jump to navigation

ប្រជាជនសិង្ហបុរីទាំងអស់គឺលីក្វាន់យូ ខែមករា 12, 2024

Posted by ភារម្យ in ចំណេះដឹងទូទៅ, វិចារណកថា, សម្តីអ្នកប្រាជ្ង, អប់រំ.
trackback

ប្រទេសសិង្ហបុរីជាប្រទេសប្រភេទកោះខ្នាតតូច ដែលសម័យមុនអង់គ្លេសបានវិភាគថា ថ្វីដ្បិតតែជាកោះតូច តែមានទឹកសមុទ្រជ្រៅ ហើយទឹកមានលំនឹង ប្រៀបដូចទៅនឹងហុងកុង ឬ ស៊ីដនី ដែលវាអំណោយផលដល់ការកសាងមូលដ្ឋានកងទ័ពជើងទឹក។ នៅពេលនោះអង់គ្លេសបានទាក់ទងស្តេចស៊ុលតង់នៃរដ្ឋចូហូ (Johor Bahru) ហើយបានព្រមព្រាងគ្នា ដើម្បីជួលដីកោះនេះ។ រឿងនេះបានកើតឡើងនាសម័យ ស្តេមហ្វដ រ៉ាហ្វល់ (Stamford Raffles)។ នាសម័យសង្រ្គាមលោកលើកទី២ នាឆ្នាំ១៩៤១ ជប៉ុនដែលពេលនោះក្រោយវាបានបើកឆាកវាយ ភើល ហាប៊ើ នារដ្ឋហាវ៉ៃ សហរដ្ឋអាមេរិក មួយថ្ងៃក្រោយមកជប៉ុនក៏បានវាយយករាល់ប្រទេសទាំងឡាយណាដែលស្ថិតនៅក្រោមអាណានិគមបារាំងនិងអង់គ្លេស សិង្ហបុរីក៏ពុំអាចគេចផុតពីកណ្តាប់ដៃជប៉ុនបានដែរ។ ក្រោយមកនៅពេលសង្រ្គាមលោកលើកទី២បានបញ្ចប់ អង់គ្លេសដែលពេលនោះពុំមានប្រាក់ និង កងទ័ពគ្រប់គ្រាន់ ក៏បានចាប់ផ្តើមផ្តល់ឯករាជ្យដល់ប្រទេសដែលស្ថិតក្រោមអាណានិគមខ្លួនម្ដងបន្តិចៗ។ នាថ្ងៃទី៣១ សីហា ១៩៥៧ អង់គ្លេសផ្តល់ឯករាជ្យដល់ម៉ាឡេស៊ី ដែលគេហៅថា ម៉ឺដេកា (Merdeka) ដែលប្រែថាឯករាជ្យ ឬ សេរីភាព នោះឯង។

សិង្ហបុរីជាកោះតូច មានប្រជាជនប្រមាណពីរលាននាក់នៅពេលនោះ។ ក្រោយសិង្ហបុរីទទួលបានឯករាជ្យពីអង់គ្លេសនាឆ្នាំ ១៩៥៨ គណបក្សជាច្រើនត្រូវបានបង្កើតឡើង បក្សសំខាន់ៗមានដូចជា បក្សឆ្វេងនិយម បក្សកុម្មុយនីស្ដ និងបក្សសកម្មភាពប្រជាជន (People’s Action Party ហៅកាត់ថា PAP)។ បក្សសកម្មភាពប្រជាជនមានមេដឹកនាំសំខាន់បីរូប ទីមួយ អាប់ឌុល សាម៉ាត អ៊ីសម៉េល (Abdul Samad Ismail) កាន់សាសនាអ៊ីស្លាម ទី២ ស៊ីនណាថាំប៊ី រ៉ាចចារ៉ាត់តៈណាម (Sinnathamby Rajaratnam) ជនជាតិឥណ្ឌាតាមិល ទី៣ លី ក្វាន់យូ (Lee Kuan Yew) ធ្លាប់ជាមេធាវី។ បក្សនេះផ្តោតសំខាន់លើ សេរីនិយម។ ថ្លែងពី លីក្វាន់យូ គាត់មានសែស្រឡាយមកពីចិន រៀនចប់ផ្នែកច្បាប់ មហាវិទ្យាល័យហ្វីតវីលៀម ខេមប្រ៊ីដ ប្រទេសអង់គ្លេស។ ពេលនោះបក្សរបស់ លីក្វាន់យូ បានឈ្នះឆ្នោត ហើយបានចាត់តាំងរដ្ឋាភិបាល នាទឹកដីថ្មីមួយនេះ (ពេលនោះសិង្ហបុរីពុំទាន់ក្លាយជាប្រទេសនៅឡើយទេ)។ លី ក្វាន់យូបានក្លាយជានាយករដ្ឋមន្ត្រីសិង្ហបុរី នាឆ្នាំ១៩៥៩។ នាពេលនោះចំណូលសំខាន់របស់សិង្ហបុរី ២០% បានមកពីការជួលដីឱ្យអង់គ្លេស ដើម្បីសាងមូលដ្ឋានកងទ័ពជើងទឹក។ មួយទៀតបានមកពីកម្លាំងពលកម្មប្រជាជន ៧ម៉ឺននាក់ ក្រៅពីនោះពុំមានអ្វីសោះឡើយ ធនធានធម្មជាតិក៏គ្មាន ជាសហគមន៍ក្រីក្រ។

លីក្វាន់យូ ពេលនោះផ្តើមគិតពីអនាគតប្រទេស ដោយគាត់មានសំណួរសួរថា តើប្រទេសគាត់នឹងរស់នៅបានដោយរបៀបណា? និយាយដល់ម៉ាឡេស៊ីពេលនោះជាសហភាពម៉ាឡាយ៉ា មានរដ្ឋចំណុះ ១៣រដ្ឋ។ ពេលនោះលីក្វាន់យូគាត់គិតថាមានតែទៅរួបរួមជាមួយសហភាពម៉ាឡាយ៉ា យកសហភាពម៉ាឡាយ៉ា ជាខ្នងបង្អែកប៉ុណ្ណោះ ទើបអាចធ្វើឱ្យសិង្ហបុរីរស់រានមានជីវិតបាន។ សិង្ហបុរីក៏បានស្នើសុំម៉ាឡាយូដើម្បីរួបរួមជាមួយ ហើយបានក្លាយជារដ្ឋទី១៤នៃសហភាពម៉ាឡាយ៉ា។ នៅឆ្នាំ១៩៦៣ នាយករដ្ឋមន្ត្រីម៉ាឡេស៊ីនាពេលនោះមានឈ្មោះថា ទុនគូ អាប់ឌុល រ៉ាម៉ាន (Tunku Abdul Rahman) ក៏បានអនុម័តយល់ព្រម។ សូមបញ្ជាក់ថា លីក្វាន់យូ ជាមនុស្សពូកែម្នាក់ គាត់រៀនភាសាម៉ាឡាយូ ទោះបីជាគាត់មាន សែស្រឡាយ មកពីជាតិចិន តែគាត់និយាយបានតែភាសាអង់គ្លេស។ នៅពេលគាត់ដើរឃោសនារកសំឡេងឆ្នោត ជាពេលដែលគាត់ចាប់ផ្តើមរៀនភាសាចិន។ នេះជាមូលហេតុដែលជនជាតិសិង្ហបុរីអាចនិយាយបានច្រើនភាសា ព្រោះប្រជាជនយកគំរូតាមលីក្វាន់យូ។ លីក្វាន់យូ គិតថាការនិយាយបានច្រើនភាសាជាចំណុចពិសេសរបស់ជនសិង្ហបុរី។

ពេលលីក្វាន់យូ ចេះនិយាយភាសាម៉ាឡាយូ គាត់បានធ្វើដំណើរទៅកាន់ម៉ាឡេដើម្បីរកសំឡេងឆ្នោត ជាហេតុធ្វើឱ្យប្រជាជនម៉ាឡាយូចាប់ផ្តើមមិនទុកចិត្តគាត់ ឧបមាចិនមកដើរឃោសនាធ្វើនយោបាយនៅខ្មែរ ប្រជាជនខ្មែរប្រាកដជាមិនទុកចិត្តចិន រឿងនេះដូចគ្នាទៅនឹងករណី លីក្វាន់យូ ។ មួយទៀតនាសម័យនោះមានហេតុការណ៍សង្រ្គាមត្រជាក់បានកើតឡើង ប្រទេសនិមួយៗ ភាគីនិមួយៗមិនទុកចិត្តគ្នា ជាតួយ៉ាង ដោយសារឥទ្ធិពលសង្រ្គាមត្រជាក់សិង្ហបុរីជួបហេតុការណ៍ការបំផ្ទុះគ្រាប់បែកនៅអគារម៉េកដូណល។ ពេលនោះឥណ្ឌូណេស៊ីមិនទុកចិត្តសិង្ហបុរី ដោយឥណ្ឌូណេស៊ីគិតថាសិង្ហបុរីមានការលាក់ទុកចំហាយកុម្មុយនីស្ដ។ គឺដោយសារហេតុការណ៍ទាំងពីរនេះហើយ ដែលបណ្តាលឱ្យម៉ាឡាយូសម្រេចចិត្តដកសិង្ហបុរីចេញពីសហភាពនាថ្ងៃទី៩ សីហា ១៩៦៥។ នៅថ្ងៃដែលសិង្ហបុរីបានរួបរួមជាមួយម៉ាឡេ វាត្រូវនឹងថ្ងៃកំណើតរបស់លីក្វាន់យូ ដោយពេលនោះលីក្វាន់យូបានថ្លែងថា ថ្ងៃនេះជាថ្ងៃដ៏រីករាយបំផុតនៃជីវិតខ្ញុំព្រោះសិង្ហបុរីមានខ្នងបង្អែកហើយ តែពីរឆ្នាំក្រោយមក សិង្ហបុរីត្រូវបានគេបណ្តេញចេញពីសហភាពវិញ។ ថ្ងៃដែលសិង្ហបុរីត្រូវបានគេដកចេញ លីក្វាន់យូ បានពោលថា វាជាថ្ងៃដែលគាត់ឈឺចាប់បំផុត អ្នកមិនប្រកាន់ទេឬ បើខ្ញុំសូមឈប់បន្តិច (Would you mind if I stop for a while?) រួចគាត់យកក្រណាត់មកជូតទឹកភ្នែក។ ក្នុងក្តីស្រម៉ៃគាត់ៗគិតថាប្រជាជនសិង្ហបុរីពីរលាននាក់ ប្រាកដជាលែងលំបាកហើយ ពួកគេនឹងមានផ្ទះសំបែងផ្ទាល់ខ្លួន តែសុបិននោះត្រូវបានរលំរលាយ។ បីថ្ងៃក្រោយមក នាថ្ងៃទី១២ សីហា លីក្វាន់យូ បានប្រកាសជាសាធារណៈថា សិង្ហបុរីទីនេះគឺជាវេលទំនាបដីភក់ទឹកលិច តែ១០ឆ្នាំខាងមុខ ទីនេះនឹងក្លាយជាមហានគរ។ នេះគឺជាចក្ខុវិស័យរបស់លីក្វាន់យូ។

ក្រោយប្រកាស លីក្វាន់យូ ពេលនោះមាននយោបាយសំខាន់ៗជាច្រើន។ សិង្ហបុរីមានជាតិសាសន៍ជាច្រើនរស់នៅរួមគ្នា ជាតួយ៉ាង ចិន ឥស្លាមម៉ាឡេ និងឥណ្ឌាតាមិលជាដើម ដូច្នេះហើយលីក្វាន់យូត្រូវធ្វើយ៉ាងណាដើម្បីបណ្តុះគំនិតឱ្យប្រជាជនទាំងអស់រួមគ្នាជាធ្លុងមួយ ពោលគឺជាជនជាតិសិង្ហបុរី (Singaporeans) នេះគឺជានយោបាយទី១។ នយោបាយទី២ ប្រជាជនសិង្ហបុរីត្រូវមានផ្ទះសំបែងផ្ទាល់ខ្លួន សម័យមុនប្រជាជនសិង្ហបុរីរស់នៅក្នុងផ្ទះដំបូលស័ង្កសីតូចៗជាប់ប្រឡាយទឹកស្អុយ ជាប្រភេទផ្ទះបណ្តោះអាសន្ន។ ការធ្វើបែបនេះមានទស្សនវិទ្យានៅពីក្រោយ ពោលគឺដើម្បីធ្វើឱ្យកោះដ៏តូចនេះក្លាយជាប្រទេសមួយបាន គេត្រូវធ្វើឱ្យប្រជាជនទាំងអស់គិតថា ពួកគេមានផ្ទះជារបស់ខ្លួន តាំងនៅលើកោះនេះ។ និយាយដោយសង្ខេបទីមួយគឺកែប្រែផ្នត់គំនិត កុំឱ្យប្រជាជនគិតថាគេជាជនជាតិឥណ្ឌា ចិន ។ល។ តែត្រូវគិតថាគេជាជនជាតិសិង្ហបុរី ទី២រូបនាម គឺមានផ្ទះជារបស់ខ្លួននេះឯង។

បើទោះបីជានៅពេលនោះសិង្ហបុរីគ្មានអ្វីក្នុងដៃទាល់តែសោះ ជាប្រទេសក្រីក្រ តែ លីក្វាន់យូ មានចក្ខុវិស័យថា ថ្ងៃណាមួយពេលយើងក្លាយជាប្រទេសអ្នកមាន អ្នកខាងក្រៅនិងអ្នកជិតខាងប្រាកដជាមកប្លន់វាយយើង ដូច្នេះហើយ លីក្វាន់យូមានគំនិតបង្កើតឱ្យមានកងទ័ពសិង្ហបុរី។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃសិង្ហបុរីនាពេលនោះ គឺ កុះកេងស្វី (Goh Keng Swee) គាត់ជាអ្នកផ្តើមរៀបគំរោងបង្កើតកងទ័ព ពោលគឺតាំងពីឆ្នាំដំបូងនៃការកសាងរដ្ឋសិង្ហបុរី។ ការបង្កើតកងទ័ព នេះគឺជានយោបាយទី៣។ សិង្ហបុរីប្រៀបប្រដូចទៅនឹងនុយបង្កងដែលតូចល្អិត តែនុយនេះមានពិស កាលបើត្រីធំណាស៊ីនុយនេះ វាប្រាកដជានៅមិនសុខនោះទេ។ ខណៈនោះសិង្ហបុរីស្ថិតនៅក្នុងភាពលំបាកលំបិនជាខ្លាំង បើសិនទៅសុំជំនួយពីប្រទេសជិតខាងដូចជាម៉ាឡេ ប្រាកដជាត្រូវបានបដិសេធ លីក្វាន់យូ និង កុះកេងស្វី ក៏គិតថា មានតែទៅសូមជំនួយពីប្រទេសដែលមានលក្ខណៈស្រដៀងខ្លួន ពោលគឺជាប្រទេសតូច ហើយឡោមព័ទ្ធទៅដោយបណ្តាប្រទេសដែលពុំទុកចិត្តខ្លួន ប្រទេសនោះគឺ អ៊ីស្រាអែល។ ពេលនោះមេបញ្ជាការអ៊ីស្រាអែលមានឈ្មោះថា យីតហ្សាក់ រ៉ាប៊ីន (Yitzhak Rabin) បានទទួលសំបុត្រសុំជំនួយពីសិង្ហបុរី គាត់បានយល់ព្រម រួចបានចាត់គ្រូបង្វឹកទាហានឱ្យទៅជួយបង្វឹកកងទ័ពសិង្ហបុរី ព្រមជាមួយប្លង់គំរូនៃការរៀបចំកងទ័ពឱ្យសិង្ហបុរី តាមរយៈសៀវភៅមួយក្បាលមានចំណងជើងថា សៀវភៅពណ៌ត្នោត (Brown Book)។ យីតហ្សាក់ រ៉ាប៊ីន បានណែនាំទាហានដែលត្រូវទៅជួយសិង្ហបុរីថា ពួកយើងទៅនេះគឺដើម្បីហ្វឹកហ្វឺនពួកគេ ត្រូវចាំថាពួកយើងមិនមែនជា ឈ្មួញជួញដូរអាវុធនោះទេ ដូច្នេះហើយចូរកុំបង្ខំគេឱ្យទិញអាវុធពីយើងឱ្យសោះ។ រឿងមួយទៀតដែលបញ្ជាក់ពីការរៀបគម្រោងដ៏ល្អិតល្អន់របស់លីក្វាន់យូនិងយីតហ្សាក់ រ៉ាប៊ីននោះគឺ បើសិនជាអ៊ីស្រាអែលបញ្ចូនគ្រូបង្វឹកដែលមានមុខមាត់ជាជាតិជ្វីសមក ប្រទេសជិតខាងសិង្ហបុរី ដែលមានម៉ាឡេ ឥណ្ឌូណេស៊ីជាដើមប្រាកដជាមិនពេញចិត្ត ព្រោះប្រទេសទាំងនេះសម្បូរអ្នកកាន់សាសនាអ៊ីស្លាមដែលពុំចូលចិត្តជ្វីស ដូច្នេះហើយ យីតហ្សាក់ រ៉ាប៊ីន បានបញ្ជាឱ្យគេរើសគ្រូបង្វឹកដែលមានមុខមាត់មិនដូចជាជនជាតិជ្វីស ជាពិសេសសម្បុរខ្មៅស្រអែម សក់ខ្មៅ បញ្ជូនមកសិង្ហបុរី។

បន្តនិយាយដល់ផែនការអភិវឌ្ឍន៍ប្រទេសជាតិវិញ ដោយសារសិង្ហបុរីជាប្រទេសថ្មីទើបកកើត ដូច្នេះហើយ លីក្វាន់យូ បានធ្វើដំណើរទៅក្រៅប្រទេសជាញឹកញាប់ ដោយប្រើពេលវេលាពីរខែ ដើម្បីប្រកាសឱ្យលោកបានស្គាល់ពីរដ្ឋសិង្ហបុរី ពោលគឺបើកចំហឱ្យពិភពលោកទទួលស្គាល់រដ្ឋដែលទើបបង្កើតថ្មីនេះ។ នេះគឺជានយោបាយទី៤។ ការចូលរួមជាមួយអាស៊ាន ក៏ជាផ្នែកមួយនៃនយោបាយនេះដែរ។ រីឯការសិក្សាក៏ជារឿងមួយដែល លីក្វាន់យូ គិតថាវាជារឿងមួយដ៏សំខាន់ខ្លាំងបំផុត។ ថ្ងៃដែលលីក្វាន់យូ ប្រកាសថាសិង្ហបុរីនឹងក្លាយជាមហានគរ គាត់បានពោលបន្ថែមទៀតថា ការរីកចម្រើននេះគឺកើតឡើងពីប្រជាជន ពីការគ្រប់គ្រងរបស់ពួកយើង។ ចំណុចនេះហើយដែលបញ្ជាក់ថា ចលករដ៏សំខាន់ជំរុញឱ្យសិង្ហបុរីរីកចម្រើនខ្លាំងបែបនេះ នោះគឺដោយសារធនធានមនុស្សនេះឯង គេត្រូវចាំថាសិង្ហបុរីពុំមានធនធានធម្មជាតិនោះទេ។ សំណួរសួរថា តើសិង្ហបុរីនាំចេញផលិតផលអ្វី? សិង្ហបុរីពុំនាំចេញអ្វីដែលសំខាន់ៗគួរឱ្យកត់សម្គាល់នោះទេ តែសិង្ហបុរីគឺជាពាណិជករ។ សិង្ហបុរីមានរោងចក្រចម្រាញ់ប្រេង ។ល។ សូមបញ្ជាក់ថា រដ្ឋសិង្ហបុរីបានគិតគូរជាយូរយាណាស់មកហើយ គេមានមហិច្ឆតាថាគេនឹងកាន់កាប់ខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងតំបន់ (Supply Chain) ឱ្យបាន។ បច្ចុប្បន្នរឿងនេះវាលែងជាទស្សនៈវិស័យទៀតហើយ ព្រោះសិង្ហបុរីធ្វើបាន។ ជាទូទៅមនុស្សជាច្រើនតែងចោទសួរថា តើអ្វីគឺជាប្រធានបទនៃទំនោរសង្គម (Trend) បច្ចុប្បន្ននេះ? តែ លីក្វាន់យូ ពុំគិតដូច្នោះទេ លីក្វាន់យូគិតថាកុំធ្វើជាអ្នករត់តាម ចូរធ្វើជាអ្នកសាងទំនោរសង្គមវិញ។ ជាតួយ៉ាង លីក្វាន់យូ ដឹងថាអនាគតប្រេងនឹងឡើងថ្លៃ ដូច្នេះហើយលីក្វាន់យូ មាននយោបាយបង្កើតរោងច្រកចម្រាញ់ប្រេងនៅកោះសិង្ហបុរី។

គ្រប់យ៉ាងបានដំណើរការមកយ៉ាងរលូន តែនាឆ្នាំ ១៩៦៨ បីឆ្នាំក្រោយទទួលបានឯករាជ្យ មួយឆ្នាំក្រោយចូលរួមជាមួយអាស៊ានមកអង់គ្លេសបានប្រាប់សិង្ហបុរីថា អង់គ្លេសនឹងឈប់ជួលដីសិង្ហបុរីទៀតហើយ ដោយមានហេតុផលថាអង់គ្លេសជួបប្រទះបញ្ហាកង្វះថវិកា ក៏ដូចជាកងទ័ព អង់គ្លេសនឹងដកកងទ័ពចេញពីសិង្ហបុរីជាបន្ទាន់។ ទទួលបានដំណឹងនេះសិង្ហបុរីតក់ស្លុតជាខ្លាំង ខណៈនោះលីក្វាន់យូបានទាក់ទងទៅអង់គ្លេសភ្លាមៗ ដោយស្នើសូមឱ្យអង់គ្លេសរង់ចាំបន្តិច ព្រោះរឿងនេះវាជះឥទ្ធិពលជាខ្លាំងដល់ប្រជាជនសិង្ហបុរី ពួកគេនឹងបាត់បង់ការងារធ្វើយ៉ាងតន់ហន់ រីឯសេដ្ឋកិច្ចជាតិ ២០% នឹងរលាយបាត់ក្នុងមួយពព្រិចភ្នែក។ អង់គ្លេសបានយល់ព្រម ដោយបន្តកិច្ចសន្យាជួលដីបន្តក្នុងរយៈពេលបីឆ្នាំ ចូលដល់ឆ្នាំ ១៩៧១ រួចអង់គ្លេសនឹងដកកងទ័ពចេញទាំងអស់ ហើយបង់ប្រាក់លើកទឹកចិត្តឱ្យសិង្ហបុរី ៥០លានផោន។ លីក្វាន់យូក៏បានដឹងដែរថា ថ្ងៃណាមួយហេតុការណ៍នេះនឹងកើតឡើង ដូច្នេះហើយលីក្វាន់យូនិងក្រុមការងារក៏បាន រិះគិតដល់ប្រភេទឧស្សាហកម្មដែលសិង្ហបុរីអាចបង្កើតបាន។ នេះគឺជាទស្សនវិស័យរបស់ពួកគាត់។ ឧស្សាហកម្មផ្សេងៗបង្កើតឡើងដោយលំបាក ព្រោះធនធានធម្មជាតិសិង្ហបុរីពុំមានទាល់តែសោះ។ ជាចុងក្រោយសិង្ហបុរីគិតថា មានឧស្សាហកម្មមួយដែលសិង្ហបុរីអាចធ្វើបាន ហើយឧស្សាហកម្មនោះគឺ ឧស្សាហកម្មទាក់ទងនឹងហិរញ្ញវត្ថុ និង ឧស្សាហកម្មផ្តល់សេវា។ លីក្វាន់យូគិតថាសិង្ហបុរីមានសក្តានុពលធនធានមនុស្សដ៏សំខាន់ មនុស្សម្នាក់អាចនិយាយភាសាបានយ៉ាងតិចពីរ ពោលគឺចិននិងអង់គ្លេស។ លីក្វាន់យូក៏បានធ្វើការកែប្រែប្រព័ន្ធតួអក្សរសិង្ហបុរីជាថ្មី ដោយពុំយកគំរូតាមតួអក្សរចិនដើមដូចហុងកុងឬតៃវ៉ាន់ឡើយ។ ពេលខ្លះនៅពេលជនជាតិសិង្ហបុរីនិយាយភាសាអង់គ្លេសមានមនុស្សសើចចំអកដល់ការបញ្ចេញសំនៀង តែជនជាតិសិង្ហបុរីមិនដែលខ្វល់ខ្វាយពីរឿងនោះទេ អ្វីដែលសំខាន់គឺពេលជនជាតិសិង្ហបុរីឡើងនិយាយ មនុសុ្សទាំងឡាយត្រូវតែយកចិត្តទុកដាក់ស្តាប់។

រឿងមួយទៀតទាក់ទងនឹងក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិ។ ៧ឆ្នាំក្រោយបង្កើតប្រទេស សិង្ហបុរីមានព្រលានយន្តហោះអន្តរជាតិផ្ទាល់ខ្លួន បង្កើតឡើងនាឆ្នាំ ១៩៧២ ជាក្រុមហ៊ុនអាកាសចរណ៍ដែលពុំមានជើងហោះហើរក្នុងស្រុក។ ដំបូងៗមានត្រឹមជើងហោះហើរ ក្រុងសិង្ហបុរីហោះត្រង់ទៅឡុងដ៏ អង់គ្លេស ដោយសិង្ហបុរីមានទំនាក់ទំនងល្អជាមួយអង់គ្លេសតាំងពីអតីតកាល។ នេះជាការដាក់ឱ្យប្រើប្រាស់ដំបូងនូវក្រុមហ៊ុនអាកាសចរណ៍សិង្ហបុរី ដែលការដាក់ឱ្យប្រើនេះ ពោពេញទៅដោយភាពវ័យឆ្លាត។ គឺដោយសារអង់គ្លេសខ្លួនឯង ក៏ជាមជ្ឈមណ្ឌលកណ្តាលនៃជើងហោះហើរទាំងអស់នៅអឺរ៉ុប។ ចាប់ពីពេលនោះមកក៏មានជើងហោះហើរជាច្រើនទៅចុះចត និងហោះទៅហោះមកនៅសិង្ហបុរី។ បច្ចុប្បន្នសិង្ហបុរីជាមជ្ឈមណ្ឌលកណ្តាលនៃជើងហោះហើរនៅតំបន់។ យុទ្ធសាស្ត្រមួយទៀតដែលធ្វើឱ្យសិង្ហបុរីក្លាយជាប្រទេសអ្នកមាន នោះគឺការបណ្តាក់ទុន។ ជនជាតិសិង្ហបុរីពូកែគ្រប់គ្រងហិរញ្ញវត្ថុ ដែលនេះគឺជាយីហៅដ៏ល្បីរបស់សិង្ហបុរី។ ពិភពលោកទទួលស្គាល់យីហោម៉ាកនេះ ពោលគឺយីហោធនធានមនុស្សសិង្ហបុរីនេះឯង។ និយាយដោយសង្ខេបដើម្បីបង្កើនសេដ្ឋកិច្ច អ្វីដែលសិង្ហបុរីបានធ្វើគឺ ទីមួយគឺការកសាងភាពទុកចិត្តឱ្យជនបរទេសមានទំនុកចិត្តជឿជាក់លើជនជាតិសិង្ហបុរី ទីពីរគឺធ្វើយ៉ាងណាស្រូបយករាល់រូបិយបណ្ណពីបរទេស ដោយសិង្ហបុរីបានដាក់គោលដៅដូច្នេះ រាល់ប្រព័ន្ធហិរញ្ញវត្ថុនៅលើពិភពលោក ត្រូវមករួមតួ នៅសិង្ហបុរី (System Integrator)។ សំណួរសួរថាប្រសិនបើលោកខាងលិចយកលុយរបស់គេមកបណ្តាក់ទុន តើប្រទេសណាដែលគេទុកចិត្តបំផុតដើម្បីហានិភ័យលុយរបស់គេ?

ដោយប្រទេសសិង្ហបុរីទើបកើតថ្មី ដូច្នេះវាប្រៀបប្រដូចទៅនឹងក្រដាសសមួយសន្លឹក ដែលងាយស្រួលក្នុងការគូសវាស។ ហេតុនេះហើយលីក្វាន់យូ បានបង្កើតបទបញ្ញត្តិទាក់ទងនឹងហិរញ្ចវត្ថុជាថ្មី ដោយគាត់បានកាត់បន្ថយភាពស្មុគស្មាញ។ សូមកុំភ្លេចថា លីក្វាន់យូ រៀនចប់ច្បាប់មកពីអង់គ្លេស លីក្វាន់យូ ដឹងថាច្បាប់គឺជាឧបសគ្គនៃធ្វើជំនួញ។ ទោះយ៉ាងណាក្តី បទបញ្ញត្តិនិងច្បាប់នៅសិង្ហបុរីដោយរួម មានភាពតានតឹង នេះក៏ដើម្បីធ្វើឱ្យប្រទេសមានរបៀប។ មនុស្សដែលទៅរៀននៅសាលា ទីមួយសួរខ្លួនឯងថាទៅរួចឬទេ? ទីពីរសួរខ្លួនឯងថា ធ្វើយ៉ាងណាទើបបានលេខ១? នេះគឺជាលោកគតិដែលខុសគ្នាដាច់។ សិង្ហបុរីជាប្រទេសពូកែខាងផាកពិន័យ (Singapore is the fine city) ជក់បារីនៅតាមទីសាធារណៈ ត្រូវផាកពិន័យ ទំពារស្ករកៅស៊ូត្រូវផាកពិន័យ ទុកសក់វែងក៏ត្រូវផាកពិន័យ ។ល។ សង្កេតឃើញថាបុរសសិង្ហបុរីពុំសូវមានអ្នកទុកសក់វែង។ គីថារ៉ូ (Kitaro) សិល្បៈករជប៉ុន ត្រូវបានហាមឃាត់មិនឱ្យចូលសិង្ហបុរីក៏ព្រោះសក់វែងនេះឯង។ តែបច្ចុប្បន្នច្បាប់ស្ដីអំពីការទុកសក់វែងលែងមានទៀតហើយ យ៉ាងណាក៏ដោយបុរសសិង្ហបុរីក៏នៅតែមិននិយមទុកសក់វែងដដែល នេះក៏ព្រោះវាប្រែក្លាយជាវប្បធម៌របស់ប្រទេសនេះទៅហើយ។ ប្រទេសយើងផ្តល់សេរីភាពនៃការធ្វើអ្វីមួយ តែសិង្ហបុរីប្រើកណ្តាប់ដៃដែក (Iron Fist)។

មានករណីមួយតុលាការសិង្ហបុរីបានកាត់ទោសប្រហារជីវិតជនជាតិម៉ាឡេម្នាក់ពីបទនាំ ហេរ៉ូអ៊ីន ៤៩ក្រាម ចូលសិង្ហបុរីដោយខុសច្បាប់។ ខណៈនោះមានបុរសម្នាក់ក្រោកឡើងតវ៉ា នោះគឺ រីឆាត ប្រេនសុន (Sir Richard Branson) ដោយគាត់ពោលថាទង្វើបែបនេះ ពិភពលោកមិនអាចទទួលយកបាននោះទេ ហេរ៉ូអ៊ីនត្រឹម ៤៩ក្រាម កាត់ទោសប្រហារជីវិត។ ពេលនោះរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក កាស៊ីវីសស្វាណាថាន ឆានមុកាំ (Kasiviswanathan Shanmugam) បានប្រកាសតាមសារព័ត៌មាន អញ្ជើញ រីឆាត ប្រេនសុន មកពិភាក្សាតទល់ (Debate) ដោយផ្ទាល់នៅសិង្ហបុរី ដោយសិង្ហបុរីនឹងចេញថ្លៃសំបុត្រយន្តហោះ និង សណ្ឋាគារឱ្យ។ តែ រីឆាត ប្រេនសុន ពុំបានមកនោះទេ ។ កាស៊ីវីសស្វាណាថាន ឆានមុកាំ បានពោលថា អ្នកឯងមកពីប្រទេសដែលលក់គ្រឿងញៀនទៅក្រៅប្រទេសហើយធ្វើសង្រ្គាមជាមួយគេពីរដង អ្នកឯងកំពុងតែមកថាឱ្យសិង្ហបុរី រឿងដាក់ទោសប្រហារជីវិតអ្នកនាំគ្រឿងញៀនខុសច្បាប់ចូលប្រទេសយើង។ នេះហើយគឺជាចិត្តវិញ្ញាណភាពជាសិង្ហបុរី ដែលបានត្រៀមទុកតាំងពីសម័យលីក្វាន់យូដឹកនាំដំបូងៗ។ ក្រៅពីច្បាប់ដ៏តឹងរ៉ឹង សារព័ត៌មាននៅសិង្ហបុរីក៏ពុំសូវទទួលបានសិទ្ធិសេរីភាពក្នុងការវិភាគ វាយតម្លៃ ជាពិសេសទៅលើស្ថាប័នរដ្ឋ។

ថ្លែងពីរឿងនយោបាយនៅសិង្ហបុរី លីក្វាន់យូដែលជាស្ថាបនិកសិង្ហបុរី ធ្លាប់បានថ្លែងថា បើអ្នកមិនបោះឆ្នោតឱ្យបក្សសកម្មភាពប្រជាជនទេ ខ្ញុំនឹងមិនជះលុយមកអភិវឌ្ឍតំបន់របស់អ្នកដែរ។ លីក្វាន់យូនិយាយត្រង់ទៅត្រង់មកបែបនោះ។ បច្ចុប្បន្នក្នុងសភាសិង្ហបុរីបក្សប្រឆាំងមានគ្នាប្រមាណ ១០ នាក់ប៉ុណ្ណោះ ដោយមានសមាជិកសភាសរុប ៩៦នាក់។ ជារឿយៗសិង្ហបុរីត្រូវបានលោកខាងលិចចោទប្រកាន់ថា មិនមែនជាប្រទេសប្រជាធិបតេយ្យ។ សិង្ហបុរីបាន តបទៅវិញថា សូមកុំយកការឱ្យតម្លៃទៅលើអ្វីមួយរបស់ប្រទេសអ្នក មកកំណត់ហើយជ្រៀតជ្រែកប្រទេសយើង។ សូមបញ្ជាក់ថា ខ្ញុំពុំបានទទួលស្គាល់ថាប្រជាធិបតេយ្យបែបសិង្ហបុរីល្អ ១០០% នោះទេ តែដោយសារអ្នកដឹកនាំសិង្ហបុរីពិតជាមានសមត្ថភាពពិតមែន។ គ្រប់ពេលដែលនិយាយដល់លីក្វាន់យូ ខ្ញុំតែងនឹកទៅដល់ប្លាតូ ប្លាតូបាននិពន្ធសៀវភៅមួយដែលមានចំណងជើងថា សាធារណរដ្ឋ (The Republic) ក្នុងសៀវភៅនេះប្លាតូនិយាយដល់ការគ្រប់គ្រងរដ្ឋពីសំណាក់ក្រុមមនុស្ស និង បុគ្គលតែម្នាក់។ របបគ្រប់គ្រងដែលល្អបំផុតគឺរបបផ្តាច់ការ តែចាំបាច់ត្រូវតែមានមេដឹកនាំដែលឆ្លាតវាងវៃ (Philosopher King)។ សិង្ហបុរីរីកចម្រើនមកទល់សព្វថ្ងៃនេះ ក៏ដោយសារតែប្រជាជនសិង្ហបុរីទាំងអស់មានជំនឿថា អ្វីដែលលីក្វាន់យូធ្វើសុតតែត្រឹមត្រូវ។ ផ្ទុយមកវិញប្រសិនបើប្រជាជនសិង្ហបុរីទាំងអស់គិតថាទង្វើដែលលីក្វាន់យូធ្វើពុំត្រឹមត្រូវនោះ ម៉្លេះរដ្ឋសិង្ហបុរីពុំបានដូចថ្ងៃនេះទេមើលទៅ។

ថ្លែងពីរឿងកណ្តាប់ដៃដែក នាឆ្នាំ ១៩៨០ នៅពេលក្រុមហ៊ុនអាកាសចរណ៍សិង្ហបុរីឈរជើងរឹងមាំ សមាគមអ្នកបើកយន្តហោះអាកាសចរណ៍សិង្ហបុរីរួបរួមគ្នាតវ៉ាដំឡើងប្រាក់ឈ្នួល។ ពេលនោះ លីក្វាន់យូ បានថ្លែងថាយើងនឹងជជែកចរចាគ្នា ពុំមែនតាមកញ្ចក់ទូទស្សន៍ តែយើងនឹងជជែកទល់មុខគ្នា (Face to face) រយៈចម្ងាយ ១៥០សង់ទីម៉ែត្រពីគ្នា។ អ្នកដឹងទេប្រទេសនេះចាយលុយដ៏មហាសាលដើម្បីផ្សព្វផ្សាយឃោសនាអាកាសចរណ៍សិង្ហបុរី។ ដោយសារទង្វើរបស់ពួកអ្នក ធ្វើការតវ៉ាត្រឹមពីអាទិត្យ មកបំផ្លិចបំផ្លាញអ្វីដែលពួកយើងបានសាងស្ទើរពេញមួយជីវិត។ លីក្វាន់យូបន្តថា ខ្ញុំបានប្រើពេលវេលាពេញមួយជីវិតខ្ញុំដើម្បីស្ថាបនាវា ដរាបណាខ្ញុំនៅតែជាអ្នកទទួលខុសត្រូវ ខ្ញុំនឹងមិនបណ្តោយឱ្យនរណាម្នាក់មកកម្ទេចវាចោលនោះទេ។ លីក្វាន់យូបានប្រើកណ្តាប់ដៃដែក មានវិធីមួយដើម្បីដោះស្រាយបញ្ហានេះ គឺអ្នកទាំងគ្នាសម្រេចចិត្តលាលែងពីតំណែង ហើយដើរចេញទៅចុះ តែអ្នកទាំងអស់គ្នានឹងស្ដាយក្រោយអស់មួយជីវិតចំពោះទង្វើដែលអ្នកបានធ្វើមកលើអាកាសចរណ៍សិង្ហបុរី។ បន្ទាប់មកខ្ញុំ និង ប្រជាជនសិង្ហបុរីទាំងអស់នឹងផ្តល់មេរៀនឱ្យពួកអ្នក។ ជាចុងក្រោយក្រុមអ្នកបើកយន្តហោះទាំងអស់នោះ ក៏យល់ព្រមតាមលីក្វាន់យូ។

ថ្លែងពី តេង ស៊ាវភីង មេដឹកនាំបក្សកុម្មុយនីស្ដចិន បានប្រមើលមើលដល់ប្រទេសទើបកើតថ្មីពោលគឺសិង្ហបុរីនេះឯង ដែលខណៈនោះមានអាយុត្រឹម ២៣ ឆ្នាំប៉ុណ្ណោះ តែ តេង ស៊ាវភីង ឆ្ងល់ថាហេតុអ្វីបានជាប្រទេសនេះ រីកចម្រើនលឿនខ្លាំងម៉្លេះក្នុងរយៈពេលដ៏ខ្លី? លីក្វាន់យូក៏បានធ្វើដំណើរទៅជួប តេង ស៊ាវភីង នៅប៉េកាំងដើម្បីចងមេត្រីរវាងប្រទេស។ អ្វីដែលលីក្វាន់យូរធ្វើឱ្យតេង ស៊ាវភីង ភ្ញាក់ផ្អើលបំផុតនោះគឺ គាត់និយាយភាសាចិនដាក់តេង ស៊ាវភីង។ ពេលនោះតេង ស៊ាវភីង បាននិយាយសរសើរដល់សិង្ហបុរីថារីកចម្រើនយ៉ាងលឿន តេង ស៊ាវភីងពេលនោះបានស្នើលីក្វាន់យូ ថាតើគាត់អាចបញ្ចូនមនុស្សទៅសង្កេតការប្រទេសសិង្ហបុរី មួយឆ្នាំបីពាន់នាក់បានដែរឬទេ? លីក្វាន់យូ តបថា បាន ដោយក្តីសោមនស្ស តែក្រោមលក្ខខណ្ឌមួយគឺសូម តេង ស៊ាវភីង ជួយបញ្ឈប់ឱ្យមានផ្សាយរលកវិទ្យុចិនទៅសិង្ហបុរី ដើម្បីដាក់មនោគមវិជ្ជាកុម្មុយនីស្ដបានដែរឬទេ? តេង ស៊ាវភីង ឮហើយពុំបានតបអ្វីទាំងអស់ រួចដើរចេញទៅ ចាប់ពីថ្ងៃនោះមកពុំមានការផ្សាយ រលកវិទ្យុចិនទាក់ទងនឹងមនោគមវិជ្ជាកុម្មុយនីស្ដទៅសិង្ហបុរីទៀតឡើយ។ នាឆ្នាំ ១៩៩០ លីក្វាន់យូ បានសំរេចចិត្តចូលនិវត្តន៍ គាត់កាន់អំណាចសរុបមានរយៈពេល ៣១ ឆ្នាំ។ អ្នកបន្តវេនពី លីក្វាន់យូ គឺ កុចុកតុង (Goh Chok Tong)។ នៅឆ្នាំ ១៩៩៤ មានហេតុការណ៍មួយបានកើតឡើង គឺបុរសអាម៉េរិកកាំងម្នាក់ អាចមានអាការៈរោគចិត្តតិចតួច គាត់បានយកថ្នាំបាញ់ពណ៌ និងមែកឈើទៅបាញ់និងកោសឡានដែលចតចោលអស់១៨គ្រឿង។ តាមច្បាប់សិង្ហបុរីដែលមានលក្ខណៈបុរាណបន្តិច គឺតម្រូវឱ្យវាយ៦រំពាត់។ ការដែលជនជាតិអាម៉េរិកកាំងត្រូវសិង្ហបុរីវាយបែបនេះ គឺជារឿងមួយដែលអាម៉េរិកមិនអាចទទួលយកបាន។ ពេលនោះប៊ីលក្លីនតុន បានផ្ញើលិខិតទាក់ទងមក កុចុកតុងដោយផ្ទាល់ ដោយប៊ីលក្លីនតុនបញ្ជាក់ថា ការដាក់ទោសប្រជាជនអាម៉េរិកកាំងដោយវាយនឹងរំពាត់ គឺជាការដែលមិនអាចទទួលយកបាន ហើយស្នើឱ្យលុបច្បាប់នេះចោល។ តែកុចុកតុងតបទៅប៊ីលក្លីនតុន វិញថា នេះជាច្បាប់ប្រទេសខ្ញុំ ដូចប្រយោគដែលមេដឹកនាំសិង្ហបុរីបានថ្លែងពីខាងលើ សូមកុំយកការឱ្យតម្លៃទៅលើអ្វីមួយរបស់ប្រទេសអ្នក មកកំណត់ហើយជ្រៀតជ្រែកប្រទេសយើង។ ប៊ីលក្លីនតុន បានសន្ទនាជាមួយកុចុកតុងយ៉ាងយូរ ហើយដោយសារសិង្ហបុរីយោគយល់ដល់ទំនាក់ទំនងរវាងអាម៉េរិក ជាចុងក្រោយ កុចុកតុង យល់ព្រមទោសបន្ថយពី៦រំពាត់ មក៤រំពាត់វិញ។ ចុះឱ្យពីរ រំពាត់ កុំភ្លេចថាអ្នកដែលសិង្ហបុរី ចរចាជាមួយគឺប្រធានាធិបតីអាម៉េរិក។ អ្នកបន្តវេនពីកុចុកតុង គឺ លីសៀនឡុង (Lee Hsien Loong) ដែលជាកូនប្រុសច្បងរបស់លីក្វាន់យូ។

និយាយដល់ប្រព័ន្ធអប់រំនៅសិង្ហបុរី វាមានលក្ខណៈស្រដៀងទៅនឹងអង់គ្លេស សូមរំលឹកថា លីក្វាន់យូ ក៏រៀនចប់មកពីអង់គ្លេសផងដែរ។ សម្រាប់សិង្ហបុរី រឿងគ្រូគឺជារឿងមួយដ៏សំខាន់។ គ្រូអនុញ្ញតឱ្យសិស្សមានសេរីភាពនៃការគិត ប្រើការការគិតមានហេតុមានផល មានការស្រមើស្រម៉ៃ និងមានការច្នៃប្រឌិត។ គ្រូមានតួនាទីណែនាំសិស្ស តម្រង់ទិសសិស្ស បំពេញចន្លោះខ្វះខាត។ ការប្រលងនៅសិង្ហបុរីទៀតសោត មានលក្ខណៈតឹងរឹងយ៉ាងខ្លាំង នៅសិង្ហបុរីពុំមានទេក្រោមមាត្រដ្ឋាន។ ការកេណ្ឌទ័ព (Conscription) ក៏ជារឿងសំខាន់មួយទៀត នៅសិង្ហបុរីមានច្បាប់កេណ្ឌទ័ពដូចកូរ៉េខាងត្បូងដែរ ដោយយុវជនសិង្ហបុរីត្រូវបម្រើកងទ័ពរយៈពេលពីរឆ្នាំ។ នៅសិង្ហបុរីមានសិទ្ធិស្មើគ្នា មិនថាកូនសេដ្ឋីឬកូនអ្នកក្រគឺត្រូវជាប់កាតព្វកិច្ចកេណ្ឌទាហានដូចៗគ្នា។ នៅពេលយុវជនម្នាក់ក្លាយជាទាហាន គេនឹងក្លាយទៅជាកូនប្រុសរបស់ប្រជាជនសិង្ហបុរីទូទាំងប្រទេស ព្រោះពួកគេនឹងបំពេញតួនាទីដើម្បីប្រជាជនទាំងអស់។ ការហ្វឹកទាហានក៏មានលក្ខណៈតឹងរឹង ធ្វើខុសវិន័យ គ្រូបង្វឹកជេរ មានការអាវ៉ង់ យុវជនជាច្រើនយំ នឹកផ្ទះ។ តាមរយៈទស្សនៈគ្រូបង្វឹក គឺគេធ្វើបែបនេះដើម្បីឱ្យយុវជនទាំងនោះ ទទួលយកសម្ពាធការគាបសង្កត់ឱ្យបានគឺត្រូវបំរុងទុកប្រសិនបើថ្ងៃណាមួយយុវជនទាំងនេះត្រូវចាប់ជាឈ្លើយសឹកសង្រ្គាម ព្រោះសត្រូវគ្មានទេមានចិត្តល្អលើពួកយុវជនទាំងនេះ។ ការហាត់ទាហានក៏បានបង្រៀនយុវជនឱ្យចេះរស់នៅជាក្រុម ស្គាល់របៀបវិន័យក្នុងការរស់នៅជាមួយគ្នា។ ដូច្នេះហើយទើបប្រជាជនសិង្ហបុរីមិនដែលគិតថាការកេណ្ឌទ័ពគឺទៅបម្រើជាតិនោះទេ តែគេគិតថាវាការអប់រំមួយបែប។

សូមបញ្ជាក់ថា យុគដំបូងសិង្ហបុរីប្រៀបប្រដូចទៅហ្នឹងបង្កងពិស តមកសិង្ហបុរីរឹងមាំឡើងប្រៀបប្រដូចទៅនឹងទុរេន បច្ចុប្បន្ននេះសិង្ហបុរីប្រៀបបានទៅនឹងកាំប្រមា ពុំមាននរណាអាចមកប៉ះពាល់គេបាន ព្រោះគេមានព្រួញស្រួចៗជាច្រើនដើម្បីការពារខ្លួន។សិង្ហបុរីមានទាហានប្រចាំការដែលដឹងពីវិធីប្រើប្រាស់អាវុធគ្រប់បែប អ្វីដែលសំខាន់ជាងនេះទៅទៀតនោះគឺ សិង្ហបុរីមានឧស្សាហកម្មផលិតប្រព័ន្ធការពារផ្ទាល់ខ្លួន ដោយមានក្រុមហ៊ុនមួយឈ្មោះថា អេសធី អេនជៀណឺរីង (ST Engineering) ចុះបញ្ជីក្នុងទីផ្សារហ៊ុនសិង្ហបុរី។ ក្រុមហ៊ុននេះផលិតតាំងពីកាំភ្លើងយន្ត រហូតដល់ប្រព័ន្ធរ៉ាដា។ បច្ចុប្បន្នពិភពលោកបានផ្លាស់ប្ដូរ ពិភពលោកត្រូវការភាពច្នៃប្រឌិតថ្មី តួយ៉ាង ភាពច្នៃប្រឌិតនៃសេដ្ឋកិច្ច (Creative Economy) ដើម្បីដើរឱ្យទាន់លោក សិង្ហបុរីព្យាយាមបង្កើតភាពច្នៃប្រឌិតដែលធ្វើឱ្យលោករំជើបរំជួលជាច្រើន មិនថារចនាសម្ព័ន្ធថ្មីៗ សិល្បៈ ។ល។ ជាតួយ៉ាងហ្កាដេនបាយដឺបេ (Gardens by the Bay)។

សមត្ថភាពគេអាចហ្វឹកហ្វឺនបាន តែសម្រាប់ប្រជាជនសិង្ហបុរីតែងមានទស្សនគតិមួយគឺ ដើរតួជាអ្នកឈ្នះគ្រប់ពេល (Act Like a Winner) ពួកគេតស៊ូមិនចុះចាញ់ឧបសគ្គគ្រប់យ៉ាង គឺគេមានផ្នត់គំនិតនេះតាំងពីអតីតរហូតដល់បច្ចុប្បន្ន។ យើងអាចសង្កេតឃើញងាយៗបានតាមរយៈ កូនសិស្សសិង្ហបុរីរៀន។ សិស្សទាំងនោះមិនដែលមានទេផ្នត់គំនិតដែលគិតថា រៀនឱ្យតែជាប់ តែគេគិតថារៀនដូចម្តេចឱ្យពូកែ ក្រេបយកចំណេះដឹងមកឱ្យបានច្រើនបំផុតតាមតែអាចធ្វើទៅបាន មិនយល់ក៏ត្រូវរកវិធីធ្វើឱ្យយល់។ ជាហេតុធ្វើឱ្យសិង្ហបុរីមានធនធានមនុស្សប្រកបដោយសក្តានុពល មេដឹកនាំសិង្ហបុរីដើរតួជាមេដឹកនាំក្នុងតំបន់តាំងពីអតីតប្រកបដោយជំនឿទុកចិត្ត។ មិនត្រឹមតែមេដឹកនាំ សូម្បីតែអ្នកធុរកិច្ចសិង្ហបុរីក៏ដូចគ្នាដែរ នៅពេលមានវេទិកាផ្សេងៗ អ្នកធុរកិច្ចសិង្ហបុរីងើបឈរដោយមានមោទកភាព មានជំហរច្បាស់លាស់ ពេលគេនិយាយ អ្នកត្រូវស្តាប់ ស្តាប់ដោយយកចិត្តទុកដាក់។ មានគេនិយាយលេងថា ចង់បង្គាប់ឱ្យជនអាម៉េរិកកាំងធ្វើអ្វីមួយ ត្រូវនិយាយថា ការងារនោះទាក់ទងទៅនឹងការផ្សងព្រេង ចង់បង្គាប់ឱ្យជនបារាំងធ្វើអ្វីមួយ ត្រូវនិយាយថា ការងារនោះទាក់ទងទៅនឹងភាពរ៉ូម៉ង់តិច ចង់បង្គាប់ឱ្យជនអាឡឺម៉ង់ធ្វើអ្វីមួយ ត្រូវនិយាយថាការងារនោះកំណត់ក្រោមច្បាប់ តែថាបើចង់បង្គាប់ឱ្យជនជាតិសិង្ហបុរីធ្វើអ្វីមួយ គេត្រូវនិយាយថា លីក្វាន់យូបង្រៀនមកបែបនេះ។

ដោយ: ពុទ្ធីរម្យ

មតិ»

1. ឧត្តម - ខែមករា 27, 2024

នៅបានActiveឯណេះវិញ បាត់ឈឹងពីFBសម្លាញ់

ភារម្យ - ខែ​កុម្ភៈ 11, 2024

បាទ FB រញ៉េរញ៉ៃ រំខានជិវិតពេកសម្លាញ់

ឧត្តម - ខែ​កុម្ភៈ 12, 2024

ចុះឥលូវរស់នៅស្រុកខ្មែរ ឬ ឯថៃលាវ?


បញ្ចេញមតិ