jump to navigation

គ្រាលំបាកមួយក្នុងជីវិត ខែ​មីនា 15, 2013

Posted by ភារម្យ in ប្រវត្តិខ្ញុំ, អំពីភារម្យ.
trackback

… លើកកង់ដាក់តំបូលកាណូត ដៃអោបកាតាប ភ្នែករំពៃសំលឹងមើលភូមិឋាន ដែលរសាត់ចាកឆ្ងាយបន្ទិចម្តងៗ ដាច់កន្ទុយភ្នែក…

CAM00006

ស្តាប់ភ្លេង កំសត់ៗ ក៏បណ្តាលអោយនឹកទៅដល់អតីកាល។ រឿងរ៉ាវវែងឆ្ងាយ នៃខ្សែជីវិត ដែលខ្ញុំបានឆ្លងកាត់ មានភាពបត់បែន ទៅតាមឥទ្ធិពលនៃជោគជតាវាសនា។ ខ្ញុំធ្លាប់បានសរសេររឿងរ៉ាវ ទាក់ទងនឹងការក្តីស្រម៉ៃ នៃការចូលរៀនអនុវិទ្យាល័យ ការចូលរៀននៅអនុវិទ្យាល័យ តែត្រូវបានគេចាត់ទុកថាពុំសម ដោយខ្លួនតូចពេក តែថ្ងៃនេះ ខ្ញុំសូមសរសេរទាក់ទង និងបទពិសោធជីវិតមួយទៀត នោះក៏គឺ គ្រាលំបាកមួយក្នុងជីវិត

រឿងរ៉ាវផ្តើមពី… បន្ទាប់ពីប្រលងឌីប្លូមជាប់រួចមក ជីវិតខ្ញុំត្រូវឃ្លាតចាក ពីទ្រនំដ៏សុខសាន្ត ពីភាពកក់ក្តៅ របស់មាតាបិតា ទៅបន្តរវិជ្ជានៅវិទ្យាល័យ ឯទីរួមខេត្តតាកែវ។ បងប្អូនដឹងទេ ថាតើវាលំបាកខ្លាំងយ៉ាងណា ដែលក្មេងដ៏តូចម្នាក់ ផ្តើមរៀនរស់នៅ ប្រើជីវិតដោយខ្លួនឯង គ្រប់គ្រងខ្លួនឯង ទូន្មានអប់រំខ្លួនឯង ដាំបាយធ្វើម្ហូប បោកសំលៀកបំពាក់ខ្លួនឯង ។ល។ ជីវិតពេលនោះ សែនលំបាក ខ្ញុំតែងបន់ស្រន់អោយវេលា នៅវិទ្យាល័យនេះ អោយផុតចប់ទៅឆាប់ៗ ដែលហាក់បីដូចជា ផ្ទុយទៅនឹងមនសុ្សមួយចំនួន ដែលត្រកត្រអាល និងភាពសប្បាយរីករាយនៅវិទ្យាល័យ។

រលកជីវិតនាពេលនោះ វាធ្លាក់ចំពេល ដែលគ្រួសារខ្ញុំជួប ព្យុះវិបត្តសេដ្ឋកិច្ចដ៏ធ្ងន់ធ្ងរនោះទៀតសោត។ ខ្ញុំនៅចងចាំថា នារដូវប្រាំង ខ្ញុំត្រូវធាក់ទោចក្រយាន (កង់) ពីទីរួមខេត្តឆ្ពោះទៅកាន់ ស្រុកកំណើត ក្រោមកំដៅព្រះទិន្នករ ដែលកំពុងដុតកំលោចសព្វសត្វ ហើយក៏ត្រូវធាក់កង់ មកទីរួមខេត្តវិញដូចគ្នា នាពេលល្ងាចៗ ។ នារដូវវស្សាទឹកឡើងលិចព្រែក តំបន់ខ្ញុំមានរត់កាណូត ឆ្ពោះទៅទីរួមខេត្ត ខ្ញុំក៏បានធ្វើដំណើរអាស្រ័យទៅអាស្រ័យមក ដោយកាណូតនោះឯង។ លើកកង់ដាក់តំបូលកាណូត ដៃអោបកាតាប ភ្នែករំពៃសំលឹងមើលភូមិឋាន ដែលរសាត់ចាកឆ្ងាយបន្ទិចម្តងៗ ដាច់កន្ទុយភ្នែក ជលនេត្រសឹងហូរធ្លាក់ រលីងរលោង។

ទាំងនេះក៏ដោយសារមូលហេតុដ៏សំខាន់មួយ នោះគឺកង្វះសាលារៀន និងធនធានមនុស្ស នាតំបន់ជនបទដាច់ស្រយាល។ កន្លែងក្រេបចំណេះដឹងក៏មាន មួយពីរកន្លែងដែរនៅតំបន់ខ្ញុំ តែវាឆ្ងាយខ្លាំងណាស់ ឆ្ងាយពីភូមិឋាន យ៉ាងណាក្តីមនុស្ស ដែលស្រេកឃ្លានចំណេះវិជ្ជា តែងតែតាមរកកន្លែងនោះជានិច្ច ដើរតាមក្តីស្រម៉ៃដែលខ្លួនចង់។ ដើម្បីបំបាត់អវិជ្ជា ដែលជាឬសគល់នៃទុក្ខ គឺមានតែចំណេះដឹងនេះហើយ ដែលបង្កើតអោយមានបញ្ញា។

៣ឆ្នាំកន្លងផុតទៅ ខ្ញុំបានបញ្ចប់ការសិក្សានៅវិទ្យាល័យ។ ខ្ញុំប្រលងជាប់បាក់ឌុប ទទួលបាននិទ្ទេស ល្អ ពោលគឺនិទ្ទេស C ដែលមានតែខ្ញុំម្នាក់គត់ក្នុងបន្ទប់ប្រលង ដែលទទួលបាននិទ្ទេសនេះ ក្រៅពីនោះ ពួកគាត់ទទួលបាននិទ្ទេស D ឬ E ឬធ្លាក់តែប៉ុណ្ណោះ។ សូមកុំច្រលំ បន្ទប់ប្រលង និងមណ្ឌលប្រលង ព្រោះប្រៀបធៀបទៅមណ្ឌលទាំងមូល មានគេបាននិទ្ទេសល្អជាងខ្ញុំ ច្រើននាក់ណាស់។  លោកពុកអ្នកម៉ែខ្ញុំគាត់សប្បាយចិត្ត ពេលបានលឺដំណឹងនេះ។

ជាចុងក្រោយ បច្ចុប្បន្ននេះ មិនដូចជាអតីតកាលនោះទេ សាលារៀន និងធនធានមនុស្ស សំរាប់អប់រំក្មេងៗ នៅតំបន់ខ្ញុំ ត្រូវបានអភិវឌ្ឍន៏ច្រើនណាស់ មិនដូចសម័យខ្ញុំនោះទេ។ ខ្ញុំមានក្តីសោមន្សឥតឩបមា សំរាប់អ្នកសិស្សាជំនាន់ក្រោយនាតំបន់ខ្ញុំ។ នេះក៏ដូចជាសញ្ញាណវិជ្ជមានមួយ ចំពោះសង្គមជាតិយើងទាំងមូល។ នេះហើយរឿងរ៉ាវ គ្រាលំបាកមួយក្នុងជីវិតខ្ញុំ។

ថ្ងៃទី១៥ មិនា ២០១៣

ភារម្យ 

មតិ»

1. តា ម៉ាប់ - ខែ​មីនា 15, 2013

នេះបានហៅថាអ្នករៀន មិនដូចខ្ញុំអ្នកដើរ

ភារម្យ - ខែ​មីនា 15, 2013

មិនប្រាកដទេ លោកប្អូន

តា ម៉ាប់ - ខែ​មីនា 15, 2013

ម៉េចថាមិនប្រាកដ?

ភារម្យ - ខែ​មីនា 16, 2013

ខ្ញំយកតែចំណុចល្អមកនិយាយ ចំណុចអាក្រក់មិននិយាយ!

2. ឧត្តម - ខែ​មីនា 15, 2013

ស្ថិតក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេច​អគ្គមហា​សេនាបតីតេជោ​ ទើប​តំបន់​ដែលភារម្យចម្រើនវ័យ​មាន​ការ​អភិវឌ្ឍយ៉ាង​ឆាប់រហ័ស​បែបនេះ។

ភារម្យ - ខែ​មីនា 16, 2013

អឹម! មែនទែនទៅ មានវិទ្យាល័យជិតផ្ទះ គ្រូបង្រៀនគ្រប់គ្រាន់ ល្អជាងមុន ពេលខ្ញុំទៅលេងស្រុក!


បញ្ចេញមតិ