ពាក្យ “បាងកក” រាជធានីថៃ ខែវិច្ឆិកា 17, 2009
Posted by ភារម្យ in ចំនេះដឹងប្លែកៗ.trackback
បាងកក (Bangkok) ជាឈ្មោះរាជធានីនៃព្រះរាជាណាចក្រថៃបច្ចុប្បន្ន ដែលបានស្ថាបនាឡើងក្នុងសម័យរតនកូសិន ក្រោយការបំផ្លាញទីក្រុងអយុធ្យាដោយកងទ័ពភូមានៅឆ្នាំ ១៥៦៧ ។ ក្រោយព្រឹត្តិការណ៍ដ៏ជូរចត់នាពាក់កណ្តាលទី២នៃសតវត្សរ៍ទី១៦ នោះមកព្រះមហាក្សត្រថៃក៏បានសម្រេចព្រះទ័យជម្លៀសទីក្រុងចាស់ ដែលត្រូវខ្ទេចខ្ទាំដោយភ្លើងសង្គ្រាមទៅកាន់តំបន់មួយថ្មីប្រកបដោយបឹងបួរឆ្ងាយពីរាជវាំងចាស់ប្រមាណ៦០គីឡូម៉ែត្រ ។ ទីក្រុងថ្មីនេះមានឈ្មោះថា “បាងកក” ឬ “ក្រុងទេពមហានគរ” ស្ថិតនៅខាងឆ្វេងនៃទន្លេមេណាម (MENAM) ឬ “មាតាទឹក”
តើឈ្មោះបាងកកមកពីប្រភពណា ហើយមានអត្ថន័យយ៉ាងដូចម្តេច?
លោកបណ្ឌិត មីសែល ត្រាណេ អ្នកឯកទេសខាងបុរាណវិទ្យាបាននិយាយថា ពិនិត្យលើផែនទីបុរាណមួយ ដែលគូរនៅឆ្នាំ១៦៨៦នៃគ្រិស្ដសករាជ ដោយលោក ឌុយ វ៉ាល់ គេនឹងឃើញពាក្យបាងកកនៅក្នុងផែនទីបុរាណនោះ ក៏ប៉ុន្តែទីនោះពុំទាន់ក្លាយទៅជាទីក្រុងរបស់ប្រទេសថៃនាសម័យនោះនៅឡើយទេ តាមពិតគឺអយុធ្យាទេដែលជារាជធានី ព្រោះមានព្រះមហាក្សត្រគង់នៅ ។ ម្យ៉ាងទៀតពាក្យបាងកកនេះ សរសេរខុសសព្វថៃដោយគ្មានអក្សរ “G” ទេ នេះតើមកពីហេតុអ្វី?
ក្នុងការស្រាវជ្រាវគេបានជួបការលំបាកជាច្រើន ពីព្រោះបញ្ហានេះអ្នកស្រាវជ្រាវផ្នែកវប្បធម៌អារ្យធម៌ថៃ ពុំមានលទ្ធភាពនឹងពន្យល់ឱ្យបានច្បាស់លាស់ឡើយ ។ ម្យ៉ាងទៀតក្នុងការសាកសួរជាទូទៅ ជនជាតិថៃចូលចិត្តពាក្យ “ក្រុងទេព” (ទីក្រុងទេវតា) ច្រើនជាងពាក្យបាងកក ។ លើសពីនេះទៀតការនិយមពាក្យក្រុងទេព មានសារសំខាន់ណាស់ ព្រោះវាជានិមិត្តរូបនៃភាពរីកចម្រើនរុងរឿងកប់កំពូលនៃប្រទេសជាតិរបស់គេ ក្នុងអំឡុងពេលបីទសវត្សរ៍ចុងក្រោយនេះ។
បញ្ញវន្តថៃពុំទាន់យល់ន័យនៃពាក្យបាងកកនៅឡើយ ហើយជួនកាលមានអ្នកខ្លះថែមទាំងភ័ន្តច្រឡំរវាងពាក្យបាង (BANG) និងពាក្យបាន (BAN) ដែលមានន័យថា “ស្រុក, ភូមិ” ដូចជាបានកាពិ, បានសាលា (BANKAPI, BANSALA)…ដែលមានន័យថាភូមិកាពិ, ភូមិសាលាថែមទៀតផង។ តាមពិតពាក្យទាំងពីរនេះមានន័យខុសគ្នា។
នៅក្នុងក្បួនពុទ្ធទំនាយខ្មែរបានរក្សានូវស្លាកស្នាមនៃឈ្មោះស្រុកដើមជាភាសាខ្មែរ។ ឯកសារគម្ពីរពុទ្ធទំនាយខ្មែរបានឱ្យដឹងថា ដើមឡើយទីក្រុងអយុធ្យាមានឈ្មោះថា “បឹងស្នោ” ។ ថ្វីដ្បិតតែគេពុំទាន់ដឹងនូវកាលបរិច្ឆេទនៃគម្ពីរបុរាណនេះក៏ដោយ ក៏ប៉ុន្តែខ្មែរយើងនាសម័យអាណានិគមបារាំងបានស្គាល់ឯកសារនេះ។ មានន័យថាបានចងក្រងវាមុនសតវត្សរ៍ទី១៩នៃគ្រិស្ដសករាជ ពោលគឺស្ថិតក្នុងសម័យក្រោយអង្គរ ឬលង្វែក ។
នៅក្នុងបទសម្ភាសមួយ (អំឡុងទសវត្សរ៍ទី៩០នៃសតវត្សរ៍ទី២០) ចៅអធិការខ្មែរសុរិន្ទម្នាក់ មានព្រះជន្មជិត៨៧វស្សាបានមានសង្ឃដីការថា៖ “បឹងស្នោ សំដៅទៅលើមឿងកក់ (ទីក្រុងបាងកកសព្វថៃ្ង) ។ រីឯបឹងម្កាក គឺសំដៅទៅមឿង (ខេត្ត) សុខោទ័យស្រីជិនល័យឯណោះវិញ” ។ ព្រះចៅអធិការវត្តអង្គនេះក៏បានលើកហេតុផលថា “ដើមឡើយនៅមឿងកក់ (មឿងគឺពាក្យថៃមានន័យថាទីក្រុង និងកក់ស្មើនឹងពាក្យខ្មែរកុះករ, ចំនួនច្រើន) ពុំមានមនុស្សរស់នៅទេ បន្ទាប់មកទៀតក៏មានមនុស្សជាច្រើនមករស់នៅ ហើយក៏បានកើតឡើងជាមឿង ឬបុរី…បានជាហៅថាមឿងកក់ទៅ” ។
ការពន្យល់នេះអាចឆ្លុះបញ្ចាំងនូវមួយភាគនៃការពិត ដែលខុសពីការពន្យល់របស់ជនជាតិថៃចំពោះពាក្យពីរម៉ាត់ “បាង និង កក់” នេះ។ ទោះបីជនជាតិថៃខ្លះខិតខំប្រឹង ប្រែងពន្យល់យ៉ាងណាក៏ដោយ ដោយសារតែពាក្យ “កក់” ជាពាក្យខ្មែរ ហើយអ្នកដែលពន្យល់មិនចេះភាសាខ្មែរ ទើបគេមិនអាចយល់ន័យបាន។
ក្នុងរឿងទាក់ទងគ្នានេះដែរ ជនជាតិខ្មែរនៅក្នុងព្រះរាជាណាចក្រថៃបច្ចុប្បន្ន មួយភាគធំប្រើពាក្យ “បាន” ជាភាសាថៃជំនួសពាក្យភូមិដែលជាពាក្យខ្មែរទៅវិញ។
សូមបញ្ជាក់ថា ចាប់តាំងពីឆ្នាំ១៩៤៩មក រាជរដ្ឋាភិបាលថៃបានចាប់ផ្តើមនយោបាយថៃរូបនីយកម្មនៃជនជាតិភាគតិចក្នុងព្រះរាជនគររបស់គេ ដោយផ្លាស់ឈ្មោះទីតាំងភូមិស្រុកមួយចំនួនធំ ហើយអំណាចកណ្តាលថៃបានបន្តធ្វើបែបនេះរហូតមកដល់សព្វថៃ្ង ជាពិសេសនៅតំបន់ណា ដែលជនជាតិថៃពីកំណើតមានចំនួនតិច។
តើគេអាចសន្និដ្ឋានពាក្យបាងកកមានន័យដូចពាក្យបឹងកក់នៅរាជធានីភ្នំពេញយើងនេះដែរឬទេ?
ចំពោះសំណួរនេះ លោកមីសែលបានធ្វើការបកស្រាយ ដោយឈរលើការស្រាវជ្រាវឈ្មោះភូមិស្រុកមួយចំនួនក្នុងរាជធានីភ្នំពេញ។
តាមការពិនិត្យឱ្យហ្មត់ចត់ទៅឈ្មោះភូមិស្រុក ឬទីតាំងមួយចំនួនដែលស្ថិតនៅជុំវិញទីក្រុងបាងកកសព្វថៃនេះ ជនជាតិថៃបានរក្សាឈ្មោះខ្មែរមួយចំនួនធំដូចជា៖ សំរោង, សង្កែ, គោក ៘ នេះជាភស្តុតាងបង្ហាញនូវវត្តមានរបស់ជនជាតិខ្មែរនៅក្នុងតំបន់នេះនៅក្នុងអតីតកាលមិនយូរប៉ុន្មាន។
រីឯពាក្យ “ក្រុងទេពមហានគរ” វិញពាក្យនេះពិតជាបានតាំងឡើងតាមលំនាំនៃពាក្យខ្មែរសុទ្ធសាធ ហើយដែលជាឈ្មោះរបស់រាជធានីខ្មែរបុរាណនាឆ្នាំ១៦០១ ដែលមានដូចតទៅ៖ “ក្រុងកម្ពុជាធិបតីស្រីឥន្ទ្រីបាតរុរត្នមហានគរ”។ នេះបើតាមឯកសារសាវតារវត្តសម្បុកឆ្នាំ១៦០១នៃគ្រិស្តសករាជ។ បុព្វហេតុដែលបណ្តាលឱ្យជនជាតិថៃយកឈ្មោះទីក្រុងរបស់ខ្លួនតាមលំនាំនៃឈ្មោះរាជធានីខ្មែរ គឺមានអត្ថន័យសាសនាដែលនាំមកនូវសិរីមង្គលជ័យជម្នះ។
សរុបសេចក្តីមកពាក្យបាងកក ឬសនកក់ ដែលមាននៅក្នុងផែនទីនៃឆ្នាំ១៦៨៦នោះ ពុំមែនជាពាក្យថៃឡើយ ហើយអាចកើតចេញពីពាក្យបឹងកក់ ពោលគឺបឹងដែលមានដើមកក់ដុះយ៉ាងច្រើនកុះករដូចបឹងកក់ដែលមាននៅទីក្រុងភ្នំពេញអ៊ីចឹង ក៏ប៉ុន្តែនេះគ្រាន់តែជាសម្មតិកម្មមួយប៉ុណ្ណោះ៕
ដកស្រង់ចេញពី : ខេមបូឌាអេចបេ្រសញូស៏
រក្សាសិទ្ធគ្រប់យ៉ាងជូនខេមបូឌាអេចបេ្រសញូស៏
សុភាពសិត បែបពាក្យថ្លែងទំនាយនៃប្រជាជនខ្មែរដែលធ្លាប់តែនិយាយ តៗ គ្នាបានពោលថា៖
១-ព្រៃនគរ រលំ
២-ភ្នំពេញរលាយ
៣-បាំងកកខ្ចាត់ខ្ចាយ
៤-សប្បាយលើដីអង្គរ
អាទី១ និងទី២ ត្រូវបានសម្រេចតាមការទំនាយរួចមកហើយនៅសល់តែអាទី ៣ និង ទី៤ ទេ… មិនដឹងថាថ្ងៃណាទើបមកដល់?
អាទី២ ភ្នំពេញរលាយ ដូចជាអត់ទាន់សំរេចផងហ្នឹង!!! បន់អោយតែអាទី៣ សម្រេចអោយឆាប់ៗទេ!!
ទី១ ព្រៃនគរ រលំគឺបាត់បង់នៅសម័យ បារាំង,
ទី២ ភ្នំពេញរលាយ គឺបានសម្រេចនៅសម័យ ប៉ុលពត