោយនគរអ៊ូនៅអាចរក្សាអាទិភាពរបស់ខ្លួនបានមួយរយៈទៀត។ ពេលដល់គ.សឆ្នាំ ២៦៩ នគរជីនទទួលបានអ្នកជំនាញសង្គ្រាមជើងទឹកពីនគរស៊ូ ចាប់ផ្ដើមបង្វឹកកងទ័ពជើងទឹក។ លុះដល់គ.សឆ្នាំ ២៧៩ កងទ័ពនគរជីនបានលើកមកវាយភាគខាងជើងទន្លេយ៉ងសេនៃនគរអ៊ូ វាយចូលដល់រាជធានីបានក្នុងគ.សឆ្នាំ ២៨០ នគរអ៊ូក៏ដល់ដំណាក់កាលអវសាន។

នៅសម័យសាមកុក ថ្វីបើមានសង្គ្រាមជាប្រចាំ តែសភាពស្រុកទេសមានភាពខុសគ្នាពីភាពច្របូកច្របល់ក្នុងអំឡុងចុងសម័យរាជវង្សហានខាងកើត ដោយសារជាសង្គ្រាមដែលប្រជាជននៃនគរនីមួយៗប្រាថ្នាចង់បង្រួបង្រួមផែនដីអោយមានឯកភាព។ ផ្នែកកំលាំងយោធា នគរវ័យខ្លាំងជាងគេ បន្ទាប់មកគឺនគរអ៊ូ និងនគរស៊ូខ្សោយជាងគេ ដូច្នេះភារកិច្ចការបង្រួបបង្រួមប្រទេសចុងក្រោយត្រូវធ្លាក់លើនគរវ័យរឺជីន រាប់ចាប់ពីសភាពការច្របូកច្របល់នៅចុងសម័យរាជវង្សហានខាងកើតរហូតដល់ការប្រឈមដាក់គ្នានៃនគរទាំងបីក្នុងសម័យសាមកុកនេះ ជាការវិវត្ដន៍ផ្នែកប្រវត្ដិសាស្ដ្រមួយដំណាក់កាលទៀត តែបើរាប់ជារយៈពេលជាអាយុឃើញថា នគរអ៊ូមានអាយុដល់ទៅ ៥២ ឆ្នាំ នគរវ័យ ៤៥ ឆ្នាំ និងនគរស៊ូ ៤៣ ឆ្នាំ។ ក្នុងគ.សឆ្នាំ ២៨០ ពេលព្រះចៅជីនអ៊ូទី (ស៊ឺម៉ាយាន) នៃរាជវង្សជីនលើកទ័ពបោសសំអាតនគរអ៊ូដែលនៅតែឯងរួចហើយ សម័យសាមកុកក៏មកដល់កាលអវសាន។

***ការយល់ឃើញរបស់អ្នកប្រវត្ដិសាស្ដ្រចិនទាក់ទងនឹងការបែងចែកអំឡុងពេលនៃសម័យនេះខុសគ្នាជា ២ ផ្នែក គឺការយល់ឃើញទីមួយ (គ.សឆ្នាំ ២២០-២៦៥) ចាប់ផ្ដើមពីពេលដែលតុងជួឡើងកាន់អំណាចជំនួសរាជវង្សហានក្នុងគ.សឆ្នាំ ២២០ និងចុងបញ្ចប់ពេលបង្កើតរាជវង្សជីនជំនួសរាជវង្សវ័យក្នុងគ.សឆ្នាំ ២៦៥ និងការយល់ឃើញទីពីរគឺ (គ.សឆ្នាំ ១៩៦-២៨០) ចាប់ផ្ដើមពីពេលដែលតុងជួបង្ខំអោយព្រះចៅសៀនទីអាយ៉ងរបស់ខ្លួន លើករាជជានីពីលួយ៉ាងទៅស៊ីឆាងក្នុងគ.សឆ្នាំ ១៩៦ និងចុងបញ្ចប់ក្នុងគ.សឆ្នាំ ២៨០ ពេលដែលរាជវង្សជីនបង្ក្រាបនគរអ៊ូបានសម្រេច និងបង្រួបង្រួមផែនដីចិនទាំងមូលបានម្ដងទៀត។

កែសម្រួលដោយ: ពុទ្ធីរម្យ

ការជំរុញទឹកចិត្ត និង គំនិតច្នៃប្រឌិត ខែ​កុម្ភៈ 28, 2020

Posted by ភារម្យ in អប់រំ.
add a comment

ការជំរុញទឹកចិត្ត ការលើកទឹកចិត្ត ឬ គ្រឿងលើកទឹកចិត្ត (Motivation) ត្រូវបានគេបែងចែកជាពីរគឺ គ្រឿងជំរុញទឹកចិត្តខាងក្រៅ និង គ្រឿងជំរុញទឹកចិត្តខាងក្នុង។ គ្រឿងជំរុញទឹកចិត្តខាងក្រៅ សំដៅដល់ចលករទាំងឡាយដែលនៅជុំវិញខ្លួនបុគ្គលម្នាក់ រីឯគ្រឿងជំរុញទឹកចិត្តខាងក្នុងវិញ សំដៅដល់ចលករទាំងឡាយណា ដែលមានក្នុងខ្លួនមនុស្ស ដូចជាកម្លាំងចិត្តជាដើម។ មានសំណួរមួយបានចោទសួរថា តើការជំរុញទឹកចិត្ត ឬ គ្រឿងជំរុញទឹកចិត្តខាងក្រៅ រាំងស្ទះ ឬ ជំរុញការច្នៃប្រឌិតរបស់មនុស្ស? មានការស្រាវជ្រាវជាច្រើនបានធ្វើឡើងទាក់ទងទៅនឹង ចលករខាងក្រៅគ្រប់គ្រងបញ្ជាគ្រឿងជំរុញទឹកចិត្តខាងក្រៅ ទីនេះខ្ញុំនឹងផ្តោតតែទៅលើគ្រឿងជំរុញទឹកចិត្តខាងក្រៅឯករាជ្យប៉ុណ្ណោះ (ពុំមានឥទ្ធិពលពីចលករខាងក្រៅ) ដែលបានកើតលើបុគ្គលណាដែលប្រកាន់ជំនឿអ្វីមួយជាក់លាក់ (core value)។

ប្រមាណជា ៦០ ឆ្នាំកន្លងមក អ្នកស្រាវជ្រាវ Crutchfield (1961, 1962) បានស្នើរថា ការជំរុញទឹកចិត្ត ឬ គ្រឿងជំរុញទឹកចិត្តខាងក្នុង បានជួយជំរុញការគិតច្នៃប្រឌិតរបស់មនុស្ស ផ្ទុយមកវិញ ការជំរុញទឹកចិត្ត ឬ គ្រឿងជំរុញទឹកចិត្តខាងក្រៅបានរារាំងដល់ការគិតច្នៃប្រឌិត។ ក្រោយពីនោះមក ក៏មានការស្រាវជ្រាវជាច្រើនបានធ្វើឡើង ដោយយោងទៅតាមការលើកឡើងរបស់ Crutchfield ដោយគេតាំងសម្មតិកម្មថា ការជំរុញទឹកចិត្ត ឬ គ្រឿងជំរុញទឹកចិត្តខាងក្នុង ជំនួយដល់ការគិតច្នៃប្រឌិតរបស់មនុស្ស ហើយការស្រាវជ្រាវទាំងអស់នោះ ត្រូវបានគេទទួលស្គាល់ជាច្រើន (ដូចជា Koestner, Ryan, Bernieri, & Holt, 1984; Kruglanski, Friedman, & Zeevi, 1971; សម្រាប់ការសរសេរបញ្ចេញយោបល់សូមអាន Amabile, 1996)។ មានការស្រាវជ្រាវតិចតួចណាស់ ផ្តោតសំខាន់ទៅលើសម្មតិកម្មដែលលើកឡើងថា ការជំរុញទឹកចិត្ត ឬ គ្រឿងជំរុញទឹកចិត្តខាងក្រៅបានបំផ្លាញដល់ការគិតច្នៃប្រឌិតរបស់មនុស្ស។ លើសពីនេះក៏មានការស្រាវជ្រាវផ្សេងទៀត ផ្តោតលើការជំរុញទឹកចិត្ត ឬ គ្រឿងជំរុញទឹកចិត្តខាងក្រៅ តែរបកគំហើញទាំងនេះមានភាពឡូកឡំគ្នា មិនច្បាស់លាស់ ពោលគឺអ្នកស្រាវជ្រាវខ្លះថា គ្រឿងជំរុញទឹកចិត្តខាងក្រៅមានភាពអវិជ្ជមានដល់ការគិតច្នៃប្រឌិត (ឧទាហរណ៍ Amabile, 1985) ឯអ្នកស្រាវជ្រាវខ្លះទៀតរកឃើញថាគ្រឿងជំរុញទឹកចិត្តខាងក្រៅមានភាពវិជ្ជមានដល់ការគិតច្នៃប្រឌិត (ឧទាហរណ៍ Boice, 1983; Eisenberger & Rhoades, 2001) តែក៏នៅមានអ្នកស្រាវជ្រាវខ្លះលើកឡើងពីគំហើញដែលលាយឡំគ្នា (Baer, Oldham, & Cummings, 2003)។

បញ្ហាភាពចំរូងចំរាស់នេះ បានបណ្តាលឱ្យកើតមានការជជែកវែកញែកគ្នាយ៉ាងខ្លាំង ជាចុងក្រោយពុំមានដំណោះស្រាយណាមួយជាក់លាក់ ត្រូវបានលើកឡើងនោះទេ (Collins & Amabile, 1999; Eisenberger & Shanock, 2003)។ នៅក្នុងអំឡុងពេលជជែកវែកញែកគ្នានេះ មានបញ្ហាមួយត្រូវបានគេរកឃើញពេលធ្វើការស្វះស្វែងរកលទ្ធផលស្រាវជ្រាវ ហើយដែលត្រូវបានគេមើលរំលង គឺសេចក្តីសន្និដ្ឋានអម ដែលលើកឡើងថា ការជំរុញទឹកចិត្ត ឬ គ្រឿងជំរុញទឹកចិត្តខាងក្រៅជានិច្ចកាលពឹងផ្អែកលើយថាភាពខាងក្រៅ (ភាពដែលអាចកើតឡើងបានដោយឥតព្រាងទុក)ដូចជាការឱ្យរង្វាន់ ឬ ការដាក់ទោសជាដើម។ ការពិតទៅការជំរុញទឹកចិត្ត ឬ គ្រឿងជំរុញទឹកចិត្តខាងក្រៅមិនសុតតែពឹងផ្អែកលើយថាភាពនុះទេ។ Deci និង Ryan (1991) បានធ្វើការបែងចែក ការជំរុញទឹកចិត្ត ឬ គ្រឿងជំរុញទឹកចិត្តខាងក្រៅ ជា៣ផ្នែក លើកម្រិតដែលបុគ្គលធ្វើសកម្មភាព  បង្កើតការជំរុញទឹកចិត្ត ឬ គ្រឿងជំរុញទឹកចិត្តពីខាងក្រៅ (គ្រឿងជំរុញទឹកចិត្តដែលបានគ្រប់គ្រង) ទល់នឹងគ្រឿងជំរុញទឹកចិត្តខាងក្នុង (គ្រឿងជំរុញទឹកចិត្តឯករាជ្យ) របស់ខ្លួន។ ការជំរុញទឹកចិត្តទាំងពីរនេះ ត្រូវបានគ្រប់គ្រងពីខាងក្រៅ ឬគេអាចជឿថា វាកើតឡើងដោយហេតុខាងក្រៅ។ ផ្នែកទី ១ គ្រឿងជំរុញទឹកចិត្តពីក្រៅ (External motivation) កើតមានឡើងដោយមានមូលដ្ឋានគ្រិះលើ យថាហេតុខាងក្រៅដូចជា រង្វាន់ ប្រាក់លើកទឹកចិត្ត កេរ្តិ៏ឈ្មោះ ការទទួលស្គាល់ពីសង្គម ។ល។ ហើយវាជាចំណុចសំខាន់ដែលអ្នកស្រាវជ្រាវចាប់អារម្មណ៍ធ្វើការស្រាវជ្រាវ ពីទំនាក់ទំនងរវាង ការជំរុញទឹកចិត្ត និង គំនិតច្នៃប្រឌិត។ ផ្នែកទី ២ គ្រឿងជំរុញទឹកចិត្តចំលងពីខាងក្រៅ (Introjected motivation) ជាទំរង់មួយទៀតនៃការជំរុញទឹកចិត្ត ឬ គ្រឿងជំរុញទឹកចិត្តពីខាងក្រៅ មានមូលដ្ឋានលើ សំពាធពីវិន័យ ឬ បទបញ្ជា ជំរុញឱ្យបង្កើតបានជាឥរិយាបទមួយផ្នែក ពោលគឺបទពិសោធនៃអារម្មណ៍ទទួលខុសត្រូវ ឬ កាតព្វកិច្ច ឧទាហរណ៍ ធ្វើឥរិយាបទណាមួយ មនុស្សមានអារម្មណ៍ត្រូវធ្វើ ឬ គួរធ្វើ។ នៅក្នុងបទបញ្ញត្តិរបស់ Deci និង Ryan មានតែគ្រឿងជំរុញទឹកចិត្តខាងក្រៅមួយប្រភេទប៉ុណ្ណោះ ដែលកើតមកដោយឯកឯង ពោលគឺកើតមកពី អត្តា (Self)។ ការជំរុញទឹកចិត្ត ឬ គ្រឿងជំរុញទឹកចិត្តពីការកំណត់សម្គាល់ (Identified motivation) ជាពាក្យដែល Deci និង Ryan បានហៅ គឺសំដៅដល់គ្រឿងជំរុញទឹកចិត្តខាងក្រៅឯករាជ្យ ដែលមានមូលដ្ឋានគ្រិះលើ ជំនឿដែលជំរុញឱ្យបង្កើតបានជាឥរិយាបទពេញលេញមួយ ទាក់ទងនឹងជំនឿជាក់លាក់ រ៉ាប់រងដោយខ្លួនបុគ្គលម្នាក់ (ឧទាហរណ៍ ធ្វើឥរិយាបទណាមួយ ពីព្រោះគេជឿថា វានឹងនាំដល់លទ្ធផលមួយដែលគេចាត់ទុកថាមានសារសំខាន់យ៉ាងជ្រាលជ្រៅ)។